តំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប បានបិទអង្គការមួយឈ្មោះ សារមន្ទីរគ្រាប់មីន ជាបណ្ដោះអាសន្ន ក្រោយពេលដែលសមត្ថកិច្ចបានឃាត់ខ្លួនថ្នាក់ដឹកនាំអង្គការនេះ ចំនួន៣រូប ក្រោមបទថា បានរក្សាទុកអាវុធខុសច្បាប់។ អ្នកឃ្លាំមើលសិទ្ធិមនុស្សនៅខេត្តសៀមរាប ទទួលបានដំណឹងថា ការឃាត់ខ្លួនមនុស្សនៅក្នុងអង្គការសារមន្ទីរគ្រាប់មីន គឺធ្វើឡើងក្រោយពេលមានការផ្ទុះឆេះ នៅក្នុងហាងបាយ ក្នុងអង្គការសារមន្ទីរគ្រាប់មីន កាលពីកំឡុងចុងខែសីហា។
ស្នងការនគរបាលខេត្តសៀមរាប លោក ទិត្យ ណារ៉ុង ប្រាប់អាស៊ីសេរី នៅថ្ងៃទី១ កញ្ញា ថា ករណីសំណុំរឿងឃាត់ខ្លួនប្រធានអង្គការសារមន្ទីរគ្រាប់មីន កំពុងស្ថិតក្នុងដំណាក់កាលស៊ើបសួរ របស់សាលាដំបូងខេត្តសៀមរាប គឺផុតដែនកំណត់របស់សមត្ថកិច្ច និងកំពុងស្ថិតក្នុងដៃរបស់តុលាការ។ លោក ទិត្យ ណារ៉ុង ឲ្យដឹងទៀតថា នៅក្រោយការឃាត់ខ្លួន តំណាងអយ្យការបានបិទអង្គការសារមន្ទីរគ្រាប់មីន ជាបណ្ដោះអាសន្នសិន៖ «គ្មានរក្សាទុកស្អីទេ ព្រោះអាកន្លែងនេះ វាទុករបស់ តាំងពីសង្គ្រាមយូរមកហើយ អត់ទាន់បានប្រាប់ទៅអាជ្ញាធរកម្ចាត់មីនរឿងនឹង កំពុងស្ថិតនៅតុលាការស្រាវជ្រាវ»។
ថ្នាក់ដឹកនាំអង្គការសារមន្ទីរគ្រាប់មីន ចំនួន៣រូប ត្រូវបានសមត្ថកិច្ចខេត្តសៀមរាបឃាត់ខ្លួន និងបញ្ជូនទៅតុលាការ ក្រោមបទចោទថា បានរក្សាទុកអាវុធដោយខុសច្បាប់។ ប្រធានអង្គការមួយនេះ គឺ លោក អឿន យក្ស ហៅ អាគីរ៉ា ដែលជាអ្នកជំនាញខាងដោះមីន លំដាប់ពិភពលោក និងត្រូវបានកម្មវិធីទូរទស្សន៍អន្តរជាតិមួយ គឺស៊ីអិនអិន (CNN) កាលពីឆ្នាំ២០១០ ផ្ដល់កិត្តិយសជាវីរបុរសរបស់ពិភពលោក ក្នុងសកម្មភាពដោះមីន និងគ្រាប់មិនទាន់ផ្ទុះ។ លោក អាគីរ៉ា និងអនុប្រធានអង្គការ រួមទាំងនាយកប្រតិបត្តិអង្គការម្នាក់ទៀត ត្រូវបានសមត្ថកិច្ចខេត្តសៀមរាប ឃាត់ខ្លួនបញ្ជូនទៅតុលាការ កាលពីថ្ងៃទី២៨ សីហា។
ក្នុងរបាយការណ៍របស់នគរបាលខេត្តសៀមរាប បង្ហាញថា នៅថ្ងៃទី២៧ ខែសីហា ម៉ោង ១២៖៣០ នាទីថ្ងៃត្រង់ មានករណីអគ្គីភ័យឆេះ នៅអង្គការសារមន្ទីរគ្រាប់មីន ស្ថិតនៅភូមិខ្នា ឃុំខ្នាសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប បន្ទាប់មកកម្លាំងនគរបាលស្រុកបន្ទាយស្រី បានជួយពន្លត់ នៅម៉ោង ២រសៀល។ របាយការណ៍បន្តថា ក្រោយពេលពន្លត់បានកម្លាំងជំនាញ ផ្នែកគ្រប់គ្រងអាវុធជាតិផ្ទុះខេត្តសៀមរាប បានត្រួតពិនិត្យឃើញមានគ្រឿងផ្ទុះ និងមិនហ៊ានប៉ះពាល់ទេ ដោយរង់ចាំអ្នកជំនាញខាងដោះមីន មកពីមជ្ឈមណ្ឌលដោះមីន ស៊ីម៉ាក់(CMAC) មកធ្វើការពិនិត្យបន្ថែម។ របាយការណ៍ប៉ូលិសបន្ដថា ដោយមានសភាពការណ៍មិនស្រួល មន្ត្រីស៊ីម៉ាក់ ក៏មិនហ៊ានចូលទៅដោះដែរ។
នៅព្រឹកថ្ងៃទី២៨ ខែសីហា កម្លាំងជំនាញដោះមីន ស៊ីម៉ាក់ បានចុះត្រួតពិនិត្យ នឹងប្រមូលយកគ្រឿងផ្ទុះ មានដូចជា គ្រាប់បែកដៃ ចំនួន៩ គ្រាប់ មីនប្រភេទ៧២A ចំនួន១៥គ្រាប់ គ្រាប់កាំភ្លើងខ្លីចំនួន ៣២៥គ្រាប់ ដងគ្រាប់បេចំនួន១ ម្ជុលភ្លើងមីនចំនួន៥ដើម គ្រាប់កាំភ្លើងដៃចំនួន១០គីឡូ កាំភ្លើងស្វ័យប្រវត្តិឆេះខូចចំនួន៦ដើម សំបកមីនតោនចំនួន២កេះឈើ ខ្សែឆេះផ្ទុះចំនួន១ កេះឈើដាក់គ្រាប់បែកចំនួន១ កេះដែកដាក់ខ្សែឆេះយឺតចំនួន១កេស និងអាវុធជាតិផ្ទុះជាច្រើនទៀត។
របាយការណ៍ដដែលបន្តថា ក្រោយពេលប្រមូលយកបានគ្រឿងផ្ទុះទាំងអស់នោះបានអស់ហើយ នៅរសៀលថ្ងៃទី២៨ ខែសីហា កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ និងតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប បាននាំខ្លួនបុគ្គលិកនៅកន្លែងឆេះទាំងអស់ យកទៅសាកសួរនៅអធិការដ្ឋាននគរបាលស្រុកបន្ទាយស្រី។ បន្ទាប់មក កម្លាំងនគរបាលព្រហ្មទណ្ឌខេត្តសៀមរាប បានសម្រេចនាំខ្លួនថ្នាក់ដឹកនាំអង្គការចំនួន៣នាក់ គឺ លោក អាគីរ៉ា ជាប្រធានអង្គការ លោក អឿន យ៉ុន ជាអនុប្រធានអង្គការ និងលោក ហ៊ាញ សុគន្ធា ជាប្រធានប្រតិបត្តិអង្គការ ទៅសួរនាំបន្តនៅស្នងការនគរបាលខេត្តសៀមរាបទាំងយប់។
របាយការណ៍ប៉ូលិស បន្ដថា ព្រះរាជអាជ្ញាបានសម្រេចឲ្យផ្អាកបណ្ដោះអាសន្នសកម្មភាពការងារ របស់អង្គការសារមន្ទីរគ្រាប់មីន ដោយរងចាំបន្តនីតិវិធីតុលាការបន្ត។ កម្លាំងនគរបាលក៏បានរកឃើញក្មេងៗនៅក្នុងអង្គការចំនួន១៧នាក់ ស្រី៧នាក់ ហើយបានអះអាងថា មន្ទីរសង្គមកិច្ចខេត្តបានយកទៅរក្សាទុកនៅកន្លែងមានសុវត្ថិភាព។
របាយការណ៍ប៉ូលិស បន្តថាលោក អាគី រ៉ា បានរៀបរាប់ថា គ្រាប់កាំភ្លើង និងគ្រាប់បែកដែលសមត្ថកិច្ចបានរកឃើញ ជារបស់របស់ឪពុកមារបស់លោក ដែលស្លាប់បាត់បង់ជីវិតទៅហើយយកមកទុកនៅក្នុងអង្គការរបស់លោក ប៉ុន្ដែ លោកមិនបានដឹងទេ ទើបតែរយៈពេលបីខែមុន ខ្លួនបានឃើញ តែមិនបានរាយការណ៍ប្រាប់សមត្ថកិច្ចទេ។ នៅក្រោយការសាកសួរសមត្ថកិច្ចបានបញ្ជូនថ្នាក់ដឹកនាំអង្គការសារមន្ទីរគ្រាប់មីន៣នាក់ ទៅសាលាដំបូងខេត្ត ហើយចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប សម្រេចឃុំខ្លួននៅពន្ធនាគារជាបណ្ដោះអាសន្ន កាលពីល្ងាចថ្ងៃទី៣០ ខែសីហា។
អ្នកអង្កេតសមាគមសិទ្ធិមនុស្សអាដហុក (Adhoc) ប្រចាំខេត្តសៀមរាប លោក សួស ណារិន យល់ថា ករណីចាប់ខ្លួន ថ្នាក់ដឹកនាំអង្គការសារមន្ទីរគ្រាប់មីន អាចមានការមន្ទិលសង្ស័យច្រើន ព្រោះដំបូងកើតឡើងដោយសារតែមានករណីផ្ទុះឆេះហាងបាយ ក្នុងអង្គការ ប៉ុន្តែក្រោយមក សមត្ថកិច្ចបានរកឃើញអាវុធខុសច្បាប់ និងរកឃើញថា អង្គការនេះ មិនបានគោរពតាមច្បាប់អង្គការ សមាគមរបស់ក្រសួងមហាផ្ទៃ៖ «បញ្ហានេះខ្ញុំជឿជាក់ថា នឹងអាចមានបច្ច័យផ្សេងទៀតផង ដំបូងបង្អស់កន្លែងអាគី រ៉ាដែលលក់បាយម្ហូបនឹង ដែរភ្ញៀវចូលមកញុំាបន្ទាប់មកក៏មានភ្លើងឆេះ»។
លោក អឿន យក្ស ហៅ អាគីរ៉ា ទទួលបានភាពល្បីល្បាញ ដោយសារ សកម្មភាពស្ម័គ្រចិត្ត ដោះមីន ដោយមិនទារកម្រៃ របស់លោក កាលពីកំឡុងឆ្នាំ១៩៩០ រហូតដល់ឆ្នាំ២០០៧។ ជាង១៧ឆ្នាំ លោកបានដោះមីន ចេញពីផ្ទៃដី បានប្រមាណ ៥ម៉ឺនគ្រាប់ ហើយការដោះមីនរបស់លោក មិនត្រូវការប្រើតាមបច្ចេកទេស ឬឧបករណ៍ ដោះមីនដូចអង្គភាពស៊ីម៉ាក់ទេ ដោយពេលខ្លះ លោកបានប្រើប្រាស់ដៃទទេ ដើម្បីដោះមីន ក៏មានដែរ។
នៅឆ្នាំ២០១០ លោក អា គីរ៉ា ដោយបានជាប់ក្នុងបញ្ជីវីរបុរសឆ្នើមទាំង១០នាក់របស់ទូរទស្សន៍ CNN ក្នុងចំណោមបេក្ខជនរាប់ពាន់នាក់។ នៅខែសីហា ឆ្នាំ២០១២ លោកបានរង្វាន់កិត្តិយសពីប្រទេសកូរ៉េខាងត្បូង ផ្នែកខាងដោះមីន ហើយនៅឆ្នាំ២០១៣ តំណាងមកពីក្លឹបកម្ចាត់មីន នៃប្រទេស កាណាដា ឈ្មោះ Rotary Club of Gravenhurst បានបំពាក់រង្វាន់ជាមេដាយស្ថាបនាកិត្តិយសរបស់កម្មវិធី Paul Harris Fellowship Award ជូនអ្នកមានស្នាដៃល្អ គឺលោក អាគីរ៉ា ស្ថាបនិក ភ្នាក់ងារកម្ចាត់មីនដ៏ឆ្នើមរបស់កម្ពុជា និងជាអ្នកបង្កើតសារមន្ទីរមីនដំបូងបង្អស់នៅកម្ពុជា៕