អាជ្ញាធររាជធានីភ្នំពេញ និងក្រសួងមហាផ្ទៃ នៅមិនទាន់បញ្ជាក់ឲ្យច្បាស់លាស់ពីរយៈពេលកំណត់នៃការបិទ ឬបើកទីលានប្រជាធិបតេយ្យ និងផ្លូវជុំវិញឲ្យដំណើរការឡើងវិញនៅពេលណានោះទេ។ ទន្ទឹមគ្នានេះ ប្រជាពលរដ្ឋដែលរស់នៅ និងអ្នកមានមុខរបររកស៊ីនៅជុំវិញទីលានប្រជាធិបតេយ្យ សម្ដែងក្តីកង្វល់ចំពោះផលប៉ះពាល់លើមុខជំនួញ ព្រមទាំងការចេញចូលផ្ទះសម្បែងប្រចាំថ្ងៃ។ ពួកគាត់ទាមទារឲ្យអាជ្ញាធរពាក់ព័ន្ធគិតពីបញ្ហាបិទផ្លូវនេះឡើងវិញ។
តំបន់ទីលានប្រជាធិបតេយ្យ ស្ថិតក្នុងខណ្ឌដូនពេញ ដែលមានទំហំប្រមាណជាងមួយហិកតារ ត្រូវបានកម្លាំងសមត្ថកិច្ចអាជ្ញាធររឹតត្បិតការចេញចូលលើសពីបម្រាមមិនឲ្យមានការជួបជុំបញ្ចេញមតិ ឬធ្វើបាតុកម្មដូចសព្វមួយដង។
បម្រាមនេះបានអូសបន្លាយរយៈពេលប្រមាណជាងបួនខែមកហើយ ហើយរយៈពេលប្រមាណជាងមួយខែចុងក្រោយនេះ ការរឹតបន្តឹងកើនទ្វេដង។ គ្រប់ច្រកចេញចូលត្រូវហ៊ុមព័ទ្ធដោយលួសបន្លារនាំងដែកពីរជាន់យ៉ាងរឹងមាំ មានកម្ពស់ផុតក្បាលមនុស្សចាស់ ដាក់បន្លាលួស និងមានកងកម្លាំងសន្តិសុខ សមត្ថកិច្ចចម្រុះនៅយាមការពាររបាំងនោះទាំងយប់ថ្ងៃ។
ជាងនេះទៅទៀត ក្រុមកម្លាំងសមត្ថកិច្ច និងកងសន្តិសុខបណ្ដែតរបស់អាជ្ញាធរក្រុង តែងវាយបង្ក្រាប បណ្ដេញក្រុមអ្នកចង់ទៅសម្ដែងមតិនៅក្បែរទីលាននោះ និងអ្នកកាសែតជាញឹកញាប់។ ក្រុមអ្នកតវ៉ាតែងស្រែកសួរថា សព្វថ្ងៃនេះទីលានប្រជាធិបតេយ្យ ជាទីលានសម្ដែងមតិ ឬជាទីលានផ្ដាច់ការ វាយដំប្រជាពលរដ្ឋ?
ការបិទទីលានប្រជាធិបតេយ្យ និងផ្លូវជុំវិញមិនឲ្យអ្នកធ្វើដំណើរចេញចូលដោយសេរីនោះ ធ្វើឲ្យក្រុមអ្នកតស៊ូមតិដើម្បីសិទ្ធិសេរីភាពក្នុងសង្គម គណបក្សប្រឆាំង និងក្រុមអាជីវករនៅតំបន់នោះក្តៅក្រហាយ តឹងទ្រូង ព្រមទាំងប្រឈមមុខនឹងការខាតបង់ប្រាក់ដើមទុនជាច្រើន។
ស្ត្រីជាអាជីវករលក់គ្រឿងឡានម្នាក់នៅខាងត្បូងទីលានប្រជាធិបតេយ្យ ថ្លែងឲ្យដឹងទាំងទឹកមុខក្រៀមក្រំថា របររកស៊ីរបស់គាត់ និងប្រជាពលរដ្ឋជាច្រើនរយគ្រួសារផ្សេងទៀតប្រឈមនឹងការខាតបង់ប្រាក់ចំណូលយ៉ាងធ្ងន់ធ្ងរ។
លោកស្រីថា ក្នុងមួយថ្ងៃ ក្រៅពីខាតថ្លៃឈ្នួលផ្ទះ គឺបាត់បង់ចំណូលប្រមាណជាង ១០០ដុល្លារក្នុងមួយថ្ងៃ និងការចំណាយផ្សេងៗទៀតក្នុងអាជីវកម្មនីមួយៗ ដោយសារតែអតិថិជនមិនអាចចេញចូលតំបន់នោះដូចសព្វដងបាន៖ «ការបិទលានប្រជាធិបតេយ្យធ្វើឲ្យប៉ះពាល់ដល់ប្រជាជនជុំវិញទាំងអស់ហ្នឹង ហើយការលក់ដូរក៏គ្នាមិនបានលក់ដែរ ហើយម៉េចនឹងបានបង់ពន្ធរាល់ខែ ថ្លៃផ្ទះ ថ្លៃភ្លើងសព្វទាំងអស់ ហើយគាត់បិទអ៊ីចឹង ទង្វើអាក្រក់របស់គាត់សុទ្ធតែប៉ះពាល់ទាំងអស់ហើយ។ ចេញចូលក៏ពិបាក ទៅណាក៏ពិបាកដែរ ឃុំឃាំងនៅក្នុងហ្នឹងទាំងអស់តែម្ដង។ គ្នាចង់ចេញទៅផ្សា ទៅទិញម្ហូប កូនអីទៅសាលាក៏ពិបាកដែរ កូនចង់ទៅរៀនឡានចូលទៅអត់បាន ទាល់តែដឹកកូនចេញមកក្រៅ ចេញចូលចរាចរណ៍តាមណាក៏ស្ទះទាំងអស់ គិតមើលជុំវិញទាំងអស់ ៦ផ្លូវ»។
លោកស្រីបន្តថា ការបិទទីលានប្រជាធិបតេយ្យ ជារឿងយោបាយរបស់រដ្ឋាភិបាលចង់ឈ្នះចាញ់ជាមួយគណបក្សប្រឆាំង ប៉ុន្តែរដ្ឋាភិបាលមិនគួរបិទផ្លូវសាធារណៈមុខផ្ទះប្រជាពលរដ្ឋរស់នៅរកស៊ីចិញ្ចឹមជីវិតប្រចាំថ្ងៃ ព្រមទាំងដាក់កម្លាំងសមត្ថកិច្ចចម្រុះហ៊ុមព័ទ្ធទាំងយប់ថ្ងៃដូចតំបន់មានសង្គ្រាម បង្កការភ័យខ្លាចដល់ពលរដ្ឋនោះទេ៖ «ហើយកងកម្លាំងរបស់គេហ្នឹងគេស្ពាយសុទ្ធសាក់កាដូ ខ្លាំងជាងនៅសមរភូមិទៀត មានទាំងអាវុធ មានទាំងសម្ភារៈ ដេកអង្រឹង មើលទៅគួរឲ្យខ្លាចតែម្ដង។ ខ្ញុំមិនយល់ដែរ មិនដឹងការពារកន្លែងលានហ្នឹងមានប្រយោជន៍អី ព្រោះកន្លែងហ្នឹងគឺលានប្រជាធិបតេយ្យ រួចឥឡូវដល់ពេលគាត់ធ្វើអ៊ីចឹងបានន័យថា លានផ្ដាច់ការបណ្ដោយ»។
បុរសជាអាជីវករម្នាក់ទៀតដែលមានផ្ទះនៅជាប់ផ្លូវខាងត្បូងទីលានប្រជាធិបតេយ្យនោះដែរ បានសម្ដែងពីក្តីកង្វល់ប្រហាក់ប្រហែលគ្នាដែរជុំវិញការបិទផ្លូវជុំវិញទីលានប្រជាធិបតេយ្យ និងការខាតបង់មុខជំនួញ ការពិបាកចេញចូលមកផ្ទះខ្លួនឯង ត្រូវមានការអនុញ្ញាតពីកងកម្លាំងសមត្ថកិច្ចគ្រប់ពេលវេលា។
លោកបន្តថា បច្ចុប្បន្នលោកមើលឃើញទីលានប្រជាធិបតេយ្យ ហាក់ដូចជាទីលានសង្គ្រាមមួយដែលមានកងកម្លាំងច្រើនជាងនៅតំបន់ព្រំដែនទៅទៀត ហើយបញ្ហានេះធ្វើពួកគាត់មានការងឿងឆ្ងល់ជាខ្លាំង៖ «បើតាមខ្ញុំធ្វើដំណើរទៅតាមព្រំដែន ដូចជាមិនសូវឃើញមានទាហាន មានប៉ូលិស ដូចនៅទីលានប្រជាធិបតេយ្យទេ។ ខ្ញុំមើលកន្លែងទីលានប្រជាធិបតេយ្យហាក់ដូចជាសមរភូមិមួយត្រៀមប្រយុទ្ធ ដឹងប្រយុទ្ធជាមួយអ្នកណា? ខ្ញុំអត់យល់ អត់យល់ពីទង្វើរបស់រដ្ឋាភិបាលនេះទេ ហើយខ្ញុំអត់ដែលឃើញកម្លាំងប៉ូលិស ទាហានចល័តនៅកណ្ដាលទីក្រុងច្រើនអីយ៉ាងនេះទេ»។
ការបារម្ភផ្សេងទៀត គឺពលរដ្ឋខ្លាចសមត្ថកិច្ច សន្តិសុខរបស់សាលាក្រុងវាយដំពួកគាត់ដែលចេញចូលទៅផ្ទះនៅតំបន់នោះ ដោយច្រឡំថា ជាអ្នកមកធ្វើបាតុកម្ម ឬតវ៉ាលើបញ្ហាអ្វីមួយនោះ។
ចំណែកខាងអាជ្ញាធររាជធានីភ្នំពេញ ហាក់មិនទទួលខុសត្រូវចំពោះផលប៉ះពាល់ដល់អាជីវកម្ម និងការលំបាកផ្សេងៗរបស់ពលរដ្ឋដែលរស់នៅតំបន់នោះឡើយ។ ជាងនេះទៅទៀត អាជ្ញាធររដ្ឋាភិបាលបានដាក់បន្ទុកទៅលើគណបក្សប្រឆាំងដែលដឹកនាំបាតុកម្មជាហូរហែកន្លងមក។ ប៉ុន្តែជាញឹកញាប់គណបក្សសង្គ្រោះជាតិ តែងតែបដិសេធចំពោះការចោទប្រកាន់នេះ ដោយអះអាងថា ប្រជាពលរដ្ឋនិងគណបក្សអនុវត្តទៅតាមច្បាប់ស្ដីពីសិទ្ធិធ្វើបាតុកម្ម កូដកម្ម ប៉ុន្តែផ្ទុយទៅវិញ អាជ្ញាធរក្រុង រដ្ឋាភិបាល តែងតែរំលោភច្បាប់ រំលោភលើសិទ្ធិសេរីភាពគ្រប់បែបយ៉ាង ប្រើអំពើហិង្សាលើពលរដ្ឋរបស់ខ្លួនឯង។
ទាក់ទងបញ្ហានេះដែរ មន្ត្រីជាន់ខ្ពស់នៃសមាគមអាដហុក លោក ចាន់ សុវ៉េត មានប្រសាសន៍ថា ការដាក់របងដែក បន្លាលួស កងកម្លាំងប្រដាប់អាវុធបិទទីលានប្រជាធិបតេយ្យស្ថិតនៅកណ្ដាលក្រុង និងផ្លូវចេញចូលជុំវិញនោះ គឺជះឥទ្ធិពលអាក្រក់បម្រាប់ប្រទេសកម្ពុជា និងភ្ញៀវអន្តរជាតិ ព្រមទាំងបង្ហាញពីការដើរថយក្រោយនៃការគោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ។
លោក ចាន់ សុវ៉េត៖ «ការធ្វើដោយមិនបានគិតគូរឲ្យបានដិតដល់ពីការគ្រប់គ្រងប្រទេស ហើយបើនិយាយពីការប្រើប្រាស់កងកម្លាំងប្រដាប់អាវុធវិញ ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ពលរដ្ឋដែលរស់នៅក្បែរតំបន់នោះ ធ្វើឲ្យគាត់ពិបាកដើរចេញចូល ភ័យខ្លាច មុខរបររកស៊ីរបស់ពួកគាត់ត្រូវបានរាំងស្ទះ ហើយការដែលព័ទ្ធដោយកងកម្លាំងប្រដាប់អាវុធនេះ ធ្វើឲ្យសេចក្ដីសុខរបស់ពលរដ្ឋស្ទើរតែបាត់បង់ទាំងស្រុងរហូតដល់ពេលនេះ»។
លោកបន្តថា ការបិទទីលាន និងតំបន់ជុំវិញនោះ គឺជារឿងខុសច្បាប់ ហើយអាជ្ញាធរហាក់ពុំមានហេតុផលណាមួយសមស្រប ដែលអាចឲ្យមតិជាតិ និងអន្តរជាតិទទួលយកបាននោះទេ៖ «ឃើញថា រដ្ឋាភិបាលដែលកំពុងតែធ្វើនេះមិនដឹងផ្អែកលើមូលដ្ឋានច្បាប់អីទេ ព្រោះប្រទេសមិនបានប្រកាសដាក់ភាពអាសន្នឯណាក្នុងកាប្រើប្រាស់ដើម្បីព័ទ្ធទីលានប្រជាធិបតេយ្យ ហើយទីលានប្រជាធិបតេយ្យ បង្កើតឡើងដោយច្បាប់ស្ដីពីបាតុកម្មដោយសន្តិវិធី ហើយបើសិនទីលានប្រជាធិបតេយ្យមួយបង្កើតឡើងដោយច្បាប់ ហើយបិទទៅវិញដោយបញ្ជា ដោយមិនសមស្រប។ ខ្ញុំគិតថា វាប៉ះពាល់ដល់អនុភាពនៃការអនុវត្តច្បាប់នៅក្នុងប្រទេសកម្ពុជា ទាំងមូលតែម្ដង»។
ទោះជាយ៉ាងក្តីរដ្ឋាភិបាលមិនបង្ហាញពីរយៈពេលណាមួយជាក់លាក់ក្នុងការបិទទីលានប្រជាធិបតេយ្យ និងផ្លូវចេញចូលជុំវិញតំបន់នោះដល់ពេលណានោះឲ្យប្រាកដនោះទេ។ មន្ត្រីខ្លះបញ្ជាក់ថា បិទឬបើកតំបន់នោះឡើងវិញ គឺអាស្រ័យលើភាពជឿនលឿននៃការចរចារបស់គណបក្សទាំងពីរ គឺគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា ដែលឈានទៅដល់លទ្ធភាពបញ្ចុះកម្ដៅនយោបាយ។
នៅជុំវិញទីលានប្រជាធិបតេយ្យ នៅមុនបិទ ក្រៅពីពលរដ្ឋលក់ដូរប្រកបរបរផ្សេងៗ ទីនោះក៏ជាទីកន្លែងដែលអ្នកកួកជេឡាន ចតឡានសម្រាប់លក់ឲ្យអតិថិជន ប៉ុន្តែម្ចាស់ឡានត្រូវបង់លុយអោយអាជ្ញាធរខណ្ឌដូនពេញ ក្នុងឡានមួយគ្រឿងយ៉ាងតិចបំផុត ៦ពាន់រៀលក្នុង១ថ្ងៃ។
តំបន់នេះត្រូវប្រកាសផ្អាកមិនឲ្យមានការជួបជុំគ្នាក្រោយពីអាជ្ញាធរដាក់កម្លាំងបណ្ដេញក្រុមអ្នកតវ៉ាដែលគាំទ្រគណបក្សសង្គ្រោះជាតិ អោយចេញពីទីលាននោះ ដោយហិង្សាកាលពីថ្ងៃទី៤ ខែមករា។ ទីលានប្រជាធិបតេយ្យត្រូវកងកម្លាំងអាជ្ញាធរឃ្លាំមើលជាប់ជាប្រចាំ ដើម្បីទប់ស្កាត់រាល់ការជួបប្រជុំគ្រប់រូបភាពទាំងអស់រហូតមកដល់ពេលនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។