ក្រសួងធម្មការប្ដឹងអតីតមន្ត្រីប្រដាប់អាវុធនិងជាអតីតម្ចាស់គេហទំព័រសារព័ត៌មាន ផែង វណ្ណៈ (Pheng Vannak News) គឺលោក ផែង វណ្ណៈ ពីបទញុះញង់ឲ្យមានការរើសអើង ជេរប្រមាថ និងគំរាមសម្លាប់ព្រះសង្ឃតាមបណ្ដាញសង្គម (facebook)។ សង្គមស៊ីវិល គាំទ្រចំណាត់ការផ្លូវច្បាប់របស់ក្រសួងធម្មការដើម្បីរក្សាតម្លៃព្រះពុទ្ធសាសនា។
តំណាងអយ្យការអមសាលាដំបូងខេត្តកណ្ដាល បានទទួលយកបណ្ដឹងនេះហើយ នៅថ្ងៃទី២២ ខែមីនា។ ក្នុងពាក្យប្ដឹងរបស់រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា លោក ឈិត សុខុន កាលពីថ្ងៃទី១៩ ខែមីនា បានស្នើសុំព្រះរាជអាជ្ញាចាត់វិធានការច្បាប់ ចំពោះលោក ផែង វណ្ណៈ ដោយសារបុគ្គលរូបនេះ ថ្លែងជាវីដេអូផ្សាយផ្ទាល់ ក្នុងទំព័រហ្វេសប៊ុក (Page facebook) បណ្ដាញសង្គម ដោយជេរប្រមាថព្រះសង្ឃ គំរាមកំហែងញុះញង់ឲ្យមានការរើសអើងព្រះសង្ឃ រើសអើងព្រះពុទ្ធសាសនា និងប្រមាថសម្លាប់ជីវិតអ្នកបួសក្នុងព្រះពុទ្ធសាសនា។ រដ្ឋមន្ត្រីក្រសួងធម្មការ ចាត់ទុកទង្វើប្រមាថទាំងនោះថា ធ្វើឲ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូរសាសនារបស់រដ្ឋ។ ក្រសួងក៏ថ្កោលទោសចំពោះការប្រមាថទាំងនោះដែរ។
ការប្រមាថព្រះសង្ឃ ដូនជី និង តាជី ចែងក្នុងមាត្រា ៣១៦ នៃក្រមព្រហ្មទណ្ឌត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពីមួយថ្ងៃទៅប្រាំមួយថ្ងៃ។ បទនេះ ក៏ត្រូវពិន័យជាប្រាក់ពីមួយពាន់រៀល (១.០០០) រៀល ទៅមួយសែន (១០០.០០០) រៀល។ ប៉ុន្តែចំពោះបទញុះញង់ឲ្យមានការរើសអើង (មាត្រា៤៩៦) និងបទគំរាមកំហែងសម្លាប់ (មាត្រា២៣៣) បានចែងពីទោសទណ្ឌពន្ធនាគារ និងពិន័យធ្ងន់ធ្ងរ។
ជុំវិញរឿងនេះ អាស៊ីសេរី មិនអាចសុំការបញ្ជាក់បន្ថែមពីអ្នកនាំពាក្យក្រសួងធម្មការ និងសាសនាលោក សេង សុមុនី និងលោក ផ្លោកផន នៅថ្ងៃទី២២ ខែមីនា។ ចំណែកលោក ផែង វណ្ណៈ វិញ អាស៊ីសេរីក៏មិនអាចសុំការបញ្ជាក់បានដូចគ្នា។
ការប្ដឹងនេះ គឺបន្ទាប់ពីលោក ផែង វណ្ណៈ ដែលគេស្គាល់ថា ជាអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា កាលពីពេលថ្មីៗនេះ បានផ្សាយផ្ទាល់ (Live) លើបណ្ដាញសង្គម ដោយបានរិះគន់ធ្ងន់ៗ ទៅលើចៅអធិការវត្តរាជបូណ៌ ព្រះតេជៈគុណ ពិន សែម ក្រោយពេលព្រះអង្គបានចេញបញ្ជាឲ្យព្រះសង្ឃក្រោមឱវាទប្រើផ្ដៅវាយគូទព្រះសង្ឃ ដែលប្រព្រឹត្តខុសធម៌វិន័យ និងច្បាប់វត្ត។ លោក ផែង វណ្ណៈ ថែមទាំងបាននិយាយថា ប្រសិនបើព្រះសង្ឃអង្គនេះ វាយកូនរបស់លោកវិញ លោកមិនទៅប្តឹងតាមផ្លូវច្បាប់ទេ គឺលោកទៅបាញ់ចោលតែម្តង៖ «ជាប់គុកជាប់ទៅ ខ្ញុំលេងវិញហើយ។ ខ្ញុំអត់យកទៅប្ដឹងផ្ដល់អ្វីទេ និយាយស្មោះត្រង់។ បើសិនជាវាយកូនខ្ញុំ ដល់របៀបអ៊ីចឹង ខ្ញុំអត់វាយទេ ខ្ញុំទៅបាញ់ចោលតែម្ដង។ និយាយដោយស្មោះត្រង់ អត់អនុវត្តច្បាប់ទេ ខ្ជិលបើគេធ្វើបាបដល់ថ្នាក់ហ្នឹងហើយ។ កាប់ចោលតែម្ដងទៅ បើពិបាកពេក។ វាហួសហេតុ»។
តែយ៉ាងណា ក្រោយមានប្រតិកម្មខ្លាំងពីស្ថាប័នសង្ឃ និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកនោះលោក ផែង វណ្ណៈ ដែលរស់នៅក្រុងតាខ្មៅ ខេត្តកណ្ដាល បានធ្វើដំណើរទៅខេត្តសៀមរាប កាលពីថ្ងៃទី២០ ខែមីនា ដើម្បីក្រាបថ្វាយបង្គំ សុំខមាទោសពីព្រះចៅអធិការវត្តរាជបូណ៌ ព្រះតេជៈគុណ ពិន សែម ក្នុងការប្រើពាក្យជេរប្រមាថ និងគំរាមសម្លាប់ពីព្រះអង្គ។ ក្នុងវីដេអូ នៃការសុំខមាទោសនោះ ព្រះអង្គ ពិន សែម បានយល់ព្រមលើកលែងទោស ដោយសារលោក ផែង វណ្ណៈ ដឹងកំហុស។
ជុំវិញបណ្ដឹងរបស់ក្រសួងធម្មការនេះដែរ អ្នកគោរពព្រះពុទ្ធសាសនា និងជាឃ្លាំមើលសិទ្ធិមនុស្សគាំទ្រចំណាត់ការផ្លូវច្បាប់នេះ។ នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាអ្នកស្រី ចក់ សុភាព សង្កេតឃើញថា ការប្រមាថ ការមាក់ងាយព្រះសង្ឃ និងព្រះពុទ្ធសាសនា កើតឡើងច្រើនករណីមកហើយ។ អ្នកស្រីយល់ថា ការប្រើប្រាស់វិធានការច្បាប់ក្នុងករណីនេះ នឹងក្លាយជាគំរូល្អ ដើម្បីលើកតម្កើងព្រះពុទ្ធសាសនា៖ «ហើយរយៈពេលកន្លងមក យើងឃើញមានករណីចំពោះបុគ្គលមាននិន្នាការនយោបាយជំទាស់អ្វីហ្នឹង គឺហាក់បីដូចជាមិនមានការយកចិត្តទុកដាក់ទេ។ ប៉ុន្តែអ៊ីចឹងហើយ នេះគឺជាគំរូមួយ ដែលយើងអាចបង្ហាញថា អាជ្ញាធរគួរតែធ្វើការអនុវត្តឲ្យបានស្មើគ្នាចំពោះមុខច្បាប់ទាំងអស់គ្នា»។
នេះមិនមែនជាលើកទី១ ទេ ដែលលោក ផែង វណ្ណៈ ធ្លាប់ព្រមានប្រើកាំភ្លើងបាញ់សម្លាប់មនុស្សនោះ។ កាលពីឆ្នាំ២០១៣ លោក ផែង វណ្ណៈ ធ្លាប់បង្ហោះសារគំរាមបាញ់ លោក កឹម សុខា ដែលពេលនោះ គឺជាអនុប្រធានគណបក្សសង្គ្រោះជាតិ ចំនួន ៧ គ្រាប់កាំភ្លើង។ តែក្រោយមក លោកបំភ្លឺមុខសមត្ថកិច្ចថា ជនមិនស្គាល់មុខបានលួចយកគណនីហ្វេសប៊ុកលោកបង្ហោះសារនោះ។
កាលណោះ លោក ផែង វណ្ណៈ គឺជាអនុប្រធានការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យានៃនាយកដ្ឋានសន្តិសុខផ្ទៃក្នុងរបស់ក្រសួងមហាផ្ទៃ។ នៅឆ្នាំ២០១៥ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានបង្កើតគណៈកម្មការស៊ើបអង្កេត និងដកតំណែង លោក ផែង វណ្ណៈ ដោយសារប្រព្រឹត្តល្មើសបទបញ្ជាផ្ទៃក្នុង។
ក្រោយមកនៅឆ្នាំ២០១៩ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ បានបញ្ឈប់លោក ផែង វណ្ណៈ (វរសេនីយ៍ទោ អត្តលេខ ១៦៥៧៤៧) ក្នុងឋានៈ នាយទាហានរង់ចាំការងារទីចាត់ការបុគ្គលិក នៃអគ្គបញ្ជាការដ្ឋាន ដោយសារប្រព្រឹត្តខុសច្បាប់លក្ខន្តិកៈទូទៅ និងប្រព្រឹត្តខុសបទវិន័យទូទៅ សម្រាប់កងយោធពលខេមរភូមិន្ទ។
ជាមួយគ្នានេះ ក្រោយការជេរប្រមាថព្រះសង្ឃ តាមបណ្ដាញសង្គមបាន ៤ថ្ងៃ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានសម្រេចលុបចោលអាជ្ញាប័ណ្ណគេហទំព័រ( Phengvannaknews.com) របស់ លោក ផែង វណ្ណៈ ដោយសារ ម្ចាស់អាជ្ញាប័ណ្ណបានជេរប្រមាថព្រះសង្ឃ ដែលធ្វើខុសពីកិច្ចសន្យាតម្កល់នៅក្រសួង ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។