មន្ត្រី​សង្គម​ស៊ីវិល​ និង​អ្នកវិភាគ​ថា​កម្ពុជា​កំពុង​ក្លាយ​ជា​កន្លែង​សម្រាប់​ជនជាតិ​ចិន​បើក​រោងចក្រ​ផលិត​គ្រឿងញៀន

ជនជាតិ​ចិន​ចំនួន ៧នាក់​ ដែល​សមត្ថកិច្ច​បង្ក្រាប​គ្រឿងញៀន​ខេត្ត​ព្រះសីហនុ ចាប់ខ្លួន ព្រម​ទាំង​រឹបអូស​បាន​សារធាតុគីមី​ផ្សំ​កែច្នៃ​ជា​គ្រឿងញៀន កាល​ពី​ថ្ងៃ​ទី២៩ ខែមិថុនា ឆ្នាំ២០២២។
ជនជាតិ​ចិន​ចំនួន ៧នាក់​ ដែល​សមត្ថកិច្ច​បង្ក្រាប​គ្រឿងញៀន​ខេត្ត​ព្រះសីហនុ ចាប់ខ្លួន ព្រម​ទាំង​រឹបអូស​បាន​សារធាតុគីមី​ផ្សំ​កែច្នៃ​ជា​គ្រឿងញៀន កាល​ពី​ថ្ងៃ​ទី២៩ ខែមិថុនា ឆ្នាំ២០២២។ (រូប៖ ហ្វេសប៊ុកអគ្គស្នងការដ្ឋាននគរបាលជាតិ)

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ​និង​អ្នកវិភាគ​ រិះគន់​ថា​ អាជ្ញាធរ​រដ្ឋាភិបាល​ គ្មាន​ឆន្ទៈ​អនុវត្ត​គោលនយោបាយ​ក្នុង​ការ​ទប់ស្កាត់​ករណី​បទល្មើស​ឧក្រិដ្ឋកម្ម​គ្រឿងញៀន​ឱ្យ​មាន​ប្រសិទ្ធភាព​នោះ​ទេ​ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ជនជាតិ​ចិន​បន្ត​យក​ទឹក​ខ្មែរ​សម្រាប់​ធ្វើ​ជា​កន្លែង​ផលិត​គ្រឿងញៀន​ជា​បន្ត​បន្ទាប់។ ប្រតិកម្ម​របស់​មន្ត្រី​សង្គម​ស៊ីវិល​ និង​អ្នកវិភាគ​បែប​នេះ ក្រោយ​ពី​សមត្ថកិច្ច​បង្ក្រាប​បាន​ជនជាតិ​ចិន​ចំនួន ៧នាក់​បន្ថែម​ទៀត ព្រម​ទាំង​រឹបអូស​បាន​សារធាតុគីមី​ផ្សំ​កែច្នៃ​ទៅ​ជា​គ្រឿងញៀន​ប្រមាណ​ជាង​ចំនួន ១៤តោន ដែល​ពួក​គេ​បាន​បើក​រោងចក្រ​ផលិត​នៅ​ខេត្ត​ព្រះសីហនុ។

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​លើកឡើង​ថា​ ការ​បណ្ដែតបណ្ដោយ​ឱ្យ​ក្រុម​ឧក្រិដ្ឋជន​ចិន​អាច​បន្ត​បើក​រោងចក្រ​ផលិត​គ្រឿង​ញៀន​នៅ​កម្ពុជា​ដោយ​ឥត​ញញើត​ច្បាប់​ជា​បន្ត​បន្ទាប់​មក​នេះ ដោយសារ​តែ​អាជ្ញាធរ​នៃ​របប​ឯក​បក្ស​គ្មាន​ឆន្ទៈ​ និង​អសមត្ថភាព​ស៊ើបអង្កេត​ឱ្យ​ដល់​ឫសគល់ ​ចំពោះ​មន្ត្រី​ និង​អ្នក​មាន​អំណាច​នៅ​ពី​ក្រោយ​ខ្នង។ ពួកគាត់​យល់​ថា​ ការណ៍​ដែល​ជនជាតិ​ចិន​ទាំងនោះ​ចូល​មក​វិនិយោគ​រកស៊ី​បើក​សិប្បកម្ម​រោងចក្រ​ផលិត​គ្រឿងញៀន​លើ​ទឹក​ដី​ខ្មែរ​ឥត​ឈប់​ឈរ​កន្លង​មក​នេះ​ កាន់​តែ​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ថា ជនជាតិ​ចិន​ទាំងនោះ​មិនបាន​កោតខ្លាច​ចំពោះ​ប្រព័ន្ធ​ច្បាប់​កម្ពុជា​នោះ​ទេ។

មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក (ADHOC) ​ប្រចាំ​ខេត្ត​ព្រះសីហនុ អ្នកស្រី ជៀប សុធារី​ ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី៧ កក្កដា​ថា ការ​បន្ត​ចែកចាយ​ និង​ការ​បើក​រោងចក្រ​ពី​សំណាក់​ក្រុម​ឧក្រិដ្ឋជន​ដើម្បី​ផលិត​គ្រឿងញៀន​នេះ​ បាន​ធ្វើ​ប្រជាពលរដ្ឋ​ទូទៅ​ក្នុង​ខេត្តព្រះសីហនុ​សម្ដែង​ក្ដី​បារម្ភ​យ៉ាង​ខ្លាំង។ អ្នកស្រី​បន្ត​ថា​ ករណី​បទល្មើស​គ្រឿងញៀន​ក្នុង​ខេត្ត​ព្រះសីហនុ​នៅ​តែ​មិន​មាន​ភាព​ថមថយ​ទេ ដោយសារ​តែ​ការ​ចរាចរ​នៃ​គ្រឿងញៀន​នេះ​ បាន​រីកសាយ​ភាយ​តាំង​ពី​ទី​ក្រុង​រហូត​ដល់​ទី​ជនបទ។

អ្នកស្រី​ព្រួយ​បារម្ភ​ថា​ បើ​ការ​នាំចូល​សារធាតុ​ញៀន​មក​កម្ពុជា​នៅតែ​បន្ត​កើត​មាន​យ៉ាង​គំហុក​បែប​នេះ នឹង​បង្ក​ប៉ះពាល់​សង្គម​កាន់​តែ​ខ្លាំង​ ជាពិសេស​ទាក់ទង​នឹង​ករណី​ចាប់​ជំរិត​ និង​ការ​ប្រើ​អំពើ​ហិង្សា​ជាដើម៖ « រាល់​គ្រឿងញៀន​ដែល​យើង​រឹបអូស​យក​បាន​ គួរ​តែ​ធ្វើ​ការ​បំផ្លាញ។ ពេល​ខ្លះ​យើង​ព្រួយបារម្ភ​ថា​ នៅ​ពេល​ដែល​ចាប់​បាន​ច្រើន​អ៊ីចឹង​ តើ​យក​ទៅ​រក្សា​ទុក​នៅ​កន្លែង​ណា ? យើង​ខ្លាច​មាន​ការ​លួច​យក​ចេញ​ថែម​ទៀត​ ព្រោះ​កន្លង​មក​តាម​ដែល​ខ្ញុំ​ធ្លាប់​ដឹង​គឺថា​អ្នក​ជួញដូរ​មាន​អ្នក​ខ្លះ​ជា​សមត្ថកិច្ច​ដែរ។ អា​ហ្នឹង​ហើយ​ដែល​វា​ជា​ការ​ព្រួយបារម្ភ​ ហើយ​បើសិនជា​មាន​អ្នក​ដែល​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ជួញដូរ​ធ្វើ​ចរាចរណ៍​ចែកចាយ​អី​ហ្នឹង​ជា​កម្លាំង​សមត្ថកិច្ច​ សូម​មេត្តា​ដាក់​ទោស​ពួកគាត់​ទៅ​កុំ​ឱ្យ​មាន​ការ​យោគយល់​ឱ្យ​សោះ »

ទន្ទឹម​គ្នា​នេះ​ដែរ​ នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី​ លើក​ឡើង​ថា​ ជនជាតិ​ចិន​ដែល​មក​ផលិត​គ្រឿងញៀន​នៅ​កម្ពុជា​ជា​បន្តបន្ទាប់​មក​នេះ​ ដោយ​សារ​តែ​ក្រុម​ឧក្រិដ្ឋជន​ទាំងនោះ​បាន​ដឹង​ថា​ ប្រព័ន្ធ​នីតិរដ្ឋ​កម្ពុជា​មិន​ទាន់​រឹងមាំ​នៅ​ឡើយ។ លោក​បន្ត​ថា​ ករណី​ជនជាតិ​ចិន​បន្ត​នាំ​សារធាតុ​គីមី​ផ្សំ​កែច្នៃ​ជា​គ្រឿងញៀន ​ដើម្បី​បើក​រោងចក្រ​ផលិត​នៅ​កម្ពុជា​ដោយ​ឥត​ញញើត​ច្បាប់​បែប​នេះ​ អាច​មាន​ជាប់ពាក់ព័ន្ធ​នឹង​អំពើ​លាង​លុយ​កខ្វក់ និង​អំពើ​ពុក​រលួយ​ជា​មួយ​អ្នក​មាន​អំណាច ​និង​មន្ត្រី​ខិលខូច​មួយ​ចំនួន៖ « អ៊ីចឹង​ ក្រុម​ឧក្រិដ្ឋជន​ អន្តរជាតិ​គិត​ថា​ នៅ​ក្នុង​ដែនដី​ហ្នឹង​ គាត់​ងាយ​ស្រួល​ នៅ​ក្នុង​ការ​ធ្វើ​ប្រតិបត្តិ​ការ​ផលិត​ក្ដី នាំ​ចេញ​ក្ដី​ ឬ​ក៏​ចែក​ចាយ​ក្តី​គ្រឿងញៀន​ហ្នឹង​ទៅ​ឱ្យ​ក្រុម​គោលដៅ​របស់​គាត់​។ បើ​សិនជា​ កម្ពុជា​យើង​ចង់ដោះ​ខ្លួន​អំពី​បញ្ជី​ប្រផេះ​ ទាក់ទង​ទៅ​នឹង​ការ​ប្រយុទ្ធ​ប្រឆាំង ​នឹង​ការ​លាង​លុយ​កខ្វក់​ ហិរញ្ញប្បទាន​ភារវកម្ម​អីជា​ដើមហ្នឹង​ យើង​គួរតែ​នាំ​គ្នា​អនុវត្ត​ច្បាប់​ ហើយ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ហ្នឹង​ឱ្យ​ជា​ប្រព័ន្ធ »

ប្រតិកម្ម​របស់​មន្ត្រី​សង្គម​ស៊ីវិល​បែប​នេះ​ ក្រោយ​ពី​កម្លាំង​សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​បាន​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន​ជនជាតិ​ចិន​ចំនួន ៧នាក់​បន្ថែម​ទៀត​ ដែល​ពួក​គេ​បាន​នាំចូល​សារធាតុគីមី​ផ្សំ​កែ​ទៅ​ជា​គ្រឿងញៀន​ និង​បើក​រោងចក្រ​ផលិត​កែច្នៃ​ក្នុង​ខេត្ត​ព្រះសីហនុ។

គេហទំព័រ​របស់ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​នៅ​ថ្ងៃ​ទី៥​ កក្កដា​ បង្ហាញ​ថា​ ក្នុង​ការ​ចុះ​បង្ក្រាប​ទីតាំង​កន្លែង​សិប្បកម្ម​ផលិត​គ្រឿងញៀន​នោះ​ សមត្ថកិច្ច​រឹបអូស​ សារធាតុ​គីមី​ផ្សំ​ទៅ​ជា​គ្រឿងញៀន​ចំនួន​ជាង ១៤តោន​។ ក្រៅ​ពី​នេះ​ ក៏​មាន​សម្ភារៈ​កែច្នៃ​ក្នុង​ការ​ផលិត​មាន ​ដូចជា ​ឆ្នាំង​ និង​កែវ​ ប្រតិកម្ម​សរុប​ចំនួន​ ៥៧គ្រឿង​ ម៉ាស៊ីន​ភ្លើង​ចំនួន ៣គ្រឿង ជើង​ទម្រ​ធុង​ប្រតិកម្ម​ចំនួន ៥៩គ្រឿង ​ម៉ូទ័រ​ក្រឡុក​ចំនួន​ ១គ្រឿង​ ម៉ាស៊ីន​ប្រតិកម្ម​ចំនួន​ ៥គ្រឿង រួម​ទាំង​ឧបករណ៍​កែច្នៃ​ និង​ធុង​សម្រាប់​ផ្ទុក​គ្រឿងញៀន​ជិត ​៣រយ ​(២៩៨)​ ធុង។ អាជ្ញាធរ​ អះអាង​ថា​ មេ​ខ្លោង​នៃ​ក្រុម​ឧក្រិដ្ឋជន​គ្រឿងញៀន​ទាំង ​៧នាក់​នោះ​ សមត្ថកិច្ច​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​សាលា​ដំបូង​ខេត្ត​ព្រះសីហនុ​ចាត់​ការ​បន្ត​តាម​នីតិវិធី​រួចរាល់​ហើយ។

ទោះជា​យ៉ាង​ណា​ក្ដី មន្ត្រី​ផ្នែក​ឃ្លាំមើល​សិទ្ធិមនុស្ស​នៃ​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី ​មាន​ប្រសាសន៍​ថា​ តុលាការ​ខេត្តព្រះសីហនុ​មិន​បាន​ប្រកាស​សាលក្រម​ក្នុង​ការ​កាត់​ទោស​ក្រុម​ឧក្រិដ្ឋជន​ទាំង​នេះ​ជា​សាធារណៈ​ ដើម្បី​ឱ្យ​ពលរដ្ឋ​បាន​ដឹង​ និង​មាន​ជំនឿ​នៅ​ឡើយ​ទេ។ អ្នកស្រី​លើកឡើង​ថា បើ​ករណី​បទ​ឧក្រិដ្ឋកម្ម​ផ្សេងៗ ជាពិសេស​ករណី​ឧក្រិដ្ឋកម្ម​គ្រឿងញៀន​ទ្រង់ទ្រាយ​ធំ​បែប​នេះ​មាន​ការ​បិទ​បាំង​ព័ត៌មាន ​ហើយ​មិន​ត្រូវ​បាន​អាជ្ញាធរ​មាន​សមត្ថកិច្ច​ បង្ហាញ​ពី​ដំណើរ​ក្នុង​ការ​អនុវត្ត​ទោស​លើ​ជនល្មើស​ឱ្យ​ច្បាស់លាស់​ គឺ​ជា​ហេតុ​ធ្វើ​មហាជន​មាន​មន្ទិល​លើ​ភាព​មិន​ប្រក្រតី​នៃ​ប្រព័ន្ធ​ច្បាប់​កម្ពុជា។

វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​ អគ្គ​ស្នងការ​រង​នគរបាល​ជាតិ​ទទួល​ផែន​ប្រឆាំង​គ្រឿងញៀន​ លោក ម៉ក់ ជីតូ ព្រះរាជ​អាជ្ញា​រង​សាលាដំបូង​ខេត្តព្រះសីហនុ​ លោក ពេញ ពិសិដ្ឋ​ និង​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​ លោក ជួន ណារិន្ទ ដើម្បី​សុំ​អត្ថាធិប្បាយ​រឿង​នេះ​បាន​ទេ​ នៅ​ថ្ងៃ​ទី៧ កក្កដា។

ប៉ុន្តែ​ លោក ម៉ក់ ជីតូ ​ប្រាប់​កាសែត​ក្នុង​ស្រុក​ថ្មីៗនេះ​ ថា​ការ​បង្ក្រាប​ជនជាតិ​ចិន​ទាំង ៧នាក់​នេះ ​សមត្ថកិច្ច​ ទទួល​បាន​តម្រុយ​សម្ងាត់​ និង​ធ្វើ​ការ​តាមដាន​អស់​រយៈពេល​ជាង​ ២​ ខែ មក​ហើយ។ ក្រៅ​ពី​នេះ ​លោក​ ក៏​ធ្លាប់​លើកឡើង​ ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា កម្ពុជា ​ជា​តំបន់​មួយ​ដែល​ក្រុម​ឧក្រិដ្ឋ​ជន​ចង់​បាន​ធ្វើ​ជា​កន្លែង​ផលិត​គ្រឿង​ញៀន។

ទាក់ទង​នឹង​រឿង​នេះ​ដែរ​ អ្នក​វិភាគ​នយោបាយ និង​សង្គម ​លោក គឹម សុខ ​វិញ ​លើក​ឡើង​ថា​ ករណី​ឧក្រិដ្ឋកម្ម​គ្រឿងញៀន​នៅ​កម្ពុជា​ជា​បន្តបន្ទាប់​មក​នេះ​ គឺ​មាន​ក្រុម​ឧកញ៉ា​ និង​មន្ត្រី​ជាន់ខ្ពស់​ក្នុង​ជួរ​របប​ឯក​បក្ស​មាន​ការ​លួច​រក​ស៊ី​ជា​ប្រព័ន្ធ​ ដើម្បី​យក​លុយ​ចំណេញ​ពង្រឹង​ដល់​គណបក្ស​កាន់​អំណាច។ លោក​លើក​ឡើង​បែប​នេះ​ ដោយ​លោក​មើល​ឃើញ​ថា កម្ពុជា​ក្រោម​ការ​ដឹកនាំ​ដោយ​លោក ហ៊ុន សែន មាន​មន្ត្រី​ ឧកញ៉ា​ ឈ្មួញ​ជាច្រើន​បាន​បើក​អាជីវកម្ម​ខុសច្បាប់​ក្នុង​នោះ​រួម​ទាំង​ការ​ជួញដូរ​គ្រឿងញៀន​ បំផ្លាញ​ធនធានធម្មជាតិ​ ហើយ​ក្រុម​ឧកញ៉ា ​និង​មន្ត្រី​ទាំងនោះ​ គ្មាន​ស្ថាប័ន​ណា​ស៊ើប​អង្កេត​ហ៊ាន​ចាប់​ទោស​អូស​ដំណើរ​នោះ​ដែរ៖ « ខ្ញុំ​លើក​ឧទាហរណ៍​តែ​បី​ទេ។ ទី១ កន្លង​មក​មាន​មន្ត្រី​ កងរាជអាវុធហត្ថ​មួយ​ចំនួន​ ដែល​ត្រូវ​ចោទប្រកាន់​ពាក់ព័ន្ធ​ទៅ​ហ្នឹង​ការ​ជួញដូរ​គ្រឿង​ញៀន។ ទី២ ឧកញ៉ា គិត ធាង​ ដែល​ជា​បង​ប្រុស​របស់​អ្នក​ឧញ៉ា គិត ម៉េង ហើយ​មាន​ការ​ចោទប្រកាន់​ពាក់ព័ន្ធ​ពី​ការ​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​សម្បើម។ ប៉ុន្តែ​មក​ដល់​ពេល​នេះ ​គេ​សម្រួល​ឱ្យ​ឧកញ៉ា ​គិត ធាង​ រស់​នៅ​មាន​សេរីភាព​សម​ល្មម​ ដូច​មិនមែន​ជា​ឧក្រិដ្ឋជន​គ្រឿងញៀន​អ៊ីចឹង​ដែរ។ ទី៣ ​នៅ​ខេត្តកំពង់ស្ពឺ មាន​នាំ​ចូល​សារជាតិ​ផលិត​គ្រឿងញៀន​រហូត​ទៅ​ដល់ ៣រយ ( ៣០០ ) តោន​ហើយ​មក​ដល់ពេល​នេះ​ពួក​មន្ត្រី​ទទួលខុសត្រូវ​ទាំងអស់​នោះ​ឆ្លើយ​ដាក់គ្នា​ទៅ​វិញ​ទៅ​មក »

ក្នុង​ទិវា​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន កាល​ពី​ថ្ងៃទី២៦ មិថុនា ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ​លោក ស ខេង លើកឡើង​ថា បទល្មើស​គ្រឿងញៀន បាន​កើន​ឡើង​ខ្ពស់។ លោក ស ខេង អះអាង​ថា ក្នុង​ឆ្នាំ២០២០ និង​២០២១ ដែល​មាន​ការ​រីក​រាលដាល​ជំងឺ​កូវីដ-១៩ សមត្ថកិច្ច​បង្ក្រាប និង​រឹបអូស​​គ្រឿងញៀន​បាន​ជិត ១០តោន និង​ឃាត់​ខ្លួន​ជន​សង្ស័យ​បាន​ជាង ៣ម៉ឺន​នាក់​ ក្នុង​នោះ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​ចំនួន​ជាង ១ម៉ឺន​ករណី (១០.៤៦១ករណី) ក្នុង​ឆ្នាំ២០២០ និង​ជាង​៦ពាន់​ករណី (៦.៣០៨ករណី) ទៀត​ក្នុង​ឆ្នាំ២០២១។ អាជ្ញាធរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន​ដុត​បំផ្លាញ​សារធាតុ​ញៀន និង​សារធាតុ​គីមី ​សរុប​ជាង ៦តោន​ ក្នុង​ចំណោម​វត្ថុ​តាង​គ្រឿងញៀន​ សារធាតុ​គីមី​ផ្សំ និង​សារធាតុ​គីមី​ពាក់ព័ន្ធ​ផ្សេងៗ ដែល​រឹបអូស​បាន​ មាន​ទម្ងន់​សរុប​ជិត ១០០តោន។

ទោះ​ជា​យ៉ាង​ណា ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៅ​តែ​ជំរុញ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​ឱ្យ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ ​និង​ស៊ើបអង្កេត​ដោយ​តម្លាភាព​ចាប់​មេខ្លោង​ធំៗ ដាក់​ពន្ធនាគារ​ ទើប​អាច​ទប់ស្កាត់​បញ្ហា​គ្រឿងញៀន​មាន​ប្រសិទ្ធភាព៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។