អង្គការសារព័ត៌មានរកឃើញថា អ្នកសារព័ត៌មានឯករាជ្យកំពុងជួបបញ្ហាប្រឈមកាន់តែខ្លាំងក្នុងការបំពេញការងាររបស់ខ្លួនដើម្បីផ្ដល់ដំណឹងពិតជូនមហាជន។ ទោះយ៉ាងណាមន្ត្រីរដ្ឋាភិបាល ថា របាយការណ៍នេះមិនបានឆ្លុះបញ្ចាំងពីសេរីភាពសារព័ត៌មាននៅកម្ពុជានោះឡើយ។
មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ CCIM រកឃើញថា បញ្ហាប្រឈមអ្នកសារព័ត៌មានឯករាជ្យ រួមមាន៖ សម្ពាធនយោបាយ ការដាក់គំនាបរបស់រដ្ឋាភិបាល និងបញ្ហាផ្លូវច្បាប់ជាដើម។
របាយការណ៍ប្រចាំឆ្នាំ២០២១ ស្តីពីការប្រឈមរបស់អ្នកសារពត័មានឯករាជ្យ ចេញផ្សាយដោយមជ្ឈមណ្ឌល CCIM នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ បង្ហាញថា ស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជាក្នុងឆ្នាំ២០២១កាន់តែអាក្រក់ បើប្រៀបធៀបនឹងឆ្នាំ២០២០។
អ្នកជំនាញផ្នែកសារព័ត៌មាន និងអ្នកពាក់ព័ន្ធមិនរំពឹងថា ស្ថានភាពសារព័ត៌មាននៅឆ្នាំ២០២២ អាចនឹងល្អឡើងវិញនោះទេ ដោយសារការបន្ដរឹតត្បឹតផ្នែកនយោបាយ និងបទដ្ឋានច្បាប់ផ្សេងៗដែលផ្ដល់អំណាចកាន់តែច្រើនដល់រដ្ឋាភិបាលក្នុងការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា។
នាយកផ្នែកប្រព័ន្ធផ្សព្វផ្សាយរបស់ CCIMលោក អ៊ិត សូធឿត ឲ្យវិទ្យុអាស៊ីសេរីដឹងថា របាយការណ៍នេះ ឆ្លុះបញ្ចាំងពីស្ថានភាពអ្នកសារព័ត៌មានឯករាជ្យ ដែលស្ថាប័នរបស់លោកតែងចេញផ្សាយប្រចាំឆ្នាំ និងមានជំនាញអ្នកស្រាវជ្រាវត្រឹមត្រូវ។ លោកបន្តថា ទោះសព្វថ្ងៃនេះ មានស្ថាប័នសារព័ត៌មាន ច្រើនក្ដី ប៉ុន្តែ មិនបានបង្ហាញពីគុណភាពនៃសេរីភាពសារព័ត៌មាន។ អ្នកធ្វើការងារផ្នែកប្រព័ន្ធផ្សព្វផ្សាយរូបនេះ ជំរុញទៅរដ្ឋាភិបាល ព្យាយាមបើកចំហរសេរីភាពសារព័ត៌មានជាពិសេសធានាឱ្យអ្នកសារព័ត៌មានឯករាជ្យ អាចបំពេញការងារដោយគ្មានការភ័យខ្លាច គ្មានការរើសអើង និងគ្មានការគំរាមកំហែង៖ « ឃើញថា អ្នកសារព័ត៌មានយើងបានជួបបញ្ហាប្រឈមច្រើន ហាក់ដូចជា មានការកើនឡើង។ អ៊ីចឹងសបញ្ជាក់ឲ្យឃើញថា វិស័យសារព័ត៌មានកំពុងជួបការលំបាកនៅឡើយហើយអ្នកសារព័ត៌មានឯករាជ្យនៅតែមានបញ្ហារាំងស្ទះក្នុងការបំពេញមុខងាររបស់គាត់ » ។
ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា លោកបណ្ឌិត ប៉ា ចន្ទរឿន ដែលជាអ្នកស្រាវជ្រាវធ្វើរបាយការណ៍នេះ លើកឡើងថា អ្នកសារព័ត៌មានក៏កំពុងជួបការពិបាកក្នុងការរកប្រភពពីរដ្ឋាភិបាល ក្រុមហ៊ុនឯកជន និងប្រភពផ្សេងៗ ទៀតដែរ។ លោកបន្តថា ក្រៅពីនេះ អ្នកសារព័ត៌មានកំពុងជួប ការគំរាមកំហែង ផ្លូវចិត្តផ្លូវកាយ និងផ្លូវច្បាប់ ព្រោះការបំពេញការងាររបស់ខ្លួន៖ « អ្នកកាសែតជួបប្រទះក្នុងឆ្នាំ២០២១ នេះ គឺការគំរាមកំហែង ឬការបំភិតបំភ័យ ការទុក្ខបុកម្នេញទៅលើរាងកាយទាំងផ្នែកផ្លូវច្បាប់ រួមទាំងផ្នែកផ្លូវចិត្តផងដែរ គឺជាបញ្ហាប្រឈមធ្ងន់ធ្ងរ ដែលអ្នកសារព័ត៌មានបានជួបប្រទះក្នុងការបំពេញភារកិច្ចរបស់គាត់ » ។
ទាក់ទងការរកឃើញនេះ វិទ្យុអាស៊ីសេរីមិនអាចសុំប្រតិកម្មពីអ្នកនាំពាក្យក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ បានទេ នៅថ្ងៃទី១០ ខែមីនា។
រីឯអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន និយាយថា របាយការណ៍នេះមិនបានឆ្លុះបញ្ចាំងពីស្ថានភាពពិតនៃសេរីភាពសារព័ត៌មាននោះ។ លោកបន្តទៀត ការវិធានការផ្លូវច្បាប់លើអ្នកសារព័ត៌មាន គឺជាកើតឡើងដោយរឿងបុគ្គល ប៉ុន្តែ នៅពេលមានចោទសួរទាក់ទងករណីអតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី (RFA) និងអ្នកកាសែតឌឹខែមបូឌាដេលី (The Cambodaily) ដែលត្រូវរងការចោទប្រកាន់តាមផ្លូវច្បាប់ដោយសារការបំពេញវិជ្ជាជីវៈរបស់ខ្លួននោះវិញ អ្នកនាំពាក្យរដ្ឋាភិបាលរូបនេះ សុំមិនបំភ្លឺទេ ដោយលើកឡើងថា រឿងនេះមានភាពស្មុគស្មាញ៖ « ខ្ញុំអត់មានចម្លើយទេ ទាល់តែសួរខាងតុលាការ ហើយសួរអ្នកហ្នឹងផ្ទាល់ខ្លួនទៀត តើអ្នកហ្នឹងបានធ្វើដូចអ្វីដែលគេចោទទេ ? តើអ្នកហ្នឹងមានមេធាវីទេ ? ហើយមានការតតាំងនៅតុលាការទេ ? នេះជាសំនួរជាច្រើន ហើយមកសួរខ្ញុំអ្នកនាំពាក្យរាជរដ្ឋាភិបាល សំណួរខ្លះខ្ញុំអាចឆ្លើយបាន ដូចជាថា ជាការគាបសង្កត់ទៅលើអ្នកសារព័ត៌មានដូចការលើកឡើងហ្នឹងមិនសមស្របនឹងស្ថានភាពសព្វថ្ងៃនៅកម្ពុជាទេ » ។
មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ខេមបូចា) បានកត់ត្រាការធ្វើទុក្ខម្នេញលើអ្នកសារព័ត៌មានចំនួន ៥១ករណី ឬស្មើនឹងអ្នកសារព័ត៌មានរងគ្រោះចំនួន ៩៣នាក់ (៥នាក់ជាស្ត្រី) ក្នុងនោះ អ្នកសារព័ត៌មានចំនួន ៣២នាក់ត្រូវបានចាប់ឃាត់ខ្លួន ហើយ ២៤នាក់ប្រឈមបណ្ដឹងផ្លូវច្បាប់ និង ១៨នាក់ទៀតអះអាងថា ទទួលរងការគំរាមកំហែង និងការធ្វើទុក្ខបុកម្នេញ។
អង្គការអន្តរជាតិនានា បានរកឃើញថា ៤ឆ្នាំមកនេះ សេរីភាពសារព័ត៌មាននៅកម្ពុជា ស្ថិតនៅក្នុងស្ថានភាពអាក្រក់ ព្រោះតែរដ្ឋាភិបាលលោក ហ៊ុន សែន បន្តរឹតត្បិត គំរាមកំហែង ចាប់ខ្លួនអ្នកសារព័ត៌មានដាក់ពន្ធនាគារពីបទព្រហ្មទណ្ឌ និងបង្កើតច្បាប់ថ្មី ដែលមានចរិតរឹតត្បិតសេរីភាពសារព័ត៌មានជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។