តំណាងអង្គការក្រៅរដ្ឋាភិបាល អះអាងថា រដ្ឋាភិបាលប្រើប្រាស់មធ្យោបាយផ្សេងៗ ក្នុងចេតនាចង់បំបិទសំឡេងអង្គការក្រៅរដ្ឋាភិបាលណា ដែលធ្វើការងារផ្នែកតស៊ូមតិ ដើម្បីការពារ និងលើកស្ទួយសិទ្ធិពលរដ្ឋ។ ពួកគេលើកឡើងថា រដ្ឋាភិបាលរឹតត្បិតសំឡេង និងសកម្មភាពអង្គការស៊ីវិលនេះ ក្នុងគោលបំណងបិទបាំងនូវចំណុចខ្វះខាតរបស់រដ្ឋាភិបាល។ ក្រៅពីការរឹតត្បិតនេះ អាជ្ញាធរបានចាប់ខ្លួនតំណាងអង្គការសង្គមស៊ីវិល និងសកម្មជនបរិស្ថានមួយចំនួនដាក់ពន្ធនាគារ ជាការគំរាមកំហែង និងមិនអត់ឱនឲ្យថែមទៀតផង។
ក្រុមអង្គការសង្គមស៊ីវិលអះអាងថា ពួកគាត់មិនអាចបំពេញសកម្មភាពការងារបានពេញលេញទេ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែរដ្ឋាភិបាលប្រើប្រាស់តុលាការចោទប្រកាន់ផ្សេងៗ។
ទីប្រឹក្សាអង្គការខុមហ្វ្រែល លោក គល់ បញ្ញា មានប្រសាសន៍ថា ក្រុមអង្គការ ដែលធ្វើសកម្មភាពតស៊ូមតិ រួមទាំងក្រុមអង្គការធ្វើការផ្នែកបរិស្ថាន និងប្រឆាំងអំពើពុករលួយ ជាដើម គឺជាគោលដៅដ៏សំខាន់របស់រដ្ឋាភិបាលក្នុងការចោទប្រកាន់ និងចាប់ខ្លួនដាក់ពន្ធនាគារ។ លោកបន្ថែមថា សិទ្ធិចងក្រង ឬការធ្វើសកម្មភាពប្រមូលផ្ដុំសឹងតែមិនអាចធ្វើបាន ដោយសារអាជ្ញាធរតែងតែរារាំងក្នុងហេតុផល ដើម្បីរក្សាសណ្ដាប់ធ្នាប់សង្គមជាដើម៖ «បញ្ហាប្រឈមនឹងសេរីភាព ចងក្រងគ្នា ពិសេសអង្គការណា ដែលធ្វើការតស៊ូមតិផ្នែកសិទ្ធិមនុស្ស បរិស្ថានធនធានធម្មជាតិ អភិបាលកិច្ច ការបោះឆ្នោត ប្រឆាំងអំពើពុករលួយអីហ្នឹង ពួកគាត់តែងតែប្រឈមនឹងការរាំងហើយអ្នកខ្លះ រងការចាប់ខ្លួន និងការរំខានផ្សេងៗ»។
តំណាងអង្គការស៊ីវិលរូបនេះ សង្កត់ធ្ងន់ថា របបលោក ហ៊ុន សែន ប្រើប្រាស់តុលាការជាគោលសំខាន់ ក្រោមរូបភាពអនុវត្តច្បាប់ ដើម្បីដាក់ទោសទណ្ឌទៅលើតំណាងអង្គការសង្គមស៊ីវិលណាមួយ ដែលរដ្ឋាភិបាលមិនពេញចិត្តនឹងសកម្មភាពការងាររបស់ពួកគេ ហើយចោទប្រកាន់ថា ធ្វើសកម្មភាពគាំទ្រគណបក្សប្រឆាំង ឬចោទពីបទញុះញង់ បង្កអសន្តិសុខសង្គមជាដើម។
គិតចាប់ពីខែមករា មកដល់ដើមខែធ្នូឆ្នាំ២០២០ នេះ អាជ្ញាធររបបលោក ហ៊ុន សែន ចាប់ខ្លួនសកម្មជននយោបាយ សកម្មជនសិទ្ធិមនុស្ស អ្នកសារព័ត៌មាន ព្រះសង្ឃ និងយុវជនដាក់ពន្ធនាគារ ប្រមាណជិត ៥០នាក់ហើយ ដោយសារការអនុវត្តសិទ្ធិសេរីភាពរបស់ពួកគេទាក់ទង និងការសំដែងមតិ និងទាមទារយុត្តិធម៌សង្គម។
ប្រធានសមាគមសិទ្ធិមនុស្សអាដហុក ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស លោក ធន សារ៉ាយ មានប្រសាសន៍ថា សមាជិកអង្គការក្រៅរដ្ឋាភិបាលដែលធ្វើការងារតស៊ូមតិនោះ មិនសិទ្ធិសេរីភាពក្នុងពេលធ្វើការឡើយ។ លោកបញ្ជាក់ថា អ្នកខ្លះ មានភ្នាក់ងាររបស់រដ្ឋាភិបាលតាមដានលួចឃ្លាំមើលតាំងពីនៅកន្លែងធ្វើការ និងតាមដល់គេហដ្ឋានជាដើម។ ក្រៅពីនេះទៀត លោកបញ្ជាក់ថា របបក្រុងភ្នំពេញប្រើប្រាស់តុលាការជាឧបករណ៍ ដើម្បីការបង្ក្រាប៖ «យើងអ្នកធ្វើការសិទ្ធិមនុស្សយើងដឹងពីច្បាប់ទម្លាប់ តែបើគេមិនពេញចិត្តគេចាប់ខ្លួនដូចជា សមាជិក អាដហុក កន្លងមក អីចឹងពេលគេមិនពេញចិត្តគេចោទរឿងអំពើពុករលួយ»។
ឆ្លើយតប និងករណីនេះ អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរដ្ឋាភិបាល លោក ជិន ម៉ាលីន និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា តុលាការជាស្ថាប័នឯករាជ្យ និងមានវិជ្ជាជីវៈ ។ លោក ជិន ម៉ាលីន សរសេរបន្ថែមថា នៅក្នុងឱកាសអបអរសាទរទិវាសិទ្ធិមនុស្ស ១០ធ្នូ គួររួមគ្នាថ្លែងសារ និងធ្វើសកម្មភាពដែលជាប្រយោជន៍ដល់សង្គម និងមានន័យអប់រំពលរដ្ឋឱ្យយល់ដឹងពីសិទ្ធិ និងច្បាប់។
លោក ជិន ម៉ាលីន ជំរុញឲ្យអនុវត្តសិទ្ធិសេរីភាពត្រឹមត្រូវតាមផ្លូវច្បាប់ ជៀសវាងការអនុវត្តសិទ្ធិដោយបំពាន ប៉ះពាល់សិទ្ធិសេរីភាពអ្នកដទៃ សណ្ដាប់ធ្នាប់សាធារណៈ និងសន្តិសុខសង្គម ដែលអាចនាំឱ្យមានការប្រឈមមុខតាមផ្លូវច្បាប់ជាយថាហេតុណាមួយ។
ទោះបីជាបែបនេះក្ដី ក្រុមអង្គការសិទ្ធិមនុស្សជាតិ អន្តរជាតិលើកឡើងថា តុលាការកម្ពុជាមិនមែនជាស្ថាប័នអនុវត្តច្បាប់ដោយស្មើភាពឡើយ។ ការអនុវត្តរបស់តុលាការត្រូវបានគេមើលឃើញថា ជាឧបករណ៍នយោបាយរបស់គណបក្សកាន់អំណាច និងមេដឹកនាំរដ្ឋាភិបាលប្រើប្រាស់សម្រាប់រឹតត្បិតសំឡេងរិះគន់ និងសំឡេងសង្គមស៊ីវិល។
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិស្ដីពីស្ថានភាពអ្នកការពារសិទ្ធិមនុស្ស អ្នកស្រី ម៉ារី ឡល័រ (Mary Lawlor) បានចេញសេចក្ដីថ្លែងការណ៍ កាលពីខែវិច្ឆិកា សម្ដែងកង្វល់ចំពោះការរឹតត្បិតសង្គមស៊ីវិលនៅកម្ពុជា។ អ្នកស្រីអំពាវនាវដល់អាជ្ញាធរបញ្ឈប់ជាបន្ទាន់នូវការឃុំខ្លួនជាប្រព័ន្ធ និងការផ្ដន្ទាទោសអ្នកការពារសិទ្ធិមនុស្ស ព្រមទាំងការប្រើប្រាស់កម្លាំងច្រើនហួសហេតុប្រឆាំងនឹងពួកគេ។
អ្នកស្រី ម៉ារី ឡល័រ បានលើកយកករណីជាក់លាក់មួយចំនួននៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនដូចជា ការចាប់ខ្លួនលោក រ៉ុង ឈុន ប្រធានសហជីព ការចាប់ខ្លួនក្រុមអ្នកតវ៉ាឱ្យដោះលែងលោក រ៉ុង ឈុន ការចាប់ព្រះកាយព្រះសង្ឃខ្មែរថាវរៈផ្សឹក រួចយកទៅឃុំខ្លួន ការចាប់ខ្លួនសកម្មជនមាតាធម្មជាតិ ៣នាក់ ព្រមទាំងការប្រើកម្លាំងសន្តិសុខច្រើនហួសប្រមាណ ដើម្បីបំបែកការប្រមូលផ្តុំ និងប្រើហិង្សាលើក្រុមស្ត្រីជាប្រពន្ធសកម្មជនបក្សប្រឆាំង ដែលកំពុងជាប់ឃុំជាដើម។
ក្រៅពីការបង្ក្រាប ឬការរឹតត្បិតជាក់ស្ដែងនេះ លោក គល់ បញ្ញា បន្ថែមថា រដ្ឋាភិបាលក៏ប្រើប្រាស់ច្បាប់ស្ដីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីរឹតត្បិតសកម្មភាពការងាររបស់អង្គការសង្គមស៊ីវិលដែរ។ លោកលើកឡើងថា ខ្លឹមសារច្បាប់នេះមួយចំនួនបានចែងមិនកំណត់និយម ន័យច្បាស់លាស់ ដែលកម្រិតអង្គការសមាគម៖ «ច្បាប់នោះ គឺឲ្យអំណាចទៅក្រសួងមហាផ្ទៃខ្លាំងដូចជាអព្យាក្រឹតភាព បើមិនអព្យាក្រឹត្យអាចបិទសកម្មភាពជាដើម តាមពិតអព្យាក្រឹតភាពមិនត្រូវយកមកដាក់ក្នុងច្បាប់ទេ គ្រាន់តែជាក្រមសីលធម៌ទេ»។
ច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ក្រុមសង្គមស៊ីវិល មានមាត្រាចំនួន ១៤ ដែលអង្គការសង្គមស៊ីវិលធ្លាប់បានដាក់ស្នើទៅរដ្ឋាភិបាលឲ្យកែប្រែ ដើម្បីធានាថា សង្គមស៊ីវិលអាចបំពេញការងារដោយមិនមានការគំរាមកំហែង និងមិនមានការគាបសង្កត់។ ក្នុងចំណុចទាំង១៤ នេះ មានចំណុចខ្លះដែលនិយាយអំពីផលលំបាកក្នុងការស្នើចុះបញ្ជី ដើម្បីបានភាពស្របច្បាប់របស់សង្គមស៊ីវិល ការដាក់របាយការណ៍ដល់ស្ថាប័នពាក់ព័ន្ធ ដែលធ្វើឲ្យប៉ះពាល់ដល់ស្វ័យភាពរបស់អង្គការមិនមែនរដ្ឋាភិបាល និងជូនដំណឹងអំពីការផ្លាស់ប្ដូររចនាសម្ព័ន្ធផ្ទៃក្នុងរបស់អង្គការស៊ីវិលជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។