CMAC រក​ឃើញ​ចំការ​មីន​ថ្មី​ទំហំ​ជិត​២០​គីឡូម៉ែត្រ​ក្រឡា​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ

មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​(CMAC) ​កំពុង​បញ្ជូន​អ្នក​ជំនាញ​ឱ្យ​ចុះ​ស្រាវជ្រាវ​រក​ចំការ​មីន​ថ្មីៗ ​យ៉ាង​សកម្ម​នៅ​ក្នុង​ខេត្ត​ចំនួន​៧​ ដែល​មាន​ព្រំដែន​ជាប់​គ្នា​ជាមួយ​ប្រទេស​ថៃ។

បេសកកម្ម​ស្រាវជ្រាវ​រក​ចំការ​មីន​ថ្មីៗ ​ដោយ​ប្រើ​ម៉ាស៊ីន​រាវ​មីន​​​​GPR ឧបករណ៍​បច្ចេកទេស​​បញ្ញា​សិប្បនិម្មិត​(AI) និង​ដ្រូន​(Drone)​ហោះ​លើ​ដី​ ព្រម​ទាំង​ក្នុង​ទឹក​ផង ​ធ្វើ​ឡើង​បន្ទាប់​ពី​កម្ពុជា​បរាជ័យ​មិន​អាច​បោស​សំអាត​គ្រាប់​មីន​ប្រឆាំង​មនុស្ស​ឱ្យ​អស់​នៅ​ត្រឹម​ឆ្នាំ​២០២៥ ​ទៅ​តាម​ការ​ប្ដេជ្ញា​ចិត្ត​របស់​ខ្លួន។

អគ្គនាយក​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​(CMAC)​លោក ​ហេង រតនា ​ឱ្យ​ដឹង​ថា​ក្រុម​ការងារ​ស្រាវជ្រាវ​ទើប​តែ​រក​ឃើញ​ចំការ​មីន​ថ្មី​មួយ​​ដែល​មាន​ផ្ទៃ​ដី​ទំហំ​ជិត​២០​គីឡូ​ម៉ែត្រក្រឡា។

លោក​ថា ផ្ទៃ​ដី​ដែល​សង្ស័យ​នៅ​មាន​គ្រាប់​មីន​ ទើប​តែ​រក​ឃើញ​ថ្មី​នេះ​គឺ​ស្ថិត​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ ។ លោក ហេង រតនា បញ្ជាក់​ទៀត​ថា បេសកកម្ម​ស្រាវ​ជ្រាវ​រក​ចំការ​មីន​ថ្មី​នេះ ​កំពុង​តែ​បន្ត​ទៅ​ខេត្ត​ឧត្តរមានជ័យ និង​ខេត្ត​ចំនួន​៥​​ទៀត ​ដែល​ជាប់​​​​ព្រំដែន​​គ្នា​ជាមួយ​ប្រទេស​ថៃ ​រួម​មាន​ខេត្ត​ព្រះវិហារ ​បាត់ដំបង ​ប៉ៃលិន ពោធិ៍សាត់ និង​កោះកុង។

លោក ហេង រតនា៖ «យើង​ទើប​តែ​បាន​ស្រាវជ្រាវ​រក​ចំការ​មីន​ថ្មី​បញ្ចប់​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ ហើយ​យើង​រក​ឃើញ​ផ្ទៃ​ដី​ដែល​មាន​មីន​ថ្មី​ទំហំ​១៦,៩​គីឡូម៉ែត្រ​ក្រឡា​បន្ថែម​ពី​លើ​ផ្ទៃ​ដី​មាន​មីន ដែល​យើង​មិន​ទាន់​រក​ឃើញ​កន្លង​មក។ ឥឡូវ​នេះ​យើង​កំពុង​បន្ត​ស្រាវជ្រាវ​រក​ចំការ​មីន​ថ្មី​នៅ​ខេត្ត​ឧត្តរមានជ័យ​ទៀត។ តំបន់​ចំការ​មីន​ដែល​យើង​យក​ចិត្ត​ទុក​ដាក់​ជាង​គេ​ គឺ​នៅ​តាម​បណ្ដា​ខេត្ត​ដែល​នៅ​ជាប់​ព្រំដែន​គ្នា​ជា​មួយ​​ថៃ ដែល​មាន​ចំការ​មីន​ច្រើន​នៅ​ឡើយ»។

អ្នកនាំពាក្យ​អាជ្ញាធរ​មីន​កម្ពុជា ​លោក ទេព កល្យាណ ទទួល​ស្គាល់​ថា បច្ចុប្បន្ន​នេះ​ខេត្ត​ចំនួន​៧​ដែល​មាន​ព្រំដែន​ជាប់​គ្នា​ជាមួយ​ប្រទេស​ថៃ​ គឺ​ពិត​ជា​នៅ​មាន​ផ្ទៃ​ដី​ដែល​ជា​ចំការ​មីន ​ក៏​ប៉ុន្តែ​ត្រង់​ទំហំ​ប៉ុណ្ណា គឺ​លោក​មិន​ទាន់​ដឹង​ពិត​ប្រាកដ​នៅ​ឡើយ។ លោក​ថា រដ្ឋាភិបាល​កម្ពុជា​កំពុង​តែ​មាន​យន្តការ​ស្រាវជ្រាវ​​​រក​ផ្ទៃ​ដី​ចំការ​មីន​ថ្មី​ទាំង​នេះ ​ដើម្បី​រៀបចំ​ផែនការ​បោស​សំអាត​ជា​បន្ត​ទៀត។

លោក ទេព កល្យាណ៖ «ឥឡូវនេះ​យើង​រក​ឃើញ​ចំការ​មីន​ថ្មី​មួយ​ចំនួន​ហើយ ​ប៉ុន្តែ​នៅ​ពេល​ដំណើរ​ការ​ស្រាវជ្រាវ​ចប់​ទើប​ខ្ញុំ​អាច​រាយការណ៍​ជូន​បាន​ថា តើ​ទំហំ​ចំការ​មីន​ថ្មី ​ដែល​កំពុង​គំរាម​កំហែង​នៅ​តាម​ខេត្ត​ចំនួន​៧ ​ជាប់​ព្រំដែន​កម្ពុជា-ថៃ​នោះ​មាន​ប៉ុណ្ណា។ នៅ​ពេល​ដែល​ដឹង​ច្បាស់​ហើយ​ទើប​យើង​អាច​ដឹង​ថា តើ​ត្រូវ​ប្រើ​ថវិកា​ចំនួន​ប៉ុន្មាន​សម្រាប់​ការ​បោស​សំអាត?ហើយ​ប្រើ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ក្នុង​ការ​បោស​សំអាត?ទោះជាយ៉ាងណា​រដ្ឋាភិបាល​បាន​កំណត់​ថា​នៅ​ត្រឹម​ឆ្នាំ​២០៣០​គឺ​បោស​សំអាត​ឱ្យ​អស់​នូវ​គ្រាប់​មីន​ប្រឆាំង​មនុស្ស»។

វិទ្យុ​អាស៊ី​សេរី ​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​ការ​រក​ឃើញ​ចំការ​មីន​ថ្មីៗ​​​របស់​ក្រុមCMAC​នេះ ​ពី​អ្នកនាំពាក្យ​សាលា​ខេត្ត​បន្ទាយមានជ័យ​ ​​​​​លោក ​លី សុវណ្ណារិទ្ធិ​ បាន​នៅ​ឡើយ​នៅ​ថ្ងៃ​ទី​២៩​ខែ​មករា។

ប៉ុន្តែ​ពលរដ្ឋ​នៅ​ឃុំ​អូរបីជាន់ ​ស្រុក​អូរជ្រៅ ​លោក​ សៀន វី ​បាន​បង្ហាញ​កង្វល់​ចំពោះ​បញ្ហា​គ្រាប់​មីន​ដែល​សេសសល់​នៅ​ក្នុង​តំបន់​របស់​ពួក​គាត់។ ​លោក​ថា បច្ចុប្បន្ន​នេះ​គ្រាប់​មីន​ដែល​នៅ​កប់​ក្រោម​ដី ​តាម​តំបន់​ព្រំដែន​កម្ពុជា-ថៃ​ កំពុង​គំរាម​កំហែង​ដល់​មនុស្ស​ជា​ច្រើន​ទាំង​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ស្រែ​ចំការ​និង​អ្នក​ដើរ​បេះ​បន្លែ​ព្រៃ។

លោក សៀន វី៖ «បើ​និយាយ​ពី​មីន​ផ្ទុះ​សឹង​តែ​រាល់​ឆ្នាំ​នៅ​តំបន់​ចំការ​របស់​ខ្ញុំ។ កាល​ពី​​ឆ្នាំ​មុន​ប្អូន​ថ្លៃ​ប្រុស ​របស់​ខ្ញុំ​ម្នាក់​ក៏​ដាច់​ជើង​ដោយសារ​ផ្ទុះ​មីន​នៅ​តំបន់​ចំការ​របស់​ខ្ញុំ​ ដែល​នៅ​ជាប់​តំបន់​ស​ រវាង​ព្រំដែន​កម្ពុជា-ថៃ​ដែរ។ នៅ​តំបន់​ចំការ​របស់​ខ្ញុំ​គឺ​នៅ​មាន​មីន​ច្រើន ​ជួន​កាល​កាប់​ដី​ដាំ​ដំណាំ​ក៏​មាន​ប៉ះ។ បើទោះ​ជា​អ្នក​អត់​មាន​ចំការ​ធ្វើ​ពេល​ខ្លះ​ពលរដ្ឋ​ចូល​ព្រៃ​ដើរ​បេះ​បន្លែ ​គឺ​ផ្ទុះ​មីន​របួស​ស្ទើរ​តែ​រៀង​រាល់​ឆ្នាំ។ បើ​តាម​ដឹង​មាន​ពលរដ្ឋ​ប្រមាណ​ជាង ១០​នាក់​ហើយ ​ដែល​រងគ្រោះ​ដោយសារ​តែ​ផ្ទុះ​មីន​នៅ​ម្ដុំ​ចំការ​របស់​ខ្ញុំ។ ពេល​ខ្លះ​ទាហាន​ដែល​ដើរ​ល្បាត​ព្រំដែន ​ក៏​ធ្លាប់​រងគ្រោះ​ដោយសារ​ផ្ទុះ​មីន​នៅ​ម្ដុំ​ចំការ​របស់​ខ្ញុំ​នោះ​ដែរ»។

បច្ចុប្បន្ន​នេះ​នៅ​តាម​តំបន់​មួយ​ចំនួន​របស់​ខេត្ត​នៅ​ជាប់​ព្រំដែន​កម្ពុជា-ថៃ នៅ​មាន​ករណី​ផ្ទុះ​មីន​បណ្តាល​ឱ្យ​ពលរដ្ឋ​បាត់​បង់​ជីវិត ​និង​រង​របួស​ជា​ញឹក​ញាប់។

ជាក់​ស្តែង កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មករា​ អ្នក​ឯកទេស​បោស​សំអាត​មីន​របស់​មជ្ឈ​មណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​(CMAC)​ចំនួន​២​នាក់ ​ឈ្មោះ ​អឿន ចាន់ណារ៉ា​ និង​ពៅ នេពីន ​បាន​ស្លាប់​ដោយសារ​ផ្ទុះ​មីន​តោន​ ដែល​ជា​មីន​ប្រឆាំង​រថក្រោះ​ នៅ​ភូមិ​ត្រពាំងប្រិយ៍ ​ឃុំ​បាក់អន្លូង ​ស្រុក​ត្រពាំងប្រាសាទ​ ខេត្ត​ឧត្តរមានជ័យ​ ក្នុង​ពេល​ដែល​កំពុង​បំពេញ​ប្រតិបត្តិការ​បោស​សំអាត​គ្រាប់​មីន។ ១​ថ្ងៃ​ក្រោយ​មក​គឺ​នៅ​រសៀល​ថ្ងៃ​ទី​១៧ ខែ​មករា ​កសិករ​ម្នាក់​ឈ្មោះ​ ថៃ សឿន ​អាយុ​៤២​ឆ្នាំ​ នៅ​ភូមិ​កូនភ្នំ​​ខាង​ត្បូង ​ឃុំ​តាស្ដា ​ស្រុក​សំពៅលូន ខេត្ត​បាត់ដំបង​ ក៏​រង​របួស​ជើង​ទាំង​ពីរ​និង​ក្បាល​​ធ្ងន់ធ្ងរ ​ដោយសារ​តែ​ផ្ទុះ​មីន​តោន ក្នុង​ពេល​​ដែល​គាត់​បើក​រថយន្ត​ចូល​ចំការ​ដើម្បី​ដឹក​ជញ្ជូន​ដំឡូងមី។

ចាប់​តាំង​ពី​ខែ​មករា ដល់​ខែ​ធ្នូ​ឆ្នាំ​២០២៤​កម្ពុជា មាន​ជន​រងគ្រោះ​ដោយសារ​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ ​គ្រាប់​មីន​និង​គ្រាប់​ផ្សេង​ទៀត​ចំនួន​៤៧​នាក់។ ​ចំនួន​អ្នក​រងគ្រោះ​នេះ​កើន​ឡើង​១៥​នាក់ ​បើ​ប្រៀបធៀប​និង​ឆ្នាំ​២០២៣។

របាយការណ៍​របស់​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា ​ឱ្យ​ដឹង​ថា កម្ពុជា​នៅ​មាន​ផ្ទៃ​ដី​ដែល​មិន​ទាន់​បោស​សំអាត​មីន​រួច​រាល់​ទំហំ​ជិត​៥០០ (៤៦៨) រយ​គីឡូម៉ែត្រ​ក្រឡា​ទៀត។ ​ប្រសិន​បើ​ការ​ស្រាវជ្រាវ​រក​ឃើញ​ចំការ​មីន​ថ្មី​ នៅ​ក្នុង​ខេត្ត​ចំនួន​៧ ដែល​មាន​ព្រំដែន​ជាប់​ជាមួយ​ប្រទេស​ថៃ​ថែម​ទៀត​នោះ​ នឹង​ធ្វើ​ឱ្យ​ផ្ទៃ​ដី​ដែល​មាន​មីន​នៅ​ក្នុង​ប្រទេស​កម្ពុជា​កាន់​តែ​កើន​ឡើង។

មន្ត្រី​​​អាជ្ញាធរ​មីន​កម្ពុជា​ធ្លាប់​មាន​​ប្រសាសន៍​ថា កម្ពុជា​មិន​ជោគ​ជ័យ​លើ​ការ​ប្ដេជ្ញា​ចិត្ត​ ដែល​ធ្លាប់​កំណត់​ថា នឹង​បោស​សំអាត​មីន​ប្រឆាំង​មនុស្ស​ឱ្យ​អស់​នៅ​ត្រឹម​ឆ្នាំ​២០២៥​នេះ​ទេ។ កម្ពុជា​នឹង​បន្ត​ការ​បោស​សំអាត​មីន​ឱ្យ​អស់​រហូត​ទៅ​ដល់​ឆ្នាំ​២០៣០​ខាង​មុខ​ទៀត។

របាយការណ៍​របស់​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា​ឱ្យ​ដឹង​ថា ក្នុង​រយ:​ពេល​១២​ខែ​ឆ្នាំ​២០២៤ កម្ពុជា​បាន​បោស​សំអាត​​មីន និង​សំណល់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​លើ​ផ្ទៃ​ដី​ទំហំ​ជិត ២០០​គីឡូម៉ែត្រ​ក្រឡា ​ដោយ​រក​ឃើញ​និង​កំទេច​ចោល​គ្រាប់​មីន ​និង​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន​ជិត ១០​ម៉ឺន​(៩៩.៨៧៤)​គ្រាប់។ ក្នុង​នោះ​មាន​មីន​ប្រឆាំង​មនុស្ស​ចំនួន​ជាង ១​ម៉ឺន​(១៦.១៥៦)​គ្រាប់ ​មីន​ប្រឆាំង​រថក្រោះ​ចំនួន ១៥៧​គ្រាប់ ​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ​រួម​ទាំង​គ្រាប់បែក​ចង្កោម​ចំនួន​ជាង ៧​ម៉ឺន​(៧៥.៤៩១)​គ្រាប់។

ដោយ​ឡែក​សម្រាប់​ប្រតិបត្តិការ​ក្រោម​ទឹក​វិញ​ អង្គភាព​CMAC បាន​បោស​សំអាត​ផ្ទៃ​ទឹក​ទំហំ​ជាង​៤​ពាន់​(៤.២០០)ម៉ែត្រ​ក្រឡា​ ដោយ​រក​ឃើញ​គ្រាប់​មីន​ប្រឆាំង​មនុស្ស និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​សរុប​ចំនួន​ជិត​៤​ពាន់ (៣.៨៤០) គ្រាប់​ ស្មើ​និង​ទម្ងន់​ជិត ៣៣​តោន។

នៅ​ក្នុង​ឆ្នាំ​២០២៥​នេះ អង្គភាព​CMAC​មាន​គម្រោង​បោស​សំអាត​ផ្ទៃ​ដី ​ចំការ​មីន​ទំហំ​១០៥​គីឡូម៉ែត្រ​ក្រឡា និង​ផ្ទៃ​ដី​គ្រាប់បែក​ទម្លាក់​ពី​លើ​យន្តហោះ​ទំហំ​៤៩​គីឡូម៉ែត្រ​ក្រឡា​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។