សង្គមស៊ីវិលដែលធ្វើការបំបាត់អំពើពុករលួយ ជំរុញឱ្យអង្គភាពប្រឆាំងអំពើពុករលួយ អនុវត្តច្បាប់ឱ្យបានតឹងរ៉ឹងលើមន្ត្រីសុរិយោដីនៅខេត្តពោធិ៍សាត់ ៣រូប ពាក់ព័ន្ធនឹងអំពើពុករលួយ។ ពួកគេក៏បារម្ភអំពីអំពើពុករលួយ ដែលកើតឡើងដោយការឃុបឃិតគ្នាជាប្រព័ន្ធក្នុងចំណោមមន្ត្រីដែលមានតួនាទីសម្រេចចិត្ត ឬមន្ត្រីដែលមានតួនាទីធ្វើកិច្ចការសាធារណៈ។ ការលើកឡើងនេះ បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយ ឃាត់ខ្លួនមន្ត្រីសុរិយោដីខេត្តពោធិ៍សាត់ ៣រូប ដែលជាប់ពាក់ព័ន្ធករណីសង្ស័យទារលុយ ១០ម៉ឺនដុល្លារ ជាថ្នូរចេញលិខិតកាន់កាប់ដីធ្លី និងចេញច្បាប់សាងសង់។
សង្គមស៊ីវិលគាំទ្រវិធានការច្បាប់លើមន្ត្រីសុរិយោដីនៅខេត្តពោធិ៍ ដែលសង្ស័យពាក់ព័ន្ធនឹងអំពើពុករលួយ ប៉ុន្តែពួកគេគ្មានជំនឿលើអង្គភាពប្រឆាំងអំពើពុករលួយថា អាចលុបបំបាត់អំពើពុករលួយនេះ ដែលស្ថិតក្នុងកម្រិតខ្ពស់នោះឡើយ។
ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា លោក សន ជ័យ លើកឡើងថា វិធានការច្បាប់លើមន្ត្រីសុរិយោដីនៅខេត្តពោធិ៍សាត់ ៣រូប គឺគ្រាន់តែជារឿងមួយជ្រុងតូចប៉ុណ្ណោះ ខណៈបច្ចុប្បន្ននេះ គេមើលឃើញថា មន្ត្រីអនុវត្តច្បាប់ជាច្រើន តែងតែឆ្លៀតរកផលប្រយោជន៍ពីភារកិច្ចរបស់ខ្លួនក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ លោកបន្តថា ជាក់ស្ដែងក្នុងស្ថានភាពដែលវិស័យសំណង់កំពុងរីកលូតលាស់នេះ មន្ត្រីអនុវត្តច្បាប់បានបង្កើតភាពស្មុគស្មាញក្នុងការសុំច្បាប់សាងសង់ ដើម្បីជាឱកាសក្នុងការប្រព្រឹត្តអំពើពុករលួយ។ លោកយល់ថា អង្គភាពប្រឆាំងអំពើពុករលួយ គួរតែពង្រឹងតួនាទីក្នុងការអនុវត្តច្បាប់បន្ថែមទៀត និងសម្រួលឱ្យមានការដាក់បណ្ដឹងពីសាធារណជន៖ «បើយើងមើលលើសំណុំរឿងនេះថា ទារលុយ ១០ម៉ឺនដុល្លារ សូម្បីតែ១ពាន់ដុល្លារ ៥០ដុល្លារក្តីឲ្យតែលើសពីតម្លៃសេវា ដែលបានកំណត់នោះ ខ្ញុំគិតថា វាគឺសុទ្ធតែបទល្មើសដែលគេហៅថា វិតិក្រម»
កាលពីថ្ងៃទី២៧ ខែកក្កដា អង្គភាពប្រឆាំងអំពើពុករលួយ បានឃាត់ខ្លួនមន្ត្រីសុរិយោដីខេត្តពោធិ៍សាត់ ៣រូប រួមមាន ប្រធានមន្ទីរសុរិយោដី លោក លៀម ប៊ុនរឿន អនុប្រធានមន្ទីរទទួលការងារសំណង់ លោក ជាង វុទ្ធី និងមន្ត្រីសុរិយោដីខេត្តទទួលបន្ទុកច្រក លោក តែ ប៊ុនថេង ។ មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យិនទៀង ប្រាប់គេហទំព័រថ្មីៗ ថា ការឃាត់ខ្លួនមន្ត្រីសុរិយោដីខេត្តពោធិ៍សាត់ ៣រូបនេះ ពាក់ព័ន្ធករណីទារលុយ ១០ម៉ឺនដុល្លារ ជាថ្នូរនឹងការចេញលិខិតកាន់កាប់ដីធ្លី និងចេញច្បាប់សាងសង់ និងករណីពុករលួយផ្សេងៗ ទៀត ។ ហើយលោកអះអាងថា ការឃាត់ខ្លួនជនសង្ស័យទាំង ៣រូបនេះ ធ្វើឡើងក្នុងពេលពួកគេនិងម្ចាស់ដីកំពុងជួបគ្នាដើម្បីប្រគល់លុយ ។
អាស៊ីសេរី មិនអាចសុំការបញ្ជាក់បន្ថែមពីលោក ឱម យិនទៀង បានទេ ដោយសារទូរស័ព្ទជាច្រើនលើកតែគ្មានអ្នកទទួល ។
ប្រធានគណៈកម្មការកម្ពុជាឯករាជ្យប្រឆាំងនឹងអំពើពុករលួយ អ្នកស្រី ម៉ម ស៊ីថា សាទរចំពោះវិធានការរបស់អង្គភាពប្រឆាំងអំពើពុករលួយ ប៉ុន្តែអ្នកស្រីមើលឃើញថា មន្ត្រីប្រឆាំងអំពើពុករលួយ អាចធ្វើបានតែចំពោះមនុស្សណា ដែលត្រូវធ្វើប៉ុណ្ណោះ រីឯអ្នកមិនហ៊ានប៉ះពាល់វិញ គឺអាចប្រព្រឹត្តអំពើពុករលួយដដែល ។ អ្នកស្រីជំរុញឱ្យអង្គភាពប្រឆាំងអំពើពុករលួយអនុវត្តច្បាប់ឱ្យត្រឹមត្រូវច្បាស់ លាស់ មានឆន្ទៈមោះមុត និងបង្កើនសមត្ថភាពក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយ ទើបអាចទប់ ស្កាត់អំពើពុករលួយមានប្រសិទ្ធភាព៖ «មិនមែនតែមន្ត្រីអស់នេះទេ មានមន្ត្រីពុករលួយច្រើនណាស់ ហើយមានមន្ត្រីដែលស្អាតស្អុំ។ ជារួមទៅ ប្រទេសយើងញាំញីដោយអំពើពុករលួយម្លោះហើយទើប យើងមានការអភិវឌ្ឍន៍យឺតយ៉ាវ មិនទៅមុខ និងធ្វើឲ្យមានអំពើអយុត្តិធម៌ច្រើនណាស់»។
កន្លងមក អង្គភាពប្រឆាំងអំពើពុករលួយនេះក៏បានចាត់ការលើមន្ត្រីរបបក្រុងភ្នំពេញតូចតាចមួយចំនួន ដែលរងការចោទប្រកាន់ពីបទពុករលួយដែរ ប៉ុន្តែសម្រាប់មន្ត្រីធំៗដែលគេសង្ស័យថា ពុករលួយវិញ តែងតែរួចខ្លួនពីការចោទប្រកាន់។ ប្រការនេះនាំឱ្យក្រុមសង្គមស៊ីវិល និងសាធារណជននិយាយថា អង្គភាពប្រឆាំងអំពើពុករលួយអាចចាប់តែត្រីតូចក្នុងបឹងប៉ុណ្ណោះ ប៉ុន្តែមិនចាប់ត្រីធំដែលជាមន្ត្រីជាន់ខ្ពស់ និងជាខ្សែបណ្ដោយរបស់មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន នោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។