អ្នកឃ្លាំមើលលើកឡើងថា រដ្ឋាភិបាលកម្ពុជាមានភាពមិនច្បាស់លាស់ ក្នុងការប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញនោះឡើយ ជាពិសេសទៅលើទីតាំងអគារកាស៊ីណូមួយចំនួន នៅតាមព្រំដែន ដែលត្រូវគេចង្អុលបង្ហាញថា ជាទីតាំងឆបោកតាមអនឡាញ។ ពួកគាត់ថា ភាពមិនច្បាស់លាស់នេះ បានធ្វើឱ្យកម្ពុជាទទួលរងការចោទប្រកាន់ថា ជាជម្រករបស់ឧក្រិដ្ឋជនឆបោក ដែលមានទំនាក់ទំនងនឹងមេដឹកនាំរដ្ឋ។
បច្ចុប្បន្ននេះ ប្រតិបត្តិការឆបោកតាមអ៊ីនធឺណិត នៅតាមតំបន់ជាប់ព្រំដែនប្រទេសកម្ពុជា-ថៃ និងកម្ពុជា-វៀតណាម នៅតែដំណើរធម្មតា ដោយគ្មានចំណាត់ការពីអាជ្ញាធរកម្ពុជាឡើយ ដែលខុសពីតំបន់នៅតាមព្រំដែនថៃ-មីយ៉ាន់ម៉ា (Myanmar) ដែលក្រុមឧក្រិដ្ឋជនឆបោក កំពុងរត់ខ្ចាត់ខ្ចាយ ក្រោយអាជ្ញាធរថៃកាត់ផ្ដាច់ការផ្គត់ផ្គង់អគ្គិសនី និងឥន្ធនៈទៅឱ្យ។
ប្រធានក្រុមប្រឹក្សាឃ្លាំមើលកម្ពុជានៅប្រទេសន័រវែស (Norway) លោក ម៉ែន ណាត ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៥ ខែកុម្ភៈថា មូលហេតុដែលឧក្រិដ្ឋជនឆបោកតាមអនឡាញ នៅតែរកស៊ីដោយសុខស្រួល នៅលើទឹកដីកម្ពុជាបាន គឺដោយសារក្រុមឧក្រិដ្ឋជនទាំងនោះ បានរកស៊ីប្រទាក់ក្រឡាគ្នាជាមួយមេដឹកនាំ និងមន្ត្រីគ្រាក់ៗរបស់បក្សកាន់អំណាច។ លោកបន្តថា ដោយសារតែមើលឃើញពីភាពមិនច្បាស់លាស់របស់មេដឹកនាំកម្ពុជា ក្នុងការប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកឆ្លងដែននេះហើយ ទើបរដ្ឋាភិបាលថៃគ្រោងនឹងកាត់ផ្ដាច់អគ្គិសនី ប្រេងឥន្ធនៈ និងធ្វើរបងតាមព្រំដែន ដើម្បីការពារឧក្រិដ្ឋកម្មឆបោកឆ្លងចូលទឹកដីថៃ។
លោក ម៉ែន ណាត៖«រដ្ឋាភិបាលថៃដឹងច្បាស់ណាស់ថា មេឧក្រិដ្ឋជនធំៗហ្នឹង វាមានជាប់ពាក់ព័ន្ធជាមួយនឹងមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជា មានទាំង ហ៊ុន តូ កុក អាន និង លី យ៉ុងផាត់ ជាដើម គឺសុទ្ធតែជាអ្នកជាប់ពាក់ព័ន្ធនឹងបណ្ដាញឧក្រិដ្ឋជន។ អ៊ីចឹង វិធានការចាត់ការបង្ក្រាបហ្នឹង គឺយឺតយ៉ាវ ហើយមិនចង់បង្ក្រាបផង»។
ការថ្លែងរបស់អ្នកឃ្លាំមើលរូបនេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរថៃ នៅខេត្តស្រះកែវ (SaKeo) បានស្នើឱ្យរដ្ឋាភិបាលថៃ សាងសង់របងការពារនៅតាមបណ្ដោយព្រំដែនខេត្តស្រះកែវ ដែលមានប្រវែង ១៦៥គីឡូម៉ែត្រ និងសង់ជញ្ជាំងដាក់បន្លាលួសនៅតំបន់ក្នុងស្រុកអារញ្ញប្រាថេត (Aranyaprathet) ជាប់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ប្រវែង ៥៥គីឡូម៉ែត្រ ដែលចំណាយថវិកាអស់ប្រមាណជាង ៨លានដុល្លារ។ អាជ្ញាធរថៃលើកឡើងថា ការស្នើសាងសង់របងតាមព្រំដែននេះ គឺដើម្បីការពារឧក្រិដ្ឋជនឆបោកតាមអ៊ីនធឺណិតនៅក្នុងទឹកដីកម្ពុជា មិនឱ្យលួចឆ្លងដែនចូលមកទឹកដីថៃ។
ជាមួយគ្នានេះ រដ្ឋាភិបាលថៃកំពុងត្រៀមយន្តការកាត់ផ្ដាច់ការផ្គត់ផ្គង់នាំចូល អ៊ីនធឺណិត អគ្គិសនី និងប្រភពថាមពលឥន្ធនៈឧស្ម័ន ទៅកាន់តំបន់ច្រកទ្វារធំៗ តាមព្រំដែនក្នុងទឹកដីកម្ពុជាដែរ គឺចំនួន ៥តំបន់ ដែលអាជ្ញាធរថៃចោទថា ជាទីតាំងឧស្សាហកម្មឆបោកតាមអ៊ីនធឺណិត ដែលបានឆបោកពលរដ្ឋថៃអស់ជាច្រើននាក់។ ក្នុងនោះអាគារកាស៊ីណូក្រោន(CROWN CASINO)ចំនួន៤ របស់លោក កុក អាន ដែលជាសមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានសមាគមឧកញ៉ាកម្ពុជា ស្ថិតនៅក្នុងក្រុងប៉ោយប៉ែត ត្រូវបានអាជ្ញាធរថៃកាត់ផ្ដាច់សេវាអ៊ីនធឺណិត រួចរាល់ហើយ។
អ្នកឃ្លាំមើលលើកឡើងថា ការព្រមានចាត់វិធានការរបស់រដ្ឋាភិបាលថៃនេះ គឺជាការព្រមានទៅកាន់រដ្ឋាភិបាលកម្ពុជា ឱ្យបង្កើនឆន្ទៈក្នុងការប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យរងនៃក្រសួងមហាផ្ទៃ លោក ទូច សុឃៈ និងស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក សិទ្ធិ ឡោះ ដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី១៥ ខែកុម្ភៈ។
កាលពីថ្ងៃទី៦ ខែកុម្ភៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសបង្កើតគណៈកម្មការប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមអនឡាញ ដើម្បីស្ដារមុខមាត់ប្រទេសជាតិឡើងវិញ។ គណៈកម្មការនេះ ដឹកនាំដោយលោកផ្ទាល់ និងមានសមាសភាពមកពីក្រសួងស្ថាប័នពាក់ព័ន្ធមួយចំនួន រួមទាំងកងកម្លាំងអាវុធហត្ថ និងកម្លាំងកងទ័ព ជាដើម។
ទោះជាបែបនេះក្ដី ការប្ដេជ្ញារបស់លោក ហ៊ុន ម៉ាណែត ហាក់មានតែទ្រឹស្ដីប៉ុណ្ណោះ ព្រោះថ្មីៗនេះ អាជ្ញាធរថៃបានចង្អុលបង្ហាញពីទីតាំងឆបោកធំៗ ជាច្រើនទីតាំងមកហើយ ប៉ុន្តែកម្ពុជាមិនបានចុះកិច្ចអន្តរាគមន៍ ឬស្រាវជ្រាវចាប់ខ្លួនមេខ្លោងធំៗនោះឡើយ។
ជុំវិញរឿងនេះ ប្រធានសមាគមការពារសិទ្ធិមនុស្សអាដហុក(ADHOK) លោក នី សុខា យល់ឃើញថា រដ្ឋាភិបាលកម្ពុជាមានសមត្ថភាព និងបច្ចេកវិទ្យាគ្រប់គ្រាន់ក្នុងការប្រឆាំងនឹងឧក្រិដ្ឋកម្មឆបោកតាមអនឡាញ ប៉ុន្តែឧបសគ្គចម្បង ដែលរារាំងក្នុងការបោសសម្អាតឧក្រិដ្ឋកម្មនេះ គឺបញ្ហាអំពើពុករលួយ និងបក្ខពួកនិយម ជាពិសេសទីតាំងអាគារឆបោក ដែលមានជាប់ពាក់ព័ន្ធនឹងមន្ត្រីអ្នកមានអំណាច។
លោក នី សុខា៖«ប្រសិនបើមានជាប់ពាក់ព័ន្ធនឹងអ្នកមានឋានន្តរសក្ដិ ឬក៏អ្នកមានអំណាច នៅពីក្រោយឃុបឃិត ខ្ញុំគិតថានេះជារឿងលំបាក។ ប៉ុន្តែមិនថាលំបាករឿងថាសមត្ថកិច្ចយើង មិនមានសមត្ថភាពនោះទេ។ គឺពិបាកត្រង់ថា គាត់មិនហ៊ាននៅក្នុងការដែលទៅបង្ក្រាបកន្លែងណាដែលមានអ្នកមានអំណាចការពារនៅពីក្រោយ»។
អ្នកឃ្លាំមើលយល់ឃើញថា ប្រសិនបើរដ្ឋាភិបាលថៃ ពិតជាអនុវត្តយន្តការកាត់ផ្ដាច់អគ្គិសនី និងថាមពលឥន្ធនៈ មកលើកម្ពុជា ដូចនៅតំបន់ជាប់ព្រំដែនប្រទេសមីយ៉ាន់ម៉ា មែននោះ នឹងធ្វើឱ្យកម្ពុជាទទួលរងភាពអាម៉ាស់ ដោយត្រូវគេចោទថា មេដឹកនាំកម្ពុជា រកស៊ីជាមួយក្រុមឧក្រិដ្ឋជន ហើយភ្ញៀវទេសចរអន្តរជាតិ អាចនឹងគិតថា កម្ពុជាលែងមានសុវត្ថិភាពសម្រាប់ការមកលេងកម្សាន្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។