កម្ពុជា​ជាប់​ឈ្មោះ​ជា​កន្លែង​បង្កាត់​ពូជ​ល្បែង​ឆបោក​តាម​អនឡាញ​របស់​ក្រុម​ឧក្រិដ្ឋជន

កម្ពុជា​ជាប់​ឈ្មោះ​ជា​ប្រទេស «បង្កាត់​ពូជ​ល្បែង​ឆបោក​តាម​អនឡាញ» របស់​បណ្ដាញ​ក្រុម​ឧក្រិដ្ឋជន​ក្នុង​ចំណោម​បណ្ដា​ប្រទេស​មួយ​ចំនួន​ទៀត​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍ ដែល​ប្រតិបត្តិការ​ល្បែង​ឆបោក​តាម​អនឡាញ​ក្នុង​ទំហំ​ទឹក​ប្រាក់ ១១ពាន់​លាន​ដុល្លារ។ សារព័ត៌មាន ដឹ ហែកឃឺ ញូស៍ (The Hacker News) បាន​រាយការណ៍​ថា ក្រុម​ឧក្រិដ្ឋជន​ឆបោក​តាម​អនឡាញ​ឈរ​ជើង​នៅ​កម្ពុជា​បាន​ដោយ​សារ​តែ មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ក្រុម​គ្រួសារ​ត្រកូល «ហ៊ុន»។

សារព័ត៌មាន ដឹ ហែកឃឺ ញូស៍ ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​កាល​ពី​ថ្ងៃ​ទី១០ ខែកក្កដា រាយការណ៍​ថា ក្រុម​ឧក្រិដ្ឋជន​បាន​បង្កើត​កម្មវិធី​សម្រាប់​ទីផ្សារ​អនឡាញ​ដែល​មាន​ឈ្មោះ​ថា ហួយវ័ន(Huione)ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​រួម​មាន កម្ពុជា មីយ៉ាន់ម៉ា (Myanmar) ឡាវ (Laos) ម៉ាឡេស៊ី (Malaysia ) និងហ្វីលីពីន (Philippines) ដើម្បី​ប្រតិបត្តិការ​លើ​វិស័យ​ឆបោក​តាម​អនឡាញ។

សារព័ត៌មាន​ដដែល​ឱ្យ​ដឹង​ថា ប្រតិបត្តិ​ករ និង​ក្រុម​ឆបោក​តាម​អនឡាញ​ប្រើប្រាស់​សេវាកម្ម​លាង​លុយ​កខ្វក់ តាមរយៈ​កម្មវិធី​ទីផ្សារ​អនឡាញ​នេះ​មាន​យ៉ាង​ហោច​ណាស់ ១១ពាន់​លាន​ដុល្លារ។ ប្រភព​ដដែល​បញ្ជាក់​ថា ក្នុង​គម្រោង​កម្មវិធី​សម្រាប់​ទីផ្សារ​អនឡាញ​នេះ​ប្រជាជន​មក​ពី​តំបន់​អាស៊ី និង​អាហ្វ្រិក​មួយ​ចំនួន ពុំ​បាន​ដឹង​ខ្លួន​ឡើយ ដែល​ក្រុម​ឧក្រិដ្ឋជន​មាន​ប្រភព​មក​ពី​ប្រទេស​ចិន បាន​បោក​បញ្ឆោត​បញ្ជូន​មក​ធ្វើ​ការ​ឆ្លង​ដែន និង​ត្រូវ​បាន​បង្ខិតបង្ខំ​ឱ្យ​ឆបោក​តាម​អនឡាញ។

សារព័ត៌មាន ដឹ ហែកឃឺ ញូស៍ បាន​ដក​ស្រង់​សម្ដី​អ្នក​ជំនាញ​នៃ​ក្រុមហ៊ុន​វិភាគ​ការ​បោកប្រាស់​តាម​អនឡាញ (Blockchain) របស់​អង់គ្លេស​ថា កម្មវិធី​សម្រាប់​ទីផ្សារ​អនឡាញ​ចិន​ឈ្មោះ​ថា ហួយវ័ន ក៏​មាន​បណ្ដាញ​ក្រុមហ៊ុន​ហួយវ័ន ដែល​គ្រប់គ្រង​ដោយ​អ្នកជំនួញ​ចិន​កំពុង​ឈរ​ជើង​នៅ​កម្ពុជា​ដែល​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​គ្រួសារ​ត្រកូល​ហ៊ុន។ ក្រុមហ៊ុន​កំពុង​មាន​វត្តមាន​នៅ​កម្ពុជា​នេះ ក៏​កំពុង​ប្រតិបត្តិការ​ផ្ទេរ​ទូទាត់​សាច់​ប្រាក់​យ៉ាង​សកម្ម​ក្នុង​វិស័យ​ឆបោក​តាម​អនឡាញ​ជា​សកល។

ឆ្លើយតប​ចំពោះ​ការ​ផ្សព្វផ្សាយ​របស់​សារព័ត៌មាន​បរទេស​នេះ អនុប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​អ្នកស្រី ជូ ប៊ុនអេង នៅ​ថ្ងៃទី១១ ខែ​កក្កដា ច្រាន​ចោល​ចំពោះ​របាយការណ៍​នៃ​ស្ថាប័ន​សារព័ត៌មាន​នេះ ដោយ​ចាត់​ទុក​ថា គ្មាន​មូលដ្ឋាន និង​មាន​ចេតនា​ទម្លាក់​កំហុស​បង្ខូច​ឈ្មោះ​កម្ពុជា។

អ្នកស្រី ជូ ប៊ុនអេង៖«កម្ពុជា​គឺ​ជា​ប្រទេស​ដែល​រង​គ្រោះ បើ​គ្រាន់​តែ​នាំ​គ្នា​មក​បំផ្លាញ​បង្កើត​រឿង​យើង​ខូច​ឈ្មោះ​ប៉ុណ្ណា ហើយ​ឱ្យ​មាន​រឿង​យើង​ដោះស្រាយ​រឿង​ក្បាល​ប៉ុណ្ណា។ យើង​មិនមែន​ចង់​ទុក​បទល្មើស​ក្នុង​ប្រទេស​ខ្លួន​ឯង ដើម្បី​បំផ្លាញ​ការ​អភិវឌ្ឍ​ខ្លួនឯង​ទេ ប៉ុន្តែ​យើង​តែងតែ​អំពាវនាវ តើ​មាន​ប្រទេស​ណា​ខ្លះ មាន​សមត្ថភាព​បង្ក្រាប ឬ​បង្ការ​បទល្មើស​ទាំង​អស់​ហ្នឹង ហើយ​ឱ្យ​ជួយ​ផ្ដល់​បទពិសោធន៍ ឬ​មក​ជួយ​ឱ្យ​យើង​បាន​សហការ​ជាមួយ​ផង»។

ទោះ​ជា​យ៉ាងណា ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក នី សុខា លើកឡើង​ថា ការណ៍​ដែល​រដ្ឋាភិបាល​មិន​ទទួល​ស្គាល់​របាយការណ៍​របស់​ស្ថាប័ន​អន្តរជាតិ​នានា​ដែល​លើកឡើង​បញ្ហា​ជួញដូរ​មនុស្ស គឺ​ហេតុ​ធ្វើ​ឱ្យ​ប្រតិបត្តិការ​បង្ក្រាប​អំពើ​ជួញដូរ​មនុស្ស និង​បញ្ហា​បោក​តាម​អនឡាញ​របស់​អាជ្ញាធរ​នៅ​ចន្លោះ​ប្រហោង និង​គ្មាន​ប្រសិទ្ធភាព។

លោក នី សុខា៖«អាជ្ញាធរ​កម្ពុជា​គួរណា​កុំ​ធ្វើ​ការ​បដិសេធ​ប្រញាប់​ពេក យើង​ត្រូវ​យក​របាយការណ៍​ទាំងអស់​ហ្នឹង​មក​ធ្វើ​ការ​ឆ្លុះ​បញ្ចាំង មក​ធ្វើ​ការ​សិក្សា​បន្ថែម​ទៀត ព្រោះ​ថា របាយការណ៍​វា​អាច​ជួយ​យើង​ជា​ពន្លឺ​សម្រាប់​ឱ្យ​យើង​អាច​ធ្វើ​ការ​ឆ្លុះ​បញ្ចាំង ដើម្បី​រក​មើល​ថា រឿង​ហ្នឹង​មាន​ពិត​យ៉ាង​ម៉េច មិន​ពិត​យ៉ាង​ម៉េច បាន​វា​អត់​មាន​អី​ខាត​សម្រាប់​ប្រទេស​កម្ពុជា។ ផ្ទុយ​ទៅ​វិញ ប្រសិន​ជា​យើង​បដិសេធ ហើយ​យើង​មិន​បាន​ដោះស្រាយ​បញ្ហា​ឱ្យ​ស៊ី​ជម្រៅ​ឱ្យ​ដល់​ឫសគល់​ទេ បញ្ហា​នឹង​នៅ​តែ​កើត​មាន​ជា​បន្តបន្ទាប់​វា​ជា​ធ្វើ​ឱ្យ​ជះ​ឥទ្ធិពល​មក​ល្អ​ដល់​ប្រទេស​កម្ពុជា​ទៅ​វិញ​ទេ»។

របាយការណ៍​ស្ដីពី​ការ​ជួញដូរ​មនុស្ស​នៅ​លើ​ពិភព​លោក​ប្រចាំ​ឆ្នាំ២០២៤ របស់​ក្រសួង​ការបរទេស​អាមេរិក ផ្សាយ​កាល​ពី​ថ្ងៃ​ទី២៤ ខែ​មិថុនា រក​ឃើញ​ថា អំពើ​ពុករលួយ និង​ការ​សមគំនិត​ពី​សំណាក់​ក្រុម​មន្ត្រី​រដ្ឋាភិបាល​ក្នុង​ឧក្រិដ្ឋកម្ម​ជួញដូរ​មនុស្ស នៅ​តែ​រីក​រាលដាល​ខ្លាំង។ នេះ​ក៏​រាប់​បញ្ចូល​ទាំង​ការ​កេងប្រវ័ញ្ច​លើ​ជនរងគ្រោះ​រាប់​ម៉ឺន​នាក់​ក្នុង​ឧក្រិដ្ឋកម្ម​បង្ខាំង​មនុស្ស​ឱ្យ​ប្រព្រឹត្ត​អំពើ​ឆបោក​តាម​អនឡាញ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។