មន្ត្រីអង្គការសង្គមស៊ីវិលទាមទារឱ្យអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បង្ហាញពីមូលហេតុនៃការចាប់ខ្លួនអភិបាលក្រុងកែប និងនាយករដ្ឋបាលក្រុង ហើយដោះលែងក្នុងថ្ងៃតែមួយ។ ពួកគាត់បន្តថា ការជំរុញឱ្យអាជ្ញាធរចេញមុខបកស្រាយឱ្យបានច្បាស់ គឺដើម្បីស្រាយចម្ងល់របស់ពលរដ្ឋ និងដើម្បីលាងជម្រះមន្ទិលថា នេះជាករណីចាប់ខ្លួនច្រឡំ ឬមានអន្តរាគមន៍ពីអ្នកមានអំណាចណាមួយ។
មន្ត្រីសង្គមស៊ីវិលយល់ឃើញថា ការអះអាងរបស់អង្គភាពប្រឆាំងអំពើពុករលួយ និងអាជ្ញាធរខេត្តកែប លើការចាប់ខ្លួន អភិបាលក្រុងកែប និងមន្ត្រីក្រុងមួយរូបទៀត ថា ជាការភ័ន្តច្រឡំ គឺជាការមិនបង្ហាញពីតម្លាភាពនៃការអនុវត្តច្បាប់ ដោយអាជ្ញាធរហាក់មានចេតនាលាក់បាំងពីមហាជន។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក ស៊ឹង សែនករុណា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី៣ មករា ថា ពលរដ្ឋមួយចំនួនកំពុងចាប់អារម្មណ៍លើករណីនេះ ដោយសារការចាប់ខ្លួនមន្ត្រីរដ្ឋាភិបាល ដែលធ្វើឡើងដោយអាជ្ញាធរបង្ក្រាបអំពើពុករលួយ គឺជារឿងកម្រ ខណៈដែលកម្ពុជា មានអត្រាអំពើពុករលួយខ្ពស់ផងនោះ។ លោកបន្តថា ប្រសិនបើវាជាការចាប់ខ្លួនច្រឡំមែន អង្គភាពប្រឆាំងអំពើពុករលួយ គួរចេញមុខបកស្រាយពីមូលហេតុឱ្យបានច្បាស់ជាងនេះ ដើម្បីបង្ហាញពីតម្លាភាព និងផ្ដល់ទំនុកចិត្តដល់ពលរដ្ឋ។
លោក ស៊ឹង សែនករុណា៖ «តើភ័ន្តច្រឡំហ្នឹង ភ័ន្តច្រឡំដោយរបៀបម៉េចខ្លះ?ចៀសវាងវាកើតចេញជាសាធារណៈហើយ តែវាបែរជាស្ងប់ស្ងាត់ទៅវិញ ដោយគ្រាន់តែពន្យល់ថា វាជាករណីភ័ន្តច្រឡំ។ អ៊ីចឹងវាកើតជាមន្ទិលសង្ស័យនៅក្នុងករណីហ្នឹងហើយ។ អ៊ីចឹងគួរតែមានការពន្យល់ និងបញ្ជាក់ឱ្យច្បាស់ទៅដល់សាធារណជនវិញដើម្បីឱ្យគាត់មានការជឿជាក់ទៅលើចំណាត់ការរបស់សមត្ថកិច្ចស្ថាប័នសាមីហ្នឹង ថា វាពិតជាមានការមានបញ្ហាភ័ន្តច្រឡំអីជាដើមអ៊ីចឹង»។
ការលើកឡើងនេះ បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅថ្ងៃទី២ មករា បានឃាត់ខ្លួនអភិបាលក្រុងកែបលោក ខេង យ័ន និងនាយករដ្ឋបាលក្រុងកែប គឺលោក អ៊ិន ហ៊ុន បន្ទាប់ពីមន្ត្រីទាំងពីររូប ចេញពីប្រជុំក្នុងសំណេះសំណាលជាមួយគ្រូបង្រៀនកម្រិតបឋមសិក្សា ទូទាំងក្រុងកែប និងផ្សព្វផ្សាយអនុក្រឹត្យស្ដីពីការផ្ទេរមុខងារក្នុងវិស័យអប់រំ យុវជន និងកីឡា មកឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ។ ក៏ប៉ុន្តែ នៅយប់ថ្ងៃដដែលនោះ អភិបាលរងខេត្តកែប លោក ប៊ុន យោង បានប្រាប់សារព័ត៌មានក្នុងស្រុកថា ករណីអង្គភាពប្រឆាំងអំពើពុករលួយ(ACU) ឃាត់ខ្លួន អភិបាលក្រុងកែប លោក ខេង យ័ន និងនាយករដ្ឋបាលក្រុង គឺជាការភាន់ច្រឡំ ខណៈមន្ត្រីទាំង ២រូប ក៏បានវិលត្រឡប់មកវិញនិងឱ្យចូលធ្វើការធម្មតាក្រោយពីសាកសួរចប់។
បើទោះយ៉ាងណា ហេតុផលនេះមិនបានធ្វើឱ្យមហាជនស្ងប់ចិត្តនោះឡើយ ដោយពួកគាត់នៅតែមានការជជែកដេញដោលគ្នានៅលើបណ្ដាញសង្គម អំពីមូលហេតុចាប់ខ្លួន និងដោះលែងមន្ត្រីទាំងពីររូបងាយៗបែបនេះ ដោយពួកគាត់លើកឡើងថា អាជ្ញាធរមានចេតនាលាក់បាំងរឿងនេះ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យ អង្គភាពប្រឆាំងអំពើពុករលួយ លោក សយ ច័ន្ទវិចិត្រ និងអភិបាលក្រុងកែប លោក ខេង យ័ន ដើម្បីសុំការបកស្រាយបានទេ នៅថ្ងៃទី៣ ខែមករា ដោយទូរស័ព្ទហៅចូល តែគ្មានអ្នកទទួល។
ក៏ប៉ុន្តែ អ្នកនាំពាក្យរូបនេះ បានប្រាប់សារព័ត៌មានក្នុងស្រុកក្នុងថ្ងៃដដែលថា អង្គភាពប្រឆាំងអំពើពុករលួយ នឹងចេញលិខិតបំភ្លឺជាសាធារណៈ ក្រោយពីប្រមូលព័ត៌មានគ្រប់ជ្រុងជ្រោយ ខណៈអាជ្ញាធរកំពុងបន្តស៊ើបអង្កេតលើ មន្ត្រីក្រុងកែប ២រូបបន្ថែមទៀត។
ទាក់ទិនរឿងនេះ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ យល់ឃើញថា ការបកស្រាយរបស់អាជ្ញាធរ ពាក់ព័ន្ធនឹងការចាប់ខ្លួន និងដោះលែងអភិបាលក្រុងកែប លោក ខេង យ័ន និងមន្ត្រីរដ្ឋបាលខេត្តថា ជាការភ័ន្តច្រឡំនេះ គឺមិនសមហេតុផលឡើយ។ លោកបន្តថា ក្នុងករណីនេះ អាជ្ញាធរពាក់ព័ន្ធគួរចេញលិខិតបកស្រាយឱ្យបានច្បាស់ កុំឱ្យមហាជនមានការសង្ស័យ។
លោក សេក សុជាតិ៖ «អង្គភាពប្រឆាំងអំពើពុករលួយ ក៏គួរពិចារណាដែរថា ការដែរយើងអនុវត្តហើយ ហេតុអ្វីបានជាយើងត្រូវដោះលែងទៅវិញ ដោយមិនទាន់ធ្វើការស៊ើបអង្កេតឱ្យច្បាស់ ហើយគ្រាន់តែជាការយល់ច្រឡំមួយម៉ាត់ មិនអាចយកធ្វើជាមូលដ្ឋាននៅក្នុងការបកស្រាយជាសាធារណៈបានទេ។ ដូច្នេះវាធ្វើឱ្យមានមន្ទិលសង្ស័យ»។
មន្ត្រីសង្គមស៊ីវិល ជំរុញឱ្យអាជ្ញាធរបកស្រាយពីមូលហេតុនៃការចាប់ខ្លួន និងដោះលែងមន្ត្រីទាំងពីររូប ដើម្បីឱ្យមហាជនឈប់សង្ស័យ និងឈានដល់ការរិះគន់ថា ករណីនេះ មានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយជាប្រព័ន្ធ ដោយអាជ្ញាធរមានចេតនាអូសបន្លាយពេលវេលា ដើម្បីរកហេតុផលមកដោះសា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។