គ្រួសារជនរងគ្រោះបាក់រលំអគារចិននៅខេត្តព្រះសីហនុអំពាវនាវដល់តុលាការឱ្យពន្លឿននីតិវិធី ដើម្បីឱ្យក្រុមហ៊ុនចិនផ្ដល់សំណងជំងឺចិត្តដល់ពួកគាត់។ សង្គមស៊ីវិលយល់ថា ហេតុការណ៍បាក់រលំអគារចិន ដែលបណ្ដាលឱ្យកម្មករសំណង់ស្លាប់ និងរបួសចំនួន៥៤នាក់ គឺជាសោកនាដកម្មដ៏រន្ធត់។ ដូច្នេះ តុលាការគួរតែយកចិត្តទុកដាក់ពន្លឿននីតិវិធី ដើម្បីផ្ដល់យុត្តិធម៌ពេញលេញដល់ជនរងគ្រោះ និងទុកជាសំណុំរឿងគំរូមួយ។
គ្រួសារជនរងគ្រោះដែលស្លាប់ និងរបួសលើកឡើងថា បើទោះជាពួកគាត់ទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលក្តី ប៉ុន្តែពួកគាត់នៅតែបន្តទាមទារសំណងពីក្រុមហ៊ុនចិន និងទាមទារឱ្យតុលាការផ្ដន្ទាទោស ចំពោះថៅកែជនជាតិចិន និងអ្នកពាក់ព័ន្ធមួយចំនួនទៀតតាមច្បាប់។
គ្រួសារជនរងគ្រោះនៅខេត្តព្រៃវែង គឺលោកស្រី ឃឹម សាខន រៀបរាប់ថា ប្តីរបស់លោកស្រីបានស្លាប់ និងកូនប្រុសម្នាក់រងរបួសធ្ងន់ ក្នុងហេតុការណ៍បាក់រលំអគារចិនកាលពីខែមុននោះ។ លោកស្រីបានទៅដាក់បណ្ដឹងទាមទារសំណងដោយខ្លួនឯង នៅតុលាការខេត្តព្រះសីហនុ កាលពីថ្ងៃទី១៦ ខែកក្កដា។ លោកស្រី ទាមទារសំណង ៥ម៉ឺនដុល្លារសម្រាប់ករណីប្តីស្លាប់ ចំណែកកូនដែលរបួស លោកស្រីទាមទារប្រាក់សំណងផ្សេងទៀត។ លោកស្រីបន្ថែមថា ទោះបីជារដ្ឋាភិបាលបានផ្តល់ប្រាក់ឧបត្ថម្ភរួចហើយក្តី ប៉ុន្តែលោកស្រី អំពាវនាវឱ្យរដ្ឋាភិបាល ជួយជំរុញតុលាការឱ្យពន្លឿននីតិវិធី ដើម្បីឱ្យពួកគាត់ទទួលបានសំណងពីក្រុមហ៊ុនចិននោះ៖ «ខ្ញុំនៅតែមានអារម្មរណ៍សោកស្តាយ ចំពោះការបាត់សមាជិក គ្រួសារខ្ញុំ។ហើយណាមួយកូនខ្ញុំក៏នៅតែរបួសមិនទាន់ជា។ ខ្ញុំភ័យខ្លាចកូនខ្ញុំកើតអីទៅមុខទៀត។ ទោះបីជាខ្ញុំបានលុយច្រើន ក៏ខ្ញុំបាត់បង់សមាជិកម្នាក់ដែរ ដូច្នេះ លុយនេះមិនមែនជាលុយត្រេកអរ លុយសប្បាយទេ គឺជាលុយទុក្ខសោកគ្រៀមក្រំអស់មួយជីវិត។ខ្ញុំសូមឲ្យផ្តន្ទាទោសទៅតាមច្បាប់ ហើយផ្តល់យុត្តិធម៌ និងសំណងតាមអី្វ ដែលខ្ញុំសំណូមពរ»។
កម្មករសំណង់ នៅខេត្តពោធិ៍សាត់ម្នាក់ ដែលរួចជីវិតពីការបាក់អគារនោះ គឺលោក អ៊ឹម ចំរើន ថ្លែងថា លោកបានដាក់បណ្ដឹងរួចហើយ តាមរយៈការពឹងពាក់មេធាវីស្ម័គ្រចិត្តរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុន្តែសំណុំរឿងនេះហាក់ដូចជាស្ងប់ស្ងាត់។ លោកអំពាវនាវដល់តុលាការឱ្យពន្លឿននីតិវិធី បង្គាប់ឱ្យក្រុមហ៊ុនផ្ដល់សំណងឱ្យបានឆាប់ៗ ព្រោះពេលនេះ លោកមិនទាន់អាចធ្វើការងារធ្ងន់បានទេ ដោយសាររបួសក៏មិនទាន់ជាទាំងស្រុង៖ «ចង់ឲ្យដើរសំណុំរឿងនេះឲ្យលឿនដែរតែគ្រាន់តែសំណុំរឿងនេះ ដាក់បញ្ជូនទៅតុលាការខេត្តព្រះសីហនុហើយ ប៉ុន្តែទៅមុខទៀតមិនទាន់ដឹង។ ចង់ឲ្យរដ្ឋាភិ បាលជួយផ្តល់សំណងរបស់ចិនឲ្យបានលឿនផង»។
កាលពីថ្ងៃទី២២ ខែមិថុនា អគារកម្ពស់ ៧ជាន់ ដែលកំពុងសាងសង់ដោយគ្មានច្បាប់អនុញ្ញាត និងវិនិយោគដោយជនជាតិចិន បានបាក់រលំបណ្ដាលឱ្យកម្មករសំណង់ស្លាប់ ២៨នាក់ និងរបួស ២៦នាក់។ អាជ្ញាធរបានប្រើពេលវេលា ៣ថ្ងៃ ក្នុងការរុករក និងជួយសង្គ្រោះជនរងគ្រោះ ដែលក្នុងគំនរអគារបាក់នោះ។
អគារនេះក៏បានបាក់រលំសង្កត់លើភោជនីយដ្ឋានរបស់ជនជាតិជប៉ុន និងយានដ្ឋានអរុណរៈ ដែលនៅជាប់គ្នានោះខ្ទេចខ្ទីអស់ដែរ។ ក្រោយហេតុការណ៍បាក់រលំអគារនេះ តុលាការសម្រេចឃុំខ្លួនជនជាតិចិន ៤នាក់ដែលជាម្ចាស់អគារម្ចាស់ក្រុមហ៊ុនម៉ៅការសាងសង់ អ្នកមើលការខុសត្រូវការដ្ឋានសាងសង់ និងមេជាងសំណង់។ រីឯអតីតអភិបាលខេត្តព្រះសីហនុលោក យន្ត មីន ដែលគ្រប់គ្រងខេត្តនេះវិញ រដ្ឋាភិបាលមិនបានស៊ើបអង្កេតនៅឡើយទេ ប៉ុន្តែលោកត្រូវបានផ្ទេរ និងដំឡើងតំណែងឱ្យជារដ្ឋលេខាធិការក្រសួងការពារជាតិថែមទៀត ក្រោយពីលោកទទួលស្គាល់កំហុស និងលាលែងពីតំណែងអភិបាលខេត្តមិនបានប៉ុន្មានម៉ោងផង។
ប្រធានក្រុមមេធាវីស្ម័គ្រចិត្តរបស់លោក ហ៊ុន សែន គឺលោក គី តិច ប្រាប់អាស៊ីសេរីថា ក្រុមមេធាវីរបស់លោក បានជួយសម្រួលដាក់បណ្ដឹងទាមទារសំណងទៅតុលាការឱ្យជនរងគ្រោះអស់មួយចំនួនធំហើយ។ លោកបន្តថា តុលាការនឹងកោះហៅទៅតាមនីតិវិធីជាបន្តបន្ទាប់។ លោកបញ្ជាក់ឱ្យដឹងដែរថា ចំពោះសំណុំរឿងរបស់ម្ចាស់ភោជនីយដ្ឋានជនជាតិ ជប៉ុនដែលរងការខូចខាតដោយសារអគារបាក់រលំសង្កត់លើដែរនោះ គឺតុលាការកំពុងចាត់ការតាមច្បាប់ជាបណ្ដើរៗ ដែរ៖ «ភោជនីយដ្ឋានរបស់ជប៉ុននេះ គឺរឿងរបស់គាត់បានដាក់ទៅ តុលាការតាំងពីដំបូងដែលពួកខ្ញុំមិនទាន់បានចុះទៅជួយ។គាត់បានដាក់ខ្លួនឯងទៅហើយ។រឿងនេះ ខ្ញុំដឹងថា តុលាការកំពុងចាត់ការមុនគេហើយ»។
មន្ត្រីសម្របសម្រួលសមាគម អាដហុក (Adhoc) ប្រចាំខេត្តព្រះសីហនុ អ្នកស្រី ជៀប សុធារី មានប្រសាសន៍ថា សំណុំរឿងបាក់រលំអគារចិនបណ្ដាលឱ្យកម្មករសំណង់ ២៨នាក់ស្លាប់ និង ២៦នាក់របួសនេះ គឺជាសោកនាដកម្មដ៏រន្ធត់។ ដូច្នេះរដ្ឋាភិបាល និងតុលាការ គួរតែយកចិត្តទុកដាក់ដោះស្រាយសំណុំរឿងនេះឱ្យបានលឿននិងត្រឹមត្រូវតាមច្បាប់ ដើម្បីផ្ដល់យុត្តិធម៌ និងសំណងសមរម្យដល់គ្រួសារជនរងគ្រោះ និងទុកជាការព្រមានកុំឱ្យក្រុមហ៊ុនបរទេស ជាពិសេស ក្រុមហ៊ុនចិនផ្សេងៗ ទៀត ធ្វេសប្រហែស និងមើលងាយច្បាប់កម្ពុជា៖ «យើងចង់ឲ្យកាត់ក្តីដោយយុត្តិធម៌មួយ ដើម្បីបង្ហាញពីប្រសិទ្ធិភាពនៃការអនុវត្តច្បាប់ និងសក្តានុពលរបស់ប្រទេសកម្ពុជា។ ចង់និយាយថា បើកឱកាសឲ្យអ្នកឯងមករកស៊ីមែនតែអ្នកឯងត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់នៅពេលអ្នកឯងធ្វេសប្រហែសឲ្យមានរឿងកើតឡើង ហើយក៏ទាមទារឲ្យទទួលខុសត្រូវ ចំពោះការខូចខាតទាំងអស់នេះ។ ស្លាប់មនុស្សអស់មួយគំនរអ៊ីចឹង វាមិនអាចលើកលែងទេ ត្រូវតែធ្វើ ហើយត្រូវតែប្រកាសការងារនេះជាសាធារណៈ»។
អាស៊ីសេរីមិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យសាលាដំបូងខេត្តព្រះសីហនុ លោក លឹម ប៊ុនហេង បានទេ ដោយសារទូរស័ព្ទចូលពុំមានអ្នកទទួល។
កាលពីថ្ងៃទី១ ខែកក្កដាកន្លងទៅ ក្រុមសហព័ន្ធសហជីពសមាគម និងអង្គការសង្គមស៊ីវិលជាតិអន្តរជាតិជាង ១០០ស្ថាប័ន បានចេញសេចក្ដីថ្លែងការណ៍រួមមួយ ទាមទារឱ្យមានសំណងសមរម្យដល់អ្នករងគ្រោះ និងស្រាវជ្រាវរកជនល្មើសមកផ្ដន្ទាទោសតាមច្បាប់ ហើយអ្នកសមគំនិត ត្រូវទទួលទោសដូចអ្នកប្រព្រឹត្តផ្ទាល់ដែរ។ សេចក្ដីថ្លែងការណ៍ដដែលបន្តថា ចំពោះអាជ្ញាធរមានសមត្ថកិច្ច ដែលបណ្ដោយឱ្យជនជាតិចិនសង់អគារដួលរលំនេះ ក៏ត្រូវតែទទួលខុសត្រូវលើគ្រោះថ្នាក់នេះ ហើយក៏ត្រូវទទួលទោសដូចអ្នកប្រព្រឹត្តផ្ទាល់ដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។