សមត្ថកិច្ច​ បង្ក្រាប​​កាន់​តែ​​ខ្លាំង​​លើ​​ក្រុម​កូដករ​​ណាហ្គាវើលដ៍​​ដែល​​បន្ត​​ចេញ​​ទាមទារ​​រក​ដំណោះស្រាយ

0:00 / 0:00

កម្លាំង​សមត្ថកិច្ច​ចម្រុះ​ក្រុង​ភ្នំពេញ​ បាន​បង្ក្រាប​កាន់តែ​ខ្លាំង​លើ​ក្រុមកូដករ​ណាហ្គាវើលដ៍​ (NagaWorld) ជិត១​រយ​នាក់ (១០០)​ និង​បាន​រារាំង​ពួកគេ​មិនឱ្យ​​ទាមទារ​រក​ដំណោះស្រាយ​ការងារ​ពីថៅ​កែ​ក្រុមហ៊ុន​ឡើយ នៅ​ថ្ងៃ​ទី២៣​ ខែឧសភា។ ដូច​សព្វ​មួយដង អាជ្ញាធរ​បាន​ត្រៀម​រថយន្ត​ក្រុង​រួច​ជា​ស្រេច និង​បាន​ស្រែក​សម្លុត​ រុញ​ច្រាន​កូដករ​ទាំង​កម្រោល​ ដើម្បី​បង្ខំ​ឱ្យ​ពួកគេ​ឡើង​ឡាន​ដឹក​យក​ទៅ​ទម្លាក់​ចោល​នៅ​តំបន់​ជាយ​ក្រុង​ភ្នំពេញ។

កូដករ​ កញ្ញា ប៉ែន រាសី​ ចាត់​ទុក​ការ​បង្រ្កាប​របស់​អាជ្ញាធរ​នេះ​ ថា​ជា​ការ​អនុវត្ត​ផ្ទុយ​ពី​ច្បាប់។ កញ្ញា​ រិះគន់​អាជ្ញាធរ​ ថា​នៅ​តែ​គ្មាន​អៀន​ខ្មាស​ ដោយ​សារ​ក្រុម​សមត្ថកិច្ច​បុរស​ទាំង​នោះ​បង្ក្រាប​ទាំង​កម្លាំង​បាយ​ លើ​ស្រ្តី​ដែល​គ្រាន់​តែ​ពួកគេ​ប្រើ​សិទ្ធិ​ទាមទារ​សិទ្ធិ​សេរីភាព​ការងារ​ស្រប​តាម​ច្បាប់៖ «សោក​ស្ដាយ​ណាស់ !ដោយ សារ​តែអាជ្ញាធរ​អត់​ខំ​ប្រឹង​ការពារ​ ប្រជា​ពលរដ្ឋ ដែល​ជា​កូដករ​ ជា​ពលរដ្ឋ​ខ្មែរដែល​ខំប្រឹង​តស៊ូ​មតិ​ ទាម​ទារ​​សិទ្ធិ​សេរីភាព​ការងារ។ ហេតុ​អី​ បាន​ជា​អាជ្ញាធរ​ឈរ​ផ្អៀង​ទៅ​ខាង​ក្រុមហ៊ុន ? មើល​ទៅ​យ៉ាង​អាក្រក់​តែ​ម្ដង។ វាយ​កូដករ​ ច្រាន​ដាក់​ឡាន​ វា​សាហាវ​ពេក។ វិវាទ​ការងារ​ ការ​ពិត​រឿង​នេះ​ដោះស្រាយ​តែ​មួយ​ភ្លេត​ទេ។ ដោះស្រាយ ​មិន​ចេញ ដោយសារ​តែ​ក្រសួង​ពាក់ព័ន្ធ​ទាំងអស់ កាង​ឱ្យ​ក្រុម​ហ៊ុន​ពេក បាន​ជា​ក្រុម​ហ៊ុន​គាត់​ខ្លាំង​គាត់​អត់​ដោះស្រាយ​ទេ ដោយសារ​ខាង​ក្រសួង​ពាក់ព័ន្ធ​ទាំង​អស់​គាត់​កាង​ពេក »

កញ្ញា ប៉ែន រាសី​ បន្ថែម​ថា ​ក្រៅ​ពី​បង្ក្រាប​ទាំង​ហិង្សា​ពី​សំណាក់​ក្រុម​សមត្ថកិច្ច​ទាំង​នេះ​ ក្រុម​ជនស៊ីវិល​ជា​ច្រើន​នាក់​បាន​បន្ត​តាម​ឃ្លាំ​មើល​ក្រុមកូដករ​មួយ​ចំនួន​រហូត​ផ្ទះ​ពួកគេ។ កញ្ញា​ ចាត់​ទុក​ទង្វើ​បែប​នេះ ថា​ជា​ការ​គំរាម​កំហែង និង​បំភិត​បំភ័យ​ ដើម្បី​ដាក់​សម្ពាធ​ដល់​កូដករ​បញ្ឈប់​ការ​តវ៉ា​រក​ដំណោះស្រាយ​ការងារ។

ក្រុម​កូដករ​ឱ្យ​ដឹង​ថា មក​ដល់​ពេលនេះ ទោះ​បី​ជា​ពួកគេ​កំពុង​ជួប​បញ្ហា​ផ្នែក​សេដ្ឋកិច្ច​ និង​ខ្សោះ​អស់​កម្លាំង​ដោយ​អាជ្ញាធរ​បង្ក្រាប​ ក៏​ពួកគេ​នៅ​តែ​មាន​ឆន្ទៈ​ធ្វើ​កូដកម្ម​ដោយ​សន្តិវិធី ដើម្បី​លាតត្រដាង​រឿង​អយុត្តិធម៌​ក្នុង​សង្គម​ និង​ការ​រំលោភបំពាន​សិទ្ធិកម្មករ​ខ្មែរ​ពី​សំណាក់​ក្រុមហ៊ុន​បនល្បែង​ណាហ្គាវើលដ៍​ដដែល៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។