អាជ្ញាធរក្រុងភ្នំពេញបានដាក់កម្លាំងពង្រាយកាន់តែច្រើនជាងមុន និងប្រើអំពើហិង្សាកាន់តែខ្លាំងលើក្រុមកូដករណាហ្គាវើលដ៍ (NagaWorld) ចំនួន ១០៦នាក់ ដែលហ៊ានចេញមុខទាមទារដំណោះស្រាយដោយសន្តិវិធី នៅថ្ងៃទី១៩ខែមេសា។
កូដករ និងជាបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ពៅ រស្មី ប្រាប់វិទ្យុអាស៊ីសេរីថា អាជ្ញាធរបានចាប់ទាញបដាកូដករ និងរុញច្រានកូដករទាំងកម្រោលឱ្យឡើងរថយន្ត រួចបន្តដឹកទៅទម្លាក់នៅតំបន់ជាយក្រុងភ្នំពេញ។ កញ្ញាចាត់ទុកទង្វើរបស់អាជ្ញាធរថាអនុវត្តតួនាទីផ្ទុយពីច្បាប់ និងបង្ក្រាបពលរដ្ឋដោយរៀបចំជាប្រព័ន្ធ ដើម្បីកុំឱ្យកូដករប្រើសិទ្ធស្របច្បាប់ទាមទារដំណោះស្រាយពីថៅកែ៖ « កូដករបានព្យាយាមប្រាប់ទៅអាជ្ញាធរថា ពួកខ្ញុំនឹងឡើងឡាន។ ប៉ុន្តែ អាជ្ញាធរនៅតែមានការុញច្រានពួកយើងដដែល។ ពួកយើងត្រូវការដំណោះស្រាយ។ កុំព្យាយាមរុញច្រានពួកយើងទៅជារឿងនយោបាយ » ។
កញ្ញាបន្តថា អាជ្ញាធរដឹកកូដករទម្លាក់នៅតំបន់ស្ងាត់នៅសួនសត្វសាហ្វារីក្នុងខណ្ឌព្រែកព្នៅ។ កូដករថា រហូតដល់ម៉ោង៥ល្ងាច ទើបអាជ្ញាធរដឹកពួកគាត់ទម្លាក់នៅទីលានប្រជាធិបតេយ្យម្ដងទៀត ដោយឱ្យកូដកររកមធ្យោបាយធ្វើដំណើរត្រឡប់ទៅផ្ទះវិញដោយខ្លួនឯងដូចសព្វដង។ ក្រុមកូដករ និងសហជីព រិះគន់ចំណាត់ការអាជ្ញាធរបែបនេះថា អសមត្ថភាពក្នុងដោះស្រាយបញ្ចប់វិវាទការងារដ៍រ៉ាំរ៉ៃនេះ។
កូដករថា ពួកគាត់នឹងនៅតែបន្តចេញធ្វើកូដករដោយសន្តិវិធី ដើម្បីទាមទារឱ្យថៅកែទទួលយកកម្មករជាង២០០ឱ្យចូលធ្វើការវិញ និងត្រូវគោរពសិទ្ធិសហជីពស្របតាមអនុសញ្ញាស្នូលរបស់អង្គការពលកម្មអន្តរជាតិ (ILO)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។