សមត្ថកិច្ចខេត្តតាកែវ បានព្យាយាម រារាំងព្រះសង្ឃ និងយុវជនមិនឱ្យផ្សព្វផ្សាយពិធីបុណ្យរំលឹកខួប៤ឆ្នាំ នៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី ដូចជា ការចែកសៀវភៅ វត្ថុអនុស្សាវរីយ៍។ សមត្ថកិច្ចក៏បានឃាត់ខ្លួនអ្នកបើករ៉ឺម៉កម្នាក់ ជាអ្នកដឹកអីវ៉ាន់របស់ក្រុមយុវជនទៅសួរនាំផងដែរ។ មន្ត្រីសង្គមស៊ីវិលដែលឃ្លាំមើលករណីនេះ ថាសកម្មភាពក្រុមអាជ្ញាធរជាការរឹតត្បិតសេរីភាពសំដែងមតិរបស់ពលរដ្ឋ។
ថ្ងៃទី២ នៃយុទ្ធនាការរបស់ព្រះសង្ឃនិងក្រុមយុវជនដើម្បីរម្លឹកខួប៤ឆ្នាំនៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី រងការរំខាន និងហាមឃាត់ពីក្រុមសមត្ថកិច្ចខេត្តតាកែវ ជាច្រើនកន្លែង។ ក្រុមសមត្ថកិច្ចបានប្រើគ្រប់រូបភាពដើម្បីហាមឃាត់យុវជន និងព្រះសង្ឃដោយដាក់បារ៉ាស និងនាំគ្នារារាំងក្រុមយុវជនតាមផ្លូវសាធារណៈ ក្រៅពីនេះ ក៏មានក្រុមសមត្ថកិច្ចខ្លះជិះឡានតាមឃ្លាំមើលយុវជនគ្រប់ជំហានផងដែរ។ ពេលខ្លះស្ទើរមានការប៉ះទង្គិចគ្នា នៅពេលក្រុមយុវជននៅតែបន្តដំណើរទៅមុខ។ «»
យុវជនខ្មែរថាវរៈ កញ្ញា ឈឿន ដារ៉ាវី ឱ្យអាស៊ីសេរីដឹងថា ក្រុមសមត្ថកិច្ចបានរារាំងក្រុមយុវជន និងព្រះសង្ឃនៅផ្ទះម្ដាយបណ្ឌិត កែម ឡី តាំងពីពេលព្រឹកថ្ងៃទី០៩ ខែកក្កដាម្ល៉េះ ប៉ុន្តែក្រុមយុវជនព្យាយាមពន្យល់សមត្ថកិច្ចថា អ្វីដែលយុវជនធ្វើមិនមែនជាទង្វើខុសច្បាប់ទេ។ កញ្ញាឱ្យដឹងទៀតថា នៅពេលយុវជននិងព្រះសង្ឃធ្វើដំណើរតាមផ្លូវដើម្បីចែកសៀវភៅដែលជាទស្សនៈរបស់បណ្ឌិត កែម ឡី អាវយឺត និងវត្ថុអនុស្សាវរីយ៍ផ្សេងៗទៀតដែលមានរូបបណ្ឌិត កែម ឡី ប៉ុន្តែដោយក្រុមសមត្ថកិច្ចតាមឃ្លាំមើលបែបនេះពលរដ្ឋមួយចំនួនមិនសូវហ៊ានទទួលយករបស់ទាំងនោះទេ។ ទោះយ៉ាងណា កញ្ញាថា នៅតែមានពលរដ្ឋភាគច្រើនហ៊ានទទួលយករបស់ទាំងនោះ ហើយក៏មានពលរដ្ឋមួយចំនួនផ្ដល់ជាទឹកសុទ្ធ និងលើកទឹកចិត្តដល់ក្រុមយុវជន៖ «ចាស ពេលហ្នឹង គឺសប្បាយចិត្តណាស់នឹកឃើញថា ប្រហែលប្រជាពលរដ្ឋគាត់ខ្លាចរអា មិនមកក្បែរពួកយើងទេ ប៉ុន្តែឆ្ងាយពីអាជ្ញាធរអីហ្នឹង ឃើញពួកគាត់មកចាំមកយកគាត់សុំតែម្ដង ហើយមានប្អូនគាត់សុំហើយគាត់និយាយថា បងបងសុំតស៊ូ ស៊ូស៊ូ»។
យុទ្ធនាការរបស់ព្រះសង្ឃ និងក្រុមយុវជនដើម្បីរម្លឹកខួប៤ឆ្នាំនៃការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នៅខេត្តតាកែវ ដែលជាការធ្វើដំណើរដោយថ្មើរជើងមានព្រះសង្ឃចំនួន០៩និងយុវជនប្រមាណ២០នាក់ចូលរួម ។ ពួកគេជា យុវជនខ្មែរថាវរៈ ក្រុមបណ្ដាញយុវជន N1M (Not One More) យុវជនចលនាមាតាធម្មជាតិ និងក្រុមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ។
ព្រះតេជព្រះគុណ កើត សារ៉ាយ មានថេរដីកាថា ក្រុមសមត្ថកិច្ចនិងតំណាងមន្ត្រីសង្ឃបានមករារាំងព្រះតេជគុណនិងព្រះសង្ឃផ្សេងទៀតឱ្យបញ្ឈប់សកម្មភាព និងត្រូវនិមន្តចូលវត្ត។ ព្រះតេជព្រះគុណសង្ស័យថា ទង្វើរបស់សមត្ថកិច្ចថាហាក់កំពុងគាំទ្រភាពអយុត្តិធម៌ដែលបណ្ឌិត កែម ឡី ត្រូវឃាតកបាញ់សម្លាប់៖ « ព្យាយាមរឹតត្បិតសិទ្ធិសេរីភាពរបស់ពលរដ្ឋក្នុងការផ្សព្វផ្សាយពីគាត់ ( បណ្ឌិត កែម ឡី ) ហាក់បីដូចជាបង្ហាញការគាំទ្រទៅលើអ្នកបាញ់សម្លាប់អីចឹងទៅហ្នឹងគ្រាន់ជាចំណុចមួយដែលយើងឃើញ ហាក់បីដូចជាមន្ត្រីអាជ្ញាធរតែធ្វើគួរតែសម្រួលចរាចរណ៍អីតែប៉ុណ្ណឹងទេ»។
ជុំវិញវិធានការរបស់អាជ្ញាធរខេត្តតាកែវនេះ អាស៊ីសេរីបានព្យាយាមសុំការបកស្រាយពីអភិបាលខេត្ត តាកែវ លោក អ៊ូច ភា និងស្នងការនគរបាលខេត្តតាកែវ លោក សុខ សំណាង នៅថ្ងៃទី០៩ ខែកក្កដា ប៉ុន្តែពេលទូរស័ព្ទហៅចូលត្រូវលោកចុចបិទ។
អ្នកនាំពាក្យសមាគមអាដហុក លោក ស៊ឹង សែន ករុណា ដែលតាមឃ្លាំមើលសកម្មភាពនេះឱ្យអាស៊ីសេរីដឹងថា សមត្ថកិច្ចខេត្តតាកែវបានព្យាយាមរារាំងនិងហាមឃាត់ក្រុមជាយុវជននិងព្រះសង្ឃជាច្រើនដងនៅពេលអ្នកទាំងនោះព្យាយាមដើរហែក្បួនចូលទីប្រជុំជនក្នុងទីរួមខេត្តតាកែវ។ លោកឱ្យដឹងទៀតថា សមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើករ៉ឺម៉កជាអ្នកដឹកអីវ៉ានឱ្យក្រុមយុវជនទៅសាកសួរនិងធ្វើកំណត់ហេតុជាងមួយម៉ោងទើបដោះលែងអ្នកបើកបើករ៉ឺម៉កនោះវិញ។ លោកយល់ថា សកម្មភាពទាំងរបស់ក្រុមអាជ្ញាធរជាការរឹតត្បិតសេរីភាពសម្ដែងមតិរបស់ពលរដ្ឋ៖ «គិតថាគោលបំណងទាំងអស់នេះមិនមានធ្វើឱ្យប៉ះពាល់ទៅដល់សណ្ដាប់ធ្លាប់សាធារណៈ ឬអីទេ ហើយអ៊ីចឹងការយកហេតុផលទាំងអស់ដែលអាជ្ញាធរធ្វើការរារាំងខ្ញុំគិតថា អត់សមទំនងនឹងរារាំងទេផ្ទុយទៅវិញគួរមានការសម្របសម្រួល។ «»
ព្រះសង្ឃ និងក្រុមយុវជនបានធ្វើដំណើរពីភ្នំពេញ កាលពីថ្ងៃទី៨ កក្កដា និងបានមកដល់ ស្រុកកំណើតនិងជាកន្លែងបញ្ចុះសពលោក បណ្ឌិត កែម ឡី ដែលស្ថិតក្នុងភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ យប់ថ្ងៃទីថ្ងៃទី៨ ដដែល ។ ថ្ងៃនៅទី០៩ ខែកក្កដា យុវជននិងព្រះសង្ឃ ធ្វើយាត្រាផ្សព្វផ្សាយពិធីបុណ្យរំលឹកខួប៤ឆ្នាំ និងការចែកសៀវភៅរួមទាំងវត្ថុអនុស្សាវរីយ៍ ដែលមានរូបបណ្ឌិត កែម ឡី។ ថ្ងៃទី១០ កក្កដា ស្អែក នេះគឺជាគម្រប់បួនឆ្នាំនៃការស្លាប់បណ្ឌិត កែម ឡី ពួកគេនឹងចូលរួមធ្វើពិធីបុណ្យជាមួយក្រុមគ្រួសារបណ្ឌិត កែម ឡី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។