មន្ត្រីអាជ្ញាធរមីនបង្ហាញកង្វល់ថា រាជរដ្ឋាភិបាលនៅតែមានការព្រួយបារម្ភចំពោះប្រជាពលរដ្ឋដែលងាយនឹងរងគ្រោះដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដោយសារតែបច្ចុប្បន្នគ្រាប់មីន និងសំណល់សង្គ្រាមទាំងនោះ នៅតែសេសសល់រាយប៉ាយជាច្រើនកន្លែងក្នុងប្រទេសកម្ពុជា នៅឡើយ។
កាលពីថ្ងៃទី២៧ ខែមិថុនា បុរសម្នាក់នៅស្រុកវ៉ារិន ខេត្តសៀមរាប បានរងរបួសធ្ងន់ធ្ងរដោយសារមីនតោននៅពេលគាត់យកត្រាក់ទ័រទៅភ្ជួរដីដើម្បីដាំដុះដំណាំ។
អាជ្ញាធរមីនកម្ពុជា បានបើកវគ្គបណ្ដុះបណ្ដាលបន្ថែមស្ដីពីការប្រើប្រាស់ឧបករណ៍ ត្រីវិស័យ ជី.ភី.អេស (GPS) និងការត្រួតពិនិត្យផែនទី ដល់មន្ត្រី និងបុគ្គលិកឱ្យចេះដឹងពីប្រព័ន្ធផ្ដល់ព័ត៌មានជុំវិញជនរងគ្រោះដោយសារគ្រាប់មីន កាលពីថ្ងៃទី២៧ ខែមិថុនា។
ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអគ្គលេខាធិការអាជ្ញាធរមីន គឺលោក លី ធុច។ លោកមានប្រសាសន៍កាលពីល្ងាចថ្ងៃទី២៨ ខែមិថុនា ថា កាលពីជាង ៣០ឆ្នាំមុន សង្គ្រាមរ៉ាំរ៉ៃបានកើតនៅក្នុងប្រទេសកម្ពុជា ហើយក្រោយពីចប់សង្គ្រាមនោះមក រយៈពេលជាង ២០ឆ្នាំមកនេះ គឺរដ្ឋាភិបាលបានប្រឹងប្រែងយ៉ាងខ្លាំងក្នុងការបោសសំអាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលកំពុងតែនៅសេសសល់រាយប៉ាយជាច្រើនកន្លែង។
លោក លី ធុច បញ្ជាក់ទៀតថា សង្គ្រាមនៅកម្ពុជា ដែលកើតឡើងជិត ៣ទសវត្ស បានបន្សល់ទុកមត៌កដ៏ធ្ងន់ធ្ងរ បើគិតចាប់ពីអំឡុងឆ្នាំ១៩៧៩ រហូតមកដល់ឆ្នាំ២០១៥ គឺមានប្រជាពលរដ្ឋខ្មែរចំនួនជាង ៦៤.០០០នាក់ បានពិការ និងរងគ្រោះដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ៖ «កេរ្តិ៍មរតកពីសង្គ្រាមនេះ គឺបានបន្សល់ទុកនូវគ្រាប់បែក និងសំណល់មិនទាន់ផ្ទុះដ៏ធ្ងន់ធ្ងរនៅក្នុងប្រទេស ដែលរដ្ឋាភិបាលកំពុងប្រឹងប្រែងបោសសំអាត»។
កាលពីថ្ងៃទី២៧ ខែមិថុនា កន្លងទៅ បុរសម្នាក់ឈ្មោះ ស៊ុន ដានី អាយុ ៣២ឆ្នាំ នៅភូមិវត្ត ឃុំស្រែណូយ បានរងរបួសធ្ងន់ដោយសារគ្រាន់មីនតោនប្រឆាំងរថក្រោះដែលសេសសល់ពីសង្គ្រាម ហើយកប់ជ្រៅនៅក្រោមដី។
អធិការនគរបាលស្រុកវ៉ារិន លោក ណុប សារៈ មានប្រសាសន៍ថា បុរសរូបនោះបានបើកត្រាក់ទ័ររបស់គាត់ទៅភ្ជួរចម្ការនៅតំបន់ឈ្មោះត្រពាំងដៃអាវ ហើយក៏ជាន់ចំគ្រាប់មីនបណ្ដាលឱ្យផ្ទុះត្រូវជើង និងដៃយ៉ាងធ្ងន់ធ្ងរ៖ «និយាយទៅម្ដុំហ្នុងគឺជាតំបន់សមរភូមិក្តៅ អំឡុងទសវត្សទី៨០។ គេធ្លាប់បោសសំអាតមួយសាទៅហើយ ប៉ុន្តែមីនតោនវានៅកប់ជ្រៅ»។
អគ្គលេខាធិការអាជ្ញាធរមីន លោក លី ធុច ឱ្យដឹងថា ថ្វីត្បិតតែរដ្ឋាភិបាល និងប្រទេសម្ចាស់ជំនួយបានប្រឹងប្រែងយ៉ាងខ្លាំងទៅលើសកម្មភាពរំដោះគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះចេញពីផ្ទៃដីនៃប្រទេសកម្ពុជា រយៈពេលជាង ២០ឆ្នាំមកហើយក្តី ក៏គ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅតែបង្កគ្រោះថ្នាក់ និងគំរាមកំហែងប្រជាពលរដ្ឋនៅឡើយ។ កាលពីអំឡុងឆ្នាំ១៩៩៧ មានប្រជាពលរដ្ឋដែលរងគ្រោះដោយសារគ្រាប់មីនប្រមាណ ៤.០០០នាក់ ក្នុង ១ឆ្នាំៗ។ ក៏ប៉ុន្តែមកដល់បច្ចុប្បន្ន បើទោះជាចំនួនអ្នករងគ្រោះដោយសារគ្រាប់មីនបានថយចុះនៅក្រោម ២០០នាក់ ក្នុងមួយឆ្នាំៗ ហើយក៏ដោយ ក៏រដ្ឋាភិបាលនៅតែមានកង្វល់។
លោក លី ធុច ឱ្យដឹងថា តាមការស្រាវជ្រាវ គឺកម្ពុជា មានផ្ទៃដីប្រមាណជាង ២.៧៤០គីឡូម៉ែត្រក្រឡា ដែលសង្ស័យថា អាចមានគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ។
ក្នុងរយៈពេល ២០ឆ្នាំមកនេះ កម្ពុជាទើបតែបោសសំអាតមីននៅលើផ្ទៃដីប្រមាណ ១.១០០គីឡូម៉ែត្រក្រឡា ហើយកម្ពុជា ត្រូវការរយៈពេលច្រើនឆ្នាំទៅមុខទៀតដើម្បីរំដោះផ្ទៃដីឱ្យមានសុវត្ថិភាពទាំងស្រុង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។