អាជ្ញាធរបន្តរារាំង ក្រុមកូដករណាហ្គាវើលដ៍ ប្រមាណ ១០០នាក់មិនឱ្យតវ៉ាទាមទារ រកដំណោះស្រាយក្នុងវិវាទការងារជាមួយថៅកែ បនល្បែងកាស៊ីណូណាហ្គាវើលដ៍ (Nagaworld) នោះទេ នៅរសៀលថ្ងៃទី២៧ កក្កដា។ កូដករណាហ្គាវើលដ៍ ថ្លែងថា ការតវ៉ាជាថ្មីនេះ ដោយសារ ថៅកែក្រុមហ៊ុនណាហ្គាលវើលដ៍ និងអាជ្ញាធរពាក់ព័ន្ធ គ្មានយន្តការដោះស្រាយ វិវាទការងាររបស់ពួកគេ។ ក្រុមកូដករអះអាងថា ប្រសិនបើមិនមានដំណោះស្រាយណាមួយទេនោះ ពួកគេនឹងបន្តការធ្វើកូដកម្មតវ៉ារហូតដល់ទទួលបានដំណោះស្រាយសមស្រប។
កូដករអះអាងថា អាជ្ញាធររាជធានីភ្នំពេញជាច្រើននាក់ ដាក់រនាំងដែក ៣ជាន់ រារាំងពួកគេមិនឱ្យដើរទៅតវ៉ានៅមុខអាគារ ក្រុមហ៊ុនណាហ្គាវើលដ៏ ដែលជាភាគីវិវាទនោះទេ។
កូដករណាហ្គាវើលដ៍កញ្ញា ច័ន្ទ ស្រីរ័ត្ន ប្រាប់វិទ្យុអាស៊ីសេរីថ្ងៃទី២៧ កក្កដា ឱ្យដឹងថា កញ្ញា សោកស្ដាយ ចំពោះអាជ្ញាធរដែលបានរារាំងពួកកញ្ញាមិនឱ្យតវ៉ានៅមុខក្រុមហ៊ុនណាហ្គាវើលដ៏ (Nagaworld) ផ្ទាល់ ព្រោះវិវាទការងារនេះជាមួយក្រុមហ៊ុន។ កញ្ញា បន្តថា អាជ្ញាធរគ្មានឆន្ទៈក្នុងការដោះស្រាយវិវាទការងារទេ ហើយបែរជាទៅការពារឱ្យក្រុមហ៊ុនវិញ ទាំងដែលកូដករទាំងអស់ជាជនរងគ្រោះ។ កញ្ញាអះអាងថា អាជ្ញាធរមិនព្យាយាមរកដំណោះស្រាយ ជូនកូដករនោះទេ ប៉ុន្តែតែងតែលាបពណ៍កូដករថា បានប្រើហិង្សាទៅលើសមត្ថកិច្ចទៅវិញ។ កញ្ញា ច័ន្ទ ស្រីរ័ត្ន លើកឡើងថា ក្រុមកូដករ នៅតែបន្តធ្វើកូដកម្មអហិង្សារហូតមាន ដំណោះស្រាយ៖ «ពួកខ្ញុំទទួលយកអត់បានទេ ព្រោះនេះជាវិវាទការងារនិយោជក ជាមួយនិងបុគ្គលិកទេ ប៉ុន្តែពួកគាត់ អត់ដឹងថា គាត់យកច្បាប់អ្វីប្រើមកលើពួកខ្ញុំ បានឈានដល់ការប្រើហិង្សា ដូចជា ការដាច់បារ៉ាស់បិទពួកខ្ញុំមិនឱ្យពួកខ្ញុំទៅឈរនៅមុខក្រុមហ៊ុនណាហ្គាវើលដ៏ គឺជាចេតនារបស់គាត់ខ្លាចកម្មករទៅឈរដល់នៅមុខក្រុមហ៊ុន អ៊ីចឹងបានគាត់ខំប្រឹងដាក់បារ៉ាស់បិទទប់។ មានទាំងសណ្ដាប់ធ្នាប់ ដូចជា អាជ្ញាធរអីផ្សេងទៀតមកគ្រប់ខណ្ឌ គឺមកគ្រប់អស់ហើយ។ ខ្ញុំសោកស្ដាយដែរ ដែលអាជ្ញាធរអស់ហ្នឹង គាត់ប្រើហិង្សាមកលើពួកខ្ញុំទាំងដែលពួកខ្ញុំជាជនរងគ្រោះ គ្រាន់តែទាមទារអាហារ៣ពេល ហើយនឹងទាមទារចង់ចូលធ្វើការវិញ » ។
ស្រដៀងគ្នានេះ កូដករណាហ្គាវើលដ៍ម្នាក់ទៀតគឺ កញ្ញា ម៉ែន សុធីវឌ្ឍនៈ ថ្លែងថា កញ្ញាមានការខកចិត្តជាខ្លាំង ចំពោះរដ្ឋាភិបាល ក៏ដូចជា ក្រសួងការងារក្នុងការដោះស្រាយវិវាទការងារនេះ។ កញ្ញាបន្តថា វិវាទការងាររបស់ពួកកញ្ញា គឺវិវាទរវាងបុគ្គលិក និងក្រុមហ៊ុនណាហ្គាវើលដ៍។ ប៉ុន្តែ បានបែរជា វិវាទរវាងកូដករ និងអាជ្ញាធរទៅវិញ។ កញ្ញាអះអាងថា ក្រសួងការងារ និងក្រសួងពាក់ព័ន្ធ រួមទាំងក្រុមហ៊ុនណាហ្គាវើលដ៍ គ្មានឆន្ទៈដោះស្រាយនោះទេ ហើយបានពន្យារពេលដោះស្រាយ ដើម្បីឱ្យកូដករម្នាក់ៗ ជួបបញ្ហាជីវភាព និងបញ្ហា ការរស់នៅប្រចាំថ្ងៃ រួចបញ្ឈប់ការតវ៉ា៖ « យើងឃើញជាក់ស្ដែងថា ក្រុមហ៊ុនណាហ្គាវើលដ៏ ដែលជាក្រុមហ៊ុនបរទេស ដែលរស់ស៊ីនៅស្រុកខ្មែរហ្នឹង គាត់អត់បានគោរពក្នុងច្បាប់ ដែលមានចែងក្នុងសៀវភៅការងារទេ ។ សូមឱ្យអាជ្ញាធរឈប់រារាំងបិទផ្លូវ មិនឱ្យកូដករពួកយើងទៅឈរនៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ទៀតទៅ ឱ្យពួកខ្ញុំបានឈរនៅក្បែររបបក្រុមហ៊ុនតាមច្បាប់មាត្រាកូដកម្ម ព្រោះពួកខ្ញុំរាល់ថ្ងៃអត់ចង់បានអ្វីទេ សូមឱ្យតែក្រសួង និងអាជ្ញាធរនៅឈរនៅចំណុចកណ្ដាល ដើម្បីដោះស្រាយនូវវិវាទរបស់ពួកខ្ញុំធ្វើតាមច្បាប់ ដែលមានបានចែងនៅក្នុងសៀវភៅនៃច្បាប់ការងារ » ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទង អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា ដើម្បីអត្ថាធិប្បាយជុំវិញការរារាំងកូដករនេះបានទេ នៅថ្ងៃ២៧ កក្កដា ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។ ប៉ុន្តែ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល លោក កត្តា អ៊ន ប្រាប់វិទ្យុអាស៊ីសេរីថា មូលហេតុដែលរារាំងក្រុមកូដករនេះ ដោយអាជ្ញាធរធ្វើការរៀបចំសណ្ដាប់ធ្នាប់សាធារណៈប៉ុណ្ណោះ ព្រោះលោកថា ក្រុមកូដករធ្វើឱ្យប៉ះពាល់ផលប្រយោជន៍សាធារណៈ។ លោកអះអាងថា កន្លងមកក្រសួងពាក់ព័ន្ធតែងតែរកវិធីដោះស្រាយវិវាទជូនកូដករ ប៉ុន្តែកូដករមិនព្រមទទួលយក ហើយចោទប្រកាន់ថា អាជ្ញាធរកាងឱ្យក្រុមហ៊ុន គឺជាការវាយតម្លៃមួយអាក្រក់ និងប៉ះពាល់សេចក្ដីថ្លៃថ្នូររបស់អាជ្ញាធរ គឺមិនមែនជាការប្រើប្រាស់សិទ្ធិបញ្ចេញមតិត្រឹមត្រូវឡើយ៖ « ប្រសិនជាបងប្អូននៅតែបន្តធ្វើការតវ៉ានៅទីធ្លាសាធារណៈទៀត ចៀសមិនផុតពីការប្រឈមមុខជាមួយអាជ្ញាធរមានសមត្ថកិច្ចនោះទេ ពីព្រោះតួនាទីរបស់អាជ្ញាធរ គឺជាអ្នករៀបចំសណ្ដាប់ធ្នាប់សាធារណៈ សន្តិសុខសាធារណៈ។ អ្វីដែលអាជ្ញាធរធ្វើ គឺជាការអនុវត្តច្បាប់ដ៏ត្រឹមត្រូវនៅក្នុងក្របខ័ណ្ឌ នៃការរៀបចំសណ្ដាប់ធ្នាប់សាធារណៈរបស់រាជធានីភ្នំពេញ។ បុគ្គលិករបស់ក្រុមហ៊ុនណាហ្គាវើលដ៏ ជាង ១ពាន់ ៧រយនាក់ ( ១ , ៧០០នាក់ ) ពួកគាត់បានទទួលយកដំណោះស្រាយអស់ហើយ នៅសល់ប្រហែលជាខ្ទង់១រយនាក់ទេ ( ១០០នាក់ ) ទេ ដែលនៅធ្វើការតវ៉ា ភាគច្រើនលើសលប់ ក្នុងចំណោម ១០០នាក់នោះគឺ បងប្អូនសហជីព។ អ្វីដែលជាការតវ៉ា តើយើងតវ៉ា ដើម្បីប្រយោជន៍បុគ្គលិកកម្មករណាហ្គាវើលដ៏ ឬមួយយើងកំពុងតវ៉ា ដើម្បីផលប្រយោជន៍សហជីពខ្លួនឯង ? ប្រសិនបើយើងតម្កល់ផលប្រយោជន៍បងប្អូនបុគ្គលិកណាហ្គាវើលដ៏ជាធំ បងប្អូន ដែលនៅសេសសល់នៃតវ៉ានេះ គួរតែគោរពតាមសេចក្ដីសម្រេចរបស់មតិភាគច្រើន » ។
ជុំវិញរឿងនេះ អ្នកគ្រប់គ្រងកម្មវិធីសិទ្ធិការងារ នៃអង្គការសង់ត្រាល់ (Central) លោក ឃុន ថារ៉ូ សង្កេតឃើញថា ភាគីក្រុមហ៊ុននៅតែគ្មានឆន្ទៈចង់ដោះស្រាយបញ្ចប់វិវាទការងារនេះឱ្យបានត្រឹមត្រូវឡើយ។ លោកបន្តថា ក្រុមហ៊ុន អាជ្ញាធរ និងក្រសួងពាក់ព័ន្ធហាក់មានចេតនាពន្យារពេល ដើម្បីឱ្យកូដករអស់លទ្ធភាព ក្នុងការធ្វើកូដកម្មតាមរយៈការជួបវិបត្តិសេដ្ឋកិច្ចក្នុងគ្រួសារ ឬដាច់ស្បៀងអាហារ។ លោកបន្តថា ការអូសបន្លាយពេលនេះ បង្កឱ្យកើតមាន អំពើហិង្សា រវាងអាជ្ញាធរ ទៅលើកូដកររហូតឈានដល់មានការប៉ះទង្គិចជាបន្តបន្ទាប់។ លោក ឃុន ថារ៉ូ ជំរុញក្រសួងពាក់ព័ន្ធឱ្យដោះស្រាយវិវាទការងារនេះឱ្យបានឆាប់រហ័ស ដើម្បីកុំឱ្យកូដករ ប្រឈមមុខជាមួយអាជ្ញាធរបន្តទៀត៖ « ការដែលប្រើប្រាស់យន្តការ គណៈកម្មការកូដកម្ម បាតុកម្មគ្រប់មុខសញ្ញា នៃការដោះស្រាយនេះ វាមិនមែនជាវិធីសាស្ត្រមួយក្នុងការដោះស្រាយ វិវាទប្រកបដោយនីតិវិធីច្បាប់ត្រឹមត្រូវទេ ពីព្រោះអី គណៈកម្មការនេះ គឺជាគណៈកម្មការក្រៅប្រព័ន្ធមួយ ដែលមិនបានប្រើប្រាស់នូវតថភាពផ្នែកច្បាប់ នៅក្នុងការកំណត់នូវឫសគល់ នៃវិវាទ និងបញ្ហាប្រឈមទាក់ទង និងសិទ្ធិជាមូលដ្ឋានរបស់ពួកគាត់ ក្នុងការធានាឱ្យមាននូវការទទួលស្គាល់ មិនមានការរើសអើង និងការធ្វើទុក្ខបុកម្នេញសហជីពនៅកន្លែងការងារ » ។
ក្រុមកូដករបានធ្វើកូដកម្មអស់រយៈពេលជាង ៨ខែមកហើយ មិនទាន់មាន ដំណោះស្រាយសមរម្យនៅឡើយទេ។ កន្លងមកអាជ្ញាធររដ្ឋ តែងប្រើអំពើហិង្សាធ្វើទុក្ខបុកម្នេញជាប្រចាំ ដោយចាប់រុញកូដករឡើងរថយន្តក្រុង រួចដឹកទៅទម្លាក់ចោលនៅតំបន់ជាយក្រុងភ្នំពេញ។ កូដករនៅណាហ្គាវើលដ៍ និងសហជីពជាញឹកញយបានផ្សព្វផ្សាយរូបភាពនៃការប្រើហិង្សារបស់ក្រុមអាជ្ញាធរទៅលើពួកគេឱ្យរបួសនៅរាល់ពេលមានការតវ៉ា ក្នុងនោះមានការរុញច្រាន រុញបោកផ្ទប់នឹងឡានក្រុង ធាក់ ទាត់ រំលោភបំពាន ឬប៉ះពាល់កេរ្តិ៍ខ្មាស ហើយថ្មីៗ នេះ មានកូដករម្នាក់ គឺកញ្ញា ពៅ រស្មី ត្រូវអាជ្ញាធរវាយចំមុខរបួសធ្ងន់ កាលថ្ងៃទី២២ កក្កដាជាដើម។
សង្គមស៊ីវិល និងក្រុមអ្នកឃ្លាំមើលកម្ពុជា ចូលរួមតាមដានក្នុងការធ្វើកូដកម្មបុគ្គលិកណាហ្គាវើលដ៏ និងជំរុញឱ្យរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធនៅតែបន្ត ដំណោះស្រាយវិវាទការងារមួយនេះ ដើម្បីស្ដារមុខមាត់កម្ពុជាក្នុងការគោរពសិទ្ធិមនុស្ស សិទ្ធិការងារ ស្របពេលកម្ពុជា ជាប្រធានប្តូរវេនអាស៊ាន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។