អាជ្ញាធរ​ខេត្ត​សៀមរាប​សម្រេច​ផ្ដល់​ប្រាក់​ប័ណ្ណ​សមធម៌​ជូន​ពលរដ្ឋ​នៅ​តំបន់​រុនតាឯក​វិញ

អាជ្ញាធរ​ខេត្តសៀមរាប​សម្រេច​ផ្ដល់​ប្រាក់​ប័ណ្ណ​សមធម៌​ជូន​ពលរដ្ឋ​ជាង ២​ពាន់​គ្រួសារ​នៅ​តំបន់​រុនតាឯក​វិញ ក្រោយ​ពី​ពលរដ្ឋ បាន​ចេញ​តវ៉ា​ជា​បន្តបន្ទាប់។ មន្ត្រី​សង្គម​ស៊ីវិល​ថា ការ​ដោះស្រាយ របស់​អាជ្ញាធរ​នេះ គឺជា​រឿង​ត្រឹមត្រូវ ដើម្បី​ជួយ​សម្រួល​ដល់​ជីវភាព​ពលរដ្ឋ។

ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន ស្រុក​បន្ទាយស្រី ឱ្យ​ដឹង​ថា អភិបាល​រង​ខេត្ត លោក លី សំរិទ្ធ និង​មន្ត្រី​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិ​សម្បទា​កាលពី​ថ្ងៃទី​១ ខែកុម្ភៈ បាន​ចុះ​មក​ដោះស្រាយ​ជាមួយ​ពលរដ្ឋ​ដោយ​ផ្ទាល់ ហើយ​សន្យា​ថា នឹង​ផ្ដល់​ប្រាក់​ប័ណ្ណ​សមធម៌​ជូន​ពលរដ្ឋ​ជាង​២.០០០​គ្រួសារ​នៅ​តំបន់​រុនតាឯក​វិញ ចាប់​ពី​ថ្ងៃ​ទី៥ ខែ​កុម្ភៈ ខាងមុខ​នេះ។

ពលរដ្ឋ​រស់នៅ​តំបន់​រុន​តា​ឯក លោក​ឡង ឡែ​ន ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​០៣ ខែកុម្ភៈ​ថា ពួកគាត់​សប្បាយចិត្ត ដែល​អាជ្ញាធរ​សម្រេច​ផ្ដល់​ប្រាក់​សមធម៌​ទាំងអស់​មកវិញ​។ លោក​ថា ទោះ​ថវិកា​នេះ ពុំបាន​ច្រើន តែ​ក៏​អាច​ជួយ​ដោះស្រាយ​ជីវភាព​ពួកគាត់​បាន​ខ្លះ។

យ៉ាងណា លោក ឡង ឡែន នៅ​តែ​មិនទាន់​ជឿ​ទុកចិត្ត​ចំពោះ​ការសន្យា​របស់​អាជ្ញាធរ​ទាំងស្រុង​នៅ​ឡើយ​ទេ។ ចំណែក ប្រជាពលរដ្ឋ​ក៏​បាន​ត្រៀមខ្លួន​រួច​ជាស្រេច​ថា នឹង​តវ៉ា​សាជាថ្មី ប្រសិនបើ​អាជ្ញាធរ​ពុំ​គោរព​តាម​ការ​សន្យា។ លោក​ថា កាល​ថ្ងៃ​ទី២៦ មករា អាជ្ញាធរ​ធ្លាប់​សន្យា​ម្ដង​រួចហើយ តែ​បែរ​ពុំ​ផ្ដល់​នោះ​ទេ។

លោក ឡង ឡែន៖ «យើង​ដឹង​ហើយ​ថា នៅ​កន្លែង​អភិវឌ្ឍន៍​មួយៗ នៅ​ពេល​យើង​ចាប់​ផ្ដើម​អភិវឌ្ឍន៍​មុនដំបូង វា​ជួប​ការ​លំបាក​ខ្លាំង​មែនទែន សម្រាប់​ប្រជាពលរដ្ឋ​ដែល​គាត់​អត់​មាន​ប្រភព​ចំណូល​។ អ៊ីចឹង​មុននឹង​ធ្វើ​អ្វី​ដែល​ប៉ះពាល់​ពួកគាត់ គួរតែ​គិត​ពិចារណា​ឱ្យ​បាន​វែងឆ្ងាយ​បន្តិច ដើម្បី​បញ្ចៀស​ការ​មាន​បញ្ហា​របស់​ពលរដ្ឋ»។

ពលរដ្ឋ​បាន​អះអាង​ថា ចាប់​តាំង​ពី​ពួកគាត់ មក​រស់នៅ​តំបន់​រុនតាឯក មាន​ពលរដ្ឋ​ស្ទើរ ៩៩​ភាគរយ​ហើយ ប្រឈម​បញ្ហា​ជីវភាព និង​ជំពាក់​បំណុល​វ័ណ្ឌក ដោយសារ​ត្រូវ​ខ្ចី​បំណុល​បន្ថែម​ទៀត ដើម្បី​សាងសង់​ផ្ទះ និង​ចំណាយ លើ​ការ​ហូបចុក​ប្រចាំថ្ងៃ។

ជុំវិញ​រឿង​នេះ​វិទ្យុ​អាស៊ីសេរី​ពុំ​អាច​ទាក់ទង​អភិបាលខេត្ត​សៀមរាប លោក ប្រាក់ សោភ័ណ និង​មេឃុំ​រុនតាឯក អ្នកស្រី ឈួន អ៊ឹម បាន​ទេ​នៅ​ថ្ងៃ​ទី៣ ខែ​កុម្ភៈ ដោយ​ហៅ​ទូរស័ព្ទ​ចូល​តែ​គ្មាន​អ្នក​ទទួល។យ៉ាងណា ជំទប់​ទី​១ ឃុំ​រុនតាឯក លោក ទាវ សម ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា កាលពី​ថ្ងៃទី​១ ខែ​កុម្ភៈ អភិបាលរង​ខេត្តសៀមរាប លោក លី សំរិទ្ធ និង​តំណាង​មន្ត្រី​សង្គមកិច្ច បាន​ចុះ​មក​សម្របសម្រួល​ជូន​ពលរដ្ឋ​រួចហើយ​ថា នឹង​ផ្ដល់​ប្រាក់​ប័ណ្ណ​សមធម៌​ទាំងអស់​ដល់​ពលរដ្ឋ​វិញ ដោយ​ពុំ​មាន​ការ​កាត់​ពាក់​កណ្ដាល​នោះ​ទេ។

លោក ទាវ សម៖ «ការ​បកស្រាយ​របស់​គាត់​[​លោក លី សំរិទ្ធ​]គឺ​គាត់​បាន​ទំនាក់ទំនង​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ និង​បាន​បកស្រាយ​ជូន​ប្រជាពលរដ្ឋ​នៅពេល​ថ្ងៃ​នោះ​ហើយ អ៊ីចឹង​ឯកឧត្តម​ប្រធាន​គាត់​បាន​សន្យា​ផ្ដល់​ជូន​ប្រជាពលរដ្ឋ​វិញ»។

នៅ​ថ្ងៃ​ទី២ ខែ​កុម្ភៈ ក្រសួង​សង្គមកិច្ច​អតីត​យុទ្ធជន និង​យុវនីតិ​សម្បទា បាន​ចេញ​សេចក្ដី​បំភ្លឺ​ទៅ​គណបក្ស​កម្លាំង​ជាតិ ថា បញ្ហា​ការ​តវ៉ា​របស់​ពលរដ្ឋ​នៅ​តំបន់​រុនតាឯក ពាក់ព័ន្ធ​ប័ណ្ណ​សមធម៌​នេះ រដ្ឋាភិបាល​កំពុងតែ​ដោះស្រាយ​ទៅតាម​គោលការណ៍​នីតិវិធី ហើយ​ពុំ​ឱ្យ​ពលរដ្ឋ​បាត់បង់​ផលប្រយោជន៍​នោះ​ទេ។ សេចក្ដី​ប្រកាស​ដដែល​នេះ ក៏បាន​ស្នើ​ឱ្យ​ពលរដ្ឋ​រក្សា​ភាព​ស្ងប់ស្ងាត់។

អ្នក​សម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស កម្ពុជា លោក វណ្ណ សុផាត លើកឡើង​ថា ការ​សម្រេច​ផ្ដល់​ជូន​ប្រាក់​ប័ណ្ណ​សមធម៌​ដល់​ពលរដ្ឋ​វិញ ពី​សំណាក​អាជ្ញាធរ​គឺជា​សញ្ញា​ល្អ។ ប៉ុន្តែ​អាជ្ញាធរ​គួរតែ​ពិនិត្យ​ឡើងវិញ​ដល់​ជីវភាព​ពលរដ្ឋ ហើយ​បញ្ឈប់​ការ​បណ្ដាញ​ពលរដ្ឋ​ចេញ​ទាំង​បង្ខំ​តទៅ​ទៀត។

លោក វណ្ណ សុផាត៖ «អាហ្នឹង​ជា​ការ​រំលោភសិទ្ធិ​ធ្ងន់ធ្ងរ ជាពិសេស​អនុសាសន៍​របស់​អង្គការ​លើកលែងទោស​អន្តរជាតិ(Amnesty International)ឬ​អង្គការ​យូណេស្កូ(UNESCO)ថ្មីៗ នេះ សូម​ឱ្យ​បញ្ឈប់​ការ​បណ្ដេញ​ជាបន្ទាន់ ហើយ​ពិនិត្យមើល​ជីវភាព​ប្រជាពលរដ្ឋ​ដែល​បាន​ត្រូវ​បណ្ដេញ​ចេញទៅ​រុនតាឯក​ហ្នឹង»។

ចាប់​តាំង​ពី​ចុង​ខែ​មករា រហូត​ដល់​ដើម​ខែ​កុម្ភៈ ប្រជាពលរដ្ឋ​ជាង ២​ពាន់​នាក់​បាន​នាំ​គ្នា​ប្រមូល​ម្ដុំ តវ៉ា​នៅមុខ​សាលាឃុំ​រុនតាឯក និង​នៅ​ផ្សារ​ថ្មី​ក្នុងភូមិ​រុនតាឯក អស់​រយៈពេល​បី​លើក​មក​ហើយ ក្រោយ​ពី​រដ្ឋាភិបាល បាន​កាត់​ប្រាក់​ប័ណ្ណ​សមធម៌​ពី​ពលរដ្ឋ ចំនួន​ពី ២០ ទៅ ៣០ ម៉ឺន​រៀល​ក្នុង​មួយ​គ្រួសារ ឬ​កាត់​យ៉ាង​តិច​ពាក់​កណ្ដាល ក្រោម​ហេតុផល​ថា យក​ប្រាក់​នោះ​ទៅ​ជួយ​អ្នករៀន​ជំនាញ​ផ្សេងៗ។ ពលរដ្ឋ​ថា ការ​កាត់​ប្រាក់​ស្ទើរ​ពាក់កណ្ដាល​នេះ​គឺជា​ការ​ដើរ​ផ្ទុយ​នឹង​ការ​សន្យា របស់​រដ្ឋាភិបាល ដែល​សន្យា ថា​នឹង​ផ្ដល់​ជូន​ពួកគាត់​រយៈពេល ១០​ឆ្នាំ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។