ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ណែនាំឱ្យអាជ្ញាធរខេត្តក្រុង មានវិធានការចំពោះក្រុមហ៊ុនសាងសង់ និងម្ចាស់សំណង់ដែលមិនអនុវត្តតាមច្បាប់ និងលក្ខណៈបច្ចេកទេស។ សង្គមស៊ីវិលយល់ថា សេចក្ដីណែនាំនេះទំនងជាគ្មានប្រសិទ្ធភាពឡើយ ដោយសារតែអំពើពុករលួយនៅតែចាក់ស្រេះក្នុងសង្គមខ្មែរ។
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី លោក ជា សុផារ៉ា ស្នើឱ្យអភិបាលរាជធានី-ខេត្តទាំងអស់ ចាត់ការតាមផ្លូវច្បាប់ចំពោះក្រុមហ៊ុនសាងសង់ណាដែលគ្មានច្បាប់អនុញ្ញាតពីក្រសួង និងចំពោះម្ចាស់សំណង់ទាំងឡាយណា ដែលដំណើរការការដ្ឋានដោយគ្មានលិខិតអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។
លោក ជា សុផារ៉ា បញ្ជាក់នៅក្នុងលិខិតចុះថ្ងៃទី២៣ កក្កដាថា ចំណាត់ការនេះគឺដើម្បីធានាការងារសំណង់ ធានាគុណភាព និងសុវត្ថិភាពសំណង់ ការពារទ្រព្យសម្បត្តិ និងសុខុមាលភាពរបស់ម្ចាស់សំណង់ អ្នកប្រើប្រាស់ និងសាធារណជន ព្រមទាំងធានាគណនេយ្យភាព និងប្រសិទ្ធភាពនៃការប្រកបវិជ្ជាជីវៈក្នុងវិស័យសំណង់។
ក្រសួងរៀបចំដែនដីដាក់ចេញនូវបញ្ជានេះរយៈពេល ១ខែ ក្រោយមានហេតុការណ៍បាក់រលំអគារដែលសាងសង់ខុសច្បាប់នៅខេត្តព្រះសីហនុ បណ្តាលឱ្យកម្មករខ្មែរចំនួន ២៨នាក់បាត់បង់ជីវិត និង ២៦នាក់ផ្សេងទៀតរងរបួស។
ប្រធានអង្គការសម្ពន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ យល់ថា វិធានការរបស់ក្រសួងនេះ ហាក់យឺតពេលបន្តិចទៅហើយ ពីព្រោះសំណង់ខុសច្បាប់បានកើតឡើងស្ទើរគ្រប់ទីកន្លែង ហើយពលរដ្ឋរាប់សិបនាក់ ក៏បានស្លាប់ និងរងរបួស ដោយសារតែប្រភេទសំណង់ខុសច្បាប់នេះដែរ។ លោកយល់ថា បទបញ្ជារបស់ក្រសួងនៅពេលនេះ ទំនងជាដើម្បីស្រោចស្រង់មុខមាត់របស់មន្ត្រីជំនាញ ដែលអសកម្មក្នុងការអនុវត្តច្បាប់លើសំណង់ខុសច្បាប់នាពេលកន្លងមក៖ «ទីមួយដោយសារតែមន្ត្រីគាត់ខ្លាចអំណាចរបស់អ្នកសាងសង់ ឬក៏ក្រុមហ៊ុនសាងសង់។ ទីពីរ ក៏អាចថា ជាការទទួលបានផលប្រយោជន៍ណាមួយ បិទភ្នែក បិទមាត់ទៅ មិននិយាយស្តី។ វាជាទម្រង់មួយនៃអំពើពុករលួយ ឬក៏គេហៅថាជាប្រភេទបទល្មើសវីតិក្រម។ អ៊ីចឹងនេះគឺជាទម្រង់ដែលនាំឱ្យមាន។សំណង់ខុសច្បាប់ដែរ»។
កាលពីដើមខែកក្កដា កន្លងទៅ អាជ្ញាធររបបក្រុងភ្នំពេញបានផ្អាកសំណង់អាគារចំនួន៣ ក្នុងចំណោម ៥អាគារ ដែលត្រូវបានរកឃើញ គ្មានច្បាប់អនុញ្ញាត និងសាងសង់ខុសបច្ចេកទេស។ អគារទាំងនោះមានទីតាំងនៅក្នុងខេត្តព្រះសីហនុ ទីដែលមានហេតុការណ៍បាក់រលំអាគារក្រុមហ៊ុនចិន កាលពីចុងខែមិថុនាកន្លងទៅ។ ទោះជាយ៉ាងណា សង្គមស៊ីវិលជឿជាក់ថា មានសំណង់អគារជាច្រើនផ្សេងទៀតដែលត្រូវបានសាងសង់ឡើងដោយគ្មានច្បាប់អនុញ្ញាត និងមិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ហើយដែលក្រសួងត្រូវអនុវត្តច្បាប់ឱ្យបានស្មើភាពគ្នា។
អ្នកនាំពាក្យសមាគម អាដហុក (ADHOC) លោក ស៊ឹង សែនករុណា សម្ដែងការសោកស្ដាយដែលកម្ពុជាមានច្បាប់គ្រប់គ្រងការសាងសង់ ក៏ប៉ុន្តែមិនត្រូវបានមន្ត្រីជំនាញយកទៅអនុវត្តឱ្យមានប្រសិទ្ធភាព ដោយសារតែអំពើពុករលួយ។ លោកបន្តថា លោកមិនសូវមានជំនឿលើបទបញ្ជារបស់ក្រសួងដែនដីនេះឡើយ ពីព្រោះកន្លងមកអាជ្ញាធររដ្ឋាភិបាលធ្លាប់បានដាក់ចេញនូវបទបញ្ជាតឹងរ៉ឹងជាច្រើនដើម្បីទប់ស្កាត់ទង្វើល្មើសច្បាប់ ក៏ប៉ុន្តែបទបញ្ជាទាំងនោះមានតែនៅលើក្រដាស ខ្វះការអនុវត្តជាក់ស្ដែង។ លោកបន្ថែមថា បើក្នុងករណីក្រសួងរកឃើញសំណង់ខុសច្បាប់នៅតាំងណាមួយ ក្រសួងក៏ត្រូវអនុវត្តច្បាប់លើមន្ត្រីដែលទទួលខុសត្រូវនៅទីនោះផងដែរ ព្រោះបើគ្មានការបើកដៃពីមន្ត្រីទាំងនោះទេ សំណង់អាគារខុសច្បាប់ប្រាកដជាមិនអាចកើតមានឡើងនោះឡើយ៖ «ខ្ញុំពិបាកនឹងជឿដែរ នៅពេលដែលយើងគ្រាន់តែចេញនូវឯកសារ ឬក៏លិខិតដែលយើងធ្លាប់ឃើញកន្លងមកនោះ គឺលិខិតមួយចំនួនមានតែនៅលើក្រដាស ហើយការអនុវត្តហ្នឹងអត់មានប្រសិទ្ធភាព។ អ៊ីចឹង ខ្ញុំក៏អត់ទាន់ហ៊ានថា តើរឿងហ្នឹងវាទៅជាយ៉ាងម៉េចដែរ។ យើងនឹងបន្តការតាមដានអំពីការអនុវត្តទៀត ហើយយើងសង្ឃឹមថា ការអនុវត្តហ្នឹងនឹងអាចធ្វើទៅបានល្អប្រសើរ។ ចៀសវាង យើងកុំបណ្ដែតបណ្ដោយរហូតដល់មានការបាត់បង់អាយុជីវិតរបស់ប្រជាពលរដ្ឋយើងបន្តទៀត»។
ទន្ទឹមនឹងការស្នើឱ្យក្រសួងពង្រឹងការអនុវត្តច្បាប់ ក្រុមអង្គការសង្គមស៊ីវិលអំពាវនាវឱ្យក្រសួងរៀបចំដែនដី ពិនិត្យមើលឡើងវិញចំពោះនីតិវិធីសុំច្បាប់សាងសង់ ហើយបើរកឃើញថា នីតិវិធីនោះមានភាពស្មុគស្មាញ ក្រសួងគួរតែកែលម្អចំណុចទាំងនោះវិញ។ លើសពីនេះទៅទៀត សង្គមស៊ីវិលក៏ស្នើឱ្យក្រសួងធ្វើយ៉ាងណាធានាថា មន្ត្រីរបស់ខ្លួនមិនជាប់ពាក់ព័ន្ធនឹងអំពើពុករលួយក្នុងវិស័យសំណង់ដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។