ប្រជាពលរដ្ឋភូមិដូនឈូក ស្នើអាជ្ញាធរអន្តរាគមន៍ឱ្យតុលាការខេត្តកំពង់ធំ លើកលែងបទចោទទាក់ទងនឹងសកម្មភាពឈូសឆាយផ្លូវធ្វើដំណើរចូលភូមិ។ មន្ត្រីសង្គមស៊ីវិលលើកឡើងថា អាជ្ញាធរខេត្តគួរសម្របសម្រួលទំនាស់រវាងប្រជាពលរដ្ឋ និងម្ចាស់ដីនៅអមសងខាងផ្លូវឱ្យបានឆាប់ ជាជាងអូសបន្លាយរឿងក្ដីនៅតុលាការ នាំឱ្យប្រជាពលរដ្ឋចេញតវ៉ាជាថ្មី។
ប្រជាពលរដ្ឋនៅភូមិដូនឈូក ឃុំនីពេជ្រ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ស្នើឱ្យអាជ្ញាធរអន្តរាគមន៍ឱ្យតុលាការខេត្តកំពង់ធំ លើកលែងបទចោទប្រកាន់ទៅលើអ្នកដែលបានឈូសឆាយផ្លូវឱ្យបានឆាប់ ជាជាងបន្តនីតិវិធីនៅតុលាការធ្វើឱ្យប៉ះពាល់ជីវភាពរបស់ប្រជាពលរដ្ឋ។
ពលរដ្ឋភូមិដូនឈូកម្នាក់ គឺលោក ញឹម វ៉ាង ប្រាប់វិទ្យុអាស៊ីសេរីថា អយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានកោះហៅលោក និងលោក ញឹម ភាន់ ឱ្យចូលបំភ្លឺនៅតុលាការខេត្តកំពង់ធំ នៅថ្ងៃទី៧ ខែកុម្ភៈ។ លោកចាត់ទុកថា ការបន្តនីតិវិធីលើប្រជាពលរដ្ឋដែលគ្រាន់តែឈូសឆាយដីផ្លូវ ដែលមានតាំងពីបុរាណ ដើម្បីឱ្យប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរឡើងវិញនេះ គឺជាការធ្វើទុក្ខបុកម្នេញលើប្រជាពលរដ្ឋសាជាថ្មីម្ដងទៀត ខណៈការឈូសឆាយផ្លូវទំហំ៦ម៉ែត្រ គឺធ្វើឡើងទៅតាមទំហំមានតាំងពីបុរាណមកតែប៉ុណ្ណោះ។
លោក ញឹម វ៉ាង៖ «សំណូមពរអាជ្ញាធរគ្រប់លំដាប់ថ្នាក់ទាំងអស់ សំណូមពរឱ្យគាត់មើលសំណុំរឿងហ្នឹងសារថ្មីវិញ ម្ដេចក៏រឿងហ្នឹងចប់ពីរឿងមួយហើយ ចូលមួយទៀត ឥឡូវដល់៧នាក់ទៀត។ ចង់ឱ្យគាត់ដកពាក្យបណ្ដឹងហ្នឹងឯង ដើម្បីឱ្យប្រជាពលរដ្ឋធ្វើដំណើរបានស្រួល កុំឱ្យប្ដឹងប្រជាពលរដ្ឋវិញ»។
ដោយសារតែមានការតវ៉ារបស់ប្រជាពលរដ្ឋភូមិដូនឈូកប្រមាណ៣០០នាក់ នៅខាងមុខសាលាខេត្តកំពង់ធំ តុលាការខេត្តនេះបានដោះលែងលោក ឡូត ឡាញ់ ដែលជាអ្នកឈូសឆាយផ្លូវចូលភូមិឱ្យមានសេរីភាពវិញ កាលពីថ្ងៃទី២៩ ខែធ្នូ។ លោក ឡូត ឡាញ់ បានជាប់ពន្ធនាគារ ជិត១ខែ ក្រោមបទចោទ ប្រើហិង្សាទៅលើអ្នកកាន់កាប់អចលនវត្ថុដោយសុចរិត ដែលមានលោកស្រី សាន់ ចំប៉ា ជាម្ចាស់ដីនៅអមសងខាងផ្លូវចូលទៅកាន់ភូមិដូនឈូកជាដើមបណ្ដឹង។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអភិបាលរងស្រុកកំពង់ស្វាយ លោក ឡាង សារ៉ូ និងភាគីម្ចាស់ដីនៅអមសងខាងផ្លូវ លោកស្រី សាន់ ចំប៉ា ដើម្បីសុំការបកស្រាយជុំវិញរឿងនេះបាននៅឡើយទេ នៅថ្ងៃទី៤ ខែកុម្ភៈ។
ជុំវិញរឿងនេះ ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ លោក កើត សារ៉ាយ មានប្រសាសន៍ថា អាជ្ញាធរពាក់ព័ន្ធគួរអន្តរាគមន៍ឱ្យតុលាការលើកលែងបទចោទប្រកាន់ ទៅលើប្រជាពលរដ្ឋឱ្យបានឆាប់ ព្រោះការឈូសឆាយផ្លូវរបស់អ្នកភូមិ ធ្វើឡើងក្នុងគោលបំណងបានផ្លូវធ្វើដំណើរចូលភូមិវិញតែប៉ុណ្ណោះ។
លោក កើត សារ៉ាយ៖ «ខ្ញុំក៏អំពាវនាវដល់តុលាការខេត្តកំពង់ធំដែរ ថា សុំឱ្យកុំចាត់ទុករឿងបែបនេះជារឿងបទល្មើសអី សូមចាត់ទុកវាគ្រាន់តែជារឿងបែបការរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋទៅ ហើយព្យាយាមសម្របសម្រួល ជាជាងរុញរឿងហ្នឹងឱ្យទៅជាបទល្មើសព្រហ្មទណ្ឌ ដែលវាអាចនឹងមានរឿងក្ដីក្ដាំ ហើយវាក៏មិនបានឆ្លុះបញ្ចាំងអំពីការយោគយល់ និងអធ្យាស្រ័យនូវកំហុសដែលពលរដ្ឋគាត់ប្រព្រឹត្តិដោយអចេតនា ឬក៏ការប្រព្រឹត្តិហ្នឹងវាមិនទាន់បង្ហាញអំពីការរំលោភបំពានណាមួយជាក់លាក់»។
ក្រៅពីលោក ញឹម វ៉ាង និងលោក ញឹម ភាន់ តុលាការខេត្តកំពង់ធំក៏បានកោះហៅប្រជាពលរដ្ឋ៥នាក់ផ្សេងទៀត ឱ្យចូលឆ្លើយបំភ្លឺនៅតុលាការនៅថ្ងៃទី២៧ ខែកុម្ភៈ ផងដែរ។ តំណាងប្រជាពលរដ្ឋលើកឡើងថា ប្រសិនបើតុលាការមិនលើកលែងបទចោទប្រកាន់ទេនោះ អ្នកភូមិដូនឈូក នឹងធ្វើដំណើរតវ៉ាទាមទាររកយុត្តិធម៌ជាថ្មីទៀត នៅខាងមុខផ្ទះនាយករដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ក្នុងរាជធានីភ្នំពេញ ក្នុងពេលឆាប់ៗខាងមុខ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។