សមត្ថកិច្ច​ថា អ្នក​បើក​ឡាន​បុក​មនុស្ស​ស្លាប់​គឺ​លោក ព្រហ្ម វិចិត្រសុសក្ដា ត្រូវ​ឃុំ​ខ្លួន​នៅ​ប៉េហ្ស៊ី

0:00 / 0:00

សមត្ថកិច្ច​អះអាង​ថា បាន​បញ្ជូន​អ្នក​ដែល​បើក​បុក​មនុស្ស​ស្លាប់​ម្នាក់​នៅ​ភ្នំពេញ​គឺ​លោក ព្រហ្ម វិចិត្រ​សុសក្ដា ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ភ្នំពេញ ហៅ​ប៉េហ្សី (PJ)​នោះ​ហើយ។ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​គាំទ្រ​ចំពោះ​វិធានការ​ច្បាប់​ទៅ​លើ​អ្នក​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ និង​ស្នើ​ឱ្យ​សមត្ថកិច្ច​មាន​វិធានការ​ច្បាប់​ទៅ​លើ​ជន​ដែល​បាន​ប្រណាំង​រថយន្ត​ជាមួយ​លោក ព្រហ្ម វិចិត្រសុសក្ដា បន្ថែម​ទៀត។

អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ លោក នុត សវនា ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២៧ ខែ​ធ្នូ​ថា អាជ្ញាធរ​បាន​ឃុំខ្លួន​លោក ព្រហ្ម វិចិត្រសុសក្ដា នៅ​ពន្ធនាគារ​ភ្នំពេញ​តាំង​ពី​ថ្ងៃទី​២៤ ខែ​ធ្នូ។

លោក​បន្ត​ថា ការ​ឃុំ​ខ្លួន​នេះ ធ្វើ​ឡើង​ភ្លាម​ៗ​ក្រោយ​ពី​ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ អ្នកស្រី ហុង ម៉ារីនិច សម្រេច​ដាក់​ឱ្យ​ឃុំខ្លួន​បណ្ដោះអាសន្ន​លោក ព្រហ្ម វិចិត្រសុសក្ដា ក្រោម​បទ​ចោទ បើកបរ​ដោយ​ធ្វេសប្រហែស ខ្ជីខ្ជា មិន​ប្រុងប្រយ័ត្ន ឬ​មិន​គោរព​កាតព្វកិច្ច ដែល​បទបញ្ញត្តិ​ស្ដីពី​ចរាចរណ៍​ផ្លូវគោក​តម្រូវ បណ្ដាល​ឱ្យ​ស្លាប់​អ្នកដទៃ និង​បទ​រត់​គេច​ខ្លួន។

លោក នុត សវនា៖ «រឿង​នេះ​គេ​ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំខ្លួន​នៅ​ប៉េហ្សី ហើយ​នៅ​ពន្ធនាគារ​ភ្នំពេញ»។

ការ​លើកឡើង​បែបនេះ ធ្វើឡើង​បន្ទាប់ពី​សាធារណជន​មួយចំនួន​បាន​បង្ហាញ​ក្ដី​បារម្ភ នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ឱ្យ​ប្រជាពលរដ្ឋ​តាមដាន ថា តើ​អាជ្ញាធរ​ពិតជា​បាន​ឃុំខ្លួន លោក ព្រហ្ម វិចិត្រសុសក្ដា ពិតប្រាកដ​ឬ​យ៉ាងណា។

ទាក់ទង​រឿង​នេះ បើ​ទោះ​បីជា​លោក ព្រហ្ម វិចិត្រសុសក្ដា បាន​បើករថយន្ត​ប្រណាំង​គ្នា បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឱ្យ លោក សៀង គឹមហុង ស្លាប់​តាំងពី​ថ្ងៃទី​១៤ ខែធ្នូ ក្ដី ប៉ុន្តែ​មិន​មាន​សមត្ថកិច្ច​ណា​ម្នាក់​ហ៊ាន​ចាត់វិធានការ​ផ្លូវច្បាប់​ទៅលើ​កូន​មេធាវី លោក ព្រហ្ម វិចិត្រសុភា នេះ​ឡើយ​។ លុះ​មាន​បញ្ជា​ពី​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅ​ថ្ងៃ​ទី​២១ ខែ​ធ្នូ និង​ជនសង្ស័យ​ចូល​សារភាព ទើប​សមត្ថកិច្ច និង​សាលាដំបូង​រាជធានី​ភ្នំពេញ អាច​អនុវត្ត​វិធានការ​ច្បាប់ និង​ឃុំខ្លួន​លោក ព្រហ្ម វិចិត្រសុសក្ដា នេះ​បាន។

ជុំវិញ​រឿង​នេះ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​លីកាដូ (Licadho) លោក អំ សំអាត គាំទ្រ​ចំពោះ​វិធានការ​ច្បាប់​ម៉ឺងម៉ាត់​ទៅលើ​ជន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់។

លោក អំ សំអាត៖ «វា​ជា​ការ​បង្ហាញ​គំរូ​មួយ​សម្រាប់​អ្នកដទៃ ឱ្យ​គិតថា​ទោះបីជា​ខ្លួន​កូន​អ្នកណា​ក៏ដោយ នៅពេល​ដែល​មាន​ការ​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​មិន​គោរព​តាមច្បាប់ អាច​នឹង​ទទួល​ទោស​ដួច​គ្នា អាច​នឹង​ត្រូវ​បាន​ចាប់ និង​ឃុំខ្លួន​បាន​ដូចគ្នា ហើយ​នេះ​គឺជា​គំរូ​ដល់​អ្នកដទៃ ហើយ​ការកាត់បន្ថយ​វប្បធម៌​និទ្ទណ្ឌភាព ឬក៏​ភាព​គ្មាន​ទោស​ពៃ បាន​ន័យ​ថា យើង​ជា​កូន​អ្នកណា​ក៏ដោយ នៅ​ពេល​ដែល​ខុសច្បាប់ គឺ​ត្រូវតែ​អនុវត្ត​តាម​ផ្លូវច្បាប់»។

លោក អំ សំអាត បន្ថែម​ថា ដើម្បី​ទប់ស្កាត់​កុំឱ្យ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ដោយសារ​កូនអ្នក​មាន​ទ្រព្យសម្បត្តិ ឬ​មានអំណាច​ប្រណាំង​រថយន្ត​នៅ​លើ​ផ្លូវ​សាធារណៈ សមត្ថកិច្ច​គួរ​មាន​វិធានការ​ច្បាប់​ទៅលើ​ម្ចាស់​រថយន្ត​មួយ​រូប​ទៀត ដែល​បាន​ប្រណាំង​ជាមួយ​លោក ព្រហ្ម វិចិត្រសុសក្ដា ផង​ដែរ។

វិទ្យុ​អាស៊ីសេរី​នៅ​មិន​អាច​ទាក់ទង​អ្នកនាំពាក្យ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ លោក សំ វិច្ឆិកា ដើម្បី​សាកសួរ​ព័ត៌មាន​ពី​អ្នក​ដែល​បាន​បើកឡាន​ប្រណាំង​ជាមួយ​លោក ព្រហ្ម វិចិត្រសុសក្ដា នោះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី​២៧ ខែ​ធ្នូ។

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ឱ្យ​ដឹង​ថា យ៉ាងហោច​ណាស់​មនុស្ស ១​ពាន់​នាក់ បាន​ស្លាប់ និង​ជាង ២​ពាន់ ៧​រយ​នាក់ (២.៧០០) ផ្សេងទៀត​បាន​រង​របួស​ធ្ងន់​ស្រាល ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ នៅ​រយៈពេល ៨​ខែ ដើមឆ្នាំ​២០២៣​។ រដ្ឋមន្ត្រីក្រសួង​នេះ​លើកឡើង​ថា ចំនួន​អ្នក​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​នៅតែ​មាន​តួលេខ​ខ្ពស់​គួរ​ឱ្យ​ព្រួយបារម្ភ ហើយ​បាន​ធ្វើ​ឱ្យ​កម្ពុជា​ខាតបង់​ថវិកាជាតិ​ប្រមាណ​ជាង ៤០០​លាន​ដុល្លារ​អាមេរិក ក្នុង​១​ឆ្នាំ ដោយ​មិនទាន់​គិត​ពី​ផលវិបាក​សង្គម​នានា​ជាច្រើន​ទៀត។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល លើកឡើង​ថា ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​សមត្ថ​កិច្ច​គួរ​អនុវត្ត​ច្បាប់​ឱ្យ​បាន​ត្រឹមត្រូវ​ចំពោះ​បុគ្គល​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​មិន​ចាំបាច់​មាន​បទបញ្ជា​ពី​នាយករដ្ឋមន្ត្រី ឬ​បុគ្គល​មានអំណាច​ណា​នោះ​ឡើយ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។