ក្រុមសន្តិសុខបុរីពិភពថ្មី ខណ្ឌសែនសុខ២ រារាំងពលរដ្ឋប្រមាណ៣០នាក់ មិនឱ្យតវ៉ារកដំណោះស្រាយពីថៅកែបុរីពិភពថ្មី ខណៈពួកគាត់ប្រឈមនឹងការរឹបអូសផ្ទះ និងជំពាក់បំណុលធនាគារវ័ណ្ឌក។ មន្ត្រីសង្គមស៊ីវិលយល់ឃើញថា អាជ្ញាធរពាក់ព័ន្ធគួរតែចុះទៅអន្តរាគមន៍ និងរកដំណោះស្រាយជូនពលរដ្ឋប្រសើរជាងទុកឱ្យម្ចាស់បុរីរឹបអូសទ្រព្យសម្បត្តិពួកគាត់។
កម្លាំងសន្តិសុខបុរីពិភពថ្មីចំនួន២០នាក់បានដេញអតិថិជនដែលទិញផ្ទះពីបុរីពិភពថ្មី នៅខណ្ឌកំបូល រាជធានីភ្នំពេញ មិនឱ្យតវ៉ា និងចោទអតិថិជនទាំងអស់នោះថា ខូចចង់កេងចំណេញប្រាក់ពីម្ចាស់ក្រុមហ៊ុនបុរីពិភពថ្មី គឺ អ្នកឧកញ៉ា ហុង ពីវ។
ក្រុមអតិថិជនទាំងនោះបានកាន់ឯកសារ និងប្លង់ផ្ទះយកមកលក់ឱ្យបុរីពិភពថ្មី នៅទីស្នាក់ការធំខណ្ឌសែនសុខ២ ជិតផ្សារទំនើបអ៊ីអន២ ដែលសុខចិត្តលក់ខាត៥០ភាគរយ។
លោកស្រី ញឹម សុខឃាង ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៤ តុលា ថា គោលបំណងដែលលោកស្រីមកតវ៉ាគឺដើម្បីទាមទារឱ្យម្ចាស់បុរីពិភពថ្មីចេញមុខដោះស្រាយ និងទទួលទិញផ្ទះ៥០ភាគរយត្រឡប់ទៅវិញ ពីព្រោះលោកស្រីអស់លទ្ធភាពក្នុងការបង់រំលស់ហើយ។ លោកស្រីបន្តថា តំណាងម្ចាស់បុរីពិភពថ្មីបានគំរាមកំហែង និងធ្វើទុក្ខបុកម្នេញលោកស្រីឱ្យរើចេញជាបន្ទាន់ប្រសិនបើគ្មានប្រាក់បង់រំលស់ទេនោះ មិនត្រឹមតែប៉ុណ្ណោះថែមទាំងយកឡានស្ទូចស្លាកលេខផ្ទះលោកស្រីចេញដើម្បីបំបិទភស្តុតាង។
លោកស្រី ញឹម សុខឃាង៖ «ការរឹបអូសហ្នឹងគឺមានសំណង៥០ភាគរយឱ្យមកខ្ញុំវិញមកបានហើយខ្ញុំអត់មានទាមទារអីទេ ហើយមិនត្រូវយកឡានមកស្ទូចស្លាកលេខផ្ទះរបស់ខ្ញុំដើម្បីបំបាត់ភស្តុតាងអ៊ីចឹងទេ ហើយមកស្វានទ្វារផ្ទះខ្ញុំបិទទេពីព្រោះផ្ទះហ្នឹងខ្ញុំមិនបានស៊ីញេប្រគល់ទេគឺគេយកសន្តិសុខមកដាក់ហើយបិទទ្វារផ្ទះខ្ញុំទៀតដើម្បីឱ្យខ្ញុំផ្ដិតមេដៃប្រគល់ផ្ទះឱ្យគេនេះ គាត់មិនត្រឹមតែមានសំណងទេគាត់ប្រកាសទិញចូល៥០ភាគរយទៀតប៉ុន្តែពេលខ្ញុំមកដល់ខាងបុរីគាត់អត់មានដំណោះស្រាយសម្រាប់ពួកខ្ញុំអ្នករឹបអូសផង»។
ស្រដៀងគ្នានេះដែរ អតិថិជនទិញផ្ទះក្នុងបុរីពិភពថ្មីម្នាក់ទៀត គឺលោក ម៉ង់ មាសា ខកចិត្តដែលតំណាងផ្ទះបុរីពិភពថ្មី ថាបាត់ទិន្នន័យឈ្មោះរបស់លោកដែលបានបង់រំលស់ផ្ទះ និងរកលេសមិនចង់ទូទាត់ប្រាក់សំណងឱ្យលោកវិញ។ លោកបន្តថា លោកបានបង់រំលស់ផ្ទះអស់លុយជិត៣ម៉ឺនដុល្លារ ដោយសារគ្មានលទ្ធភាពបង់លោកបានលក់ឱ្យខាងបុរីវិញ ប៉ុន្តែប្រាក់ដែលយកទទួលបានត្រឹមតែជាង ៣ពាន់ដុល្លារតែប៉ុណ្ណោះដែលខុសទៅនឹងលក្ខខណ្ឌទទួលទិញ៥០ភាគរយ។
លោក ម៉ង់ មាសា៖ «ខ្ញុំគិតថាជាបំណងរបស់ម្ចាស់បុរីគាត់គិតយ៉ាងម៉េចខ្ញុំមិនដឹងដែរ គ្រាន់តែថាឯកសារក្នុងក្រុមហ៊ុនមួយធំៗអញ្ចេះឯកសារអ៊ីចឹងខ្ញុំគិតថា ដូចជាមិនបាត់ទេ ប៉ុន្តែហេតុអ្វីចេតនាយ៉ាងម៉េចបានជាបាត់ទិន្នន័យនៅក្នុងប្រព័ន្ធហ្នឹងអ៊ីចឹង»។
ការទាមទាររបស់អតិថិជនបុរីពិភពថ្មីកំបូលបី ចាប់ផ្ដើមឡើងកាលពីថ្ងៃទី១៨ ខែតុលា បន្ទាប់ពីពួកគាត់លែងមានលទ្ធភាពបង់រំលស់ផ្ទះដោយសារបញ្ហាជីវភាពខ្វះខាត ខណៈពួកគាត់មួយចំនួនកំពុងប្រឈមការរឹបអូសផ្ទះទៅវិញ រីឯមួយចំនួនទៀតត្រូវបានបុរីរឹបអូសយកផ្ទះជាស្ថាពរហើយ។ ពលរដ្ឋ ដែលបានទិញផ្ទះពីបុរីពិភពថ្មី មានតម្លៃចន្លោះពី ជាង ៥ម៉ឺនដុល្លារ (៥០.០០០) ទៅជាង ១០ម៉ឺនដុល្លារ (១០០.០០០) ពួកគាត់ត្រូវបង់រំលស់ចន្លោះពី ៥រយដុល្លារ ទៅ ៧រយដុល្លារ ក្នុងមួយខែ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងម្ចាស់ក្រុមហ៊ុនបុរីពិភពថ្មី អ្នកឧកញ៉ា ហុង ពីវ និងប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ប៉ែន បូណា ដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី០៤ វិច្ឆិកា។
ប៉ុន្តែកាលពីថ្ងៃទី០៣ ខែវិច្ឆិកា ក្រុមហ៊ុនបុរីពិភពថ្មី អ្នក ឧកញ៉ា ហុង ពីវ បានប្រកាសឱ្យអតិថិជនអនុវត្តតាមកិច្ចសន្យា ដោយក្រុមហ៊ុនសន្យាទទួលទិញផ្ទះត្រឡប់មកវិញចំនួន៥០ភាគរយនៃប្រាក់ដែលបានបង់រំលស់ ដោយការបង់រំលស់បានចាប់ពី៧ខែឡើងទៅ ដោយបូកជាមួយប្រាក់កក់ និងប្រាក់បានដើម ជាមួយនឹងប្រាក់ជំពាក់។ ករណីបើអតិថិជនគ្មានក្រដាសកិច្ចសន្យាទទួលទិញផ្ទះទេ ខាងក្រុមហ៊ុននឹងមិនទទួលទិញផ្ទះវិញទេ។ ទោះជាយ៉ាងពលរដ្ឋអះអាងថា ថៅកែក្រុមហ៊ុនគេចវេះមិនចង់សងលុយអតិថិជន ពីព្រោះនៅពេលដែលពួកគាត់កាន់ឯកសារ និងប្លង់ផ្ទះទៅលក់ភាគីថៅកែក្រុមហ៊ុនបែរជាថា បាត់ទិន្នន័យអតិថិជនដែលទិញផ្ទះទាំងអស់នោះទៅវិញ។
ជុំវិញបញ្ហានេះអ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែនករុណា មានប្រសាសន៍ថា អាជ្ញាធរគួរតែចុះទៅត្រួតពិនិត្យពីបញ្ហារបស់ពលរដ្ឋដែលកំពុងតវ៉ា ដើម្បីកុំឱ្យថៅកែក្រុមហ៊ុនបុរីពិភពថ្មីរំលោភលើលក្ខខណ្ឌរបស់អតិថិជន។ លោកបន្តថាប្រសិនបើអាជ្ញាធរបណ្ដែតបណ្ដោយឱ្យថៅកែក្រុមហ៊ុនធ្វើអ្វីតាមតែអំពើចិត្តអ្នកដែលរងគ្រោះគឺពលរដ្ឋពីព្រោះពួកគាត់កំពុងប្រឈមនឹងការរឹបអូសផ្ទះត្រឡប់ទៅវិញ។
លោក ស៊ឹង សែនករុណា៖ «ដូចយើងមើលឃើញហើយថា អ្នកមានវិបត្តិគិតខ្លីដោយមិនបានពិចារណា ហើយអស់លទ្ធភាព ទ័លក្នុងការរកដំណោះស្រាយលើបញ្ហារបស់ខ្លួនគិតទៅធ្វើអ្វីដែលមានស្ថានភាពធ្ងន់ធ្ងរជាងនេះ អ៊ីចឹងឈានដល់កម្រិតធ្ងន់ធ្ងរហ្នឹងវាហួសពេលហើយក្នុងនាមអាជ្ញាធរ ឬក្រុមហ៊ុនបុរីគាត់ចង់ទៅទទួលខុសត្រូវក៏វាលើសដែរ»។
ពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិលទទូចឱ្យម្ចាស់ក្រុមហ៊ុន ពន្លឿនការដោះស្រាយជូនពួកគាត់ឱ្យឆាប់រហ័ស ពីព្រោះបច្ចុប្បន្នពួកគាត់កំពុងមានជីវភាពខ្វះខាត និងគ្មានប្រាក់បង់ធនាគារនោះទេ។ ពួកគាត់អះអាងថា នឹងនៅតែបន្តតវ៉ារហូតដល់ម្ចាស់ក្រុមហ៊ុនបុរីពិភពថ្មីចេញមុខដោះស្រាយបញ្ហាទាំងអស់ជូនពួកគាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។