ក្រុមអង្គការ-សមាគម សហជីព និងសហគមន៍មូលដ្ឋាន លើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍រួមថា ការទាមទារឲ្យផ្អាកបង់សងប្រាក់កម្ចី និងប្រាក់បង្គរទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគាររយៈពេល ៣ខែ នេះ គឺដើម្បីឱ្យប្រជាពលរដ្ឋបានស្នាក់នៅផ្ទះ ការពារកុំឱ្យឆ្លងជំងឺកូវីដ ហើយទុកលទ្ធភាពឱ្យពួកគេរកប្រាក់សងបំណុលធនាគារនៅពេលក្រោយវិញ។
ក្រុមអង្គការសង្គមស៊ីវិល ឱ្យដឹងថា វិស័យកាត់ដេរ ទេសចរណ៍ សេវាកំសាន្ត និងសំណង់ បានរងគ្រោះខ្លាំងជាងគេ ខណៈដែលវិស័យទាំងនេះបានផ្ដល់ការងារដល់ស្ត្រីរាប់សែននាក់ ហើយស្ត្រីប្រមាណ ៧៥ភាគរយ បានខ្ចីប្រាក់ពីធនាគារ។ ក្រៅពីនេះ កសិករ ពលករចំណាកស្រុក សហគមន៍ក្រីក្រ អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ អ្នកធ្វើជំនួញ អាជីវករ និងអ្នកលក់ដូរតាមចិញ្ចើមផ្លូវ ក៏បាត់បង់ប្រាក់ចំណូលផងដែរ។ ពួកគេបន្ថែមទៀតថា សម្ពាធបណ្ដាលមកពីកម្ចីឥណទានខ្នាតតូចរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ បានប៉ះពាល់ដល់សុខភាពសាធារណៈ និងសុវត្ថិភាពកម្មសិទ្ធិដីធ្លីរបស់ប្រជាពលរដ្ឋហើយអ្នកខ្ចីប្រាក់អាចនឹងបាត់បង់ដីធ្លី ដោយសារបញ្ហាបំណុល។
សេចក្ដីថ្លែងការណ៍ដដែលបញ្ជាក់ទៀតថា ការធ្វើអត្តឃាតដោយសារបញ្ហាបំណុល និងការប្រើអំពើហិង្សាក្នុងគ្រួសារបានកើតឡើងជាបន្តបន្ទាប់ ដោយសារការតានតឹងផ្លូវចិត្ត បណ្ដាលមកពីប្រាក់បំណុល និងវិបត្តិហិរញ្ញវត្ថុ។ កន្លងមកប្រជាពលរដ្ឋ មកពីមជ្ឈដ្ឋានផ្សេងៗគ្នា បានអំពាវនាវឱ្យរដ្ឋាភិបាលជួយសម្រាលបន្ទុកដល់ពួកគាត់ដែរ ប៉ុន្តែត្រូវបានបដិសេធ ហើយអាជ្ញាធរថែមទាំងឃាត់មនុស្សជាច្រើននាក់ទៀតផង។ កាលពីពេលថ្មីៗនេះមានយុវជនចំនួន ៦នាក់ ហើយ ត្រូវបានប៉ូលិសនៅក្រុងភ្នំពេញឃាត់ខ្លួន បន្ទាប់ពីពួកគេចែកញត្តិអំពាវនាវឱ្យផ្អាកសងប្រាក់ធនាគារ។ បន្ថែមពីនេះ មានពលរដ្ឋខ្លះភ័យខ្លាចបាត់បង់ដីធ្លី ផ្ទះសម្បែងរបស់ពួកគេ ដោយសារការបង់ប្រាក់យឺតយ៉ាវ។
ក្រុមសង្គមស៊ីវិលស្នើសុំយ៉ាងទទូចឱ្យរាជរដ្ឋាភិបាលណែនាំទៅស្ថាប័នមីក្រូហិរញ្ញវត្ថុ និងធនាគារ ដើម្បីជួយទទួលបន្ទុកសេដ្ឋកិច្ចខ្លះដល់ប្រជាពលរដ្ឋ ផ្អាកសងប្រាក់រយៈពេល ៣ខែ នឹងជួយដល់ពលរដ្ឋបានស្នាក់នៅផ្ទះ រក្សាសុវត្ថិភាព និងពង្រឹងស្ថានភាពទូទៅតាមការណែនាំរបស់រដ្ឋាភិបាលបានត្រឹមត្រូវ។

ប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា យល់ថា រដ្ឋាភិបាលគួរតែដោះស្រាយរឿងនេះជាបន្ទាន់ ដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ លោកបញ្ជាក់ថា ដើម្បីដោះស្រាយរឿងនេះរដ្ឋាភិបាលគួរតែកំណត់វិធានការជាក់លាក់ ដាក់ជូនម្ចាស់បំណុល ដើម្បីអនុគ្រោះដល់អ្នកខ្ចីប្រាក់ដែលរងគ្រោះដោយសារការរាតត្បាតជំងឺកូវីដ៖ «ការលើកឡើងនេះ គឺថាស្ថានភាពចំពោះមុខ គឺប្រឈមខ្លាំងហើយ ពីព្រោះការបិទចរាចរ ការរឹត បន្តឹងចរាចរនៅទីតាំងខ្លះបានផ្អាក ហើយឱ្យធ្វើចត្តាឡឺស័កផ្សេងនេះ ប៉ះពាល់មុខរបស់ប្រជាពលរដ្ឋខ្លាំង។ ដូច្នេះហើយរដ្ឋាភិបាលគួរតែពិចារណាពីពេលហ្នឹងទៅ ពីព្រោះថា ពេលនេះជាពេលវេលាមួយដែលសមស្របបំផុតហើយដែលរដ្ឋាភិបាលគួរតែដោះស្រាយជូនពលរដ្ឋ»។
ទាក់ទងនឹងបញ្ហានេះ ប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាលលោក ផៃ ស៊ីផាន ប្រាប់អាស៊ីសេរីថា រដ្ឋាភិបាលមិនអាចធ្វើតាមការណែនាំរបស់អង្គការសង្គមស៊ីវិលនេះបានទេ ពីព្រោះលោកថា កម្ពុជាជាប្រទេសសេដ្ឋកិច្ចទីផ្សារសេរី ដែលមានការប្រកួតប្រជែង។ លោកបញ្ជាក់ថា រឿងនេះមានតែកូនបំណុលនឹងម្ចាស់បំណុលពិភាក្សាគ្នាដោះស្រាយដោយខ្លួនឯងប៉ុណ្ណោះ៖ «ហើយការពឹងទាំងស្រុកមកលើរដ្ឋាភិបាលមិនមែនស្ថិតនៅក្នុងអ្វីទៅដែលប្រជាពលរដ្ឋម្ចាស់ស្រុកនោះទេ។ ត្បិតការខ្ចីបុលគាត់មិនដែលពិភាក្សាជាមួយរដ្ឋាភិបាលទេ អាហ្នឹងជាការសម្រេចខ្លួនតួ។ ដូច្នេះក្នុងរាជរដ្ឋាភិបាលរបស់យើង គឺយើងបង្កើតឱ្យមានលទ្ធភាពមួយដើរចេញអំពីអ្វីទៅក្នុងន័យសមូហភាពបានសេចក្ដីថា ទាំងអស់គ្នាមានសិទ្ធិសេរី ជាភាពជាឯកជនដែលអាចដោះស្រាយខ្លួនឯងបានទទួលខុសត្រូវចំពោះជោគវាសនារបស់ខ្លួន » ។

មន្ត្រីសិទ្ធិមនុស្សលោក នី សុខា សោកស្ដាយយ៉ាងខ្លាំងចំពោះការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលនេះ ហើយលោកចាត់ទុកថា ជាការមិនទទួលខុសត្រូវក្នុងនាមអាជ្ញាធររដ្ឋជួយដល់ប្រជាពលរដ្ឋក្នុងគ្រាមានភ័យអាសន្ន។ មន្ត្រីសង្គមស៊ីវិលរូបនេះជឿថា បញ្ហានេះអាចបណ្ដាលឱ្យប្រជាពលរដ្ឋរាប់សែននាក់មានបំណុលវ័ណ្ឌក និងមានវិបត្តិក្នុងគ្រួសារកាន់តែធ្ងន់ធ្ងរ។
ក្នុងស្ថានភាពជួបវិបត្តិដោយសារជំងឺកូវីដ-១៩ នេះ រដ្ឋាភិបាលជាច្រើនលើពិភពលោក ជាពិសេសប្រទេសលោកសេរី ផ្ដោតការយកចិត្តទុកដាក់ដោះស្រាយបញ្ហាជីវភាពបន្ទាន់របស់ប្រជាពលរដ្ឋ ដូចជាចេញច្បាប់ថវិកា ដើម្បីចែកសាច់ប្រាក់ជូនពលរដ្ឋគ្រប់គ្នាដើម្បីដោះទាល់ និងបញ្ជាឱ្យធនាគារផ្អាកយកការប្រាក់ពីពលរដ្ឋរយៈពេល ២ឆ្នាំ ឬរហូតងើបផុតពីវិបត្តិជំងឺកូវីដ។
រដ្ឋធម្មនុញ្ញមាត្រា ៣៥ ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ចនិងវប្បធម៌របស់ប្រទេសជាតិ។ សេចក្ដីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋត្រូវបានទទួលការពិនិត្យនិងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។