មន្ត្រី​សង្គម​ស៊ីវិល​ថា ​សំណុំ​រឿង​លោក​ ដួង ឆាយ​ គួរតែបន្ត​ទៅ​មុខ​ទៀត

0:00 / 0:00

មន្ត្រី​សង្គម​ស៊ីវិល​និយាយ​ថា​ សំណុំ​រឿង​របស់​លោក​ ដួង​ ឆាយ​ មិន​ត្រូវ​បញ្ចប់​ត្រឹម​ដក​ហូត​គោរម​ងារ​ជា​ឧកញ៉ា​ទេ​ គឺ​លោក​ត្រូវ​ផ្ដន្ទាទោស​​ពាក់​ព័ន្ធ​ពី​បទ​ប្រើ​ប្រាស់​អំពើ​ហិង្សា ប្រសិន​បើ​លោក​បាន​ប្រព្រឹត្ត​បទ​ល្មើស​ដូច​ការ​ចោទ​ប្រកាន់​មែន​។​​

នាយិកា​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​អ្នក​ស្រី​ ចក់ សុភាព​ មាន​ប្រសាសន៍​ថា​ ការ​ដក​ហូត​គោរមងារ​ជា​ជំហាន​មួយ​ តែ​មិន​គួរ​បញ្ចប់​ត្រឹម​នេះ​ទេ​ ពីព្រោះ​អំពើ​ហិង្សា​ទៅ​លើ​ស្ត្រី​នេះ​ត្រូវ​តែ​បន្ត​នីតិវិធី​តាម​ផ្លូវ​ច្បាប់​ថែម​ទៀត​ដើម្បី​ជា​គំរូ​ដល់​អ្នក​ក្រោយ​ៗ​ទៀត​កុំ​ឱ្យ​ប្រើ​ប្រាស់​អំពើ​ហិង្សា​នៅ​ក្នុង​ក្រុម​គ្រួសារ​តទៅ​ទៀត។​

អ្នក​ស្រី​បន្ត​ថា​ ក្នុង​ករណី​អំពើ​ហិង្សា​ដែល​មាន​លក្ខណៈ​បទល្មើស​ព្រហ្មទណ្ឌ​របៀប​នេះ​មិន​ចាំ​បាច់​ជន​រង​គ្រោះ​​ចេញ​មុខ​ប្ដឹងផ្ដល់​ទេ។​ អាជ្ញាធរ​មាន​សមត្ថកិច្ច​ រួម​ទាំង​ក្រសួង​កិច្ច​ការ​នារី​ដែល​ធ្វើ​ការ​ងារ​ទាក់​ទង​ទៅ​លើ​ស្ត្រី​គួរ​តែ​ចាត់​វិធាន​ការ​​ទៅ​តាម​នីតិវិធី​ផ្លូវ​ច្បាប់៖«​នៅ​ក្នុង​ករណី​នៃ​ការ​ប្រើ​ប្រាស់​អំពើ​ហិង្សា​ទៅ​លើ​ស្ត្រី​ជនរង​គ្រោះ​អាច​ប្រឈម​នូវ​កត្តា​ជា​ច្រើន​ជា​ឧបសគ្គ​ដល់​ស្ត្រី​ក្នុង​ការ​ចេញ​មុខ​ ឬ​ក៏​ធ្វើ​ការ​រាយការណ៍​និង​ដាក់​ពាក្យ​បណ្ដឹង​។​ ហេតុ​ដូច្នេះ​នៅ​ក្នុង​ករណី​ដែល​អាជ្ញាធរ​បាន​ដឹង​ឮ​រឿង​រ៉ាវ​ទាំង​អស់​នេះ​។​ អាជ្ញាធរ​ត្រូវ​តែ​មាន​សមត្ថកិច្ច​ក្នុង​ការ​បន្ត​នីតិវិធី​ទៅ​មុខ​ទៀត​ដើម្បី​ធានា​ថា​ រាល់​ករណី​នៃ​ការ​ប្រើប្រាស់​អំពើ​ហិង្សា​ទៅ​លើ​ស្រ្តី​នេះ​ នឹង​មិន​ត្រូវ​បាន​លើក​លែង​ ហើយ​នឹង​មិន​មាន​វប្បធម៌​និទ្ទណ្ឌភាព​ នៅ​ក្នុង​សង្គម​កម្ពុជា​យើង»។​​​

ប្រមុខ​រដ្ឋ​ស្ដីទី​លោក​ សាយ ឈុំ​ បាន​សម្រេច​បញ្ចប់​គោរម​ងារ​ឧកញ៉ា​របស់​លោក​ ឌួង ឆាយ ​តាម​សំណើ​របស់​លោកនាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​ក្រោយ​ពេល​អតីត​ភរិយា​លោក​ បង្ហោះ​វីដេអូ​នៅ​តាម​បណ្ដាញ​សង្គម​បង្ហាញ​ថា លោក​បង្ក​អំពើ​ហិង្សា​ក្នុង​គ្រួសារ។

​ពាក់ព័ន្ធ​នឹង​ការ​ផ្ដល់​គោរមងារ​ជា​ឧកញ៉ា​នេះ អនុប្រធាន​ផ្នែក​អង្គការ​លីកាដូ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​លោក​ អំ សំអាត​ បញ្ជាក់​ថា​ គោរមងារ​ជា​ឧកញ៉ា​នីមួយ​ៗ ​គួរ​តែ​ផ្តល់​ឱ្យមនុស្ស​ណា ដែល​មាន​ស្នា​ដៃ​ជួយ​ជាតិ​ និង​ដែល​គួរ​ឱ្យ​គោរព​ដល់​មនុស្ស​ទូទៅ​នៅ​ក្នុង​សង្គម​៖ «​អ៊ីចឹង​ការ​បញ្ចប់​នេះ​ទាក់​ទិន​នឹង​រូប​ភាព​ដែល​បែក​ធ្លាយ​ហ្នឹង ​គឺ​​វា​ជា​ចំណាត់​ការ​មួយ​ល្អ​ហើយ។ ​មួយ​ទៀត​ទាក់​ទង​នឹង​បញ្ហា​អំពើ​ហិង្សា​វា​ជា​ទង្វើ​ខុស​ច្បាប់។​ ហេតុ​ដូច្នេះ​ហើយ​ស្ថាប័ន​ដែល​ពាក់​ព័ន្ធ​គួរ​តែ​ពិនិត្យ​ ហើយ​ពិចារណា​អនុវត្ត​ទៅ​តាម​ច្បាប់​ ដើម្បី​ជា​គំរូ​ ដើម្បី​កុំ​ឱ្យ​អ្នក​ប្រើ​ប្រាស់​អំពើ​ហិង្សា​នៅ​ក្នុង​គ្រួសារ​ ឬ​ក៏​អំពើ​ហិង្សា​ដ៏​ទៃ​ទៀត​ហ្នឹង​អាច​ គេច​ផុត​ពី​ផ្លូវ​ច្បាប់។​ នេះ​គឺ​អាស្រ័យ​ទៅ​លើ​ស្ថាប័ន​ទាំង​អស់​ដែល​ពាក់​ព័ន្ធ​លោក​ ពិចារណា​ទៅ»។

គោ​រម្យ​ងារ​ «​ឧកញ៉ា​» ​បាន​មក​ដោយ​ព្រះរាជក្រឹត្យ​ឡាយ​ព្រះហស្តលេខា​ដោយ​ព្រះមហា​ក្សត្រ។ លក្ខខណ្ឌ​ដែល​អាច​ទទួល​បាន​នូវ​គោ​រម្យ​ងារ «​ឧកញ៉ា​» គឺ​សប្បុរសជន​ទាំងឡាយ​ណា ​ដែល​បាន​បរិច្ចាគ​ទ្រព្យធន​ផ្ទាល់ខ្លួន​ជួយ​សង្គម​ជាតិ​។ ដំបូង​ចាប់ពី​មួយ​សែន​ដុល្លារ​ឡើង​ទៅ​ និង​ត្រូវ​បាន​នាយក​រដ្ឋមន្ត្រី​ស្នើ​សុំ​ទៅ​ព្រះមហាក្សត្រ ​ដើម្បី​ព្រះ​រាជទាន​នូវ​គោ​រម្យ​ងារ​នេះ ។

គិត​ចាប់​តាំង​ពី​ឆ្នាំ​២០១៧ សប្បុរស​ជន​ទាំងឡាយ​ណា ដែល​បាន​បរិច្ចាគ​ទ្រព្យធន​ផ្ទាល់ខ្លួន ជួយ​ស្ថាបនា​ជាតិ ចាប់ពី​ ៥០​ម៉ឺន​ដុល្លារ ​ឡើង​ទៅ ទើប​នាយក​រដ្ឋមន្ត្រី​សម្រេច ​ស្នើ​សុំ​ទៅ​ព្រះមហាក្សត្រ​ព្រះ​រាជទាន​នូវ​គោ​រម្យ​ងារ​ឧកញ៉ា​ ដែល​អាច​បញ្ជាក់​បាន​ថា តម្លៃ​ឧកញ៉ា​​ ​នេះ​បាន​កើន​ឡើង​មួយ​គុណ​ និង​ប្រាំ​ដង​។ប៉ុន្តែ​កន្លង​មក មនុស្ស​មួយ​ចំនួន​បាន​ប្រើប្រាស់​​គោ​រម​ងារ​ឧកញ៉ា ​ដើម្បី​កាប់ឈើ​ និង​រំលោភ​យក​ដី​ពលរដ្ឋ​ដោយ​ខុសច្បាប់​។

​​លោក ដួង ឆាយ​ ធ្លាប់​ត្រូវ​តុលាការ​កាត់​អោយ​ជាប់​ពន្ធនាគារ​៣​ ឆ្នាំ​កន្លះ​កាល​ពីឆ្នាំ​២០១៣ ពី​បទ​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​ប្រើ​អាវុធ​ខុស​ច្បាប់​ ប៉ុន្តែ​លោក​ទទួលទោស​បានត្រឹម​តែ ៦​ខែ​ប៉ុណ្ណោះ។ កាលពី​ឆ្នាំ​២០១៥ ​ឧកញ៉ា​រូប​នេះ​ក៏​ត្រូវ​តុលាការ​កាត់​អោយ​ជាប់ទោស​ ១ឆ្នាំ​ទៀត​ ពីបទ​បង្ក​ហិង្សា​ដោយចេតនា​ទៅ​លើ​កូន​ ឧកញ៉ា​ ​លោក ទ្រី ភាព​ ​មេ​ឈ្មួញ​រកស៊ី​ឈើខុសច្បាប់​​ដែល​ស្និទ្ធ​នឹង​លោក​ហ៊ុន សែន​ ប៉ុន្តែ​លោក​ជាប់ពន្ធនាគារ​តែ​ ៤​ខែ​ ក៏​ត្រូវ​តុលាការ​សម្រេច​ដោះ​លែង​ឱ្យ​មាន​សេរីភាព​វិញ។

អាស៊ីសេរី​ ​មិន​ទាន់​អាច​ទាក់ទង​លោក ដួង ឆាយ​ ដើម្បី​ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​ករណី​បង្ក​អំពើ​ហិង្សា​ក្នុង​គ្រួសារ​បាន​នៅ​ឡើយ​ទេ​ កាល​ពី​ថ្ងៃទី​១៨ ​មីនា​។​

ទាក់​ទិន​សំណុំ​រឿង​ប្រើ​ប្រាស់​អំពើ​ហិង្សា​ចុង​ក្រោយ​ទៅ​លើ​​អតីត​ភរិយា​របស់​ខ្លួន​នេះ​ មន្ត្រី​សង្គម​ស៊ីវិល​រង់​ចាំ​មើល​ថា​ តើ​សមត្ថកិច្ច​ពាក់​ព័ន្ធ​​នឹង​មាន​វិធាន​ការ​យ៉ាង​ណា​ទៅ​លើ​លោក​ ឧកញ៉ា​ ដួង ឆាយ​ ដែល​តែង​យក​អំពើ​ហិង្សា​ដោះ​ស្រាយ​ទំនាស់​​កន្លង​មក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។