អង្គការសង់ត្រាល់បានរកឃើញថា ទិន្នន័យ នៃកម្មវិធីរោងចក្រកាន់តែល្អប្រសើរនៅកម្ពុជា (BFC) នៅពុំទាន់សុក្រឹត និងពុំឆ្លុះបញ្ចាំងពីតថភាពជាក់ស្ដែង។ ការរកឃើញនេះ គឺបន្ទាប់ពីអង្គការសង់ត្រាល់ សហការជាមួយសហព័ន្ធសហជីពចំនួន២ បានចងក្រងឯកសារស្ដីពីសេរីភាពសហជីព (FOA) នៅតាមបណ្ដារោងចក្រនៅកម្ពុជា ដែលរកឃើញថា សហជីពឯករាជ្យនៅតែរងការគាបសង្កត់ធ្ងន់ធ្ងរ។
មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ (Central) សហការជាមួយសហព័ន្ធសហជីពកម្ពុជា (CATU) និងសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា (CCAWDU) កាលពីថ្ងៃទី៤ មិថុនា បានចេញរបាយការណ៍ស្ដីពី សេរីភាពសហជីពនៅកម្ពុជា ។
របាយការណ៍នេះ វាយតម្លៃលើកម្មវិធីរោងចក្រកាន់តែល្អប្រសើរនៅកម្ពុជា (BFC) និងពិនិត្យទៅលើដំណើរការវាយតម្លៃ និងរាយការណ៍របស់កម្មវិធីមួយនេះ។
អង្គការសង្គមស៊ីវិល និងសហជីពបានចំណាយពេលវេលា ជាងមួយឆ្នាំ ដើម្បីសម្ភាសជាមួយថ្នាក់ដឹកនាំសហជីព និងតំណាងសហជីព ដែលបានចុះបញ្ជីជាមួយ កម្មវិធីរោងចក្រកាន់តែល្អប្រសើរនៅកម្ពុជា ចំនួន ១៤រោងចក្រ។ រោងចក្រទាំង១៤នេះ ទទួលបានពិន្ទុល្អឥតខ្ចោះពីកម្មវិធីរោងចក្រកាន់តែល្អប្រសើរ ប៉ុន្តែតំណាងសហជីពចំនួន១០រោងចក្រ ក្នុងចំណោម១៤រោងចក្រនេះ កំពុងជួបឧបសគ្គរារាំងការអនុវត្តសិទ្ធិរបស់ពួកគេ។ ការរារាំងនោះរួមមាន ការបំភិតបំភ័យដោយផ្ទាល់មាត់ ការគំរាមកំហែង និងការដាក់ពួកគេក្នុងបញ្ជីខ្មៅ ដែលមិនអាចទៅរកការងារនៅកន្លែងថ្មីបាន។
របាយការណ៍ដដែល ឲ្យដឹងទៀតថា ទិន្នន័យ នៃរបាយការណ៍តម្លាភាពរបស់កម្មវិធីរោងចក្រកាន់តែល្អប្រសើរនៅកម្ពុជា មិនបានបង្ហាញលម្អិតពីការអនុលោមតាមសេរីភាពសហជីពឡើយ ដែលជាហេតុធ្វើឲ្យការចរចារវាង សហជីព ថៅកែ និងអ្នកបញ្ជាទិញឬម៉ាកយីហោ មិនសូវយករបាយការណ៍នេះប្រើប្រាស់ឲ្យមានប្រយោជន៍នោះទេ។ លើសពីនេះ ប្រភពដដែលឲ្យដឹងថា សកម្មភាពរបស់សហជីពមួយចំនួន ត្រូវធ្វើដោយលាក់បាំងដោយសារការតាមដាន និងត្រួតពិនិត្យជាប្រចាំពីសហជីព មានទំនោរទៅខាងរោងចក្រ ហើយថ្នាក់ដឹកនាំរោងចក្រ តែងប្រើសហជីពទាំងនោះទៅបំភិតបំភ័យសហជីពឯករាជ្យ។
ក្រៅពីនេះ របាយការណ៍ដដែល ឲ្យដឹងដែរថា ឧបសគ្គរារាំងផ្នែករដ្ឋបាល និងយុត្តិធម៌ ដែលរារាំងការងារសហជីពផ្សេងទៀតមាន ការចុះបញ្ជិកាសហជីព ការចំណាយពេលយូរដើម្បីទទួលបានវិញ្ញាបនបត្រភាពជាតំណាងបំផុត និងការចុះខ្សោយរបស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលជាដើម។
ប្រធានគ្រប់គ្រងកម្មវិធីការងារ នៃអង្គការសង់ត្រាល់ លោក ឃុន ថារ៉ូ ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី ០៥ មិថុនា ថា ដើម្បីដោះស្រាយការធ្វើទុក្ខបុកម្នេញនិងរារាំងសកម្មភាពសហជីពនៅតាមរោងចក្រនានា ក្រសួងការងារ គួរតែកែលំអយន្តការអធិការកិច្ចការងារឲ្យបានល្អប្រសើរ និងភាគីរោងចក្រ គួរតែគោរពឲ្យបាននូវភាពអនុលោមតាមច្បាប់។
លោក ឃុន ថារ៉ូ៖ «យើងបានរកឃើញថា សិទ្ធិសេរីភាពសហជីពហ្នឹងកំពុងទទួលរងការគំរាមកំហែងដោយហេតុផលថា វិធានការនៅក្នុងការធ្វើអធិការកិច្ចនៅកម្សោយ ការកត់ត្រា និងការវាយតម្លៃនៅតាមបណ្ដារោងចក្រមួយចំនួននៅមិនទាន់បានរកឃើញ ឬក៏ករណីដែលបានរកឃើញផ្នែកការរំលោភបំពានសេរីភាពសហជីព ប៉ុន្តែនៅក្នុងថេរវេលាមួយដែលយូរ អីចឹងហើយបានរបាយការណ៍ហ្នឹងចេញទៅវាធ្វើឲ្យកម្មករនិយោជក ឬក៏សហជីពមានភាពងាយរងគ្រោះ ខណៈពេលការប្រើប្រាស់ថេរវេលាយូរនៅក្នុងការដោះស្រាយហើយ យន្តការនៅក្នុងការដោះស្រាយវិវាទនោះ វាជារនាំងឧបសគ្គក្នុងការនាំយកវិវាទទៅកាន់ក្រុមប្រឹក្សាអាជ្ញាកណ្ដាល។ អ៊ីចឹងហើយបានយើងមើលឃើញថា វាមានឧបសគ្គរារាំងជាច្រើន ដែលទាមទារឲ្យភាគីពាក់ព័ន្ធដែលមានក្នុងរបាយការណ៍ តួអង្គសំខាន់ៗហ្នឹងចូលរួមបំពេញតួនាទីរបស់ខ្លួន»។
វិទ្យុអាស៊ីសេរី នៅមិនទាន់អាចទាក់ទងអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក កត្តា អ៊ន ដើម្បីសុំការឆ្លើយតបការលើកឡើងនេះបាននៅឡើយទេ នៅថ្ងៃទី៥ ខែមិថុនា។
កម្មវិធីរោងចក្រកាន់តែល្អប្រសើរនៅកម្ពុជា គឺជាកម្មវិធីរួមគ្នារបស់អង្គការអន្តរជាតិខាងការងារ (ILO) និងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) ដែលជាសមាជិក នៃសម្ព័ន្ធធនាគារពិភពលោក។ កម្មវិធីនេះ មានសកម្មភាពស្នូលមួយ គឺពិនិត្យលើការអនុលោម ឬការយល់ស្របតាមច្បាប់ របស់រោងចក្រវាយនភណ្ឌ សម្រាប់ការនាំចេញធៀបជាមួយស្តង់ដារការងារអន្តរជាតិ។
សព្វថ្ងៃនេះ កម្មវិធីរោងចក្រកាន់តែល្អប្រសើរនៅកម្ពុជា វាយតម្លៃលក្ខខណ្ឌការងារលើរោងចក្រចំនួន ៧០៣ នៅទូទាំងប្រទេសកម្ពុជា ដែលមានកម្មករសរុបជាង៦សែន ៥ម៉ឺននាក់ (៦៥១.០០០)។ កម្មវិធីនេះ ជាអ្នកវាយតម្លៃ និងរាយការណ៍ពីរោងចក្រនាំចេញសម្លៀកបំពាក់ទាំងអស់ ស្ដីពីអនុលោមភាពរបស់រោងចក្រទាំងនោះជាមួយនឹងស្តង់ដារការងារអន្តរជាតិ និងច្បាប់ស្ដីពីការងារ។
កន្លងទៅ មន្ត្រីកម្មវិធីរោងចក្រកាន់តែល្អប្រសើរនៅកម្ពុជា បានលើកឡើងថា ការអនុលោមតាមច្បាប់ជារួមនៅកម្ពុជា ក្នុង២ទសវត្សចុងក្រោយ ពីមានភាពល្អប្រសើរឡើង ដោយសារការរាយការណ៍ប្រកបដោយតម្លាភាពរបស់គម្រោងមួយនេះ។
របាយការណ៍របស់អង្គការសង់ត្រាល់ បញ្ជាក់ថា ការដាក់ពាក្យបណ្ដឹងអំពីការរំលោភសិទ្ធិសេរីភាពសហជីពមិនបានបង្ហាញនៅក្នុងរបាយការណ៍របស់កម្មវិធីរោងចក្រកាន់តែល្អប្រសើរនៅកម្ពុជានាពេលបច្ចុប្បន្នឡើយ។ ប្រភពដដែល សង្ស័យថា កត្តានេះ គឺអាចបណ្ដាលមកពីអ្នកវាយតម្លៃសហគ្រាស របស់កម្មវិធីនេះ មិនបាននិយាយជាមួយសហជីពឯករាជ្យនៅពេលចុះពិនិត្យរោងចក្រ។ មួយវិញទៀត អាចបណ្ដាលមកពីសហជីពទំនោរទៅភាគីរោងចក្រ ឬហៅថា «សហជីពពណ៌លឿង» ជាអ្នកផ្ដល់បទសម្ភាសន៍ និងបញ្ជាក់ប្រាប់មន្ត្រីរបស់កម្មវិធីរោងចក្រកាន់តែប្រសើរឡើងថា អ្វីៗនៅក្នុងរោងចក្រសុទ្ធតែល្អ ដោយសារតែសហជីពពណ៌លឿងទាំងនោះ នៅកៀកជាមួយនឹងថ្នាក់គ្រប់គ្រងរោងចក្រ។ ចំណែកឯកម្មករ ដែលចូលរួមផ្ដល់ការសម្ភាសជាមួយគម្រោងនេះ គឺជ្រើសរើសតែមួយចំនួនប៉ុណ្ណោះ ហើយការសម្ភាសនោះ ធ្វើឡើងនៅក្នុងម៉ោងការងារ និងមិនបានរក្សាឯកជនភាពដល់អ្នកសម្ភាសឡើយ ជាហេតុធ្វើឲ្យកម្មករឆ្លើយដោយភាពលម្អៀង។ ករណីមួយចំនួនទៀត រោងចក្របានជួយជ្រើសរើសកម្មករសម្រាប់ផ្ដល់បទសម្ភាសន៍ជាមួយនឹងកម្មវិធីនេះ។
កាលពីចុងឆ្នាំ២០២៣ មន្ត្រីអង្គការសង្គមស៊ីវិល និងសហជីពចំនួន១២ស្ថាប័ន បានដាក់លិខិតទៅក្រសួងការងារដើម្បីស្នើសុំឱ្យក្រសួងការងារពិនិត្យឡើងវិញចំណុចមួយចំនួន ដែលរឹតត្បិតទៅដល់សេរីភាពសហជីព ការរំលោភសិទ្ធិការងារ និងការគំរាមកំហែងលើថ្នាក់ដឹកនាំសហជីព។
ក្រៅពីឧបសគ្គរារាំងសកម្មភាពសហជីពទាំងនេះ មានមេដឹកនាំសហជីពមួយចំនួនកំពុងជាប់បណ្ដឹងនៅតុលាការ ដោយសារបំពេញការងារការពារកម្មករ និងមួយចំនួនកំពុងជាប់ឃុំ ក្នុងនោះមានមេដឹកនាំសហជីពនៅបនល្បែងណាហ្គាវើលដ៍ (Nagar World) កញ្ញា ឈឹម ស៊ីថរ ដែលកំពុងជាប់ឃុំជាលើកទី២ និងប្រធានសហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍សេវាកម្មកម្ពុជា (CTSWF) លោក ម៉ម រិទ្ធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។