បច្ចុប្បន្ននេះ ពលរដ្ឋខ្មែរខ្លះ រស់នៅតាមបណ្ដាខេត្តភាគខាងលិច និងភាគពាយ័ព្យនៃប្រទេស នៅតែរងគ្រោះ ដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលសេសសល់តាំងពីសម័យសង្គ្រាម។មន្ត្រីមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ដែលហៅកាត់ថា ស៊ីម៉ាក់(CMAC) និយាយថា តំបន់ដែលនៅតែរងគ្រោះដោយសារគ្រាប់មីន មានចំនួន២១ស្រុករបស់បណ្ដាខេត្ត ដែលនៅជាប់ព្រំដែនកម្ពុជា-ថៃ។
ប្រជាពលរដ្ឋមួយចំនួន នៅស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅតែបង្ហាញក្តីបារម្ភចំពោះគ្រោះថ្នាក់ដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទះ ដែលសេសសល់ក្រោមដីនៅតាមស្រែ និងចំការរបស់ពួកគេ។
ការព្រួយបារម្ភនេះ ស្ដែងឡើងបន្ទាប់ពីកុមារម្នាក់បានស្លាប់ និងពីរនាក់ផ្សេងទៀត រងរបួសដោយសារគ្រាប់មីនផ្ទុះ នៅតំបន់ជួរភ្នំដងរែក ក្នុងភូមិសាស្ត្រ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង កាលពីថ្ងៃទី១៧ ខែមីនា កន្លងទៅថ្មីៗនេះ។
អ្នកភូមិអូរស្រម៉ នៃឃុំត្រពាំងតាវ លោកស្រី មី វុន បានប្រាប់វិទ្យុអាស៊ីសេរីថា កាលពីថ្ងៃទី១៧ ខែមីនា គាត់និងអ្នកភូមិមួយចំនួន បាននាំគ្នាទៅស៊ីឈ្នួលកាប់ដើមដំឡូងមីឱ្យគេ នៅតំបន់ជើងភ្នំដងរែកក្នុងភូមិថ្គាមរមាសដោយគាត់បានយកកូនស្រីតូច អាយុ៥ឆ្នាំទៅជាមួយ។ ចំណែកអ្នកភូមិផ្សេងទៀតក៏បានយកកូនតូចៗទៅជាមួយដូចគ្នាដែរ។
លោកស្រី មី វុន បញ្ជាក់ទៀតថា ក្នុងពេលរូបគាត់និងអ្នកភូមិជាច្រើននាក់ទៀតកំពុងធ្វើការកាប់ដើមដំឡូងមី ដោយទុកកូនតូចៗ ឱ្យរត់លេងនៅក្បែរៗនោះ។ ក៏ប៉ុន្តែពេលនោះ ក្មេងប្រុសម្នាក់ បានចូលទៅក្នុងអូរប្រទះឃើញគ្រាប់មីន ហើយបានរើសយកមកចែកគ្នាលេងបាយឡុកបាយឡ បណ្ដាលឱ្យផ្ទុះស្លាប់ក្មេងប្រុសម្នាក់អាយុប្រមាណ ១០ឆ្នាំ។
លោកស្រី មី វុន៖ «កូនរបស់ខ្ញុំវានៅអង្គុយលើគោយន្តទេ ដល់ពេលក្មេងប្រុសម្នាក់ធំវារើសបានមីន វាថាកំប៉ុងត្រីខ ក៏ហៅគ្នាទៅលេងបាយឡុកបាយឡ។ ពេលផ្ទុះក្មេងម្នាក់ដែលទៅរើសនោះអាយុ៩ឆ្នាំក៏ស្លាប់។ ក្មេងតូចៗពីរនាក់ ម្នាក់អាយុ៤ឆ្នាំ និងកូនរបស់ខ្ញុំអាយុ៥ឆ្នាំរបួស។ ខ្ញុំមិនបានតាមដានមើល មិនដឹងក្មេងវាទៅរើសមីននោះមកពីត្រង់ណា?ខ្ញុំមិនសូវដឹងភូមិសាស្ត្រកន្លែងនោះដែរ ពីព្រោះខ្ញុំមិនដែលទៅស៊ីឈ្នួលគេនៅម្ដុំនោះផង ទើបតែថ្ងៃហ្នឹងស៊យអីបានជាទៅស៊ីឈ្នួលម្ដុំនោះ?»។
ចំណែកអ្នកភូមិអូរស្រម៉ម្នាក់ទៀត លោក ប៊ឹប ម៉ាប់ មានប្រសាសន៍ប្រហាក់ប្រហែលគ្នាថា កូនប្រុសរបស់គាត់អាយុ៤ឆ្នាំ ក៏រងរបួសក្នុងហេតុការណ៍ផ្ទះមីននោះដែរ។
លោក ប៊ឹប ម៉ាប់ បញ្ជាក់ថា លោកនៅតែព្រួយបារម្ភចំពោះសុវត្ថិភាព ដោយសារតែនៅជុំវិញតំបន់ពួកគាត់កំពុងរស់នៅឧស្សាហ៍មានអ្នករងគ្រោះដោយសារមីន។
លោក ប៊ឹប ម៉ាប់៖ «តំបន់មូលដ្ឋានខ្មែរក្រហមពីមុន និយាយទៅម្ដុំនោះគឺមិនដែលមានអ្នកទៅដោះមីនទេ។ ក្មេងប្រុសដែលរើសមីនមកលេងនោះ វាធំជាងគេអាយុប្រហែលជា ១០ឆ្នាំ វាទៅរើសមីនពីក្នុងអូរ ដែលនៅក្បែរជើងភ្នំដងរែក ហើយក៏នាំគ្នាលេងមីននោះ។ ខ្ញុំមិនដឹងច្បាស់ថាក្មេងនោះរើសមីនមកលេងចំនួនប៉ុន្មានទេ ប៉ុន្តែនៅក្បែរកន្លែងផ្ទុះឃើញនៅសល់មីន១គ្រាប់ទៀត។ នៅតំបន់ជើងភ្នំនោះគឺគួរឱ្យព្រួយបារម្ភ ព្រោះនៅមានសេសសល់គ្រាប់មីនច្រើន។ នៅឆ្ងាយពីភ្នំហើយ ជួនកាលក៏នៅមានអ្នកភ្ជួរដីប៉ះមីនផ្ទុះដែរ។ ខ្ញុំនៅតែព្រួយបារម្ភចំពោះបញ្ហាគ្រាប់មីន ពីព្រោះវាមិនទាន់អស់ទាំងស្រុង វានៅច្រើន និយាយទៅអ្នកភូមិជិតៗខ្ញុំពីរបីឆ្នាំមកនេះ នៅតែរងគ្រោះដោយសារមីនជាប់ៗគ្នា»។
អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) លោក ហេង រតនា ឱ្យដឹងតាមរយៈជួបសម្ភាសន៍កាលពីថ្ងៃទី២ ខែមេសា ថា បច្ចុប្បន្ននេះ នៅតាមបណ្ដាខេត្តភាគខាងលិចនិងពាយ័ព្យនៃប្រទេសកម្ពុជា ដែលជាប់ព្រំដែនគ្នាជាមួយប្រទេសថៃ គឺនៅតែមានប្រជាពលរដ្ឋ រងគ្រោះដោយសារគ្រាប់មីន។
លោក ហេង រតនា បញ្ជាក់ថា តំបន់ដែលពលរដ្ឋនៅតែរងគ្រោះនោះ គឺជាអតីតសមរភូមិប្រយុទ្ធគ្នាខ្លាំង ហើយកន្លែងខ្លះ មិនទាន់បានចូលទៅបោសសំអាតដោយសារតែគ្មានផ្លូវ និងតំបន់ខ្លះទៀត ក្រុមអ្នកបោសសំអាតមីន មិនបានទទួលព័ត៌មាននិងទិន្នន័យអំពីចំការមីន។
លោក ហេង រតនា៖ «តំបន់ដែលគ្រោះថ្នាក់ជារួមមាន២១ស្រុក នៃខេត្តដែលនៅជាប់ព្រំដែនថៃ មានខេត្តកោះកុង ពោធិ៍សាត់ ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារ។ ឥឡូវនេះយើងនឹងខិតខំធ្វើបណ្ដើរស្រាវជ្រាវបណ្ដើរតែធម្មតាដោយសារចរិតសង្គ្រាមស៊ីវិលនៅកម្ពុជាយើង ទោះបីជាយ៉ាងណាការស្រាវជ្រាវអំពីមីន ធ្វើយ៉ាងម៉េចក៏មិនអស់ដែរ ពីព្រោះយើងមិនបានទទួលព័ត៌មានអស់ទេ ហើយតំបន់ខ្លះ ក៏ប្រជាពលរដ្ឋមិនដឹងដែរ រហូតដល់គាត់ឃើញផ្ទាល់ភ្នែកឬក៏មានគ្រោះថ្នាក់ហើយ ទើបដឹង»។
របាយការណ៍របស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា(CMAC) ឱ្យដឹងថា បើទោះបីជាបច្ចុប្បន្ន គ្រាប់មីននៅតែបង្កគ្រោះថ្នាក់ បណ្ដាលឱ្យពលរដ្ឋខ្លះស្លាប់ និងខ្លះទៀតពិការយ៉ាងណាក្តី ក៏ចំនួនអ្នករងគ្រោះ ដោយសារគ្រាប់មីន បានថយចុះយ៉ាងច្រើន បើប្រៀបធៀបទៅនិងរយៈពេល ៣០ឆ្នាំមុន។
លោក ហេង រតនា បញ្ជាក់ថា ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ចំនួនអ្នករងគ្រោះដោយសារគ្រាប់មីន បានថយចុះមកនៅប្រមាណ ៥០នាក់ ក្នុង១ឆ្នាំៗ។ ហើយលោកថា បើគិតពីរយៈពេល១០ឆ្នាំមុននោះ ចំនួនអ្នករងគ្រោះដោយសារគ្រាប់មីន ជាមធ្យមគឺក្រោម ១០០នាក់ក្នុង១ឆ្នាំៗ។
អាជ្ញាធរមីនកម្ពុជាឱ្យដឹងថា ចាប់តាំងពីកម្ពុជាកើតសង្គ្រាមពីឆ្នាំ១៩៧០ រហូតមកដល់ពេលនេះ គ្រាប់មីនបានសម្លាប់មនុស្សជាង ៦ម៉ឺននាក់។
ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១នៃអាជ្ញាធរមីនកម្ពុជា លោក លី ធុជ ធ្លាប់ប្រាប់វិទ្យុអាស៊ីសេរីកាលពីខែមករាកន្លងទៅថា បញ្ហាគ្រាប់មីនគឺជាកង្វល់យ៉ាងធំធេងនៅកម្ពុជា។
លោក លី ធុជ បន្ថែមទៀតថា ដោយសារតែបញ្ហាគ្រាប់មីន នៅរាយប៉ាយព្រមទាំងបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋខ្មែរនេះ ទើបបានជារដ្ឋាភិបាល នៅតែមានគោលនយោបាយកៀរគរបណ្ដាប្រទេសជាមិត្តឱ្យផ្ដល់ជំនួយនិងចូលរួមបោសសំអាតគ្រាប់មីនជាច្រើនឆ្នាំមកហើយ។
លោក លី ធុជ៖ «ប្រទេសជាមិត្ត អាណិតអាសូរប្រជាពលរដ្ឋកម្ពុជាយើង បានចូលរួមជាថវិកា ជាសម្ភារៈ ជាការបណ្ដុះបណ្ដាលបន្តបន្ទាប់មកដែរ។ ចំពោះការងារបោសសំអាតមីននិងគ្រាប់រំសេវគឺធំធេងណាស់នៅកម្ពុជា ហើយការចូលរួមកម្រិតណា ប្រភេទណាក៏ដោយគឺយើងមិនថាអ្វីទេ សំខាន់គឺទឹកចិត្តសប្បុរស ទឹកចិត្តអាណិតអាសូរ ដល់ពលរដ្ឋកម្ពុជាដែលរងគ្រោះ។ ដូច្នេះក្នុងបេះដូង យើងមិនចាត់ទុកថាជំនួយដល់ទៅធំដុំទើបសំខាន់ទេ សំខាន់ឱ្យតែប្រទេសនានា មានចិត្តល្អជួយហើយយើងអរគុណគេ»។
ពេលបច្ចុប្បន្ននេះ មានប្រទេសជាច្រើននៅជុំវិញពិភពលោកបានផ្ដល់ជំនួយ និងជ្រោមជ្រែងលើការងារបោសសំអាតមីននៅកម្ពុជា។ ប្រទេសទាំងនោះ មានជប៉ុន (Japan) សហរដ្ឋអាមេរិក (United State Of America) ចក្រភពអង់គ្លេស (United Kingdom) ប្រទេសកាណាដា (Canada) អូស្ត្រាលី(Australia) អាល្លឺម៉ង់ (Germany) កូរ៉េខាងត្បូង (South Korea) នូវែលហ្សេឡង់ (New Zealand) ប្រទេសបែលហ្សិក (Belgium) ស្វីស (Switzerland) ហូឡង់ (Netherlands) ចិន (China) និងអង្គការសហប្រជាជាតិ ជាដើម។
ក្នុងរយៈពេល៣០ឆ្នាំមកនេះ មជ្ឈមណ្ឌលសកម្មភាពកំចាត់ មីនកម្ពុជានិងអង្គការដោះ មីនក្រៅរដ្ឋាភិបាល បានរកឃើញនិងបំផ្លាញចោលគ្រាប់មីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួនជាង ៤លានគ្រាប់។ ក្នុងចំណោមគ្រាប់មីនទាំងនេះ មានមីនប្រឆាំងមនុស្សចំនួនជាង ១លាន១សែនគ្រាប់ មីនប្រឆាំងរថក្រោះជាង ២ម៉ឺន ៦ពាន់គ្រាប់ និងយុទ្ធភណ្ឌមិនទាន់ផ្ទុះជាង ៣លានគ្រាប់។
តាមផែនការរដ្ឋាភិបាលកម្ពុជា ប្ដេជ្ញាបោសសំអាតគ្រាប់មីនប្រឆាំងមនុស្សនិងរថក្រោះ ដែលមានក្នុងទិន្នន័យឱ្យអស់នៅត្រឹមឆ្នាំ២០២៥ តាមអនុសញ្ញាអន្តរជាតិនៃទីក្រុងអូតាវ៉ា។
បច្ចុប្បន្នកម្ពុជានៅមានតំបន់ដែលសង្ស័យថា មានគ្រាប់មីនប្រឆាំងមនុស្សនិងរថក្រោះ លើផ្ទៃដីទំហំជាង៥៣០គីឡូម៉ែត្រក្រឡាទៀត ដែលត្រូវបន្តបោសសំអាតក្នុងឆ្នាំ២០២៤-២០២៥ ដោយត្រូវការថវិកាប្រមាណ៦០ ទៅ ៧០លានដុល្លារក្នុង១ឆ្នាំៗ។
បន្ទាប់ពីបញ្ចប់ការបោសសំអាតមីនប្រឆាំងមនុស្សនិងរថក្រោះ ត្រឹមឆ្នាំ២០២៥ កម្ពុជានឹងបន្តផែនការបោសសំអាតគ្រាប់បែកចង្កោម និងគ្រាប់ដែលទម្លាក់ពីលើយន្តហោះ ក្នុងសម័យសង្គ្រាមវៀតណាម នៅតាមបណ្ដាខេត្តភាគឦសាននិងភាគខាងកើតរបស់ប្រទេស លើផ្ទៃដីប្រមាណ ១សែន ១ម៉ឺន ២ពាន់ទីតាំងថែមទៀត។
ពលរដ្ឋដែលរស់នៅក្នុងតំបន់មានគ្រាប់មីន ព្រួយបារម្ភពីសុវត្ថិភាពនៅពេលចេញទៅធ្វើស្រែចំការរបស់ខ្លួន ឬទៅស៊ីឈ្នួលឱ្យគេ។ ពួកគាត់អំពាវនាវដល់រដ្ឋាភិបាល និងម្ចាស់ជំនួយ ឱ្យពន្លឿនការសំអាតមីន ដែលជាគ្រោះថ្នាក់ និងឧបសគ្គចម្បងដល់ជីវភាពរបស់ពួកគាត់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។