កម្មករស៊ីនទ្រី ជាង ២ពាន់នាក់ សម្រេចវិលចូលធ្វើការប្រមូលសំរាមតាមវេនរៀងៗ ខ្លួនវិញហើយ នៅរសៀលថ្ងៃទី១៤ តុលា ក្រោយពីទទួលបានដំណោះស្រាយជាក់លាក់មួយពីខាងក្រុមហ៊ុន និងសាលារាជធានីភ្នំពេញ។
អភិបាលរងរាជធានីភ្នំពេញ លោក កើតឆែ និងនាយករងក្រុមហ៊ុនស៊ីនទ្រី លោក សុខ ហួត យល់ព្រមតាមសំណើរបស់ក្រុមកម្មករ ដោយបញ្ចប់កិច្ចសន្យាការងារកម្មករទាំងអស់ នៅចុងខែមករាឆ្នាំ២០២១ ហើយទូទាត់បើកប្រាក់បំណាច់ និងអតីតភាពការងារផ្សេងៗ ឲ្យកម្មករនៅពាក់កណ្ដាលខែកុម្ភៈ ឆ្នាំ២០២១។
ក្នុងកំណត់ហេតុដោះស្រាយករណីកូដកម្មដែលអាស៊ីសេរីទទួលបាន បញ្ជាក់ថា រដ្ឋបាលសាលារាជធានីភ្នំពេញ ជាអ្នកធានាចំនួនទឹកប្រាក់ ដែលត្រូវទូទាត់ ដោយកាត់យកពីកញ្ចប់ប្រាក់សំណងសម្រាប់បញ្ចប់កិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន ស៊ីនទ្រី។
តំណាងកម្មករស៊ីនទ្រី លោក ឆែម បូណា ប្រាប់អាស៊ីសេរីថា កម្មករទាំងអស់ សប្បាយចិត្តទទួលយកដំណោះស្រាយលើកទី២ នេះ ដោយកាលបរិច្ឆេទបើកប្រាក់បំណាច់ច្បាស់លាស់ពីខាងក្រុមហ៊ុននិងសាលាក្រុង។
ប្រធានសហព័ន្ធសហជីពកម្មករ និយោជិកវិស័យទេសចរណ៍កម្ពុជា លោក ទូច កុសល ដែលចូលរួមកិច្ចប្រជុំនៅថ្ងៃទី១៤ តុលា មានប្រសាសន៍ថា ដំណោះស្រាយលើកទី២ ដែលលេចចេញជាផ្លែផ្កានេះ គឺពិតជាធ្វើឲ្យកម្មករទាំងអស់ មានទឹកចិត្តសប្បាយរីករាយ និងចូលធ្វើការងារវិញ ដោយពួកគាត់នឹងទទួលបានប្រាក់បំណាច់ការងារ នៅខែកុម្ភៈ ឆ្នាំ២០២១៖ «ខ្ញុំគិតថាដំណោះស្រាយថ្ងៃនេះ គឺភាគីទាំងអស់អាចទទួលបាន ជាពិសេសគឺកម្មករ មើលទៅទឹកមុខគាត់ញញឹមញញែម។ គាត់ដឹងថា គាត់នឹងត្រូវបានខាងក្រុមហ៊ុនទូទាត់អតីតភាពការងារ ក៏ដូចជាអត្ថប្រយោជន៍ផ្សេងៗ នៅក្នុងសប្ដាហ៍ទី២ ខែកុម្ភៈ ឆ្នាំ២០២១។ សូម្បីតែខ្ញុំជាតំណាងពួកគាត់ ដែលចូលរួមចរចាហ្នឹង គឺខ្ញុំមានការសប្បាយដោយសារដំណោះស្រាយថ្ងៃនេះ ខុសពីលើកមុន»។
កាលពីថ្ងៃទី២ ខែតុលា ក្រុមកម្មករប្រមូលសំរាមស៊ីនទ្រីជាង ១ពាន់ ២រយនាក់ ផ្ទុះការតវ៉ាមិនចូលធ្វើការ ព្រោះពួកគាត់បារម្ភខ្លាចបាត់បង់ការងារ និងមិនទទួលបានអត្ថប្រយោជន៍ការងារ នៅពេលមានក្រុមហ៊ុន ៣ ដេញថ្លៃប្រជែងជាមួយក្រុមហ៊ុនស៊ីនទ្រី ក្នុងសេវាកម្មប្រមូលសំរាមនៅរាជធានីភ្នំពេញ នៅពេលខាងមុខ។
ក្នុងអំឡុងពេលធ្វើកូដកម្មអស់រយៈពេល ១២ថ្ងៃ ក្រុមកម្មករប្រកាន់ជំហរទាមទារប្រាក់អត្ថប្រយោជន៍ការងារ និងប្រាក់សំណងបញ្ចប់កិច្ចសន្យាការងារ រួមមាន ប្រាក់បំណាច់អតីតភាព ប្រាក់សំណងជំងឺចិត្ត ប្រាក់ជួសការជូនដំណឹង ប្រាក់ខែចុងក្រោយ និងប្រាក់ឈប់សម្រាកប្រចាំឆ្នាំនៅសល់។
ប្រាក់ឈ្នួលកម្មករបោសសំរាមតាមផ្លូវក្នុងម្នាក់ គឺចន្លោះពី ៦០ម៉ឺនដល់ ៧០ម៉ឺនរៀល។ កម្មករកើបសំរាមទទួលបានប្រាក់ឈ្នួល ចាប់ពី ៧០ម៉ឺនដល់ ៨០ម៉ឺនរៀល ហើយអ្នកបើកឡានដឹកសំរាម គឺទទួលបានពី ២៥០ដុល្លារដល់ ៣០០ដុល្លារ។
ប្រធានសហព័ន្ធសហជីពកម្មករ និយោជិកវិស័យទេសចរណ៍កម្ពុជា លោក ទូច កុសល ឲ្យដឹងថា ឡានដឹកសំរាមជាង ៨០គ្រឿង រួមនឹងកម្មករដើរតាមឡាន ចេញប្រមូលសំរាមតាមគោលដៅរបស់ខ្លួន គិតចាប់ពីថ្ងៃទទួលបានដំណោះស្រាយនេះ ហើយឡានដឹកសំរាមជាង ២០០គ្រឿងទៀត នឹងចេញធ្វើការប្រមូលជាធម្មតានៅថ្ងៃបន្ទាប់។
ក្នុងអំឡុងពេលមានជំនន់ទឹកភ្លៀងនេះ ក្រុមកម្មករស៊ីនទ្រី មិនអាចប៉ាន់ស្មានថា ពួកគាត់នឹងត្រូវចំណាយពេលប៉ុន្មានថ្ងៃ ទើបអាចប្រមូលសំរាមដែលរាយប៉ាយតាមដងផ្លូវឲ្យហើយអស់នោះទេ ព្រោះកម្មករមួយចំនួន មិនទាន់ត្រឡប់មកពីស្រុកកំណើតវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។