អាជ្ញាធរ​ថា បាន​សហការ​ជាមួយ​ប៉ូលិស​អាំងទែរប៉ូល​តាម​ចាប់​មេខ្លោង​ឧក្រិដ្ឋជន​គ្រឿងញៀន​ជនជាតិ​ចិន​ចំនួន ៦នាក់

អាជ្ញាធរ​ប្រឆាំង​បទ​ល្មើស​គ្រឿងញៀន​អះអាង​ថា ខ្លួន​បាន​សហការ​ជាមួយ​ប៉ូលិស​អន្តរជាតិ​​អាំងទែរប៉ូល (Interpol) ដើម្បី​តាម​ចាប់​ខ្លួន​ក្រុម​មេខ្លោង​ឧក្រិដ្ឋ​គ្រឿងញៀន​ជនជាតិ​ចិន​ចំនួន ៦នាក់ ដែល​បាន​លួច​បើក​រោងចក្រ​សិប្បកម្ម​ផលិត​គ្រឿងញៀន​ក្នុង​ខេត្តកំពង់ស្ពឺ កាល​ពី​ពេល​ថ្មីៗ នេះ។ មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា អាជ្ញាធរ​គួរ​តែ​មាន​ការ​ស៊ើបអង្កេត​ដោយ​តម្លាភាព​លើ​មន្ត្រី​ពាក់ព័ន្ធ​ដោយ​ផ្ទាល់ ឬ​ប្រយោល ដែល​បាន​អនុញ្ញាត​ឱ្យ​ជនជាតិ​ចិន​ទាំង​នោះ​នាំ​សារធាតុ​ញៀន​ចូល​កម្ពុជា។

មន្ត្រី​ប៉ូលិស​ជាន់​ខ្ពស់ នៃ​អង្គភាព​ប្រឆាំង​បទ​ល្មើស​គ្រឿងញៀន ឱ្យ​ដឹង​ថា មេខ្លោង​ក្រុម​ឧក្រិដ្ឋ​ជនជាតិ​ចិន​ទាំង ៦នាក់​នោះ បាន​ចាកចេញ​ពី​កម្ពុជា ក្រោយ​ពី​ពួក​គេ​បាន​ដឹង​ថា អាជ្ញាធរ​បាន​បង្ក្រាប​រោងចក្រ​សិប្បកម្ម​ផលិត​គ្រឿងញៀន​របស់​ពួក​គេ​ក្នុង​ខេត្តកំពង់ស្ពឺ កាល​ពី​ ដើម​ខែធ្នូ ឆ្នាំ២០២១

អគ្គស្នងការដ្ឋាន​រង​នគរបាល​ជាតិ​ទទួល​បន្ទុក​បង្ក្រាប​បទ​ល្មើស​គ្រឿងញៀន​ លោក ម៉ក់ ជីតូ​ ប្រាប់​វិទ្យុ​អាស៊ី​សេរី​កាល​ពី​ថ្ងៃ​ទី២៦ មេសា​ថា អាជ្ញាធរ​បាន​សហការ​ជាមួយ​ប៉ូលិស​អន្តរជាតិ​​អាំងទែរប៉ូល ​​(Interpol) និង​ស្នើ​ដល់​បណ្ដា​ប្រទេស​ជុំវិញ​ពិភពលោក ១០០ប្រទេស ដើម្បី​ស្រាវជ្រាវ​រក​មុខ​ក្រុម​ឧក្រិដ្ឋជន​ទាំង​នោះ​យក​មក​ដាក់​ទោស​តាម​ច្បាប់​កម្ពុជា៖ « »។

កាល​ពី​ថ្ងៃ​ទី១២ ខែធ្នូ ឆ្នាំ២០២១ សមត្ថកិច្ច​​​បង្ក្រាប​កន្លែង​កែច្នៃ​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​ ក្រោម​ស្លាក ​រោងចក្រ​ផលិត​ដំណាប់​ស្វាយ ស្ថិត​ក្នុង​ស្រុក​ឱរ៉ាល់​ ខេត្តកំពង់ស្ពឺ ដោយ​រឹបអូស​បាន​គ្រឿងញៀន​ជាង ១តោន និងសារធាតុញៀនជាង៨០តោន។ ក្នុង​ហេតុការណ៍​បង្ក្រាប​នោះ មាន​ជនជាតិ​ចិន​ម្នាក់​ជា​មេខ្លោង​ឈ្មោះ លី សូងហាន (LEE TSUNG HAN) បាន​ស្លាប់ ដោយសារតែ​បាញ់​តដៃ​ជាមួយ​សមត្ថកិច្ច ស្រប​ពេល​ដែល​ពួក​គេ​កំពុង​ដឹកជញ្ជូន​គ្រឿងញៀន​ចំនួន ៣រថយន្ត​មក​ដល់​បណ្ដោយ​ផ្លូវ​ជាតិ​លេខ៤​ ឆ្ពោះ​ទៅ​កាន់​ខេត្តព្រះសីហនុ។

លោក ម៉ក់ ជីតូ ទទួល​ស្គាល់​ថា មន្ត្រី​នៅ​ច្រក​ព្រំដែន​ធ្វេសប្រហែស​ច្រើន ដោយ​មិន​មាន​ការ​ត្រួត​ពិនិត្យ​សារធាតុ​គីមី​កែច្នៃ​ផ្សំ​ទៅ​ជា​គ្រឿងញៀន​ឱ្យ​បាន​ច្បាស់លាស់ មុន​អនុញ្ញាត​ឱ្យ​ក្រុម​ឧក្រិដ្ឋជន​នាំ​ចូល​ក្នុងស្រុក។ លោក​អះអាង​ថា ករណី​ជនជាតិ​ចិន​បង្កើត​រោងចក្រ​ផលិត​គ្រឿងញៀន​នៅ​កម្ពុជា​នេះ មិន​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​មន្ត្រី​អាជ្ញាធរ​រដ្ឋាភិបាល​ណា​ម្នាក់ ដែល​ឈរ​កាង​ពី​ក្រោយ​រឿង​នេះ​ឡើយ។

លោក ម៉ក់ ជីតូ ​ឱ្យ​ដឹងទៀត​ថា រយៈ​ពេល ៤ខែ​ក្នុងឆ្នាំ២០២២ នេះ សមត្ថកិច្ច​រឹបអូស​បាន​សារធាតុ​ញៀន​ជាង ៣តោន។ កាលពី​ឆ្នាំ២០២១ កន្លង​ទៅ​ សមត្ថកិច្ច​បង្ក្រាប​បទល្មើស​គ្រឿងញៀន​សរុប ៦.៣០៨ករណី និង​បាន​រឹបអូស​បាន​សារធាតុ​ញៀន​សរុប​ជាង ៤តោន ព្រមទាំង​ឃាត់​ខ្លួន​ជនសង្ស័យ​សរុប ១.៣៩៧៩នាក់។ អាជ្ញាធរ​បញ្ជាក់​ថា គ្រឿងញៀន​នាំ​ចូល​ភាគ​ច្រើន​ចេញ​ពី​តំបន់​ត្រីកោណ​មាស ដោយ​ពួក​ឧក្រិដ្ឋជន​លួច​ដឹក​ជញ្ជូន​តាម​ច្រក​ព្រំដែន​ឆ្លង​ប្រទេស​ឡាវ និង​វៀតណាម ចូល​កម្ពុជា​ដើម្បី​បន្ត​ចែកចាយ​ក្នុង​ស្រុក និង​រៀបចំ​បញ្ជូន​ចេញ​ទៅ​កាន់​ប្រទេស​ទី៣។

ទាក់ទង​នឹង​បញ្ហា​នេះ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន ត្រូវ​ផ្សព្វផ្សាយ​ព័ត៌មាន​ទៅ​សមត្ថកិច្ច ដើម្បី​ទប់​ស្កាត់​លំហូរ​គ្រឿងញៀន​ការពារ​សុខភាព​សាធារណៈ។ លោក​ក៏​ធ្លាប់​ព្រមាន ដល់​មន្ត្រី​នៅ​តាម​ច្រក​ព្រំដែន ត្រូវ​តែ​ប្រកាន់​ភ្ជាប់​តួនាទី​វិជ្ជាជីវៈ​ជា​សមត្ថកិច្ច​ដោយ​មិន​ត្រូវ​ឃុបឃិត​ទទួល​សំណូក​ពី​ក្រុម​ឧក្រិដ្ឋជន។

ជុំវិញ​រឿង​នេះ ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព (PDP Center) លោក យង់ គិមអេង​ មានប្រសាសន៍ថា ការ​តាម​ចាប់​ខ្លួន​ឧក្រិដ្ឋជន​គ្រឿងញៀន​នេះ​មាន​សារៈសំខាន់ ហើយ​បណ្ដា​ប្រទេស​ទាំង​អស់​ត្រូវ​តែ​រួម​ចំណែក​ទប់ស្កាត់។ លើស​ពី​នេះ លោក​ក៏​ចង់​ឃើញ​អាជ្ញាធរ​បង្កើន​ការ​ទប់ស្កាត់​ឱ្យ​មាន​ប្រសិទ្ធភាព ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ដល់​ពលរដ្ឋ ជាពិសេស យុវជន​ជំនាន់​ក្រោយ៖ « »។

លោក យង់ គិមអេង បន្ត​ស្នើ​ឱ្យ​អាជ្ញាធរ​ស៊ើបអង្កេត​មន្ត្រី​នៅ​តាម​ច្រក​ទ្វារ​ព្រំដែន​ និង​ត្រូវ​ធានា​តម្លាភាព​ដោយ​មិន​មាន​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ ដើម្បី​ទប់ស្កាត់​លំហូរ​គ្រឿងញៀន​ទាន់​ពេល​វេលា។

កាល​ពី​ឆ្នាំ២០២១ អាជ្ញាធរ​បាន​បណ្ដេញ​ជនជាតិ​ចិន ២៦៦នាក់ ឱ្យ​ត្រឡប់​ទៅ​ប្រទេស​ពួក​គេ​វិញ ក្រោយ​ពី​បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់​នៅ​កម្ពុជា។ សមត្ថកិច្ច​ឱ្យ​ដឹង​ថា បទឧក្រិដ្ឋ​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត​នៅ​កម្ពុជា​ភាគី​ច្រើន ករណី​ជួញដូរ​គ្រឿងញៀន ចាប់​ជំរិត​ទារ​ប្រាក់ និង​ករណី​កាន់កាប់​អាវុធ​ខុស​ច្បាប់​ជា​ដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។