មន្ត្រី​សង្គម​ស៊ីវិល​ថា កម្មករ​ខ្មែរ​១១​នាក់ស្លាប់​ដោយ​អយុត្តិធម៌ ពេល​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​វៀតណាម​​នៅ​រតនគិរី

ក្រុម​កម្មករ និង​មន្ត្រី​សង្គម​ស៊ីវិល​អះអាង​ថា កម្មករ​ខ្មែរ ១១​នាក់ ធ្វើការ​ឲ្យ​ក្រុមហ៊ុន​ហ័ងអាញ់ អណ្តូង​មាស (Hoang Anh Andong Meas) របស់​វៀតណាម​ក្នុង​ខេត្ត​រតនគិរី ស្លាប់​យ៉ាង​អយុត្តិធម៌ ដោយ​ពុំ​មាន​ការ​ដោះស្រាយ​ប្រកប​ដោយ​តម្លាភាព និង​ទទួលខុសត្រូវ​តាមច្បាប់​រដ្ឋ​នោះ​ទេ។

ពួកគេ​សង្កេត​ឃើញ​ថា អាជ្ញាធរ​បាន​ព្យាយាម​លាក់បាំង​រឿង​នេះ ដោយ​មិន​បាន​យកចិត្តទុកដាក់ រក​មូលហេតុ​ច្បាស់លាស់​កែប្រែ​ចំណុច​ខ្វះ​ចន្លោះ​របស់​ក្រុមហ៊ុន ដើម្បី​ការពារ​អាយុ​ជីវិត​កម្មករ​នោះ​ឡើយ។

មន្ត្រី​អង្កេត​នៃ​សមាគម​អាដហុក ខេត្ត​រតនគិរី ដែល​ចុះ​ឃ្លាំ​មើល​ករណី​នេះ លោក ងៀវ សិលា ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី៧ កុម្ភៈ ថា អាជ្ញាធរ​ហាក់​មិន​អើពើ​ដោះស្រាយ​រឿង​នេះ ដោយ​មិន​បាន​ស៊ើបអង្កេត​ឱ្យ​បាន​ទូលំទូលាយ ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​ដោយ​ឯករាជ្យ ជំរុញ​ឱ្យ​មាន​ការ​ទទួល​ខុសត្រូវ លើ​អាយុជីវិត​កម្មករ​ស្លាប់​នោះ​ទេ។

លោក​ចាត់ទុក​ទង្វើ​នេះ ជា​ទម្លាប់​អាក្រក់​មួយ​ខ្វះ​ការទទួលខុសត្រូវ សម្រាល​បន្ទុក​ក្រុមហ៊ុន ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ពលរដ្ឋ​បន្ត​រងគ្រោះ​ដដែលៗ​នៅ​ថ្ងៃ​ខាងមុខ។

លោក ងៀវ សិលា៖ «វា​ជា​គំរូ​អាក្រក់​មួយ​ដល់​កម្មករ​ជំនាន់​ក្រោយ ដោយសារតែ​ប្រៀប​ដូចជា ជំងឺ បើ​យើង​អត់​ព្យាបាល​នឹង​មាន​ជំងឺ​ផ្សេងៗ​ចូល​មក។ អាជ្ញាធរ​មិន​សូវ​ខ្វល់ខ្វាយ អាជ្ញាធរ​មូលដ្ឋាន​អត់​ជួយ​ដោះស្រាយ​ដល់​កម្មករ​រងគ្រោះ»។

កម្មករ​ខ្មែរ​ដែល​ធ្វើ​ការ​ក្នុង​បរិវេណ​ក្រុមហ៊ុន ហ័ង អាញ់ អណ្តូង​មាស (Hoang Anh Andong Meas) របស់​វៀតណាម បាន​ស្លាប់​ជា​បន្តបន្ទាប់ កាល​ពី​អំឡុង​ខែ​មិថុនា រហូត​ដល់​ដើម​ខែ​កក្កដា ឆ្នាំ​២០២៣ មាន​សរុប ១១ នាក់​សង្ស័យ​ពុល​សារធាតុ​គីមី ឬ​ថ្នាំ​បាញ់​ចេក។ កម្មករ​ភាគច្រើន​ជា​ពលរដ្ឋ​មក​ពី​ខេត្ត​ឆ្ងាយៗ​រួម​មាន ខេត្ត​បាត់ដំបង សៀមរាប​ត្បូងឃ្មុំ និង​ខេត្ត​កំពង់ធំ​ជាដើម។

កម្មករ​ម្នាក់​ដែល​កំពុង​ធ្វើ​ការ ក្នុង​ក្រុមហ៊ុន​នេះ ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី៧ កុម្ភៈ​ថា ក្រុមហ៊ុន​បាន​ផ្តល់​សំណង​តិចតួច​ឱ្យ​គ្រួសារ​ជនរងគ្រោះ​ក្នុង​មួយ​គ្រួសារ​លុយ​ចំនួន ២​លាន​រៀល (២.០០០.០០០) និង​ជួយ​ថ្លៃ​ចំណាយ​ដឹកជញ្ជូន​សាកសព ទៅ​ស្រុក​កំណើត។

mine1.jpg
ទិដ្ឋភាព​ក្រុមហ៊ុន​វៀតណាម ហ័ងអាញ់ អណ្តូង​មាស (Hoang Anh Andong Meas) របស់​វៀតណាម ដែល​កម្មករ​ធ្វើការ​ក្នុង​ក្រុមហ៊ុន​នេះ ១១​នាក់​ស្លាប់​សង្ស័យ​ពុល​ថ្នាំ​គីមី កាលពី​ខែកក្កដា ២០២៣។ រូប​៖ អាដហុក​ផ្តល់ឱ្យ

លោក​បន្ថែម​ថា ថ្នាំ​គីមី​ដែល​កម្មករ​ប្រើប្រាស់​ផលិត​ក្នុង​ប្រទេស​វៀតណាម ប្រសិនបើ​ខ្វះ​ការ​ប្រុងប្រយ័ត្ន​ងាយ​នឹង​ប៉ះពាល់​ដល់​អាយុជីវិត។

លោក​ថា មុន​ពេល​ស្លាប់​ជនរងគ្រោះ​ខ្លះ បាន​ទទួល​ទាន​ស្រា​ស​តិចតួច ដែល​ពួកគាត់​មាន​ទម្លាប់​ទទួល​ទាន​នៅ​ពេល​ល្ងាច បូក​ផ្សំ​ធ្វើ​ការ​អស់កម្លាំង ដោយសារ​ប្រើប្រាស់​ថ្នាំ​គីមី​ច្រើន។

កម្មករ​ថ្លែង​លាក់​ឈ្មោះ៖ «ក្រុម​គ្រួសារ​ជនរងគ្រោះ​មាន​គេ​តវ៉ា តែ​គេ​ឱ្យ​តម្លៃ​សមរម្យ​គេ​លែង​តវ៉ា។ អ្នក​ប្រើ​ថ្នាំ​គីមី​ប្រើ​ថ្នាំ​បន្ថយ មួយ​ប៉េត្រូ គេ​ដាក់​មួយ​កែវ គេ​បន្ថយ​កន្លះ​កែវ លែង​មាន​បញ្ហា​តាំងពី​ហ្នឹង​មក»។

កន្លង​ទៅ មន្ទីរ​ការងារ​ខេត្ត​រតនគិរី​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ថា ករណី​សង្ស័យ​កម្មករ​ស្លាប់ គឺ​ពាក់ព័ន្ធ​នឹង​ការ​ពុល​ស្រា ឋិត​ក្នុង​ទីតាំង​ក្រុមហ៊ុន ហ័ងអាញ អណ្ដូង​មាស ក្នុង​ស្រុក​កូន​មុំ ខេត្ត​រតនគិរី។

មន្ត្រី​សង្គម​ស៊ីវិល​សង្កេត​ឃើញ​ថា ក្រោយ​ពី​អាជ្ញាធរ​ខេត្ត​រតនគិរី ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​នេះ​រួច ក៏​ស្ងាត់​ទៅវិញ មក​ទល់​ពេល​នេះ​នៅ​មិន​ទាន់​ឃើញ អាជ្ញាធរ​ប្រកាស​ព័ត៌មាន បង្ហាញ​ពី​បច្ចុប្បន្នភាព ដើម្បី​ឱ្យ​កម្មករ​ស្ងប់ចិត្ត​នៅឡើយ​ទេ។

វិទ្យុ​អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​រឿង​នេះ ពី​អភិបាល​ខេត្ត​រតនគិរី លោក ញ៉ែម សំអឿន បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី៧ កុម្ភៈ។

កន្លង​ទៅ អភិបាល​ខេត្ត​រូប​នេះ បាន​ថ្លែង​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា រដ្ឋបាល​ខេត្ត​រតនគិរី បាន​ចាត់​ឱ្យ​មន្ត្រី​ពិនិត្យ​ឆែកឆេរ ស្រាវជ្រាវ​រក​កន្លែង​លក់​ស្រា​ទាំងយប់ និង​បាន​ណែ​នាំ​ឱ្យ​អ្នក​លក់ និង​អ្នកទិញ​ផ្អាក​ពិសា​ស្រា​ស។ លោក​បាន​បើក​កិច្ចប្រជុំ​បន្ទាន់ ហើយ​បាន​បញ្ជា​ឱ្យ​មន្ទីរ​ជំនាញ​ស្រាវជ្រាវ​យក​សំណាក​ទៅ​វិភាគ​នៅ​រាជធានី​ភ្នំពេញ ដើម្បី​រក​មូលហេតុ​ជាក់លាក់។

វិទ្យុ​អាស៊ីសេរី​មិន​ទាន់​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន​វៀតណាម ហ័ង អាញ់ អណ្តូងមាស ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ បាន​នៅ​ឡើយ​ទេ ដោយ​ទូរស័ព្ទ​ហៅ​ចូល​តែ​គ្មាន​អ្នក​លើក។

ជុំវិញ​រឿង​នេះ អ្នកសម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​លោក វណ្ណ សុផាត យល់​ថា កម្មករ​រងគ្រោះ​ដោយសារ​ភាព​ខ្វះ​ចន្លោះ​អនុវត្ត​ច្បាប់​របស់​អាជ្ញាធរ​គ្រប់គ្រង​សារជាតិ​គីមី និង​សុវត្ថិភាព​បរិស្ថាន​មិន​ល្អ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អាយុជីវិត​ពួកគាត់។

លោក​ថា អាជ្ញាធរ​គួរតែ​ចុះ​ស៊ើបអង្កេត​រឿង​នេះ​ដោយ​តម្លាភាព មានការ​ចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ប្រសិនបើ​រក​ឃើញ​ថា ក្រុមហ៊ុន​ប្រើ​សារជាតិ​គីមី ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវិត​កម្មករ​ត្រូវតែ​មាន​វិធានការ​ច្បាប់។

លោក វណ្ណ សុផាត៖ «ព្រះរាជអាជ្ញា​ក្នុងនាម​តំណាង​ឱ្យ​រដ្ឋ លោក​ក៏​មាន​សិទ្ធិ​ក្នុង​ការ​ចុះ​ស៊ើបអង្កេត​ដើម្បី​រក​ព័ត៌មាន​នេះ​ឱ្យ​ច្បាស់ និង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។ បើ​អាច​ផ្អាក​ប្រតិបត្តិការ​ក្រុមហ៊ុន​ហ្នឹង​ទៀត និយាយ​តាមច្បាប់​។ យើង​សោកស្តាយ​មាន​បញ្ហា​ហ្នឹង​កើង​ឡើង ដោយ​មិន​ត្រូវ​បាន​យក​ចិត្ត​ទុកដាក់ ពី​អាជ្ញាធរ​ពាក់ព័ន្ធ»។

ក្រុមហ៊ុន​ហ័ងអាញ់ អណ្តូងមាស (Hoang Anh Andong Meas) របស់​វៀតណាម ទើប​តែ​ប្តូរ​ឈ្មោះ ជា​ក្រុមហ៊ុន​ថា កូអាហ្គ្រី (THAKO AGRI ) កាល​ពី​ឆ្នាំ​២០២១។

ក្រុមហ៊ុន​នេះ ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន​វៀតណាម ហ័ងអាញ យៀកឡាយ អាហ្គ្រីកូ (HAGL AGRICO) ទទួល​សិទ្ធិ​វិនិយោគ​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​រដ្ឋាភិបាល​លើ​ផ្ទៃដី ទំហំ​ជិត ២​ម៉ឺន​ហិកតារ តាំងពី​ឆ្នាំ ២០១០ ឋិត​ក្នុងស្រុក​កូន​មុំ និង​ស្រុក​លំផាត់ ខេត្តរតនគិរី។

ពេល​នេះ​ក្រុមហ៊ុន​នេះ មាន​កម្មករ​កំពុង​ធ្វើ​ការ​ចន្លោះ​ពី ៦​ពាន់​នាក់ (៦.០០០) ទៅ ៧​ពាន់​នាក់ (៧.០០០) ដោយ​ទទួល​បាន​ប្រាក់​ឈ្នួល​ចន្លោះ ១​លាន (១.០០០.០០០) ទៅ ១​លាន ២​សែន​រៀល​(១.២០០.០០០) ក្នុង​មួយ​ខែ។

ក្រុមហ៊ុន ហ័ងអាញ់ អណ្តូង​មាស វិនិយោគ​ដាំចេក​អំបូង​លឿង ដាំ​ស្មៅ ចិញ្ចឹម​គោ និង​ដាំ​ស្វាយ ភាគច្រើន​នាំទៅ​លក់​នៅ​ប្រទេស​វៀតណាម និង​ចិន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។