សាច់ញាតិរបស់ក្រុមកម្មករសំណង់រងគ្រោះ ពីបាក់អគារនៅខេត្តកែបមួយចំនួនស្នើសុំឲ្យតុលាការខេត្តកំពតពន្លឿននីតិវិធី សំណុំរឿងបាក់រំលំអគារកម្ពស់៧ជាន់ កាលពីដើមឆ្នាំ២០២០ ដើម្បីពួកគេទទួលបានយុត្តិធម៌ និងសំណងរដ្ឋប្បវេណី។ ពួកគេយល់ថា ការយឺតយ៉ាវ របស់តុលាការនេះ គឺធ្វើឲ្យប៉ះពាល់ដល់ផ្លូវចិត្តរបស់ពួកគាត់ដែលកំពុងទន្ទឹងរង់ចាំយុត្តិធម៌ជិត ១ឆ្នាំមកហើយ។
ម្ដាយរបស់សពកម្មករសំណង់ឈ្មោះ ហាស់ សុគន្ធ ដែលស្លាប់ទាំងគ្រួសារចំនួន ៤នាក់ ក្នុងហេតុការណ៍បាក់អគារនៅខេត្តកែបគឺ លោកស្រី ចាន់ នាង ឲ្យដឹងថា តុលាការខេត្តកំពត មិនដែលបានកោះហៅខាងក្រុមគ្រួសារ ទៅសាកសួរ ឬប្រាប់ពីដំណើរការនីតិវិធីទេ។
លោកស្រីប្រាប់ថា ប្រហែល ៣ខែមុន ក្រុមមេធាវីស្ម័គ្រចិត្តរបស់រដ្ឋាភិបាល បានទូរស័ព្ទប្រាប់ថា ខាងតុលាការខេត្តកំពត បន្តលើកពេលសវនាការដោយមិនកំណត់រយៈពេលទេ។ ស្ត្រីវ័យ៦២ឆ្នាំរូបនេះ ចង់ឲ្យតុលាការកាត់ក្ដី ឲ្យលឿនដើម្បីទទួលបានយុត្តិធម៌ និងឲ្យអស់ចិត្តពីការស្លាប់របស់កូន និងចៅ៖ «ក្នុងចិត្តហ្នឹង ចង់ដឹងដែរកូន។ ខ្ញុំចង់បានយុត្តិធម៌ដែរ។ ចង់ដឹងថា កាត់ក្ដី យ៉ាងម្ដេចម្ដា ចង់ដឹងឲ្យច្បាស់ៗ។ ខាងមេធាវីស្ម័គ្រចិត្ត ប្រាប់ថា ចង់ឲ្យម្ចាស់ផ្ទះ ( អគារ ) គេជួយអ្វីខ្លះ អ៊ីចឹងទៅណាកូន។ ខ្ញុំមិនសូវចេះទេ មិនសូវដឹងទេ បានកូនរៀនសូត្រខ្ញុំចាស់បុរាណហ្នឹង»។
គ្រោះថ្នាក់បាក់រលំអគារកំពុងសាងសង់កម្ពស់ ៧ជាន់ នៅខេត្តកែប កាលពីថ្ងៃទី០៣ មករា ឆ្នាំ២០២០ បណ្ដាលឲ្យកម្មករសំណង់ និងសាច់ញាតិចំនួន ៣៦នាក់ (ស្រី១៤នាក់)ស្លាប់ នៅក្រោមគំនរផ្ទាំងថ្ម នៃអគារ។ ក្នុងចំណោមអ្នកស្លាប់មានក្មេងចំនួន៦នាក់ (ក្មេងស្រី២នាក់)។ ឯមនុស្សចំនួន២៣នាក់ (ស្រី ៨នាក់) ទៀតរងរបួស និងត្រូវបានជួយសង្គ្រោះចេញពីផ្ទាំងថ្ម។
ជុំវិញការបាក់អគារនេះ រដ្ឋាភិបាល មិនបានស្ដីបន្ទោស ឬដាក់ពិន័យអាជ្ញាធរណាទេ។ តែ ប៉ូលិសបានបញ្ជូនម្ចាស់គម្រោងអគារ២នាក់ជា ប្ដីប្រពន្ធ ឈ្មោះ ឯក សារុន ត្រូវជាបងប្រុសបង្កើតរបស់សមាជិកជាន់ខ្ពស់បក្សកាន់អំណាច លោក ឯក សំអុល ទៅតុលាការ។ ទោះជាយ៉ាងណា ភ្លាមៗនោះ មន្ត្រីតុលាការខេត្តកំពត បានអនុញ្ញាតឲ្យម្ចាស់អគារទាំងពីរនាក់ប្ដីប្រពន្ធតម្កល់ប្រាក់មួយចំនួន និងអនុញ្ញាតឲ្យនៅក្រៅឃុំ។
រដ្ឋាភិបាល ក៏បានឧបត្ថម្ភប្រាក់ឲ្យសាច់ញាតិរបស់ជនរងគ្រោះដែលបាត់បង់ជីវិតនិងកម្មកររងរបួសចន្លោះពីមួយម៉ឺន (១០ ០០០)ដុល្លារ ដល់ប្រាំម៉ឺន(៥០ ០០០)ដុល្លារ និងផ្ដល់មេធាវីដើម្បីជួយសេវាផ្នែកច្បាប់ ដល់គ្រួសារជនរងគ្រោះទាំងអស់។
អ្នកនាំពាក្យសាលាដំបូងខេត្តកំពត លោក ម៉ាន់ បូរ៉េត ប្រាប់អាស៊ីសេរី នៅថ្ងៃទី១៣ ធ្នូ ថា លោក មិនទាន់ដឹងថា ដំណើរការសំណុំរឿងបាក់រលំអគារសំណង់នេះ ដំណើរការដល់ណាទេ ដោយរង់ចាំសួរទៅចៅក្រមកាន់សំណុំរឿងនេះសិន។
ទោះជាយ៉ាងណា អ្នកឃ្លាំមើលសិទ្ធិកម្មករសំណង់ ទាមទារឲ្យតុលាការ បើកសវនាការឲ្យបានលឿន ព្រោះសំណុំរឿងនេះ អូសបន្លាយជិតមួយឆ្នាំហើយ និងត្រូវតែផ្ដល់យុត្តិធម៌ ឲ្យជនរងគ្រោះ និងគ្រួសាររបស់ពួកគេ។
អនុប្រធានសហព័ន្ធសហជីពកម្មករសំណង់និងព្រៃឈើកម្ពុជា លោក សួ ឆ្លូញ សង្កេតឃើញថា ដំណើរការនីតិវិធីរបស់តុលាការយឺតយ៉ាវ នឹងធ្វើឲ្យក្រុមគ្រួសារ និងជនរងគ្រោះមិនទទួលបានយុត្តិធម៌។ លោក ជំរុញឲ្យតុលាការពន្លឿននីតិវិធី ឲ្យលឿន ព្រោះកៀកនឹងខួប ១ឆ្នាំទៅហើយ នៃហេតុការណ៍បាក់រំលំនៅខេត្តកែបនេះ៖ «ករណីនៅកែបខ្ញុំមើលទៅ ថា ពន្លឺយុត្តិធម៌ ពន្លឺក្ដីសង្ឃឹម គឺវានៅឆ្ងាយមែនទែន។ នៅសល់មិនដល់ប៉ុន្មានថ្ងៃទៀតទេ ខួបនៃការបាក់ហើយ តែទាក់ទងនឹងការទទួលបាននូវយុត្តិធម៌ទៅដល់ជនរងគ្រោះក៏ដូចជា ក្រុមគ្រួសារជនរងគ្រោះ ដែលបាត់បង់ជីវិត ខ្ញុំមើលឃើញថា វានៅឆ្ងាយមែនទែន។ តែទោះបីជាយ៉ាងណា សម្រាប់សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា យើងក៏មានផែនការនៅក្នុងការធ្វើខួបរំលឹក១ឆ្នាំផងដែរ»។
ករណីបាក់រលំការដ្ឋានអគារនៅខេត្តកែប កាលពីដើមឆ្នាំ២០២០ គឺជាសោកនាដកម្ម លើកទី៣ បន្ទាប់ពីករណីលើកទី១ គឺបាក់រលំការដ្ឋានអគារសំណង់ កម្ពស់៧ជាន់ នៅក្នុងក្រុងព្រះសីហនុ បណ្ដាលឱ្យកម្មករសំណង់២៨ នាក់ស្លាប់ និងរបួស២៦នាក់។ ករណីទី២ គឺបាក់រលំការដ្ឋានសាលាឆាន់ នៅវត្តមួយ នៅខេត្តសៀមរាប បណ្ដាលឱ្យកម្មករ ៣នាក់ស្លាប់ និង១៣នាក់រងរបួស។
ក្រោយការបាក់រលំអគារការដ្ឋានសំណង់ទាំង ៣កន្លែងរួច ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ហាមលែងឲ្យកម្មករ ដេកនិងស្នាក់នៅ ក្នុងការដ្ឋានសំណង់ទៀត ដោយត្រូវកសាងទីតាំងសម្រាកនៅកន្លែងផ្សេង ដើម្បីបញ្ចៀសហានិភ័យបាក់រលំអគារសង្កត់។ ប៉ុន្តែកម្មករសំណង់ខ្លះនៅតែបន្តដេក និងស្នាក់នៅតាមការដ្ឋានដដែល ដោយសារ គ្មានប្រាក់ជួលបន្ទប់ និងគ្មានលទ្ធភាពបង់ថ្លៃទឹកភ្លើង ខណៈ ថៅកែ ឬ អ្នកម៉ៅការមិនបានសាងសង់ទីតាំងផ្សេងឲ្យកម្មករស្នាក់នៅនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។