ពលរដ្ឋដែលរារាំងអាជ្ញាធរជាតិអប្សរា មិនឲ្យរុះរើផ្ទះសម្បែង ស្នើដល់តុលាការខេត្តសៀមរាប លើកលែងការចោទប្រកាន់។ ជុំវិញរឿងនេះ មន្ត្រីអង្គការសង្គមស៊ីវិលថា ការរុះរើផ្ទះពលរដ្ឋជាការរំលោភសិទ្ធិមនុស្សមួយធ្ងន់ធ្ងរ និងស្នើតុលាការឲ្យមានភាពឯករាជ្យ ហើយមិនគួរចូលរួមរំលោភសិទ្ធិមនុស្ស។
ពលរដ្ឋម្នាក់ នៅភូមិតាប្រាក់ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលរងពាក្យបណ្ដឹងពីអាជ្ញាធរជាតិអប្សរា លោក សួង ស៊ាក ប្រាប់វិទ្យុអាស៊ីសេរី កាលពីថ្ងៃទី២៥ វិច្ឆិកាថា ពលរដ្ឋរាប់រយនាក់ ដែលបានរារាំងអាជ្ញាធរអប្សរាមិនឲ្យរុះរើសំយ៉ាបផ្ទះ កាលពីថ្ងៃ ទី៨ សីហានោះ មិនបានប្រើអំពើហិង្សាលើអាជ្ញាធរនោះទេ។ លោកស្នើដល់សាលាដំបូងខេត្តសៀមរាប ទម្លាក់ការចោទប្រកាន់លើពួកគាត់។ «»
សាលាដំបូងខេត្តសៀមរាប កាលពីថ្ងៃទី២៤ វិច្ឆិកា បានបើកសវនាការ ដើម្បីសាកសួរដេញដោល តាមពាក្យបណ្ដឹងរបស់អាជ្ញាធរជាតិអប្សរា ដែលបានប្ដឹងពលរដ្ឋ ចំនួន ៤នាក់ រស់នៅភូមិតាប្រាក់ ឃុំមានជ័យ ស្រុកប្រាសាទបាគង ខេត្តសៀមរាប រួមមានលោក សួង ស៊ាក លោក វ៉ា ចំណាប់ លោក ឃ្លោក គុយបា និងលោក វ៉ៃ វណ្ណា ពីបទប្រឆាំងនឹងការអនុវត្តការងារសាធារណៈ ធ្វើឲ្យខូចដោយចេតនា និងហិង្សាដោយចេតនា ពាក់ព័ន្ធនឹងពលរដ្ឋជាច្រើនរយនាក់ កាលពីថ្ងៃទី៨ សីហា បានរារាំងមិនឲ្យអាជ្ញាធរជាតិអប្សរារុះរើតង់ និងផ្ទះសម្បែងរបស់ពួកគាត់។
វិទ្យុអាស៊ីសេរី នៅពុំទាន់អាចទាក់ទងអ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប អ្នកស្រី សាត ធីតា ដើម្បីសុំការឆ្លើយតប សំណើរបស់ពលរដ្ឋនេះបាននៅឡើយទេ នៅថ្ងៃទី២៥ វិច្ឆិកា ដោយទូរស័ព្ទចូលតែគ្មានអ្នកទទួល។
សេចក្ដីសម្រេចស្ដីពីការកំណត់បទដ្ឋាន នៃការប្រើប្រាស់ដីធ្លីនៅតំបន់១ និងតំបន់២ ក្នុងតំបន់រមណីដ្ឋានសៀមរាប-អង្គរ របស់អតីតនាយករដ្ឋមន្ត្រីហ៊ុន សែន បានកំណត់ការប្រើប្រាស់ដីធ្លីក្នុងតំបន់ ១ និងតំបន់២ ក្នុងតំបន់រមណីយដ្ឋានសៀមរាប-អង្គរថា ពលរដ្ឋ ដែលមានលំនៅឋាន រស់នៅយូរលង់អាចបន្តរស់នៅតទៅទៀតបាន ដោយមិនបានការបណ្ដេញចេញពីភូមិដ្ឋានឡើយ។ មួយវិញទៀត ប្រជាពលរដ្ឋ អាចរុះរើជួសជុលផ្ទះចាស់ទ្រុឌទ្រោម ឬសាងសង់ថ្មី ដោយសុំការអនុញ្ញាតពីអាជ្ញាធរជាតិអប្សរា និងអាចផ្ទេរមរតកឲ្យទៅញាតិសន្ដាន ឬអ្នកភូមិជាមួយបាន លើកឡើងការលក់ទៅឲ្យឈ្មួញ ឬលក់សម្រាប់សង់អគារជាដើម។
ទោះជាមានសេចក្ដីសម្រេចបែបនេះក្ដី ពលរដ្ឋអះអាងថា ពួកគាត់មិនអាចជួសជុលផ្ទះ ដែលធ្លុះធ្លាយ ឬធ្វើសំយ៉ាបផ្ទះដើម្បីបាំងខ្យល់បាំងភ្លៀងបាននោះទេ។ ជាងនេះទៅទៀត សូម្បីតែការសាងសង់បន្ទប់ទឹក សម្រាប់បន្ទោបង់ក៏មិនត្រូវបានអនុញ្ញាតឲ្យសាងសង់នោះដែរ។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទង អគ្គនាយករងអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល ដើម្បីសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះ បាននៅឡើយទេ នៅថ្ងៃទី២៥ វិច្ឆិកាដដែលនេះ។
ទាក់ទងនឹងបញ្ហានេះ មន្ត្រីទទួលបន្ទុកសិទ្ធិមនុស្ស និងធុរកិច្ច នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សូផាត ថ្លែងប្រាប់វិទ្យុអាស៊ីសេរីថា ការរុះរើផ្ទះសម្បែងពលរដ្ឋ ជាអំពើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ។ លោកបន្ថែមថា ចំពោះការតវ៉ារបស់ពលរដ្ឋ ដើម្បីការពារផ្ទះសម្បែងរបស់ខ្លួន មិនមែនជាអំពើខុសច្បាប់នោះទេ។ លោកបន្តថា សកម្មភាពទាំងនោះជាសិទ្ធិសេរីភាពមូលដ្ឋានរបស់ពលរដ្ឋ គឺសិទ្ធិមានលំនៅឋានសមរម្យ ដែលអាចរស់នៅប្រកបដោយភាពថ្លៃថ្នូរ។ «»
ចំណែកឯ អ្នកសម្របសម្រួលផ្នែកឃ្លាំមើលការរំលោភសិទ្ធិមនុស្សនៃអង្គការលីកាដូ ប្រចាំនៅខេត្តបាត់ដំបងលោក អ៊ិន គង់ជិត ប្រាប់វិទ្យុអាស៊ីសេរីថា លោកបានចុះសិក្សាករណីអាជ្ញាធរអប្សរាបានប្ដឹងពលរដ្ឋនៅស្រុកប្រាសាទបាគង ខេត្តសៀមរាប ពីបទប្រឆាំងនឹងការអនុវត្តការងារសាធារណៈ ធ្វើឲ្យខូចដោយចេតនា និងហិង្សាដោយចេតនា។ ពលរដ្ឋបានអះអាងប្រាប់លោកថា ពលរដ្ឋមិនបានរារាំងអាជ្ញាធរនោះទេ គ្រាន់តែពេលអាជ្ញាធរអប្សរាចុះទៅដល់ភូមិតាប្រាក់ ឃុំមានជ័យ ស្រុកប្រាសាទបាគងនោះ ពលរដ្ឋបាននាំគ្នាមកចោមរោមច្រើន ជាហេតុ អាជ្ញាធរ មិនបានរុះរើ សំយ៉ាបផ្ទះប្រក់តង់របស់ពលរដ្ឋនោះបាន។ មួយវិញទៀត ពលរដ្ឋក៏មិនបានប្រើអំពើហិង្សាលើអាជ្ញាធរ ឬធ្វើឲ្យខូចខាតទ្រព្យសម្បត្តិអ្វីនោះដែរ។ «»
ទាក់ទងនឹងការរស់នៅរបស់ពលរដ្ឋនៅតំបន់អង្គរ មានពលរដ្ឋជាច្រើនពាន់គ្រួសាររស់នៅតំបន់អប្សរាក្នុងក្រុងសៀមរាបស្រុកអង្គរធំ ស្រុកបន្ទាយស្រី និងពលរដ្ឋមួយចំនួនរស់នៅស្រុកប្រាសាទបាគងបានបង្ខំចិត្តរុះរើផ្ទះសម្បែង ចេញពីតំបន់ឧទ្យានអង្គរជាបន្តបន្ទាប់ហើយចាប់តាំងពីចុងឆ្នាំ២០២២រហូតមក។ ការផ្លាស់ប្ដូរទីលំនៅនេះដោយសារពួកគាត់គ្មានជម្រើស និងភ័យខ្លាចរដ្ឋាភិបាលបណ្តេញចេញដោយបង្ខំដោយគ្មានសំណងអ្វីទាំងអស់។
អង្គការលើកលែងទោសអន្តរជាតិ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា បានចេញផ្សាយរបាយការណ៍ស្រាវជ្រាវ ដោយរកឃើញថា រដ្ឋាភិបាលកម្ពុជាបានយកឈ្មោះអង្គការ UNESCO និងលេសពាក្យថា អភិរក្សជា «អាវុធ» ដើម្បីបណ្ដេញពលរដ្ឋដោយបង្ខំចេញតំបន់អង្គរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក។
ឆ្លើយតបរបាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិនេះ អង្គការយូណេស្កូ (UNESCO) ភ្លាមៗ បានចេញមុខអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់បណ្ដេញពលរដ្ឋដោយបង្ខំចេញពីតំបន់អង្គរ។ អង្គការយូណេស្កូ UNESCO ក៏អំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាធានាគោរពសិទ្ធិពលរដ្ឋរស់នៅតំបន់អង្គរ ដោយត្រូវអនុវត្តតាមសំណើរបស់អង្គការលើកលែងទោសអន្តរជាតិ ដែលបានលាតត្រដាងពីការរំលោភសិទ្ធិមនុស្សរបស់អាជ្ញាធររដ្ឋាភិបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។