កម្ពុជា​ស្វាគមន៍​បច្ចេកវិទ្យា​ក្រុមហ៊ុន Huawei ខណៈ​ប្រទេស​មួយចំនួន​បារម្ភ​ពី​ការ​ជ្រៀតជ្រែក

0:00 / 0:00

អ្នក​សិក្សា​ផ្នែក​ព័ត៌មានវិទ្យា​ព្រួយបារម្ភ​អំពី​ការ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ស្ថាប័ន​ជាតិ តាមរយៈ​ក្រុមហ៊ុន​បច្ចេកវិទ្យា​របស់​ចិន​ឈ្មោះ ហួ វៃ (Huawei) ខណៈ​បណ្ដា​ប្រទេស​មួយចំនួន​ប្រុងប្រយ័ត្ន និង​រឹតត្បិត​មិន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​នេះ​ពង្រីក​ប្រព័ន្ធ​ឌីជីថល (Digital) លើ​ប្រទេស​ពួកគេ។ ការ​ព្រួយបារម្ភ​នេះ​បន្ទាប់​ពី​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ជំរុញ​ឱ្យ​ក្រុមហ៊ុន ហួវៃ ពិនិត្យ​លទ្ធភាព​នៃ​ការ​វិនិយោគ​គ្រឿង​បង្គំ​អេឡិចត្រូនិក​នានា និង​បញ្ចូល​ជំនាញ​សិក្សា​ឌីជីថល​ក្រុមហ៊ុន ហួវៃ ឱ្យ​កូន​ខ្មែរ​សិក្សា​ពី​កម្រិត​បឋមសិក្សា ដល់​ថ្នាក់​មហាវិទ្យាល័យ។

អ្នក​សិក្សា​ស្រាវជ្រាវ​ផ្នែក​ព័ត៌មានវិទ្យា​លើកឡើង​ថា រដ្ឋាភិបាល​ពុំគួរ​ស្វាគមន៍​ឱ្យ​ក្រុមហ៊ុន ហួ​វៃ (Huawei) ចូល​មក​អភិវឌ្ឍ​ផ្នែក​ឌីជីថល​នោះ​ទេ ខណៈ​កម្ពុជា​មិនទាន់​មាន​ធនធាន​គ្រប់គ្រាន់ ដើម្បី​សហការ​ជាមួយ​ក្រុមហ៊ុន​ត្រួតពិនិត្យ​បង្គំ​នៃ​ប្រព័ន្ធ​បច្ចេកវិទ្យា​ដែល​ក្រុមហ៊ុន​សម្រេច​បាន។

អ្នក​សិក្សា​ផ្នែក​ព័ត៌មានវិទ្យា លោក នង ធារ៉ា ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​២០ ខែកញ្ញា​ថា រដ្ឋាភិបាល​គួរតែ​សិក្សា​ឱ្យ​បាន​ស៊ីជម្រៅ​មុន​ជំរុញ​ឱ្យ​ក្រុមហ៊ុន ហួវៃ ពង្រីក​ប្រព័ន្ធ​បច្ចេកវិទ្យា ឬ​អភិវឌ្ឍ​ប្រព័ន្ធ​ឌីជីថល​នានា​នៅ​កម្ពុជា​។ លោក​ឱ្យ​ដឹង​ថា ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​ដូចជា ប្រទេស​ថៃ ជាដើម បាន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន ហួវៃ ឈរជើង​ក្នុង​ប្រទេស​របស់​ពួកគេ​គឺ​មាន​លក្ខណៈ​កំណត់​តឹងរ៉ឹង​នៃ​សម្ភារៈ​ក្នុង​ការ​ដាក់​លក់​នៅ​លើ​ទីផ្សារ និង​មានការ​វាយតម្លៃ​ច្បាស់លាស់​អំពី​ការ​ប្រឈម​នានា ពាក់ព័ន្ធ​នឹង​ការ​អាច​ជ្រៀតជ្រែក​ទិន្នន័យ​របស់​រដ្ឋាភិបាល​។ លោក​បន្ថែម​ថា កម្ពុជា​មិន​ទាន់​មាន​ធនធាន​គ្រប់គ្រាន់ និង​ត្រៀមលក្ខណៈ​ក្នុង​ការ​ស្វាគមន៍​ក្រុមហ៊ុន​ចិន ហួវៃ ដែល​រដ្ឋាភិបាល​លើកទឹកចិត្ត​ឱ្យមក​ពង្រីក​ប្រព័ន្ធ​ឌីជីថល និង​បង្កើត​បង្គំ​បច្ចេកវិទ្យា​នៅ​កម្ពុជា​នោះ​ទេ​។ លោក​ពន្យល់​ថា បើ​កម្ពុជា​ខ្វះ​ធនធាន​ក្នុង​ការ​ត្រួតពិនិត្យ​បង្គំ​បច្ចេកវិទ្យា​ដែល​ក្រុមហ៊ុន​ផលិត​សម្រេច​បាន​ដូចជា ប្រព័ន្ធ​ឈីប (Chip) ការ​រក្សា​ប្រព័ន្ធ​គ្រប់គ្រង​កម្មវិធី​ប្រព័ន្ធ (software) ឱ្យ​មាន​សុវត្ថិភាព​ក្រុម​ចោរ​ព័ត៌មាន ឬ​ហេកឃឺរ (Hackers) អាច​ឈ្លបយកការណ៍​ទិន្នន័យ​សម្ងាត់​របស់​រដ្ឋាភិបាល និង​ព័ត៌មាន​ឯកជន​របស់​ពលរដ្ឋ​តាម​ប្រព័ន្ធ​ឌីជីថល។

លោក នង ធារ៉ា៖ «កម្ពុជា​នៅ​ចន្លោះ​ពេលនេះ មិន​គួរ​ណា​ព្យាយាម​ទាក់ទង​ក្រុមហ៊ុន​ណា​ដែរ​កំពុង​មាន​បញ្ហា​ជាមួយ​ប្រទេស​នានា ដោយសារតែ​ក្រុមហ៊ុន ហួវៃ វា​បាន​ធ្វើ​ឱ្យ​ពិភពលោក​ខ្លាចរអា​ទៅ​ហើយ​ដូច្នេះ ហើយ​កម្ពុជា​មិន​គួរ​ណា​ព្យាយាម​ទាក់ទង​ក្រុមហ៊ុន​ណា​ដែល​គេ​កំពុង​ខ្លាចរអា​ទេ អ៊ីចឹង​គួរណា​តែ​រៀបចំ​ច្រក​ណាមួយ ដើម្បី​ទាក់ទាញ​វិនិយោគទុន ជាពិសេស​ពី​លោក​សេរី ប្រទេស​ជប៉ុន សហគមន៍​អឺរ៉ុប អូស្ត្រាលី សហរដ្ឋអាមេរិក ទើប​មានការ​រីកចម្រើន​ជឿនលឿន​ទៅមុខ បើ​សេពគប់​ប្រទេស​ចិន​ខ្ញុំ​មើល​ឃើញ​ថា ហានិភ័យ​ជាច្រើន»។

ការ​លើកឡើង​របស់​អ្នក​សិក្សា​ផ្នែក​ព័ត៌មានវិទ្យា​បែបនេះ ធ្វើឡើង​បន្ទាប់ពី​រដ្ឋាភិបាល លោក ហ៊ុន ម៉ាណែត ស្នើ​ឱ្យ​ក្រុមហ៊ុន ហួវៃ ពិនិត្យ​លទ្ធភាព​នៃ​ការ​វិនិយោគ​ក្នុង​ការ​បង្កើត​បង្គំ​បច្ចេកវិទ្យា និង​ពង្រីក​ការ​អភិវឌ្ឍ​វិស័យ​ឌីជីថល​នៅ​កម្ពុជា​។ លោក ហ៊ុន ម៉ា​ណែ​ត ក្នុង​ពេល​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​កាល​ថ្ងៃទី​១៥ ខែ​កញ្ញា បាន​ជំរុញ​ឱ្យ​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន (Huawei Technology Co., Ltd) លោក លាំង ហ័រ (Liang Hua) ពិចារណា​ការ​អភិវឌ្ឍ និង​ពង្រីក​វិស័យ​ឌីជីថល​តាមរយៈ​ការ​ដាក់បញ្ចូល​កម្មវិធី​សិក្សា​នៅ​កម្ពុជា​ពី​កម្រិត​បឋមសិក្សា រហូត​ដល់​ថ្នាក់​មហាវិទ្យាល័យ។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លោក ជា វ៉ាន់ដេត ដើម្បី​សាកសួរ​បន្ថែម​ជុំវិញ​រឿង​នេះ​បាន​ទេ​នៅ​ថ្ងៃទី​២០ ខែ​កញ្ញា។

ចាប់តាំងពី​ឆ្នាំ​២០១៩ មក ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​បាន​បើក​សិក្ខាសាលា​ជា​បន្តបន្ទាប់​ជាមួយ​ក្រសួង​ប្រៃសណីយ៍ ក្នុង​គោលបំណង​បើក​វគ្គ​បណ្ដុះបណ្ដាល​ឌីជីថល និង​ផ្សព្វផ្សាយ​ពី​បច្ចេកវិទ្យា​ប្រព័ន្ធ 5G របស់​ក្រុមហ៊ុន ហួវៃ។ លើស​ពី​នេះ រដ្ឋាភិបាល​កម្ពុជា​បាន​ចុះ​អនុសារណៈ​យោគយល់​គ្នា (MOU) ជាមួយ​ក្រុមហ៊ុន ហួវ៉េ ដើម្បី​អភិវឌ្ឍ​បច្ចេកវិទ្យា 5G កាល​ពី​ឆ្នាំ​២០១៩ ស្រប​ពេល​ក្រុមហ៊ុន​ចិន​មួយ​នេះ​រង​ការ​ចោទ​ប្រកាន់​ថា បាន​លួច​យក​ទិន្នន័យ​សម្ងាត់​ពី​សហរដ្ឋអាមេរិក ហើយ​ប្រទេស​មួយចំនួន​ទៀត​ក៏​កំពុង​ប្រុងប្រយ័ត្ន​ខ្លាំង​ចំពោះ​បច្ចេកវិទ្យា​របស់​ក្រុមហ៊ុន​យក្ស​ចិន​មួយ​នេះ​ដែរ។ អាមេរិក​បាន​ដាក់​ទណ្ឌកម្ម​ក្រុមហ៊ុន​នេះ ដោយ​រឹតត្បិត​មិន​ឱ្យ​មាន​វត្តមាន​ប្រព័ន្ធ​5G របស់​ក្រុមហ៊ុន (Huawei) លើ​ទឹកដី​របស់​ខ្លួន កាលពី​អំឡុង​ឆ្នាំ​២០១៨។

ជុំវិញ​រឿង​នេះ នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ​នៃ​អង្គការសិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត មានប្រសាសន៍​ថា ក្នុង​សម័យ​ទំនើប ប្រទេស​កំពុង​អភិវឌ្ឍ​ត្រូវការ​ចាំបាច់​ចំពោះ​ការ​អភិវឌ្ឍ​ផ្នែក​ប្រព័ន្ធ​ឌីជីថល​។ ប៉ុន្តែ លោក​ថា រដ្ឋាភិបាល​កម្ពុជា​ក៏​ពុំគួរ​មើល​រំលង​ពី​បញ្ហា​ប្រឈម​នានា និង​ត្រួតពិនិត្យ​តម្លាភាព​នៃ​ក្រុមហ៊ុន ហ៊ួវៃ ចិន ដែល​ធ្លាប់​រង​ការចោទប្រកាន់​ពី​បណ្ដា​ប្រទេស​លោកខាងលិច​ថា ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​រដ្ឋាភិបាល។

លោក អំ សំអាត៖ «យើង​ឃើញ​ថា បច្ចុប្បន្ន​ក្រុមហ៊ុន ហួវៃ បណ្ដា​ប្រទេស​មួយចំនួន​នៅ​សហគមន៍​អឺរ៉ុប សហរដ្ឋអាមេរិក គឺ​មាន​បញ្ហា​ចម្រូងចម្រាស​ជាមួយ​ក្រុមហ៊ុន ហួវៃ នេះ​ទាក់ទង​ការចោទប្រកាន់​ផ្សេងៗ​ដូចជា​រឿង​សុវត្ថិភាព​បច្ចេកវិទ្យា ដែល​អាច​ថា ជា​ការ​ជ្រៀតជ្រែក​។ អ៊ីចឹង​កម្ពុជា​ក៏​គួរតែ​ពិនិត្យ ពិចារណា​លើ​បញ្ហា​ទាំងអស់​នេះ​ដែរ ទោះបីជា​រឿង​លោកខាងលិច​បញ្ហា​នយោបាយ ក្នុង​ពិភពលោក ឬ​នយោបាយ​តំបន់​ចំពោះ​ការចោទប្រកាន់​គ្នា​ការ​សង្ស័យ​គ្នា​ក៏ដោយ ក៏​យើង​ត្រូវ​ពិចារណា​ទៅលើ​បញ្ហា​ទាំងអស់​នេះ ឱ្យ​បាន​ដិតដល់​ជាមុន​សិន ដើម្បី​ជៀសវាង​ប៉ះពាល់​នៅ​ថ្ងៃក្រោយ»។

ទាក់ទង​នឹង​រឿង​នេះ​ដែរ អគ្គនាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​នៃ​ក្រសួង​មហាផ្ទៃ ធ្លាប់​ឱ្យ​ដឹង​តាម​ទំព័រ​ហ្វេកប៊ុក​ថា រដ្ឋាភិបាល​កំពុង​ប្រមូល​ធាតុ​ចូល​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ក្នុង​ការ​បង្កើត​ច្បាប់​ស្ដីពី​ការ​ការពារ​ទិន្នន័យ និង​ការ​រក្សា​ព័ត៌មាន​សម្ងាត់ សម្រាប់​អ្នកប្រើប្រាស់​យ៉ាងយូរ​បំផុត​ត្រឹម​ឆ្នាំ​២០២៥ ខាងមុខ។

កន្លងទៅ ក្រសួងយុត្តិធម៌​អាមេរិក​បាន​រក​ឃើញ​ចោរ​ព័ត៌មានវិទ្យា ហេកឃឺ​រ (hacker) ជនជាតិ​ចិន ៤​នាក់ បាន​លួច​យក​ទិន្នន័យ​ពាក់ព័ន្ធ​នឹង ទន្លេមេគង្គ​ពី​ក្រសួង​ការបរទេស​កម្ពុជា នៅ​មុន​កិច្ចប្រជុំ​កំពូល​មេគង្គ​-​ឡាន​ឆាង កាល​ពី​ដើម​ឆ្នាំ​២០១៨។ ប៉ុន្តែ​ស្ថានទូត​ចិន​បដិសេធ​ជុំវិញ​រឿង​នេះ​។ លើស​ពី​នេះ​ទៀត កន្លង​ទៅ ការ​ស៊ើបអង្កេត​ផ្ទៃក្នុង​ធ្វើឡើង​ដោយ​ក្រុមហ៊ុន ហ្វេសប៊ុក (Facebook) រកឃើញ​ថា ក្រុម​ចោរ​ព័ត៌មានវិទ្យា ឬ​ហេកឃឺរ (Hackers) ដែល​សង្ស័យ​ជា​រួម​ថា ជាប់​ពាក់ព័ន្ធ​ជាមួយ​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​របស់​រដ្ឋ​ចិន បាន​ធ្វើ​ការ​វាយប្រហារ «​ជាប្រចាំ​» និង «​យូរអង្វែង​» ទៅលើ​ក្រុម​មន្ត្រី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។