ពលរដ្ឋ​នៅ​បន្ទាយមានជ័យ​រិះគន់​អាជ្ញាធរ​ច្រក​ព្រំដែន​មិន​ទប់ស្កាត់​ឈ្មួញ​នាំ​ធ្យូង​ទៅ​លក់​នៅ​ថៃ

0:00 / 0:00

ប្រជាពលរដ្ឋ​នៅ​ព្រំដែន​ខេត្ត​បន្ទាយមានជ័យ រិះគន់​សមត្ថកិច្ច​ច្រក​ព្រំដែន​ក្នុងស្រុក​អូរជ្រៅ ថា​បណ្ដោយ​ឲ្យ​ឈ្មួញ​នាំ​ធ្យូង​ឆ្លងដែន​ទៅ​លក់​ប្រទេស​ថៃ​តាម​អំពើ​ចិត្ត ដោយ​មិន​មាន​ការទប់ស្កាត់។ពលរដ្ឋ​ព្រួយ​បារម្ភ​ថា ការនាំចេញ​ធ្យូង​យូរៗ​នឹង​ធ្វើ​ហិនហោច​ព្រៃឈើ​នៅ​តាម​ព្រំដែន ហើយ​ទទូច​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​មាន​វិធានការ​ឲ្យ​បាន​តឹងរ៉ឹង​ចំពោះ​រឿង​ដើម្បី​កុំ​ឲ្យ​មាន​នាំ​ធ្យូង​ចេញទៅ​ក្រៅ​ស្រុក​បន្ត​ទៀត។

ប្រជាពលរដ្ឋ​នៅ​ជាប់​ព្រំដែន​ក្នុង​ឃុំ​អូរ​បី​ជាន់​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ដើម្បី​សុវត្ថិភាព អះអាង​នៅ​ថ្ងៃ​ទី​១៣ វិច្ឆិកា​ថា ឈ្មួញ​ដឹក​ធ្យូង​តាម​រថយន្ត​ឆ្នៃ ជាច្រើន​គ្រឿង​ចេញទៅ​លក់​ប្រទេស​ថៃ ស្ទើរតែ​រៀងរាល់ថ្ងៃ តាម​ច្រក​របៀង​ក្នុង​ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ រួមមាន​ច្រក​តំបន់​៥ ច្រក​ណងចាន់ និង​ច្រក​អូរបី​ជាន់​ជាដើម ដោយ​មិន​មាន​អាជ្ញាធរ​ទប់ស្កាត់​នោះ​ទេ៖ «អ្នក​ដុត​ធ្យូង​ខ្មែរ​គេ​លក់​ឲ្យ​ឈ្មួញកណ្ដាល ហើយ​អ្នក​ដុត​ទៅ​លួច​កាប់​ឈើ​តាម​ព្រៃ ដល់​អ្នកលក់​ណេះ​វិញ​គេ​លក់​ឲ្យ​ឈ្មួញកណ្ដាល​គេ​ដឹក​ទៅ​ថៃ ហើយ​ចេះតែ​ចេញទៅ​ធ្វើ​ឲ្យ​ឈ្មួញកណ្ដាល​ចំណេញ​ច្រើន​។​អ្នកខ្លះ​ដឹក​រម៉ក​ម៉ូតូ ខ្លះ​ដឹក​តាម​រថយន្ត​ទៅ​ឲ្យ​ឈ្មួញកណ្ដាល»។

ពលរដ្ឋ​រូប​នេះ​បន្ថែម​ទៀត​ថា ក្រុម​ឈ្មួញ​បាន​នាំ​ធ្យូង​ចេញទៅ​លក់​ក្រៅ​ស្រុក​នេះ ក្នុង​មួយថ្ងៃ​មាន​ដល់​ទៅ​រាប់​តោន​ឯណោះ ហើយ​ធ្វើ​សកម្មភាព​ជិត​១០​ឆ្នាំ​ហើយ ដោយ​មិន​ដឹង​ថា​នាំចេញ​ស្របច្បាប់​ឬ​យ៉ាងណា​នោះ​ទេ។

​ចំណែក​ពលរដ្ឋ​ព្រំដែន​ស្រុក​អូរជ្រៅ​ម្នាក់ទៀត រៀបរាប់​ឲ្យ​ដឹង​ថា ធ្យូង​ទាំងនេះ​ក្រុម​ឈ្មួញ​ប្រមូល​ទិញ​ពី​ប្រជាពលរដ្ឋ​នៅ​តាម​ព្រំដែន ក្នុងស្រុក​អូរជ្រៅ និង​ស្រុក​ស្វាយចេក។ ពលរដ្ឋ​រូប​នេះ​ព្រួយបារម្ភ​ថា ទំនិញ​ប្រភេទ​នេះ​សមត្ថកិច្ច​មិន​ត្រូវ​ឲ្យ​នាំ​ចេញទៅ​លក់​ក្រៅ​ប្រទេស​នោះ​ទេ ព្រោះ​ការ​ដុត​ធ្យូង​តែង​នាំគ្នា​ដើរ​កាប់​ព្រៃឈើ​យក​ទៅ​ដុត ហើយ​ធ្វើ​ឲ្យ​ព្រៃឈើ​នៅ​តាម​ព្រំដែន​ហិនហោច​យ៉ាង​ឆាប់រហ័ស៖ «ដើម​ធ្នង់​ដើម​អី​នៅ​តាម​ដុប​តាម​ព្រៃ គ្មាន​សល់​ទេ គេ​ដើរ​កាប់​យក​អស់​សូម្បីតែ​ប៉ុន​កដៃ​កជើង​ក៏​គេ​យក​ដែរ ហើយ​គេ​ជីក​យក​ទាំង​ឫស​ទៀត។ ដូច្នេះ​បានជា​ខ្ញុំ​ព្រួយបារម្ភ ប៉ុន្តែ​អ្នក​ដែល​រកស៊ី​របរ​នេះ មាន​អ្នក​ដុត​ធ្យូង​នោះ​ផ្សេង​អ្នកដើរ​កាប់​ឈើ​នោះ​ផ្សេង បាទ​មិន​សល់​ទេ​ដើមឈើ​នៅ​តំបន់​នេះ»។

មេឃុំ​អូរបីជាន់​លោក តុល សារឹទ្ធ ទទួល​ស្គាល់​ថា ប្រជា​ពលរដ្ឋ​នៅ​ក្នុង​ឃុំ​ដែល​លោក​គ្រប់គ្រង​មាន​ជាច្រើន​គ្រួសារ​ប្រកប​របរ​ដុត​ធ្យូង​លក់ ប៉ុន្តែ​ជា​ការ​ដុត​តូចតាច​ទេ។ លោក​អះអាង​ទៀត​ថា សព្វថ្ងៃ​ការ​នាំ​ធ្យូង​ចេញទៅ​លក់​ប្រទេស​ថៃ​មិន​មាន​ច្រើន​គួរ​ឲ្យ​ព្រួយបារម្ភ​នោះ​ទេ៖ «វា​មាន​មែន​ឃើញ​ដឹក​គោ​យន្ត​អី ដូច​ថា​កន្លះ​ខែ​ឃើញ​ម្ដង​អី ហើយ​គាត់​ឃើញ​ម្ដងៗ​ថា​ច្រើន តែ​វា​មិន​ឃើញ​ចេញ​រាល់ថ្ងៃ យូរ​ចេញទៅ​ម្ដង ហើយ​ម្ដង​ប្រមូល​តាម​ឡ​នីមួយៗ​បី​បាវ​បួន​បាវ​អី​ទេ ឲ្យ​បាន​ច្រើន​គាត់​ដឹក​ចេញ​ទៅ​ម្ដង វា​មាន​មែន តែ​បើ​ថា​ឲ្យ​ឃើញ​ឡធ្យូង​ធំៗ​ដូច​អត់​មាន​ទេ»។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា លើកឡើង​ថា ការ​នាំ​ធ្យូង​ចេញទៅ​ក្រៅ​ប្រទេស​ដូច្នេះ​ទេ​មិនល្អ​នោះ​ទេ ព្រោះ​ធ្វើ​ឲ្យ​ហិនហោច​ព្រៃឈើ ហើយក៏​មិនសូវ​បាន​ផល​កម្រៃ​មក​លើ​ពលរដ្ឋ​ដែរ។ លោក ស៊ុំ ច័ន្ទគា បន្ថែម​ថា អាជ្ញាធរ​គួរតែ​រក​ទៅ​ផ្សារ​ឲ្យ​កសិករ​នៅ​តាម​ព្រំដែន​នាំ​ដំឡូង​មី និង​ស្រូវ​ទៅ​លក់​នៅ​ប្រទេស​ថៃ​ប្រសើរ​ជាង នឹង​ធ្វើ​ឲ្យ​ពលរដ្ឋ​មាន​ជីវភាព​ធូរធារ​មិនបាច់​ធ្វើ​ចំណាកស្រុក​នោះ​ទេ ព្រោះ​ពលរដ្ឋ​នៅ​ព្រំដែន​ក្នុង​ខេត្ត​នេះ​ភាគច្រើន​ដាំ​ដំឡូង​មី៖ «គាត់​មាន​ជីវភាព​ធូរធារ​បែរ​ទៅជា​រដូវ​ច្រូតកាត់ រដូវ​ប្រមូល​ផល​បែរ​ទៅជា​កសិផល​របស់​ពល​រដ្ឋ​តម្លៃ​ថោក​ខ្លាំង​បន្តិច​ម្ដងៗ​អាស្រ័យ​ទៅលើ​តែ​មាត់​ឈ្មួញ​នោះ​ទេ»។

​ប្រជាពលរដ្ឋ​លើកឡើង​ថា សព្វថ្ងៃ​ឈ្មួញ​នាំ​ធ្យូង​ចេញទៅ​ថៃ​នៅ​តែ​មាន​ចំនួន​ច្រើន​នៅឡើយ ហើយ​បញ្ហា​នេះ​ប្រសិនបើ​សមត្ថកិច្ច​នៅតែ​បណ្ដោយ​ឲ្យ​នាំ​ធ្យូង​ចេញ​ដោយ​សេរី​ទៀត មិន​យូរ​ឡើយ​ព្រៃឈើ​ដែល​នៅ​សេស​តិចតួច​នៅ​តំបន់​ព្រំដែន នឹង​ហិនហោច​ទៅជា​ទីវាល​ជា​ពុំ​ខាន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។