ក្រុមយុវជនមួយចំនួនរិះគន់ការរៀបចំបត់ក្រដាសជារូបបេះដូង និងការរាំចង្វាក់ម៉ាឌីហ្សូន ដើម្បីត្រៀមបំបែកកំណត់ត្រាពិភពលោកក្នុងពិធីបុណ្យចូលឆ្នាំថ្មី ដោយពួកគេយល់ថា ជារឿងមិនសូវមានប្រយោជន៍ និងមិនបានបង្ហាញពីអត្តសញ្ញាណខ្មែរ។
យុវជនលើកឡើងថា ការរៀបចំបត់ក្រដាសជារូបបេះដូងឱ្យបានចំនួន ១លានក្រដាស និងការរាំចង្វាក់ម៉ាឌីហ្សូនដែលមានមនុស្សរាំច្រើនជាងគេបំផុត ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដែលដឹកនាំរៀបចំដោយកូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខាងមុខនេះ ហាក់មិនបង្ហាញភាពអស្ចារ្យអ្វីឱ្យសមជាអ្នកជំនាន់ក្រោយនៃបុព្វបុរសសាងសង់អង្គរវត្តនោះទេ។
ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ ប្រាប់អាស៊ីសេរីនៅថ្ងៃទី៩ មេសា ថា យុវជនកម្ពុជាគួរតែព្យាយាមបំបែកកំណត់ត្រាពិភពលោកណាមួយ ដែលបង្ហាញពីអរិយធម៌ វប្បធម៌ និងអត្តសញ្ញាណខ្មែរ ដើម្បីបម្រើផលប្រយោជន៍ជាតិ និងជាពិសេសបង្ហាញពីភាពខ្លាំង ដែលជាតិសាសន៍ដទៃមិនងាយ ឬពិបាកធ្វើបាន ឱ្យសមជាអ្នកជំនាន់ក្រោយនៃបុព្វបុរសដែលបានសាងសង់សំណង់ស្ថាបត្យកម្មអច្ឆរិយអង្គរ ដែលមានភាពល្បីល្បាញ និងមានការទទួលស្គាល់នៅទូទាំងពិភពលោក ដូចសព្វថ្ងៃនេះ។
លោក កើត សារ៉ាយ៖ «យើងឃើញគ្រាន់តែបត់ក្រដាសច្រើនជាងគេហ្នឹង វាមើលទៅអត់មានអីអស្ចារ្យ យើងស្ដាប់ទៅ ឬរាស្ដ្រសាមញ្ញស្ដាប់ទៅ ក៏អត់មានអីចាប់អារម្មណ៍។ ហើយ រាំម៉ាឌីហ្សូនដែលច្រើនជាងគេហ្នឹង នរណាក៏អាចធ្វើបានដែរ ប្រសិនបើគេចង់ធ្វើ។ យើងព្យាយាមធ្វើអ្វីដែលចំណាយពេលធ្វើហើយ វាបានបង្ហាញពីអត្តសញ្ញាណផង ហើយវាចំណេញដល់ការបម្រើផលប្រយោជន៍សង្គមជាតិផង»។
ការលើកឡើងរបស់លោក កើត សារ៉ាយ ធ្វើឡើង ស្របពេលក្រុមយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) របស់កូនប្រុសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី បានឱ្យពលរដ្ឋ សិស្ស និស្សិត និងយុវជន នាំគ្នាបត់ក្រដាសជារូបបេះដូងឱ្យបាន ១លានក្រដាស និងការត្រៀមរាំចង្វាក់ម៉ាឌីហ្សូនដែលមានអ្នករាំច្រើនជាងគេ ដើម្បីបំបែកកំណត់ត្រាពិភពលោក( World Guinness Record) នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣ ដែលចាប់ផ្ដើមពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ មេសា នៅតំបន់អង្គរ។
បុគ្គលិកបម្រើការឱ្យអង្គការមួយនៅរាជធានីភ្នំពេញ យុវជន ផុន ចាន់ថា យល់ឃើញដែរថា ដើម្បីបង្ហាញពីភាពអស្ចារ្យរបស់ខ្លួនទៅកាន់ពិភពលោកឱ្យគេស្ងើចសរសើរ កម្ពុជាគួរតែបង្កើតអ្វីដែលថ្មីមិនធ្លាប់មាន ឬពង្រឹងវិស័យកីឡាណាមួយឱ្យខ្លាំងជាងគេបំផុតក្នុងពិភពលោក។ យុវជនរូបនេះបន្តថា ការបង្កើតព្រឹត្តិការណ៍ គ្រាន់តែឱ្យមនុស្សចូលរួមច្រើនជាងគេ ដើម្បីស្នើសុំបំបែកកំណត់ត្រាពិភពលោកបែបនេះ វាជារឿងធម្មតាប៉ុណ្ណោះ។
លោក ផុន ចាន់ថា៖ «គ្រាន់តែថា ជាកម្មវិធីឬព្រឹត្តិការណ៍មួយ ប៉ុន្តែវាមិនមែនជាផលប្រយោជន៍ សម្រាប់សង្គមរបស់យើង។ បើយើងនិយាយឱ្យចំទៅ វាជាកម្មវិធីមង្គលការមួយ ឬពិធីណាមួយ ដែលធ្វើឱ្យគគ្រឹកគគ្រេង មានមនុស្សចូលរួមច្រើន។ ប៉ុន្តែបើយើងនិយាយឱ្យស៊ីជម្រៅ វាអត់បង្ហាញពីអត្តសញ្ញាណជាតិទេ មិនបង្ហាញភាពអស្ចារ្យប៉ុន្មានឱ្យពិភពលោកបានឃើញដែរ»។
ជុំវិញបញ្ហានេះ សារព័ត៌មានក្នុងស្រុក និងទំព័រហ្វេសប៊ុកលោក ហ៊ុន ម៉ានី បានចេញផ្សាយកាលពីពេលថ្មីៗនេះ ឆ្លើយតបទៅកាន់មតិរិះគន់ថា ក្រៅពីការបំបែកឯតទគ្គកម្មពិភពលោក ការបត់ក្រដាសជារូបបេះដូង ក៏ដើម្បីជួយផ្សព្វផ្សាយព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅដើមខែឧសភាខាងមុខនេះ។ លើសពីនេះ ដើម្បីបង្ហាញពីការសាមគ្គីរបស់ពលរដ្ឋខ្មែរនៅទូទាំងប្រទេស ដើម្បីគាំទ្រនិងលើកទឹកចិត្តទៅដល់ក្រុមកីឡាករ។ ការបត់ក្រដាសជារូបបេះដូងនេះ នឹងអាចប្រមូលថវិកាបានប្រមាណជាង១២ម៉ឺនដុល្លារ ពីក្រុមហ៊ុនដៃគូ សម្រាប់ឧបត្ថម្ភទៅដល់ក្រុមកីឡាករ។
លោក ហ៊ុន ម៉ានី បានសរសេរបង្ហោះតាមហ្វេសប៊ុកទៀតថា ការចូលរួមបត់ក្រដាសជាបេះដូង ហាក់ជារឿងសាមញ្ញ ប៉ុន្តែអត្ថន័យដែលចេញពីការចូលរួមគ្រប់កោសិកានៃសង្គមដើម្បីបុព្វហេតុគាំទ្រដល់អត្តពលិកកម្ពុជា ជាពិសេសអ្នកដែលមានពិការភាព គឺជាតម្លៃនៃការចូលរួមដែលមិនអាចកាត់ថ្លៃបាន។
កន្លងមក កម្ពុជាក៏ធ្លាប់បានបំបែកកំណត់ត្រាពិភពលោកនៃការរាំចង្វាក់ម៉ាឌីហ្សូនម្ដងហើយដែលមានរាំប្រមាណ ២ពាន់នាក់ និងនំអន្សមយក្សធំជាងគេកាលពីឆ្នាំ២០១៥ និងការបំបែកឯតទគ្គកម្មក្រមាវែងជាងគេក្នុងពិភពលោក ដែលមានប្រវែងជាង ១ពាន់ម៉ែត្រ(១.១២៩) កាលពីឆ្នាំ២០១៨។
ទោះជាយ៉ាងណា យុវជនយល់ឃើញថា ការរៀបចំព្រឹត្តិជាតិសំខាន់ៗ គួរបើកឱ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋានទូទៅទាំងអស់ រួមទាំងពីសាកលវិទ្យាល័យ និងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលអាចមានលទ្ធភាពបង្ហាញស្នាដៃក្នុងការរៀបចំ ចៀសវាងទម្លាប់នៃការរៀបចំកម្មវិធីដែលដឹកនាំដោយកូនៗរបស់នាយករដ្ឋមន្ត្រី និងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ ដើម្បីសម្រាប់តែស្វែងរកប្រជាប្រិយភាពផ្ទាល់ខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។