សាលាក្រុងភ្នំពេញហាមមិនឲ្យរៀបចំសង្ក្រាន្តវត្តភ្នំ នៅតាមនៅតាមខណ្ឌទាំង១៤ និងមិនអនុញ្ញាតឲ្យជួបជុំកម្មវិធីកម្សាន្តប្រជាប្រិយក្នុងឱកាសឈប់សម្រាកចូលឆ្នាំខ្មែរ ថ្ងៃទី១៤ ដល់ ថ្ងៃទី១៦ ខែមេសា នោះឡើយ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។
សេចក្ដីណែនាំរបស់សាលាក្រុងភ្នំពេញ ស្ដីពី ការរឹតបណ្ដឹងការអនុវត្តវិធានការសន្តិសុខ សុវត្ថិភាពសណ្ដាប់ធ្នាប់ និងរបៀបរៀបរយ វិធានការបង្ការ ទប់ស្កាត់ការរាតត្បាតជំងឺកូវីដ-១៩ នៅក្នុងឱកាសឈប់សម្រាកចូលឆ្នាំខ្មែរ ផ្សព្វផ្សាយ ហាមមិនឲ្យចេញដំណើរក្រៅគេហដ្ឋាន ឬពីកន្លែងសំណាក់បើគ្មានការចាំបាច់ និងជៀសវាងការធ្វើដំណើរទៅកាន់ខេត្តផ្សេងៗ។ ហាមជួបជុំប្រារព្ធពិធីកម្សាន្តបែបប្រពៃណី លើកលែងតែការជួបជុំក្នុងចំណោមសមាជិកគ្រួសារនិងសាច់ញាតិ នៅក្នុងលំនៅដ្ឋាន ឬទីសំណាក់ជាមួយគ្នាប៉ុណ្ណោះ។
ចំពោះនៅតាមទីវត្តអារាម ទីកន្លែងសក្ការៈបូជា រមណីយដ្ឋាន ភោជនីដ្ឋានអាហារដ្ឋាន កន្លែងអាជីវកម្ម ឬទីតាំងកម្សាន្តសប្បាយនានាវិញ ត្រូវសហការជាមួយអាជ្ញាធរ និងមន្ត្រីជំនាញ ដោយម្ចាស់ទីតាំងត្រូវអនុវត្តដោយមានអ្នកបាញ់អាល់កុល វាស់កម្ដៅ ចែកម៉ាស់រួមទាំងអនុវត្តវិធានការផ្សេងៗទៀត ដូចជា រក្សាគម្លាត កំណត់ចំនួនអ្នកចេញចូល ទីតាំងមានខ្យល់អាកាសចេញចូលគ្រប់គ្រាន់ ជៀសវាងទីតាំងបិទជិត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។
សាលាក្រុងបញ្ជាក់ថា ចំណែកឯវិធានការផ្អាកជាបណ្ដោះអាសន្ន នូវសកម្មភាពអាជីវកម្មតាមតូបអាហារ អាហារដ្ឋាន ភោជនីយដ្ឋាន ហាងភេសជ្ជៈ គ្រឿងស្រវឹង និងភោជនីយដ្ឋានតាមសណ្ឋាគារនៅតែបន្តអនុវត្ត។ រីឯការផ្អាកបណ្ដោះអាសន្ននូវការធ្វើចរាចរណ៍ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នៅចន្លោះម៉ោង៨យប់ដល់ម៉ោង៥ភ្លឺ ត្រូវបន្តអនុវត្តជាប់ជាប្រចាំរហូតដល់អស់សុពលភាពដដែល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។