ពលករខ្មែររាប់រយនាក់ ដែលធ្វើការនៅប្រទេសថៃ បានចាញ់បោកមេខ្យល់ ឱ្យបង្កើតគណនីធនាគារថៃ យកទៅលក់ឱ្យក្រុមឧក្រិដ្ឋជនតាមអនឡាញ (Online) ដែលធ្វើឱ្យពលករខ្មែរខ្លះ ត្រូវបានប៉ូលិសថៃ ចាប់ខ្លួនដាក់ពន្ធនាគារជាបន្តបន្ទាប់ក្រោយប៉ូលិសថៃរកឃើញថា គណនីធនាគាររបស់ពួកគាត់ បានទទួលលុយពីក្រុមឧក្រិដ្ឋជនតាមអនឡាញ រាប់ម៉ឺនដុល្លារ។ មន្ត្រីសង្គមស៊ីវិលឱ្យដឹងថា ករណីនេះ កើតឡើងតាំងពីឆ្នាំ២០២២ រហូតដល់សព្វថ្ងៃ ប៉ុន្តែពុំឃើញមាន អាជ្ញាធរកម្ពុជា-ថៃ សហការគ្នាស៊ើបអង្កេតចាប់ខ្លួន មេខ្យល់ទាំងនោះមកផ្ដន្ទាទោសចំពោះមុខច្បាប់នោះឡើយដែលធ្វើឱ្យពលករខ្មែរ ជាច្រើនបន្តរងគ្រោះ។
ក្រោមការដឹកនាំរបស់រដ្ឋាភិបាលត្រកូល«ហ៊ុន» ពលរដ្ឋខ្មែរជាច្រើន បន្តរងគ្រោះផ្ទួនៗគ្នា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេស បញ្ហាអត់ការងារធ្វើ ជំពាក់បំណុលធនាគារវ័ណ្ឌក ធ្វើចំណាក់ស្រុកដោយខុសច្បាប់ទាំងប្រថុយប្រថានទៅនៅប្រទេសថៃ ដោយសារតែជីវភាពក្រីក្រ ជាដើម។ ទន្ទឹមនឹងនោះ ពួកគាត់បែរជារងគ្រោះមួយទៀត គឺចាញ់បោកមេខ្យល់ដែលនាំពលករខ្មែរទៅធ្វើការនៅប្រទេសថៃ ឱ្យបង្កើតគណនីធនាគារថៃលក់ឱ្យក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញ ហើយត្រូវប្រឈមប៉ូលិសថៃ ចាប់ដាក់គុកទាំងដែលពុំបានដឹងខ្លួន។
ស្ត្រីខ្មែរម្នាក់ត្រូវថៃចាប់ឃុំខ្លួនជិត១ឆ្នាំ
មានស្រុកកំណើតនៅខេត្តកំពង់ធំ លោក ធូរ ថាយ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៥ ខែមីនា ថាប្រពន្ធរបស់លោកត្រូវបានប៉ូលិសថៃ ចាប់ដាក់ពន្ធនាគារ ជាង៨ខែហើយ ដោយសារតែមេខ្យល់ជាជនជាតិខ្មែរ ដែលនាំពលករខ្មែរមកធ្វើការនៅប្រទេសថៃបានយកគណនីធនាគារថៃ ប្រពន្ធរបស់លោក ទៅលក់ឱ្យក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញចិន ទាំងដែលលោក និងប្រពន្ធ ពុំបានដឹងជាមុន។ ភ្លាមៗនោះលោកបានស្វែងរកកិច្ចអន្តរាគមន៍ជាមួយស្ថានទូតខ្មែរ ប្រចាំនៅប្រទេសថៃ ឱ្យជួយរកដំណោះស្រាយ ប៉ុន្តែ មន្ត្រីទាំងនោះបានបដិសេធមិនទទួលយកសំណើនោះ ដោយឱ្យលោកទៅរកមេខ្យល់ឆបោកនោះ មកដោះស្រាយ ជាមួយប៉ូលិសថៃដោយខ្លួនឯង។ លោកថា បញ្ហានេះ គឺជារឿងឈឺចាប់ មិនដឹងថា ត្រូវដោះស្រាយបែបណាទេ រហូតមកទល់ពេលនេះ។
លោក ធូរ ថាយ៖«បើគាត់[មេខ្យល់]នៅតែធ្វើបែបនេះ វានឹងប៉ះពាល់ដល់អ្នកមកក្រោយៗទៀត នឹងមានរឿងបែបនេះច្រើន។ ប៉ូលិសដែលចាប់ប្រពន្ធខ្ញុំនោះ ប្រាប់ថា ចាប់ ពលករខ្មែរបានច្រើន ដំបូងនោះគេថាប្រហែល២០នាក់ ដែលគេចាប់បាន»។
លោករំលឹកថា ការចាញ់បោកមេខ្យល់ ដែលជាជនជាតិខ្មែរនេះ ដំបូងឡើយ មេខ្យល់បានប្រាប់ឱ្យពលករប្រមាណ២២នាក់ ដែលទើបតែឡើងមកធ្វើការនៅប្រទេសថៃដំបូងៗ រួមទាំងគ្រួសារលោកផង តម្រូវឱ្យបង្កើតគណនីធនាគារថៃ ដើម្បីងាយស្រួលបើកប្រាក់ខែ។ ប៉ុន្តែក្រោយពេល ពលករទាំងនោះបានបង្កើតគណនីធនាគារហើយ មេខ្យល់បាន ប្រមូលយកទៅទាំងអស់ ដោយពុំបានបញ្ជាក់ពីគោលបំណងច្បាស់លាស់ នោះទេ។ ចំណែក នៅពេលបើកប្រាក់ខែ លោកថា ថៅកែក៏មិនដែលបើកប្រាក់តាម គណនីធនាគារនោះដែរ គឺបើកដោយផ្ទាល់។
ក្រោយមកទៀត លោក និងពលករខ្មែរដទៃទៀត ចេះតែបន្តមានបញ្ហាជាមួយ ថៅកែថៃ និងមេខ្យល់ដែលជាជនជាតិខ្មែរនោះ ជាប្រចាំព្រោះពួកគេពុំបានបើកប្រាក់ខែឱ្យពលករឱ្យបានទៀងទាត់។ រីឯ ប្រាក់ខែ បើកបានតែពាក់កណ្ដាលប៉ុណ្ណោះ ចំណែកប្រាក់ខែពាក់កណ្ដាលទៀតថៅកែជំពាក់សិន។ ករណីនេះ លោកថា បានបន្តអូសបន្លាយ អស់ ១ឆ្នាំកន្លះ ដែលធ្វើឱ្យពលករខ្លះ ទ្រាំពុំបានក៏ដូរថៅកែថ្មី ហើយពលករខ្មែរខ្លះទៀតត្រឡប់ទៅស្រុកកំណើតវិញ ព្រោះធ្វើការមិនសូវបានលុយ។ ចំណែកគណនីធនាគារទាំងអស់របស់ពួកគាត់ ដែលមេខ្យល់ដកហូត យកនោះ ក៏មិនបានប្រគល់មកឱ្យវិញដែរ។
រីឯប្រពន្ធលោក ធូរ ថាយ គឺលោកស្រី ធឿន សាល ក៏បានដូរទៅធ្វើការនៅកន្លែងថ្មីដូចពលករខ្មែរ ដទៃទៀតដែរ។ ប៉ុន្តែក្រោយចេញពីកន្លែងធ្វើការចាស់ អស់ជាង១ខែ ស្រាប់តែលោកស្រី ធឿន សាល ត្រូវបានប៉ូលិសថៃ កោះហៅឱ្យទៅប៉ុស្តិ៍ប៉ូលិស ស្ថិតនៅក្រុងហ៊ូហិន (Houhin) ប្រទេសថៃ។ ភ្លាមៗនោះ លោកស្រី ធឿន សាល ក៏ត្រូវបានប៉ូលិសថៃ ចាប់បញ្ជូនទៅទីក្រុងបាងកក (Bangkok) ហើយឃុំខ្លួននៅពន្ធនាគារ រហូតមកដល់សព្វថ្ងៃ ពាក់ព័ន្ធនឹង ការប្រើប្រាស់គណនីធនាគារទទួលលុយខុសច្បាប់ ពីក្រុមឧក្រិដ្ឋជនអនឡាញ។ ទោះជាយ៉ាងណា មកទល់ពេលនេះ ក្នុងចំណោមពលករខ្មែរ ទាំង២២នាក់ ដែលមេខ្យល់យកគណនីធនាគារទាំងនោះ មានតែ លោកស្រី ធឿន សាល ប៉ុណ្ណោះ ដែលប៉ូលិសថៃ បានចាប់ខ្លួន។
ពលរដ្ឋខ្មែរជាច្រើនបន្តចាញ់បោកក្រុមមេខ្យល់ខ្មែរ
រីឯពលករខ្មែរធ្វើការនៅប្រទេសថៃម្នាក់ទៀត លោក ប្រាក់ ភក្រ្តា បានបង្ហោះសារនៅលើហ្វេសប៊ុក (Facebook) របស់លោក នៅថ្ងៃទី៤ ខែមីនា ថា ពលរដ្ឋខ្មែរជាច្រើនបន្តចាញ់បោកក្រុមមេខ្យល់ខ្មែរ យកឯកសារទៅបង្កើតគណនីធនាគារថៃ លក់ឱ្យក្រុមឆបោកតាមប្រព័ន្ធអនឡាញ នៅក្រៅប្រទេស។ លោកបញ្ជាក់ថា ករណីដែលពលករខ្មែរចាញ់បោកក្រុមមេខ្យល់ទាំងនោះ ភាគច្រើន ពួកគាត់មកធ្វើការនៅប្រទេសថៃលើកដំបូង តាមរយៈភ្នាក់ងារបញ្ជូនពលករ ដែលគ្មានវិជ្ជាជីវៈ ស្វែងរកប្រយោជន៍ និងកេងចំណេញ ពីពលករ។ ចំណែក មួយទៀត ពលករទាំងនោះឆាប់ជឿទៅលើការការឆបោក អូសទាញ របស់ក្រុមមេខ្យល់ដែលសន្យាស្វែងរកការងារ ប្ដូរការងារនៅតាមរោងចក្រ មួយចំនួន ក្នុងប្រទេសថៃ។
ជាមួយគ្នានោះ លោក ប្រាក់ ភក្រ្តា បានលើកឡើងនៅក្នុងវីដេអូផ្សាយផ្ទាល់ (live) របស់លោក នៅថ្ងៃដដែលនេះថា ពលករខ្មែរត្រូវបានមេខ្យល់បោកប្រាស់ យកគណនីធនាគារលក់ឱ្យក្រុមឧក្រិដ្ឋជន អនឡាញកាន់តែច្រើនដោយមិនដឹងខ្លួន។ លោកបន្តថា ពលករខ្មែរខ្លះទៀត ដោយសារតែជីវភាពខ្វះខាត ធ្វើការមិនសូវបានលុយ ក៏សហការលក់គណនីធនាគារថៃទៅឱ្យក្រុមឧក្រិដ្ឋជន ដែលជារឿងគ្រោះថ្នាក់បំផុត សម្រាប់ពលករខ្មែរនៅប្រទេសថៃ បច្ចុប្បន្ន
លោក ប្រាក់ ភក្រ្តា៖«ក្រុមហ៊ុនបញ្ជូនពលករមកពីខ្មែរនេះ មានក្រុមហ៊ុនមួយចំនួនប្រើប្រាស់មធ្យោបាយកេងប្រវ័ញ្ចកម្លាំងពលករ ដោយយកឈ្មោះពលករទៅបើកសៀវភៅធនាគារ។ ធម្មតាធ្វើការរោងចក្រមួយគេឱ្យបើកតែមួយទេ តែក្រុមហ៊ុនខ្លះបើកពីយកមួយទៅលក់ យកមួយមកឱ្យ។ អាហ្នឹង គឺជាការកេងប្រវ័ញ្ច ដូចលក់ជាប្រជាជនខ្លួនឯងអ៊ីចឹង។ ក្រុមហ៊ុនខ្លះ មេខ្យល់ខ្លះ ភាគច្រើនអត់មែនថៃទេ ដែលធ្វើការ អូសទាញ ឆបោកហ្នឹង ភាគច្រើនជនជាតិខ្មែរដូចគ្នា ។ ជនជាតិខ្មែរ លក់ជនជាតិខ្មែរដូចគ្នាគឺសាហាវបំផុត។ បងប្អូនខ្មែរ យើងដែលមកធ្វើការនៅស្រុកគេត្រូវប្រឹងប្រយ័ត្ន»។
វិទ្យុអាស៊ីសេរីពុំអាចទាក់ទង អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក កត្តា អ៊ន និងតំណាងស្ថានទូតខ្មែរប្រចាំនៅប្រទេសថៃ ដើម្បីឆ្លើយតបជុំវិញរឿងនេះបានទេ នៅថ្ងៃទី៥ ខែមីនា ដោយហៅទូរស័ព្ទចូលតែគ្មានអ្នកទទួល។
អត្ថបទដែលទាក់ទង៖
«អាជ្ញាធរខ្មែរនិងថៃហាក់មិនអើពើដោះស្រាយជូនពលករខ្មែរ»
ទាក់ទិនរឿងនេះ មន្ត្រីផ្នែកការពារសិទ្ធិពលករចំណាកស្រុក នៃអង្គការសង់ត្រាល់ (CENTRAL) ប្រចាំនៅប្រទេសថៃ លោក លឹង សុផុន ប្រាប់វិទ្យុអាស៊ីសេរីថា បញ្ហាពលករខ្មែរ ត្រូវបានមេខ្យល់បោកប្រាស់នេះ បានកើតឡើងតាំងពីឆ្នាំ២០២២ រហូតមកដល់សព្វថ្ងៃ ប៉ុន្តែ លោកថា ហាក់ពុំឃើញមានអាជ្ញាធរកម្ពុជា-ថៃ ស៊ើបអង្កេត ចាប់ខ្លួនមេខ្យល់ ទាំងនោះមកផ្ដន្ទាទោសនៅឡើយ។
លោកបន្តថា ប៉ុន្មានខែចុងក្រោយនេះ មានពលករខ្មែរប្រមាណ១០ ទៅ២០នាក់បានស្នើសុំឱ្យអង្គការសង់ត្រាល់ ជួយរកដំណោះស្រាយ ក្រោយពីសមាជិកគ្រួសារពួកគាត់ ត្រូវបានប៉ូលិសថៃចាប់ដាក់ពន្ធនាគារពាក់ព័ន្ធគណនីធនាគារត្រូវបានមេខ្យល់លក់ឱ្យទៅក្រុមឧក្រិដ្ឋជនអនឡាញ។ ទន្ទឹមនឹងនោះលោកថា ពលករខ្មែរខ្លះបានដឹងខ្លួនមុន ក៏ត្រឡប់ទៅខ្មែរវិញ ព្រោះខ្លាចប៉ូលិសថៃចាប់ខ្លួន។ លោកបារម្ភថា ករណីនេះប្រសិនបើអាជ្ញាធររកម្ពុជាមិនដោះស្រាយឱ្យបានទាន់ពេលវេលាទេនោះ ពលករខ្មែរ ជាច្រើននឹងបន្តរងគ្រោះ ខណៈដែលបច្ចុប្បន្នលោកថា ពលករខ្មែររាប់រយនាក់ កំពុងចាញ់បោកមេខ្យល់ ដោយមិនដឹងខ្លួន។
លោក លឹង សុផុន៖«ខ្ញុំចង់ឃើញរដ្ឋាភិបាលទាំងពីរ រួមគ្នាបើកការស៊ើបអង្កេត និងចាត់វិធានការណាមួយ ដើម្បីជួយជ្រោមជ្រែង ដល់បងប្អូនពលករខ្មែរ មួយចំនួនដែលរស់នៅក្នុងប្រទេសថៃ ដែលពួកគាត់មានបញ្ហាប្រឈមបែបហ្នឹង»។
មន្ត្រីសង្គមស៊ីវិលរូបនេះ ឱ្យដឹងថា ច្បាប់ថៃក្នុងករណីដែលពលករខ្មែរ បង្កើតគណនីធនាគារថៃ ហើយទទួលលុយពីក្រុមឧក្រិដ្ឋជនអនឡាញខុសច្បាប់នឹងត្រូវជាប់ពន្ធនាគារចាប់ពី៧ឆ្នាំឡើងវិញ។ រីឯ ករណីមួយទៀត ប្រសិនបើសាមីខ្លួនដឹងមុនថា គណនីធនាគារត្រូវបាននៅក្នុងដៃ ក្រុមឧក្រិដ្ឋជន ហើយសារភាពប្រាប់ប៉ូលិសថៃ នឹងត្រូវជាប់ពន្ធនាគារត្រឹមតែ ២ឆ្នាំកន្លះ។ លើសពីនោះ ចំពោះ ពលករខ្មែរ ដែលប៉ូលិសថៃចាប់ដាក់ពន្ធនាគារ ហើយអនុវត្តទោសរួច ពួកគាត់នឹងត្រូវបញ្ជូនទៅកម្ពុជាវិញ ហើយ ពួកគាត់ នឹងលែងមានសិទ្ធិចូលទឹកដីថៃជាថ្មីទៀត។ លោកបន្តថា បញ្ហានេះ នឹងបង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់ជីវភាពពលករខ្មែរ ខណៈដែលពួកគាត់ភាគច្រើនមានជីវភាព ខ្វះខាត ដែលរដ្ឋាភិបាលកម្ពុជា និងថៃគួរតែសហការគ្នាដោះស្រាយបញ្ហា នេះឱ្យមានប្រសិទ្ធភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។