ពលករ​ខ្មែរ​ធ្វើ​ការងារ​ផ្នែក​សំណង់​នៅ​ប្រទេស​​ថៃ​ប្រឹង​សន្សំ​សំចៃ ដើម្បី​សល់​ប្រាក់​ផ្ញើ​ទៅ​សាច់ញាតិ​នៅ​ស្រុក​កំណើត

0:00 / 0:00

ពលករ​ខ្មែរ​មួយ​ក្រុម​ធ្វើ​ការងារ​ជា​កម្មករ​សំណង់​មួយ​កន្លែង​​នៅ​ប្រទេស​ថៃ​បាន​តស៊ូ​​ធ្វើ​ជា​កម្មករ​ម្នាក់ៗ រាប់​ឆ្នាំ​ដើម្បី​រក​​ប្រាក់​កម្រៃ​​ចិញ្ចឹម​គ្រួសារ​ប្រពន្ធ​កូន​នៅ​ស្រុក​កំណើត​។​ ការងារ​សំណង់​នៅ​ប្រទេស​ថៃ​មិន​សូវ​ទទួល​បាន​ប្រាក់​ឈ្នួល​ខ្ពស់​ប៉ុន្មាន​ទេ ដូច្នេះ​ពលករ​ម្នាក់ៗ​ ព្យាយាម​សន្សំសំចៃ​ហើយ​ពេល​ខ្លះ​ពួក​គេ​ដើរ​រក​ត្រី​​បេះ​ត្រកួន​​​ធ្វើ​ម្ហូប​​ដើម្បី​ជួយ​កាត់​ការ​ចំណាយ​ប្រចាំ​ថ្ងៃ។

តន្ត្រី​ខ្មែរ​ល្វើយៗ កំពុង​បំពេ​អារម្មណ៍​ក្រុម​កម្មករ​សំណង់​មួយ​​ក្រុម​ដែល​កំពុង​សាងសង់​ស្ពាន​មួយ​កន្លែង​​​​​ក្នុង​ខេត្ត​ណាខនប៉ាធំ (ខេត្ត Nakhon pathom) ប្រទេស​ថៃ​។​ ពលករ​មាន​ស្រី​ ប្រុស ​ចាស់​ និង​ក្មេង​ពេញ​កម្លាំង​​​ប្រឹងប្រែង​ធ្វើ​ការ​ទាំង​កណ្ដាលc​ថ្ងៃ​បែក​ញើស​ជោគ​ខ្លួន​ប្ដូរ​នឹង​ប្រាក់​ដើម្បី​ចិញ្ចឹម​គ្រួសារ​​និង​ផ្ញើ​​​ទៅ​​ឪពុក​ម្ដាយ​នៅ​ស្រុក​កំណើត។

​​ពាក់​មួក ឃ្លុំ​មុខ​ជិត និង​កំពុង​អោន​ចង​ដែក លោក​ស្រី វី ភាព ប្រាប់​ថា ការងារ​នេះ លោកស្រី​អាច​ទទួល​ប្រាក់​ឈ្នួល ៣៥០​បាត ឬ​​​ជាង​បួន​ម៉ឺន​ប្រាំ​ពាន់​រៀល​ក្នុង​មួយ​ថ្ងៃ​។​ ស្ត្រី​មេម៉ាយ​កូន​ពី​រ​រូប​នេះ​ ប្រាប់​ថា ទោះ​ហត់​នឿយ​យ៉ាង​ណា លោក​ស្រី​ត្រូវ​ខំ​ប្រឹង​ដើម្បី​បាន​ប្រាក់​ចិញ្ចឹម​កូន៖ «ការងារ​ស្រុក​គេ​មានអី​ស្រួល​ជាង​ស្រុក​យើង​ឆ្ងាយ​ណាស់​វា​ក្ដៅ​គឺ​ក្ដៅ​ហើយ​ប៉ុន្តែ​ធ្វើ​ម៉េច​បើ​យើង​ជា​កម្មករ​គេ ដើម្បី​រកលុយ​ចិញ្ចឹម​គ្រួសារ»

ត្បិត​ទីនេះ​ជា​ប្រទេស​ថៃ​ប៉ុន្តែ​ទិដ្ឋភាព​ការងារ​នៅ​ទី​នេះ មិន​ខុស​ពី​ប្រទេស​កម្ពុជា​ប៉ុន្មាន​ទេ​ ដោយ​ពួក​គេ​និយាយ​ភាសា​ខ្មែរ​​ទៅ​រក​គ្នា​​ទៅ​វិញ​ទៅ​មក​​ពេល​ខ្លះ​ពួក​គេ​ក៏​និយាយ​ចំអន់​គ្នា​លេង​បន្តិច​បន្តួច ដើម្បី​បន្ធូរបន្ថយ​ភាព​ហត់​នឿយ​ ប៉ុន្តែ​ពួក​គេ​នៅ​តែ​ប្រុងប្រយ័ត្ន និង​ញាប់​ដៃ​ញាប់​ជើង​ចំពោះ​ការងារ​របស់​គេ។

មាត់​និយាយ​ដៃ​កំពុង​ចង​ដែក​​​ លោក​ស្រី​ ស្រឿង​ អ៊ីណា​ ប្រាប់​ថា ការងារ​នេះ​នឿយ​បន្តិច​មែន​​ប៉ុន្តែ​សម្រាប់​លោកស្រី​ដែល​ធ្វើ​ការងារ​នេះ​រាប់​ឆ្នាំ​ទៅ​ហើយ​នោះ​វា​បាន​ក្លាយ​ជា​ទម្លាប់​ទៅ​ហើយ​។​ លោក​ស្រី​ថា ក្នុង​ពេល​មាន​ការ​រាតត្បាត​ជំ​ងឺ​កូវីដ១៩ ​មិន​សូវ​សម្បូរ​​ការងារ​ទេ ដូច្នេះ​ឱ្យ​តែ​បាន​ការងារ​ធ្វើ គឺ​លោកស្រី​សប្បាយ​ចិត្ត​ពេក​ទៅ​ហើយ​ព្រោះ​វា​អាច​ជួយ​ឲ្យ​លោកស្រី​ទទួល​បាន​កម្រៃ​ខ្លះ​សម្រាប់​ផ្ញើ​ទៅ​ឱ្យ​កូន​​នៅ​ស្រុក​កំណើត​៖ «ពេល​ណាខ្លះ​យឹត​ខ្លះ​ទៅ​លុយ​បើក​មិនទាន់ពេល​ជំងឺ​កូ​វី​ដ​មិន​មាន​ការងារ​យើង​ចេះ​មាន​ការងារ​ធ្វើ​ខ្លះ​វិញ​គេ​ដេក​រាប់​ខែ​គ្មាន​ការងារ​ធ្វើ​» ។​

ពល​ការិនី​ខ្មែរ​រូប​នេះ កំពុង​ចង​ដែក​ធ្នឹម​ស្ពាន នៅ​ការដ្ឋាន​សង់​ស្ពាន​មួយ​កន្លែង​នៅ​ខេត្ត ណាខន ប៉ាថុម (Nakhon Pathom) ប្រទេស​ថៃ នៅ​ថ្ងៃ​ទី១៥ ខែតុលា ឆ្នាំ២០២០។
ពល​ការិនី​ខ្មែរ​រូប​នេះ កំពុង​ចង​ដែក​ធ្នឹម​ស្ពាន នៅ​ការដ្ឋាន​សង់​ស្ពាន​មួយ​កន្លែង​នៅ​ខេត្ត ណាខន ប៉ាថុម (Nakhon Pathom) ប្រទេស​ថៃ នៅ​ថ្ងៃ​ទី១៥ ខែតុលា ឆ្នាំ២០២០។ (រូប៖ ពលករ)

ការងារ​សំណង់​នេះ​កម្មករ​ផ្នែក​បុរស​ទទួល​បាន​ប្រាក់​ឈ្នួល​​បួន​រយ​បាត​ក្នុង​មួយ​​ថ្ងៃ ​​ចំណែក​កម្មករ​ផ្នែក​ស្ត្រី​ទទួល​បាន​ប្រាក់​​តិច​ជាង​បុរស ​​ដូច្នេះ​ពួក​គេ​ត្រូវ​រិះ​ថាំ​ក្នុង​​ការ​ចាយ​ប្រចាំ​ថ្ងៃ​​​ជាពិសេស​គឺ​ការ​ចំណាយ​ថ្លៃ​ម្ហូប​អាហារ។​ នៅ​ការដ្ឋាន​​ក្នុង​តំបន់​នេះ​​​​អំណោយ​ផល​ដល់​ពលករ​​ដោយ​ពួក​អាច​ចុះ​បេះ​ត្រកួន​​​យក​មក​ធ្វើ​ម្ហូប និង​អាច​រក​​ក្ដាម​ខ្យង​និង​ត្រី​តាម​រយៈ​ការ​ដាក់​មង​ ឬ​ដាក់​បង្កៃ​ដែល​ស្រដៀង​គ្នា​ទៅ​នឹង​ស្រុក​ស្រែ​​នៃ​ប្រទេស​កម្ពុជា​ដែរ។​

កាន់​ត្រកួន​មួយ​បាច់​ដែល​ទើប​បេះ​មក​ពី​ក្រោម​ស្ពាន​លោក​ ឯម សារ៉ុង យក​ត្រកួន​នេះ​ទុក​ហូប​ជាមួយ​ទឹក​គ្រឿង​​សម្រាប់​អាហារ​​​ពេល​ល្ងាច។ លោក​ថា​ បើ​ថ្ងៃ​ណា​មិន​អាច​រក​ម្ហូប​បាន​​​​ទេ ​គឺ​លោក​​ទិញ​​ត្រី​សាច់​ដែល​គេ​យក​មក​លក់​ដល់​កន្លែង។ លោក​ថា លោក​ប្រឹង​សន្សំ​លុយ​ព្រោះ​លោក​មាន​គម្រោង​ទៅ​លេង​ស្រុក​ជួបជុំ​កូន​ប្រពន្ធ​ពេល​រដ្ឋាភិបាល​ថៃ​បើក​ព្រំដែន​វិញ ឬ​ក្នុង​ពេល​ឆ្លង​ឆ្នាំ​ខាងមុខនេះ៖ «មិន​ជា​ណាស់ណា​ទេ​មធ្យម​គ្រាន់​អាច​យើង​ចិញ្ចឹម​ប្រពន្ធ​កូន​រស់​ដោយ​ស្រួល​គ្រាន់បើ​ឱ្យ​មានបាន​ទៅ​មិន​រួច​ការងារ​មិន​ស្រូល​ដូច​ស្រុកខ្មែរ​ប៉ុន្តែ​យើង​មកពី​ខ្មែរ​ហើយ​យើង​ចេះតែ​តស៊ូ​ទៅ​ដើម្បី​បាន​លុយ​ចិញ្ចឹម​ប្រពន្ធ​កូន»

នៅ​លើ​ស្ពាន​ជា​កន្លែង​ធ្វើ​ការ​របស់​កម្មករ ហើយ​ចំណែក​​នៅ​ក្រោម​ស្ពាន​វិញ​ជា​កន្លែង​សម្រាក​របស់​ពួក​គេ​ជា​រៀង​រាល់​រាត្រី។ កន្លែង​សម្រាក​នេះ​ជា​បន្ទប់​​សង់​នៅ​លើ​ដី​ ដំបូល​មាន​ជញ្ជាំង​បាំង​បិទ​ដោយ​ស័ង្កសី ហើយ​ពួក​កម្មករ​ប្រុស​ស្រី​ក្មេង​ចាស់​ទាំង​នេះ ត្រូវ​គេង​​ផ្ទាល់​​ដី​ដោយ​មាន​ត្រឹម​​កន្ទេល​ឬ​កៅស៊ូ​​តង់​ក្រាល​ពីក្រោម។ ថ្វី​បើ​កន្លែង​​នេះ​មិន​សមសួន​ដូច​បន្ទប់​ជួល ប៉ុន្តែ​វា​អាច​ជួយ​ឲ្យ​ពួក​គាត់​មិន​បាច់​ចំណាយ​លុយ​ជួល​បន្ទប់។

ចំណែក យុវជន​ម្នាក់​ទៀត​ លោក​ ធី​ វិច្ឆិកា មក​ធ្វើ​សំណង់​នៅ​ទី​នេះ គឺ​ដើម្បី​សន្សំ​លុយ​ដណ្ដឹង​ប្រពន្ធ។ លោក​និយាយ​ទាំង​អឹមអៀន​​ថា ចូល​ឆ្នាំ​​​ខ្មែរ​​ខាង​មុខ​នេះ​លោក​នឹង​​ទៅ​ស្រុក​ខ្មែរ​វិញ​ដើម្បី​ចូល​រោង​ការ។​ លោក​ថា​ ទាល់តែ​​សន្សំសំចៃ​​​ ទើប​អាច​សល់​​លុយ​​យក​ទៅ​ស្រុក​ខ្មែរ​វិញ​ការ​ប្រពន្ធ៖ «កន្លះ​ខែ​គេ​បើកលុយ​ឱ្យ​ម្ដង យើង​អាច​ដាក់មង​ដាក់​បង្កៃ​ពេល​ម៉ោង​សម្រាក។ ចូលឆ្នាំ​ខ្ញុំ​ទៅ​ស្រុក​វិញ​ត្រូវការ​ទៅ​ការប្រពន្ធ»

នៅ​ក្នុង​ការដ្ឋាន​នេះ​​​​ទាំង​ពលករ​និង​មេការ​គ្រប់គ្រង​គឺ​សុទ្ធ​តែ​ជនជាតិ​ខ្មែរ។​​​​​ ពួក​គេ​​បំពេញ​ការងារ​តាម​ជំនាញ​និង​តួនាទី​របស់​គេ​រៀងៗ ខ្លួន ដោយ​​អ្នកខ្លះ​ចង​ដែក​ ផ្សារ​ដែក រៀប​ឥដ្ឋ​ចាក់​ពុម្ព និង​ចាក់​បេតុង​ស្ពាន​ជា​ដើម​ រីឯ​មេ​ការ​វិញ​​ជា​អ្នក​​ចាត់​ចែង​​មើល​ការ​ខុស​ត្រូវ​​លើ​ការងារ​នេះ។

បុរស​មាឌ​ធំ​ពាក់​វ៉ែនតា​ខ្មៅ​ម្ដង​អង្គុយ​ម្ដង​ឈរ​​ដើរ​​មើល​កម្មករ​ធ្វើ​ការ​លោក​ ព្រឿង គឹមថុង​ ជា​មេការ​​នៅ​ទី​នេះ​។​ លោក​ប្រាប់​ថា លោក​​មាន​កម្មករ​ជាង​ ៣០នាក់​ដែល​កម្មករ​ទាំង​នោះ​សុទ្ធ​សឹង​ជា​ពលករ​ខ្មែរ​​ហើយ​ពួក​គេ​អាច​​ធ្វើ​ការងារ​តាំង​គ្រឹះ​ស្ពាន​ដល់​លើ​ស្ពាន​ដែល​អាច​រាប់​បាន​ថា ជា​ប្រភេទ​កម្មករ​ជំនាញ។ លោក​ថា​ពេល​មាន​វិបត្តិ​​នៃ​ជំងឺ​កូវីដ-១៩​ ដូច​សព្វ​ថ្ងៃ​នេះ លោក​ជួប​បញ្ហា​ពិបាក​រក​ការងារ​ម៉ៅការ​ និង​​សាច់​ប្រាក់​សម្រាប់​បើក​ឱ្យ​កម្មករ​ដោយ​ពេល​ខ្លះ​លោក​ត្រូវ​ចំណាយ​លុយ​ផ្ទាល់​ខ្លួន​ឯង​ដើម្បី​បើក​ឱ្យ​កម្មករ​សិន៖ »មានការ​ជួបប្រទះ​ដូចគ្នា​ការ​លុយ​យឹត​យ៉ាវ​អញ្ចឹង​យើង​មាន​លុយ​ត្រៀម​សម្រាប់​ខ្លួន​យើង​បើក​ឱ្យ​កម្មករ​ប៉ុន្តែ​រាល់ថ្ងៃ​នេះ​ពិបាក​បន្តិច​សេដ្ឋកិច្ច​ស្រុក​ហ្នឹង​ក៏​រៀង​ពិបាក​ដោយសារ​កូវីដ​ស្ទះ​ការងារ​សេដ្ឋកិច្ច»

មន្ត្រី​កម្មវិធី​នៃ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (CENTRAL) លោក ឌីថេ ហូយ៉ា​ សង្កេត​ឃើញ​ថា ការងារ​សំណង់​នៅ​ប្រទេស​ថៃជា​ការងារ​គ្រោះ​ថ្នាក់​ទី​០២​ បន្ទាប់​ពី​ការងារ​នេសាទ​​​ដោយសារ​​​​​ឈ្មួញ​វិស័យ​នេះ​ចូលចិត្ត​ជួល​ពលករ​​គ្មាន​ឯកសារ​ត្រឹមត្រូវ​មក​ធ្វើ​ការងារ។ ទោះ​យ៉ាងណា​​លោក​ថា​​ នៅ​ការដ្ឋាន​​ណា​មាន​មេការ​ជា​ជនជាតិ​ខ្មែរ​គឺ​​ពលករ​បាន​ជួយ​ពលករ​​ខ្លះ​ដែរ ដូច​ជា​ជួយ​រត់​ការ​ឯកសារ​​និង​ជួយ​បកប្រែ​ភាសា​ទៅ​ពេទ្យ​ជា​ដើម ប៉ុន្តែ​លោក​ថា​ក៏​មាន​មេការ​ខ្លះ​ទៀត​មិន​បាន​ការពារ​ប្រយោជន៍​ពលករ​ដែរ៖ «អញ្ចឹង​ហេតុផល​ដែល​ថៅកែ​ចូលចិត្ត​ជូ​ល​ពលករ​អត់មាន​ឯកសារ​ឬ​ហៅថា​ ​ខុសច្បាប់​ដោយសារ​ថៅកែ​បាន​កេង​កម្លាំង​ពលកម្ម​ ​ប្រាក់ឈ្នួល​ ​ក៏ដូចជា​រំលោភបំពាន​សិទ្ធិ​ ​ផ្សេងៗ​ជាដើម»

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ​ជំរុញ​ទៅ​ស្ថាប័ន​ពាក់​ព័ន្ធ របស់​រដ្ឋ​យក​ចិត្ត​ទុកដាក់​បន្ថែម​ទៀត​លើ​​កម្មករ​ក្នុង​វិស័យ​នេះ​ដើម្បី​ឱ្យ​ពលករ​ខ្មែរ​អាច​ទទួល​ការ​គាំពារ​ផ្នែក​ច្បាប់​និង​មាន​សុវត្ថិភាព​ក្នុង​ការ​បំពេញ​ការងារ​បន្ថែម​ទៀត​។

អាស៊ី​សេរី​បាន​ព្យាយាម​​សុំ​ការ​បំភ្លឺ​ជា​ច្រើន​ថ្ងៃ​ពី​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ និង​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​លោក ហេង សួរ ​រហូត​ដល់​​ថ្ងៃ​​ទី១៥​ ខែ​តុលា ប៉ុន្តែ​ទូរស័ព្ទ​ហៅ​ចូល​គ្មាន​អ្នក​ទទួល។

របាយការណ៍​ក្រសួង​ការងារ​ឲ្យ​ដឹង​ថា មាន​ពលករ​ខ្មែរ ១លាន ៦ម៉ឺន​នាក់ កំពុង​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​ថៃ។ ប៉ុន្តែ ​មន្ត្រី​សង្គម​ស៊ីវិល​ប៉ាន់​ស្មាន​ថា​​សព្វថ្ងៃ​ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ​មាន​ជាង ២លាន​នាក់ ក្នុង​នោះ​មាន​ទាំង​ពលករ​ស្រប​ច្បាប់ និង​ពលករ​គ្មាន​ប័ណ្ណ​ការងារ ឬ​ពលករ​មិន​ស្រប​ច្បាប់៕

ពល​ការិនី​ខ្មែរ​មួយ​ក្រុម​នេះ កំពុង​ចង​ដែក​ធ្នឹម​ស្ពាន នៅ​ការដ្ឋាន​សង់​ស្ពាន​មួយ​កន្លែង​នៅ​ខេត្ត ណាខន ប៉ាថុម (Nakhon Pathom) ប្រទេស​ថៃ នៅ​ថ្ងៃ​ទី១៥ ខែតុលា ឆ្នាំ២០២០។
ពលករ​ខ្មែរ​មួយ​ក្រុម​នេះ កំពុង​ធ្វើការ​នៅ​ការដ្ឋាន​សង់​ស្ពាន​មួយ​កន្លែង​នៅ​ខេត្ត ណាខន ប៉ាថុម (Nakhon Pathom) ប្រទេស​ថៃ នៅ​ថ្ងៃ​ទី១៥ ខែតុលា ឆ្នាំ២០២០។
ពលករ​ខ្មែរ​មួយ​ក្រុម​នេះ កំពុង​ធ្វើការ​នៅ​ការដ្ឋាន​សង់​ស្ពាន​មួយ​កន្លែង​នៅ​ខេត្ត ណាខន ប៉ាថុម (Nakhon Pathom) ប្រទេស​ថៃ នៅ​ថ្ងៃ​ទី១៥ ខែតុលា ឆ្នាំ២០២០។ (រូប៖ ពលករ)

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។