មន្រ្តី​សង្គមស៊ីវិល​មើល​ឃើញ​ថា ពលរដ្ឋ​រស់​នៅ​ខេត្ត​ព្រះសីហនុ  នៅ​តែ​ប្រឈម​បញ្ហា​ខ្វះខាត​ជីវភាព​និង​បញ្ហា​សុវត្ថិភាព​

0:00 / 0:00

មន្រ្តី​​សង្គម​ស៊ីវិល ​លើកឡើង​ថា ​ប្រជាពលរដ្ឋ​រស់​នៅ​ខេត្ត​ព្រះសីហនុ​ នៅ​តែ​ទទួល​រង​គ្រោះ​បញ្ហា​ជីវភាព​ក្នុង​គ្រួសារ​ និង​ប្រឈម​បញ្ហា​សុវត្ថិភាព​ក្នុង​មូល​ដ្ឋាន​ ទោះបី​ជា​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ មាន​ការ​អភិវឌ្ឍ​ខ្លាំង​ក្លា​យ៉ាង​ណា​ក្ដី។ ពួកគេ​ សង្កេត​ឃើញ​ថា ជីវភាព​ពលរដ្ឋ​មួយ​ចំនួន​នៅ​តែ​គ្មាន​ភាព​ល្អ​ប្រសើរ​ គឺ​ដោយសារ​តែ​កង្វះ​ការងារ ការ​រំលោភ​សិទ្ធិ​កម្មករ​ និង​ការ​ដណ្ដើម​អាជីវកម្ម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ពី​សំណាក់​ជនជាតិ​ចិន​ជាដើម។

មន្រ្តី​សង្គម​ស៊ីវិល​ លើក​ឡើង​ថា​ ប្រជាពលរដ្ឋ​រស់​នៅ​ខេត្ត​ព្រះសីហនុ​មួយ​ចំនួន​នៅ​តែ​មាន​ជីវភាព​កាន់​តែ​លំបាក គឺ​ដោយសារ​តែ​រដ្ឋាភិបាល​ និង​អាជ្ញាធរ​មូល​ដ្ឋាន​ មិន​សូវ​អើពើ ក្នុង​ការ​រៀប​ចំ​កន្លែង​ប្រកប​អាជីវកម្ម​ពួកគាត់​ និង​កង្វះ​ការ​លើក​ស្ទួយ​លើ​មុខ​របរសេដ្ឋកិច្ច​ក្រៅ​ប្រព័​ន្ធរបស់​ពលរដ្ឋ​ជា​ម្ចាស់​ស្រុក។

ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា​លោក ឌិន ពុទ្ធី​ ប្រាប់​វិទ្យុអាស៊ីសេរី​នៅ​ថ្ងៃ​ទី៦​ មិថុនា​​ ថា​ដើមចម​សំខាន់​ដែល​ ធ្វើ​ឱ្យ​ពលរដ្ឋ​រស់​នៅ​ខេត្ត​ព្រះសីហនុ​ភាគច្រើន​មាន​ស្ថាន​ភាព​សេដ្ឋកិច្ច​មិន​លូត​ខ្លាំង​ក្លា​ គឺ​ដោយសារ​តែ​ពួកគាត់​មួយ​ចំនួន​បាន​បាត់បង់​អាជីវកម្ម​ ព្រោះ​តែ​លំហូរ​ជនជាតិចិន​ច្រើន​លើសលប់​ចូល​បង្កើត​អាជីវកម្ម​ជ្រៀតជ្រែក​មុខ​របរ​ពលរដ្ឋ។ លោក​បន្ត​ថា​ ពលរដ្ឋ​ខ្លះទៀត​បាន​បង្ខំ​ចិត្ត​លះបង់​ការ​ប្រកប​របរ​ប្រចាំថ្ងៃ ដោយ​ពួកគាត់​ជ្រើសរើស​​ធ្វើ​ជា​កម្មករ​ ដើម្បី​រក​ប្រាក់​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​វិញ។

បន្ថែម​ពី​នេះ លោក ​លើកឡើង​ថា កម្មករ​ភាគ​ច្រើន​នៅ​ខេត្ត​ព្រះសីហនុ​ បាន​ទទួល​រង​ការ​បង្ខំ​ឱ្យ​ធ្វើ​ការ​ច្រើន​ម៉ោង​ពី​សំណាក​ថៅកែ ដែល​ធ្វើ​ឱ្យ​កម្មករ​ខ្មែរ​វ័យ​ចំណាស់ៗ​ មួយ​ចំនួន​ប្រឈម​នឹង​បញ្ហា​បាក់​កម្លាំង និង​មាន​បញ្ហា​សុខភាព​ទ្រុឌទ្រោម​ខ្លាំង​ ដែល​បញ្ហា​នេះ​កាន់​តែ​បន្ថែម​បន្ទុក​នៅ​ក្នុង​គ្រួសារ ៖ « ជនជាតិចិន​ដណ្ដើម​មុខ​របរ​ក្រៅ​ប្រព័ន្ធ​ច្រើន​ បង្កើត​បនល្បែង​ក៏​ច្រើន ការ​អុក​ឡុក​កាប់​ចាក់​ក៏​ច្រើន រំលោភ​សិទ្ធិ​ការងារ​ ផង​ចេះ​តែ​បើក​ដៃ​ឱ្យ​គេ​ធ្វើ​តាម​តែ​ចិត្ត។ អាហ្នឹង ​​ជា​សុខមាលភាព​ពលរដ្ឋ​ របស់​យុវជន ​មក​ធ្វើ​ការ​អត់​មាន​ពេល​ដេក​ អត់​មាន​ពេល​សម្រាក។ សួរ​ថា​ ធ្វើ​ការ​បាន​ប្រាក់ខែ​​តិច​តួច​ហ្នឹង ដល់​ពេល​គាត់​ឈឺ​ ត្រូវ​បាត់បង់​អាជីព​របស់​គាត់ បាត់បង់​ការងារ។ ជន​ជាតិ​ចិន គាត់​មក​ឆ្លាត​ គាត់​បង្កើត​មុខ​របរ​ចេះ​រក​ស៊ី។ សួរ​ថា​ មុខ​របរ​ទាំង​អស់​ហ្នឹង រដ្ឋាភិបាល​បើក​ដៃ​ឱ្យ​ចិន​មក​ធ្វើ​ហ្នឹង​ ដណ្ដើម​មុខ​របរ​ខ្មែរ​អស់ ដល់​ពេល​យូរៗ​ទៅ​ ខ្មែរ​យើង​មាន​​តែ​ចំណាក​ស្រុក »

ការ​លើក​ឡើង​របស់​មន្រ្តី​សង្គមស៊ីវិល​រូប​នេះ ក្រោយ​ពី​លោក សង្កេត​ឃើញ​ថា​ កម្មករ​ និង​ប្រជាពលរដ្ឋ​នៅ​ខេត្តព្រះសីហនុ នៅ​តែ​បន្ត​មាន​ស្ថានភាព​លំបាក​ច្រើន​ ទោះ​បី​មាន​ភាព​ស្ងប់ស្ងាត់​នៃ​ការ​រីករាលដាល​ជំងឺ​កូដវិដ-១៩ ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ​ក្ដី។ លោក ឌិន ពុទ្ធី​ ឱ្យ​ដឹង​ទៀត​ថា​ ចាប់​តាំង​ពី​ឆ្នាំ​២០២១ ​រហូត​មក​ដល់​ពេល​នេះ​ លោក​រក​ឃើញ​ថា ​អត្រា​៨០% នៃ​​កម្មករ​ និង​ពលរដ្ឋ​ដែល​ប្រកប​មុខ​របរ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ក្នុង​ខេត្ត​ព្រះសីហនុ ​ជួប​ការ​លំបាក​។ លោក​អះអាង​ថា​ ពលរដ្ឋ​ប្រឈម​ជួបការ​លំបាក​ទាំង​នោះ​ភាគច្រើន​កើត​ចេញ ​ពួកគាត់​ពិបាក​រក​ចំណូល​ ដោយសារ​តែ​ជនជាតិ​បាន​បង្កើត​មុខ​របរ​កាន់​តែ​ច្រើន។ លោក​បន្ត​ថា​ ក្នុង​នោះ​ជនជាតិ​មួយ​ចំនួន​ធំ​ ក៏​បាន​ដណ្ដើម​មុខ​របរ​រត់​ម៉ូតូ​ឌុប ការ​បើក​អាហារ​ដ្ឋាន​ធំៗ វិស័យ​បនល្បែង​កាស៊ីណូ​ ហើយ​ជនជាតិ​ចិន​មួយ​ចំនួន​បាន​ពង្រាយ​អាជីវកម្ម​ ដោយ​បើក​អាហារ​ដ្ឋាន​ខ្នាត​តូចៗ​តាម​មាត់​ឆ្នេរ​កំពង់​សោម។

លោក ឌិន ពុទ្ធី​ បន្ថែម​ថា ពលរដ្ឋ​ដែល​លះបង់​អាជីវកម្ម​ ទៅ​ធ្វើ​ការ​ជា​កម្មករ​ឱ្យ​ក្រុមហ៊ុន​ជា​ពិសេស​នៅ​តាម​ វិស័យ​បនល្បែង និង​វិស័យ​សំណង់​ជាដើម​​តែងតែ​ត្រូវ​បាន​បង្ខំ​ឱ្យ​ធ្វើ​ការងារ​ច្រើន​ម៉ោង។ ក្រៅ​ពី​នេះ លោក​យល់​ថា ការណ៍​​ដែល​ប្រជា​ពលរដ្ឋ​ និង​យុវជន​ សម្រុក​ទៅ​រក​ការងារ​ធ្វើ​នៅ​តាម​បណ្ដាវិស័យ​កាស៊ីណូ​ក្នុង​ខេត្ត​ព្រះសីហនុ​កន្លង​មក​នេះ​ ដោយសារ​តែ​ពួកគាត់​គ្មាន​ជម្រើស​ ទោះបី​ជា​ការងារ​ក្នុង​វិស័យ​នេះ​មិន​បាន​ជួយ​លើក​កម្ពស់​ផ្នែក​អប់រំ​ និង​ការ​បង្កើត​អាជីព​ការងារ​យ៉ាង​ណា​ក្ដី។ លើស​ពី​នេះ​ លោក​មើល​ឃើញ​ថា​ ក្រៅ​ពី​មាន​វិស័យបនល្បែង​ច្រើន​លើស​​លប់​ នៅ​ខេត្ត​ព្រះសីហនុ ចំពោះ​បទឧក្រិដ្ឋ​ ករណី​បោះ​សម្លាប់​មនុស្ស ចោរកម្ម​ និង​បញ្ហា​អសន្តិសុខ​ផ្សេងៗ​នៅ​តែ​បន្ត​កើត​ឡើង​ជា​បន្ត​បន្ទាប់ ៖ « នៅ​បនល្បែង​ស៊ី​សង ​ខុស​ច្បាប់​ទាំង​អស់​ហ្នឹង​ វា​មាន​ការ​រំលោភ​ច្បាប់​ខ្លាំង​សម្រាប់​កម្មករ​ធ្វើ​ឱ្យ​ជនជាតិ​ចិន។ អ្នក​ខ្លះ​ធ្វើ​ការ​រហូត​ដល់​ ១២ម៉ោង​ អ្នក​ខ្លះ១៤​ម៉ោង ស្ទើរ​តែ​គ្មាន​ពេល​សម្រាក​តែ​ម្ដង។ បន្ទាប់​ទៀត​ ការ​ថែម​ម៉ោង​។ ការ​ថែម​ម៉ោង​នេះ គឺ​អត់​ឱ្យ​លើស​ពី​ ២ម៉ោង​ទេ។ អាជ្ញាធរ​ រដ្ឋាភិបាល​ លោក​ដឹង​ទេ ?​ ដឹង​ប៉ុន្តែ​អត់​យក​ចិត្ត​ទុក​ដាក់ លើ​បញ្ហា​សុខភាព​ប្រជា​ពលរដ្ឋ។ មួយ​ទៀត ​ពលរដ្ឋ​ ក៏​ដូចជា​ យុវជន​ យុវ័យ ​ហ្នឹង​អត់​ចេះ​ការងារ​អី​ក្រៅ​ពី​បន​ល្បែង​ យូរៗ​ទៅ​ ចេះ​តែ​បន​ល្បែងៗ​ ធ្វើ​ការ​ប៉ះពាល់​ដោយ​សារ​តែ​លើស​ម៉ោង​ថែម​ម៉ោង ហើយ​ការ​តវ៉ា​អី មិន​និយាយ​ បើ​ហ៊ាន​និយាយ​ ហ៊ាន​តវ៉ា​គេ​ដេញ​ចេញ »

កន្លងទៅ​ ស្ថានទូត​សហរដ្ឋ​អាមេរិក​ បាន​ណែនាំ​ដល់​ក្រុមហ៊ុន និង​វិនិយោគិន​ជនជាតិ​អាមេរិកាំង ​ឱ្យ​យល់ដឹង​អំពី​ហានិភ័យ​ផ្នែកកេរ្តិ៍ឈ្មោះ ​សេដ្ឋកិច្ច​ និង​ច្បាប់ ដែល​ពួកគេ​អាច​ប្រឈម​នៅពេល​រកស៊ី​ជាមួយ​នឹង​ក្រុមហ៊ុន​នៅ​កម្ពុជា ដែល​ជាប់ពាក់ព័ន្ធ​ នឹង​អំពើ​រំលោភ​សិទ្ធិ​មនុស្ស សកម្ម​ភាព​ឧក្រិដ្ឋ ឬ​អំពើ​ពុក​រលួយ​ជាដើម។ កាល​ពី​​ឆ្នាំ២០២១​ សហរដ្ឋអាមេរិក​ ក៏​ចេញ​សេចក្ដី​ប្រកាស​ដោយ​បាន​ហាមប្រាម​មិន​ឱ្យ​ជនជាតិ ឬ​ក្រុមហ៊ុន​អាមេរិកាំង​ទាំងអស់​ រក​ស៊ី ​ឬ​ធ្វើ​ប្រតិបត្តិការ​សាច់ប្រាក់​ ពាក់ព័ន្ធ​ដោយ​ផ្ទាល់ ឬ​ប្រយោល​ជា​ពិសេស​ទៅ​លើ​វិស័យ​បន​​ល្បែង​កាស៊ីណូ​នៅ​កម្ពុជា។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង​ អភិបាល​ខេត្ត​​ព្រះសីហនុ ​លោក គួច ចំរើន​ និង​អ្នកនាំពាក្យ​សាលា​ខេត្ត​នេះ​ គឺ​លោក ឃាង ភារម្យ​ ដើម្បី​សាកសួរ​ពី​​បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ​នៅ​ថ្ងៃ​ទី៦​ មិថុនា​។ ទោះ​ជា​យ៉ាង​ណា ​លោកនាយករដ្ឋមន្រ្តី​ លោក ហ៊ុន សែន​ តែងតែ​លើក​ឡើង​ កន្លង​មក​ថា​ ជន​ជាតិចិន​គឺ​ជា​អ្នក​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស។ ក្រៅ​ពី​នេះ លោក​ធ្លាប់​លើក​ឡើង​ថា​ ជនជាតិចិន​ដែល​បាន​មក​ធ្វើ​ការ​វិនិយោគ​នៅ​ក្នុង​បណ្ដា​សហគ្រាស​រោងចក្រ​ និង​ក្រុមហ៊ុន​មួយ​ចំនួន​នៅ​ខេត្ត​ព្រះសីហនុ បាន​ផ្តល់​ឱកាស​ការងារ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ច្រើន​ ក្នុងការ​កាត់​បន្ថយ​ជីវភាព​ក្រីក្រ​របស់​ពលរដ្ឋ។

ជុំវិញ​រឿង​នេះ អ្នក​សម្របសម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ ​អ្នកស្រី ជៀប សុធារី​ មាន​ប្រសាសន៍​ថា​ លំហូរ​ជនជាតិ​ចិន​កាន់​តែ​ច្រើន​ក្នុង​ខេត្ត​ព្រះសីហនុ​ ការ​ពង្រីក​អាជីវ​កម្ម​មុខ​របរ​របស់​ពួកគេ​ក៏​មាន​ចំនួន​ច្រើន​ដែរ។ អ្នកស្រី​ យល់ថា​ការ​ពង្រីក​អាជីវកម្ម​លក់ដូរ​របស់​ជនជាតិ​ចិន​ អាច​ជា​វប្បធម៌​មួយ​សម្រាប់​ពួកគេ​ក្នុង​ផ្តល់​សេវាកម្ម​ ឬ​ការ​ប្រាស្រ័យ​ទំនាក់ទំនង​ភាសា​ ក្នុង​ភាពងាយ​ស្រួល​សម្រាប់​ជនជាតិ​ដូច​គ្នា។ ទោះ​យ៉ាង​ណា ​អ្នក​ស្រី​ថា ក៏​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ ដែល​ធ្លាប់​មាន​មុខ​របរ​លក់​ដូរ​តាម​មាត់​ឆ្នេរ បាត់បង់​ប្រាក់​ចំណូល​ច្រើន​ ដោយសារ​ការ​ពង្រីក​អាជីវកម្ម​ជនជាតិចិន​ទាំង​នេះ​ដែរ ៖ « ជនជាតិចិន​គាត់ចា​ប់​ផ្ដើម បើក​ហាង ​ប្រកប​មុខ​របរ​។ ទន្ទឹម​នឹង​ ក៏​មាន​មិន​មែន​តែ​ជនជាតិ​ចិន​ទេ ជនជាតិ​ខ្មែរ​យើង​ក៏​គាត់​ចាប់​ផ្ដើម​បើក​ ភោជនីយដ្ឋាន​ ប្រកប​មុខរបរ​ លក់ដូរ​ ហើយ​តម្លៃ​ថ្លៃ​ឈ្នួល​ផ្ទះ​ ក៏​រៀង​ចុះ​ជាង​មុន​ដែរ។ ទន្ទឹម​នឹង​ ក៏​យើង​ឃើញ​មាន​ជនជាតិ​ចិន ហ្នឹង​ គាត់​មាន​ប្រកប​មុខ​របរ ដឹក​ជញ្ជូន​ ក្រុម​ជនជាតិ​គាត់​ដែរ។ អ៊ីចឹង​វា ដូច​ចង់​វិល​ដូច​លើក​មុន​អ៊ីចឹង ថា​ជនជាតិ​ចិន​ នៅ​ពេល​ដែល​មក​បង្កើត​មុខ​របរ​រក​ស៊ី​ ពួកគាត់​មាន​សេវា​សម្រាប់​គ្នា​គាត់​ផង​ដែរ »

មន្រ្តី​សង្គម​ស៊ីវិល​ ព្រួយ​បារម្ភ​ថា​ បើ​បញ្ហា​ទាក់ទង​នឹង​ពលរដ្ឋ​បន្ត​បាត់បង់​មុខ​​របរ​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ​ មិន​ត្រូវ​បាន​អាជ្ញាធរ​ជួយ​ដោះស្រាយ​ ប្រជាពលរដ្ឋ​ខ្មែរ​នឹង​អាច​បន្ត​ចំណាក​ស្រុក​ទៅ​រក​ការងារ​នៅ​ក្រៅ​ប្រទេស​ជា​បន្ត​បន្ទាប់​ទៀត។ ពួកគេ​ស្នើ​ដល់​ រដ្ឋាភិបាល ​គួរ​មាន​យន្តការ​ណា​មួយ ក្នុង​ការ​ជួយ​លើក​កម្ពស់​ការ​ប្រកប​អាជីវកម្ម​ សម្រាប់​ឱ្យ​ពលរដ្ឋ​ឱ្យ​មាន​ជីវភាព​​ប្រសើរ​ជាង​បច្ចុប្បន្ន។ ពួកគេ​ក៏​ទទូច​ដល់​ មន្រ្តី​អាជ្ញាធរ​ផ្នែក​អធិការ​កិច្ច​ការងារ​ គួរ​មាន​ការ​ត្រួត​ពិនិត្យ​ឱ្យ​បាន​ច្បាស់លាស់​លើ​កន្លែង​អាជីវកម្ម​លក់ដូរ​មួយ​ចំនួន​ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ត្រឹមត្រូវ​ ដើម្បី​មាន​ធានា​ក្នុង​ការ​ប្រកប​មុខ​របរ​របស់​ពលរដ្ឋ​ពី​ដណ្ដើម​ការ​ប្រកប​អាជីវកម្ម​ពី​សំណាក​ជនជាតិ​បរទេស​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។