សមត្ថកិច្ចការពារព្រំដែនកម្ពុជា-ថៃចំនួន២៥នាក់ បានចុះល្បាតតាមព្រំដែននៃប្រទេសទាំង២ រួមគ្នាដើម្បីទប់ស្កាត់បទល្មើសឆ្លងដែនខុសច្បាប់ ការពារសន្តិសុខតាមព្រំដែន និងបានចុះទៅត្រួតពិនិត្យស្ថានភាព បង្គោលសីម៉ាព្រំដែនលេខ២៧ ដែលស្ថិតនៅភូមិក្តិបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជាប់ដីថៃក្នុងស្រុកតាប្រាយ៉ា (Tapraya) ខេត្តស្រះកែវ (Sakao)។
គេហទំព័រអគ្គស្នងការនគរបាលជាតិ ឱ្យដឹងថា ការចុះល្បាតនេះធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែកក្កដា គឺស្របតាមខ្លឹមសារនៃកិច្ចប្រជុំ គណៈកម្មាធិការព្រំដែនថ្នាក់ភូមិភាគកម្ពុជា-ថៃលើកទី២៧ កាលពីថ្ងៃទី២ដល់ថ្ងៃទី៤ ខែកក្កដា កន្លងទៅ នៅទីក្រុងបាងកកប្រទេសថៃ។ ការចុះល្បាតនេះ ដើម្បីទប់ស្កាត់ការលបលួចកាប់ឈើខុសច្បាប់ ការប្រយុទ្ធប្រឆាំងការជួញដូរគ្រឿងញៀន ការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆ្លងដែនខុសច្បាប់។ កិច្ចប្រជុំនេះភាគីទាំង២ក៏បាន ស្នើឱ្យមានការទំនាក់ទំនង និងផ្ដល់ព័ត៌មានទៅវិញទៅមកឱ្យដឹងជាមុន ប្រសិនបើមានការអនុវត្តហោះហើរលើដែនអាកាសល្បាតតាមព្រំដែន។
ខេត្តបន្ទាយមានជ័យមានខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ប្រវែង ១៥៣គីឡូម៉ែត្រ និងមានបង្គោលព្រំដែនចំនួន ២៥បង្គោល ដោយចាប់ពីបង្គោលលេខ ២៧ ដល់បង្គោលព្រំដែនលេខ៥១។ ក្នុងនោះបង្គោលដែលបានឯកភាពគ្នាចំនួន ១៤បង្គោល និងមិនទាន់ឯកភាពគ្នាចំនួន ១១បង្គោល ហើយបង្គោលដែលបាត់រូបរាងចំនួន ៤បង្គោលខណ្ឌសីមា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។