របបក្រុងភ្នំពេញសន្យា ថានឹងរកឱ្យឃើញនូវមូលហេតុពិតប្រាកដ នៃការបាក់រលំអាគារកម្ពស់៧ជាន់នៅក្នុងខេត្តព្រះសីហនុ ដែលបានបណ្ដាលឱ្យមនុស្សស្លាប់កើនឡើងដល់ ២២នាក់ គិតត្រឹម ម៉ោង ១១យប់ ថ្ងៃ ទី២៣ មិថុនា និង២៤ នាក់ផ្សេងទៀតរងរបួស។ មេដឹកនាំ របបក្រុងភ្នំពេញ លោក ហ៊ុន សែន បានធ្វើទៅដល់កន្លែងកើតហេតុទាំងយប់ ថ្ងៃទី២៣ មិថុនា ក្នុងឯកសណ្ឋានជាយោធា ដើម្បីដឹកនាំកម្លាំងរុករក និងជួយសង្គ្រោះជនរងគ្រោះនៅក្នុងខេត្តព្រះសីហនុ។
ជាមួយគ្នានេះដែរ ស្ថានទូតចិនប្រចាំប្រទេសកម្ពុជា ក៏អះអាងដែរថា ភាគីចិនគាំទ្រកម្ពុជាក្នុងការស៊ើបអង្កេត ដើម្បីនាំអ្នកដែលពាក់ព័ន្ធបង្កឱ្យមានហេតុការណ៍បាក់រលំអាគារ សាងសង់ដោយគ្មានការត្រួតពិនិត្យបច្ចេកទេស និងគ្មានច្បាប់អនុញ្ញាតនោះ ទៅផ្ដន្ទាទោសតាមច្បាប់។
មេដឹកនាំរបបក្រុងភ្នំពេញលោក ហ៊ុន សែន បានសរសេរនៅលើហ្វេសប៊ុករបស់លោកថា លោកចូលរួមដឹកនាំកម្លាំងដោយផ្ទាល់ក្នុងកិច្ចខិតខំប្រឹងប្រែងរុករក និងជួយសង្គ្រោះជាមួយកម្លាំងសមត្ថកិច្ចជាជំនាញជាច្រើនដែលកំពុងធ្វើការនៅតំបន់អាគារបាក់ស្រុតទាំងថ្ងៃទាំងយប់។
មន្ត្រីសម្របសម្រួលសមាគម អាដហុក (Adhoc) ប្រចាំខេត្តព្រះសីហនុអ្នកស្រី ជៀប សុធារី ដែលចុះទៅឃ្លាំមើលករណីនេះ កាលពីថ្ងៃទី២៣ មិថុនា បានប្រាប់អាស៊ីសេរីថា ប្រតិបត្តិការជួយសង្គ្រោះនោះគឺមានកម្លាំងច្រើន ប៉ុន្តែមិនសូវមានបច្ចេកទេសនោះទេ។ អ្នកស្រីថា អ្នកស្លាប់អាចនឹងកើនឡើងជាបន្តបន្ទាប់ទៀត ដោយសារប្រតិបត្តិការជួយសង្គ្រោះនេះហាក់ដូចជាយឺតយ៉ាវ ព្រោះគំនរសំណង់បាក់បែកនៅសល់ប្រមាណ ៤០ភាគរយទៀត ដែលមិនទាន់កាយចេញ។ អ្នកស្រីបន្តថា ក្នុងគំនរបាក់បែកនោះចាប់ផ្ដើមមានក្លិនស្អុយកាន់តែខ្លាំងហើយសាច់ញាតិជនរងគ្រោះមួយចំនួនថា នៅមានកម្មករសំណង់បាត់ខ្លួនជាច្រើននាក់ទៀត៖ «មានក្លិនស្អុយខ្លាំងណាស់ដែរអ៊ីចឹងបានសេចក្ដីក្នុងនោះ នៅមានសាកសពទៀត ប៉ុន្តែគេបាញ់ថ្នាំបំបាត់ក្លិននិងមេរោគដែរ។ ខាងអង្គការ CPU បានយកឆ្កែដែលបង្វឹកសម្រាប់រុករកសាកសពទៅដែរ ប៉ុន្តែមិនអាចរកឃើញទេ ព្រោះគំនរថ្មនិងកម្ទេចដេកនៅច្រងេងច្រងាងច្រើនដែលមិនអាចត្បុលចូលទៅបាន។ កម្មករដែលនៅមានជីវិតប្រាប់ថា អាគារនេះ បានឱ្យសំឡេងនៃភាពមិនប្រក្រតីពីរថ្ងៃមកហើយ ប៉ុន្តែមិនបានចាប់អារម្មណ៍»។
តាមសេចក្ដីរាយការណ៍ផ្សេងៗ តាមបណ្ដាញសង្គម ឱ្យដឹងថា ក្នុងអំឡុងពេលកម្លាំងប្រតិបត្តិការជួយសង្គ្រោះនោះ យូរៗ ម្ដង គេបានឮសំឡេងជនរងគ្រោះស្រែកចេញពីក្រោមអាគារដែលរលំបាក់នោះ។
អ្នកនាំពាក្យសាលាខេត្តព្រះសីហនុលោក ឃាង ភារម្យ ប្រាប់អាស៊ីសេរី ថាគិតមកដល់យប់ថ្ងៃទី ២៣ មិថុនា សមត្ថកិច្ច ក្រុមជួយសង្គ្រោះបានកាយគំនរឥដ្ឋ ដើម្បីរុករកអ្នកបាត់ខ្លួន បានប្រមាណ ៦០%ហើយ៖ «បីជាន់ទៀតវានៅរាងស្មុគស្មាញដោយសារតែកម្ទេចកំទីហ្នឹងវាហាប់ចូលគ្នា»។
លោក ឃាង ភារម្យ ប្រាប់អាស៊ីសេរីទៀតថា មានមនុស្សមួយចំនួនទៀត កប់នៅក្នុងគំនរឥដ្ឋនៃអគារបាក់បែកនោះ ខណៈដែលក្រុមជួយសង្គ្រោះប្រមាណ ១ពាន់នាក់កំពុងប្រតិបត្តិការជួយសង្គ្រោះដើម្បីរកអ្នកនៅរស់រានមានជីវិត៖ «ពាក់ព័ន្ធនឹងការទទួលខុសត្រូវមកដល់ម៉ោងនេះ យើងនៅតែមិនទាន់អាចនិយាយបានទេ។ តែអ្វីដែលខ្ញុំអាចជម្រាបជូនបានគឺចំពោះមុខរដ្ឋបាលខេត្តទីមួយអាទិភាពចម្បងគឺសង្គ្រោះសិន។ ទី២ការងារដែលថាអ្នកណាដែលទទួលខុសត្រូវជារឿងបន្ត»។
សារព័ត៌មានក្នុងស្រុកបានចុះផ្សាយថា រហូតមកដល់ ម៉ោង ៤ ទាបភ្លឺ ថ្ងៃទី២៤ មិថុនា ចំនួនអ្នកស្លាប់បានកើនឡើង២២ នាក់ និងរងរបួសចំនួន២៤ នាក់ ហើយនៅក្នុងចំណោមជនរងគ្រោះក៏មានជនជាតិចិនមួយចំនួនផងដែរ។
ស្របពេលនេះដែរ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ចេញលិខិតជាបន្ទាន់មួយកាលពីថ្ងៃទី២២ មិថុនាថា អាជ្ញាធរមានសមត្ថកិច្ចបាន ប្រមូលផ្ដុំកម្លាំង និងមធ្យោបាយដើម្បីពន្លឿនប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះអ្នកដែលបានបាត់ខ្លួន។
លោក ស ខេង បានបញ្ជាក់នៅក្នុងលិខិតដដែលនោះថា ក្រសួងមហាផ្ទៃនឹងចាត់វិធានការចំពោះមុខជំរុញការស្រាវជ្រាវ និងស្វែងរកឱ្យឃើញនូវដើមហេតុ ដែលនាំឱ្យកើតមានសោកនាដកម្ម ព្រមទាំងចាត់វិធានការលើបុគ្គលពាក់ព័ន្ធ ដើម្បីឱ្យមកទទួលខុសត្រូវតាមច្បាប់។
ចំណែកស្ថានទូតចិនប្រចាំប្រទេសកម្ពុជា កាលពីថ្ងៃទី២២ មិថុនា បានចេញសេចក្ដីថ្លែងការណ៍ដោយចាត់ទុកថា ភាគីចិនគាំទ្រស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីបើកការស៊ើបអង្កេតតាមផ្លូវច្បាប់ និងគាំទ្រទាំងស្រុងចំពោះភាគីកម្ពុជា ដើម្បីចាត់វិធានការណ៍តាមផ្លូវច្បាប់ទៅលើជនល្មើសទាំងឡាយ ដែលពាក់ព័ន្ធក្នុងហេតុការណ៍ដួលរលំអាគារនេះ។
របបក្រុងភ្នំពេញបានសម្រេចបង្កើតគណៈកម្មការត្រួតពិនិត្យសំណង់នៅក្នុងខេត្តព្រះសីហនុដែលមានសមាសភាពចំនួន ១៥រូប ដោយមានការចូលរួមពីក្រសួងដែនដី ទីស្ដីការគណៈរដ្ឋមន្ត្រី ក្រសួងបរិស្ថាន និងលោក យន្ត មីន អភិបាលខេត្តព្រះសីហនុផងដែរ។
អាស៊ីសេរីមិនអាចទាក់ទងសុំការបំភ្លឺពីលោក យន្ត មីន អភិបាលខេត្តព្រះសីហនុបានទេ នៅថ្ងៃទី២៤ មិថុនានេះ។
នាយករងទទួលបន្ទុកផ្នែកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ (Licadho) លោក អំ សំអាត ក្នុងពេលផ្ដល់បទសម្ភាសន៍ជាមួយអាស៊ីសេរីកាលពីថ្ងៃទី២៣ មិថុនាថា ដើម្បីធ្វើការស៊ើបអង្កេតទៅបានទាល់តែគណៈកម្មការដែលបង្កើតឡើងមានឆន្ទៈពិតប្រាកដ ហើយស៊ើបអង្កេតដោយតម្លាភាព ដោយយុត្តិធម៌ក្នុងការស្វែងរកការពិតពីព្រោះរឿងនេះ ជារឿងធំណាស់ដែលបានសម្លាប់មនុស្សនៅក្នុងហេតុការណ៍បាក់រលំអគារលើកដំបូងក្នុងប្រទេសកម្ពុជា៖ « រដ្ឋាភិបាលត្រូវមានការទទួលខុសត្រូវបន្តទៅទៀតនៅក្នុងរឿងនេះ ទាក់ទងទៅនឹងអ្នកដែលសាងសង់ដោយខុសច្បាប់ ហើយនឹងអ្នកដែលពាក់ព័ន្ធ ហើយជាពិសេសគឺជាមួយហ្នឹងអាជ្ញាធរដែនដីហ្នឹងតែម្ដង។ អ៊ីចឹងរដ្ឋាភិបាលត្រូវតែចាត់វិធានការឱ្យបានម៉ឺងម៉ាត់ ដើម្បីស៊ើបអង្កេតទៅលើរឿងនេះជាគំរូដើម្បីកុំឱ្យមានករណីស្រដៀង ឬ ដូចគ្នាកើតឡើងជាបន្តទៀត»។
ករណីបាក់រលំអាគារនេះ សាកសពខ្លះត្រូវក្រុមអ្នកជួយសង្គ្រោះរកឃើញថា បានដេកស្លាប់ក្នុងម៉ុង ក្រោមផ្ទាំងបេតុងអគារបាក់សង្កត់លើ។
អាជ្ញាធរខេត្តព្រះសីហនុ និងក្រសួងរៀបចំដែនដី បានអះអាងប្រាប់អ្នកកាសែតក្នុងស្រុកដូចគ្នាថា មូលហេតុនៃការបាក់រលំអាគារកម្ពស់៧ជាន់នេះ គឺដោយសារតែសាងសង់ខុសបច្ចេកទេស ហើយការសាងសង់នេះពុំមានច្បាប់អនុញ្ញាតពីអាជ្ញាធរនោះទេ។ អាជ្ញាធរជំនាញបានហាមឃាត់មិនឱ្យសាងសង់ចំនួន ២ដងរួចហើយដែរ ប៉ុន្តែម្ចាស់សំណង់ជាជនជាតិចិនមិនចូលរួមសហការ។ អគារកម្ពស់៧ជាន់នោះ មានទំហំទទឹង ១៥ម៉ែត្រ និងបណ្ដោយ៣០ម៉ែត្រ បានដំណើរការសាងសង់ ក្នុងរយៈពេល ៦ ទៅ ខែ ៧ ខែ កន្លងមកនេះ ព្រមទាំងសម្រេចលទ្ធផលបានប្រមាណ៧០ ភាគរយ។
មេដឹកនាំរបបក្រុងភ្នំពេញក៏បានចេញសារអំពាវនាវរកជំនួយពីសប្បុរសជន ដើម្បីជួយដល់ជនរងគ្រោះ កាលពីថ្ងៃទី២២ មិថុនា។ ក្នុងរយៈពេលប្រមាណមួយម៉ោងក្រោយពីការអំពាវនាវ មានសប្បុរសជនចូលរួមផ្ដល់ជាថវិកាបានចំនួនជាង ១លានដុល្លារ។ ភាគច្រើននៃអ្នកដែលចូលរួមថវិកា គឺជាក្រុមឧកញ៉ា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។