មន្ត្រីនគរបាលជាតិអះអាងថា កម្ពុជាកំពុងសហការជាមួយប្រទេសចំនួន ៣ គឺវៀតណាម ថៃ និងប្រទេសឡាវ ដើម្បីតាមចាប់មនុស្សយ៉ាងហោច ៨នាក់ ដែលសង្ស័យជាប់ពាក់ព័ន្ធរំដោះអ្នកទោសនៅខេត្តសៀមរាប កាលខែសីហា កន្លងទៅ។ មន្ត្រីសិទ្ធិមនុស្សរិះគន់ថា ការយឺតយ៉ាវតាមចាប់ជនល្មើសដែលប្រព្រឹត្តបទឧក្រិដ្ឋ ឆ្លុះបញ្ចាំងអំពីកង្វះឆន្ទៈ និងសេចក្ដីស្មោះត្រង់របស់អាជ្ញាធរក្នុងរៀបចំប្រទេសជាតិឱ្យមានសណ្ដាប់ធ្នាប់ល្អ។
មន្ត្រីសង្គមស៊ីវិលលើកឡើងថា បញ្ហាអំពើពុករលួយ និងការអនុវត្តច្បាប់ធូររលុង អាចជាផ្នែកមួយដែលធ្វើអាជ្ញាធរយឺតយ៉ាវក្នុងការស៊ើបអង្កេតស្រាវជ្រាវតាមចាប់ជនល្មើសដែលនៅសេសសល់មួយចំនួនដែលសង្ស័យរំដោះអ្នកទោសនៅខេត្តសៀមរាមនាពេលកន្លងទៅ។
ប្រតិកម្មនេះ បន្ទាប់ពីការស៊ើបអង្កេតរបស់សមត្ថកិច្ចជាង ៤ខែកន្លងមកនេះ នៅមិនអាចស្វែងរកជនសង្ស័យទាំង ៨នាក់ដែលកំពុងរត់គេចខ្លួនរឿងរំដោះអ្នកទោសតៃវ៉ាន់នៅខេត្តសៀមរាប កាលពីពាក់កណ្ដាលខែ សីហា នោះនៅឡើយទេ។
អគ្គស្នងការរងនគរបាលជាតិទទួលបន្ទុកបង្ក្រាបបទល្មើសគ្រឿងញៀន លោក ម៉ក់ ជីតូ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៣ ខែធ្នូ ថា ជនសង្ស័យទាំង ៨នាក់ដែលកំពុងរត់គេចខ្លួនភាគច្រើនជាជនបរទេស ហើយពួកគេមួយចំនួនស្ថិតនៅក្នុងប្រទេសកម្ពុជានៅឡើយ។ លោកបញ្ជាក់ថា ក្រុមជនសង្ស័យដែលកំពុងរត់គេចខ្លួនមួយចំនួន មានតួនាទីក្នុងការរៀបចំអាវុធ និងខ្លះទៀតជាអ្នកធានារ៉ាប់រងរាល់ការចំណាយក្នុងការប្រតិបត្តិការរំដោះអ្នកទោសនៅខេត្តសៀមរាប នាពេលកន្លងទៅ។
លោក ម៉ក់ ជីតូ៖ «មេខ្លោងធំៗយើងយកបានហើយ នៅសល់តែបក្ខពួក ឬគូកនហ្នឹង។ ឥឡូវនេះ យើងកំពុងតែទទួលដីកាពីព្រះរាជអាជ្ញា ពីតុលាការតាមចាប់ ៨នាក់ទៀតបាទ។ សំខាន់យើងកំពុងទាក់ទងប្រទេសទាំង ៣នៅជុំវិញយើងមាន គឺមានឡាវ វៀតណាម និងថៃ ហើយក្រៅពីនោះ យើងត្រូវឆ្លងទៅបណ្ដាប្រទេសធំៗដែលជាប្រទេសកំណើតរបស់ពួកហ្នឹង[ជនសង្ស័យរត់គេចខ្លួន]ត្រូវឆ្លងតាមរយៈ អាំងទែប៉ូល(Interpol)»។
កាលពីថ្ងៃទី៣០ ខែសីហា តុលាការរាជធានីភ្នំពេញសម្រេចឃុំខ្លួនអ្នកទោសមេខ្លោងគ្រឿងញៀនជនជាតិតៃវ៉ាន់ម្នាក់ និងបក្ខពួកចំនួន ១១នាក់ នៅពន្ធនាគារព្រៃស ដោយចោទប្រកាន់ពីបទលាងលុយកខ្វក់ ប្លន់មានស្ថានទម្ងន់ និងបង្ខាំងមានស្ថានទម្ងន់។ ការសម្រេចរបស់តុលាការបែបនេះ បន្ទាប់ពីក្រុមជនល្មើសបានធ្វើសកម្មភាពប្រដាប់ដោយអាវុធចូលរំដោះអ្នកទោសគ្រឿងញៀនជនជាតិតៃវ៉ាន់ ក្នុងគ្រាដែលសមត្ថកិច្ចខេត្តសៀមរាបបញ្ជូនទៅព្យាបាលធ្មេញនៅគ្លីនិក ជុំ ចិន្ដា កាលពីពាក់កណ្ដាលខេត្តសីហា។ ទោះយ៉ាងណាករណីនេះ បង្កឱ្យមានមន្ទិលជាច្រើន ដោយសារតែក្រុមជនល្មើសអាចដឹងពីពេលវេលា និងទីតាំងជាក់លាក់ ពេលសមត្ថកិច្ចបញ្ជូនអ្នកទោសទៅព្យាបាលមាត់ធ្មេញ។
ជុំវិញរឿងនេះ ប្រធានអង្គការសម្ពន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា (CHRAC) លោក រស់ សុដ្ឋា សង្កេតឃើញថា នីតិវិធីស៊ើបអង្កេតតាមចាប់ខ្លួនឧក្រិដ្ឋជនមួយចំនួនពុំមែន សមត្ថកិច្ចគ្មានសមត្ថភាពក្នុងការកំណត់មុខសញ្ញាចាប់ខ្លួនពួកគេនោះទេ។ លោកសង្កត់ធ្ងន់ថា ការយឺតយ៉ាវ ឬករណីស៊ើបអង្កេតរបស់អាជ្ញាធរក្នុងការតាមចាប់ខ្លួនក្រុមឧក្រិដ្ឋជនមួយចំនួនគ្មានប្រសិទ្ធភាព ដោយសារតែអាចជាប់ពាក់ព័ន្ធនឹងបញ្ហាអំពើពុករលួយជាប្រព័ន្ធ ដែលធ្វើឱ្យមន្ត្រីអនុវត្តច្បាប់មួយចំនួនគ្មានឆន្ទៈ និងសេចក្ដីស្មោះត្រង់ក្នុងការរៀបចំសណ្ដាប់ធ្នាប់សង្គមជាតិឱ្យល្អប្រសើរ។
លោក រស់ សុដ្ឋា៖ «រឿងបញ្ហាធានានូវប្រព័ន្ធយុត្តិធម៌ក្នុងប្រទេសកម្ពុជា ពាក់ព័ន្ធកត្តាមនុស្សច្រើនជាងគេ ដូច្នេះប្រសិនបើមនុស្សនៅតែមានការពាក់ព័ន្ធ បញ្ហាហ្នឹងមិនត្រូវបានដោះស្រាយបានល្អប្រសើរទេ។ ប្រសិនបើមានមនុស្សដែលគាត់គិតគូរពីកង្វល់បញ្ហាប្រទេសជាតិ ភាពស្អាតស្អំ និយាយឱ្យខ្លីទៅយុត្តិធម៌ បញ្ហាហ្នឹងនឹងត្រូវដោះស្រាយយ៉ាងស្រួល»។
លោក រស់ សុដ្ឋា ជឿជាក់ថា ប្រសិនបើរដ្ឋាភិបាលនៅតែគ្មានឆន្ទៈស្ដារប្រជាធិបតេយ្យ និងបោសសម្អាតមន្ត្រីដែលប្រព្រឹត្តអំពើពុករលួយការកើតឡើងនូវបទល្មើសឧក្រិដ្ឋអាចនឹងគ្មានការថមថយនោះទេ ហើយនឹងនាំឱ្យសង្គមកម្ពុជារងផលប៉ះពាល់ទាំងកេរ្តិ៍ឈ្មោះ និងសេដ្ឋកិច្ចធ្ងន់ធ្ងរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។