មន្ត្រីអង្គការស៊ីវិលព្រួយបារម្ភចំពោះវត្តមានក្រុមឧក្រិដ្ឋជនជនជាតិចិនមួយចំនួនដែលនៅបន្តមានអាវុធប្រើប្រាស់ និងចាត់ទុកកម្ពុជាជាកន្លែងបង្ខាំងមនុស្សដើម្បីជំរិតទារប្រាក់។ ក្ដីបារម្ភនេះរបស់សង្គមស៊ីវិលបែបនេះ ធ្វើឡើងក្រោយពីកម្លាំងកងរាជអាវុធហត្ថម្នាក់ត្រូវបានឧក្រិដ្ឋជនបើកឡានបុកបណ្ដាលឱ្យបាក់ជើង ក្នុងហេតុការណ៍ចុះបង្ក្រាបក្រុមប្រដាប់អាវុធជនជាតិចិនដែលបានចាប់ជំរិតស្ត្រីជនបរទេសម្នាក់នៅរាជធានីភ្នំពេញកាលពីពេលថ្មីៗនេះ។
កម្ពុជាក្រោមការដឹកនាំដោយលោក ហ៊ុន សែន គឺក្រុមឧក្រិដ្ឋជនជនជាតិចិនហាក់មិនខ្លាចញញើតនឹងការបង្ក្រាបរបស់កម្លាំងសមត្ថកិច្ច និងច្បាប់កម្ពុជាឡើយ។ ពួកគេតែងតែមានអាវុធទំនើបៗ ជាមួយអាជីវកម្មបែបឧក្រិដ្ឋរបស់ពួកគេក្នុងការបង្ខាំងមនុស្សជំរិតទារប្រាក់ ហើយជាញឹកញយឧក្រិដ្ឋជនទាំងនោះប្រើអាវុធសម្រាប់បាញ់តទល់ជាមួយសមត្ថកិច្ចពេលចុះបង្ក្រាបថែមទៀតផង។
នាយកទទួលបន្ទុកទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៩ ខែតុលាថា ករណីជនបរទេសរស់នៅកម្ពុជាប្រព្រឹត្តបទឧក្រិដ្ឋ និងតែងតែមានអាវុធប្រើប្រាស់តាមទំនើងចិត្តបែបនេះ គឺជារឿងព្រួយបារម្ភសម្រាប់សន្តិសុខជាតិ និងសុវត្ថិភាពពលរដ្ឋទូទៅ។ លោកបន្តស្នើដល់អាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នថ្នាក់ជាតិកំពូលស៊ើបអង្កេតមេខ្លោងធំៗដែលនៅពីក្រោយជនជាតិចិនដែលមានអាវុធប្រើប្រាស់កន្លងមកនេះ ដើម្បីធានាសន្តិសុខជាតិ និងសន្តិភាពសម្រាប់ប្រជាពលរដ្ឋ៖ « ហើយបញ្ហាដែលអាចមានរហូតទៅដល់មានអាវុធប្រើប្រាស់ថែមទៀត គឺជារឿងធ្ងន់ធ្ងរ។ តើអាវុធទាំងអស់ហ្នឹងបានពីណាមក? បញ្ហានេះ ទោះបីជារឿងជនបរទេស និងជនបរទេសក៏ដោយ ក៏វាបង្កឱ្យការភ័យខ្លាច ឬក៏បង្កភាពអសុវត្ថិភាពសម្រាប់ ជនបរទេស និងជនបរទេសទាំងហ្នឹងផង ហើយក៏មានភាពភ័យខ្លាចប្រជាពលរដ្ឋយើងដែរ»។
ប្រតិកម្មរបស់មន្ត្រីសង្គមស៊ីវិលរូបនេះ ធ្វើឡើងបន្ទាប់ពីអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបក្រុមឧក្រិដ្ឋជនប្រដាប់ជនជាតិចិនចំនួន ០៧នាក់ពាក់ព័ន្ធនឹងករណីបង្ខាំងស្ត្រីជនបរទេសម្នាក់ និងបានជំរិតទាមប្រាក់អស់ជាង ១០ម៉ឺនដុល្លារ ដែលស្ថិតនៅខុនដូរមួយកន្លែង ស្ថិតនៅផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញកាលពីថ្ងៃទី០៧ ខែតុលា។
ស្ត្រីជនរងគ្រោះមានឈ្មោះ ង្វៀង ឆីមីងង៉ាង (Nguyen Chi Ming Ngang)។ កម្លាំងអាវុធក្រុងភ្នំពេញក៏ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ អ៊ី ផឹង (E Peung) និងបានបន្តឆែកឆេរដោយរឹបអូសបានកាំភ្លើង ៤ដើម និងថ្នាំញៀនជាច្រើនប្រភេទមួយចំនួនធំផង។
ជាងនេះទៅទៀត ក្នុងពេលកងកម្លាំងសាកសួរនាំសង្ស័យម្នាក់ឈ្មោះ អ៊ី ផឹង (E Peung) នោះស្រាប់តែក្រុមបក្ខពួករបស់ពួកគេមួយក្រុមទៀតបានព្យាយាមបើករថយន្តម៉ាកទំនើបអូឌី (Audi) សំដៅបំបុកសមត្ថកិច្ច ដើម្បីរត់គេចខ្លួន។ ក្នុងហេតុការណ៍នោះបណ្ដាលកងអាវុធហត្ថម្នាក់របួសជើង ដែលជាហេតុបណ្ដាលឱ្យមានការផ្ទុះអាវុធបាញ់តដៃគ្នារវាងសមត្ថកិច្ច និងក្រុមឧក្រិដ្ឋជន។ ក្រោយមកទៀតទើបក្រុមឧក្រិដ្ឋជនបញ្ឈប់សកម្មភាព និងប្រគល់ខ្លួនជូនសមត្ថកិច្ច។
ទាក់ទងនឹងបញ្ហានេះ អ្នកនាំពាក្យកងរាជ្យអាវុធហត្ថលើផ្ទៃប្រទេស លោក អេង ហ៊ី បដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែមទេ ដោយលោកអះអាងថា រឿងនេះកំពុងស្ថិតក្នុងនីតិវិធីស៊ើបអង្កេត៖ « ខាងអយ្យការគាត់ជាអ្នកដឹកនាំ ព្រោះស្ថិតក្នុងការស៊ើបអង្កេតនៅឡើយ។ ការងារស៊ើបអង្កេតការងារប្រតិបត្តិការជាក់ស្ដែងគឺអយ្យការជាអ្នកថ្លែងការណ៍ អ៊ីចឹងសុំឱ្យសួរទៅគាត់ផ្ទាល់។ ដូចខ្ញុំបានលើកឡើងអ៊ីចឹង ព្រោះករណីអ៊ីចឹងៗគឺគេឱ្យខាងអយ្យការដឹកនាំផ្ទាល់អ៊ីចឹងសួរនាំលើអយ្យការទាំងអស់។ អ្នកនាំពាក្យនៅទីនេះមិនមានសមត្ថកិច្ចទេ»។
កន្លងទៅរដ្ឋាភិបាលលោក ហ៊ុន សែន តែងតែលើកពាក្យស្លោកថាចិនគឺជាមិត្តដែកថែប ហើយវិនិយោគិនចិនបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការចូលរួមជួយអភិវឌ្ឍប្រទេសកម្ពុជា។ បន្តិចម្ដងៗជនជាតិចិនបានមកបោះទុករកស៊ីបើកអាជីវកម្មនៅលើទឹកដីខ្មែរគ្រប់បែបយ៉ាងក្នុងនោះរាប់ទាំងការបើករោងចក្រផលិតគ្រឿងញៀន ការសាងសងអគារបង្ខាំងមនុស្ស ចាប់ជំរិតជាដើម។ លើសពីនេះ ពួកគេតែងមានកាំភ្លើងកាន់កាប់ពេញៗដៃ ហើយពួកគេក៏មិនខ្លាចញញើតក្នុងការបាញ់សម្លាប់មនុស្សនៅកម្ពុជានោះដែរ។ ជាពិសេស ទោះបីរដ្ឋាភិបាលឯកបក្សបន្តយុទ្ធនាការប្រយុទ្ធប្រឆាំងនៃអំពើជួញដូរយ៉ាងណាក្ដី ក៏ក្រុមឧក្រិដ្ឋជនទាំងនោះតែបន្តអាជីវកម្មបែបឧក្រិដ្ឋរបស់ពួកគេក្នុងការបង្ខាំងមនុស្ស ជួញដូរមនុស្ស និងចាប់ជំរិតមនុស្សទារប្រាក់នៅលើទឹកដីខ្មែរដដែល។
នាយកទទួលបន្ទុកទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ (LICADHO) លោក អំ សំអាត យល់ថា មូលហេតុដែលនាំឱ្យក្រុមឧក្រិដ្ឋជននៅតែមិនខ្លាចញញើតចំពោះការបង្ក្រាបពីកម្លាំងសមត្ថកិច្ច ហើយពួកគេនៅតែបន្តប្រព្រឹត្តបទឧក្រិដ្ឋកម្មនានានោះ ពីព្រោះឧក្រិដ្ឋជនទាំងនោះបានដឹងថាកម្ពុជាពុំទាន់មានការអនុវត្តច្បាប់ត្រឹមត្រូវ និងឱ្យមានប្រសិទ្ធិដែលធ្វើឱ្យពួកគេខ្លាចរអានៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។