មន្ត្រីជាន់ខ្ពស់នៃរបបក្រុងភ្នំពេញបានជំរុញឲ្យមានការស៊ើប អង្កេតមន្ត្រីជាន់ខ្ពស់ក្នុងជួររបបលោកហ៊ុន សែន ទាំងឡាយណាដែលបានប្រព្រឹត្តអំពីពុករលួយ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
ការលើកឡើងនេះ គឺនៅបន្ទាប់ពីទូរទស្សន៍ Aljazeera បានរកឃើញ លោក គង់ វិបុល ប្រធានអគ្គនាយកដ្ឋានពន្ធដារ មានក្រុមហ៊ុនមានតម្លៃរាប់លានដុល្លារ និងមានជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុនរកស៊ីលាងលុយកខ្វក់ ក្នុងប្រទេសទេសអូស្ត្រាលី។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានប្រាប់អាស៊ីសេរីតាមទូរស័ព្ទ ទាមទារឲ្យទូរទស្សន៍ Aljazeera និងដាក់ភស្តុតាងបន្ថែមទៅកាន់សមត្ថកិច្ចដើម្បីបើកការស៊ើបអង្កេតលើ បញ្ហានេះ៖ «ប្រសិនបើមានភស្តុតាងអោយគេបញ្ជូនមកអោយអង្គភាពប្រឆាំងអំពើពុករលួយទៅ។ ហើយសម្ដេចតេជោ ហ៊ុន សែន លោកនឹងមិនកាន់ជើងជនខិលខូចនោះទេ»។
កាលពីថ្ងៃទី១២ ខែកក្កដា ទូរទស្សន៍បរទេស Aljazeera រាយការណ៍ថា លោក គង់ វិបុល មានក្រុមហ៊ុនមួយចំនួនក្នុងទីក្រុងមែលប៊ន (Melbourne) ប្រទេសអូស្ត្រាលី ក្នុងតម្លៃរាប់លានដុល្លារ សហរដ្ឋអាមេរិក ទោះបីជា លោក គង់ វិបុល មានប្រាក់ខែនៅក្នុងរបបលោក ហ៊ុន សែន ប្រមាណ មួយនាក់ដុល្លារតែប៉ុណ្ណោះ។
ទូរទស្សន៍បរទេស Aljazeera បានរកឃើញថាក្រុមហ៊ុនរបស់ លោក គង់ វិបុល ក្នុងប្រទេសអូស្ត្រាលី ដែលដាក់ឈ្មោះថា ផាណារិទ្ធិ ភីធីវ៉ាយ (Phanhariddh PTY) បានបង្កើតឡើងកាលពីឆ្នាំ២០១១ កំពុងរំលោភច្បាប់ពាណិជ្ជកម្មរបស់ប្រទេសអូស្ត្រាលី ដោយសារតែ ម្ចាស់ក្រុមហ៊ុននេះមិនបានរស់នៅជាអចិន្ត្រៃយ៍ក្នុងប្រទេសអូស្ត្រាលីតាមច្បាប់កំណត់ ហើយបែរជារស់យ៉ាងសុខសាន្ត ធ្វើជាមន្ត្រីជាន់ខ្ពស់ របស់របបក្រុងភ្នំពេញថែមទៀត។ ប៉ុន្តែលោក គង់ វិបុល បានបដិសេធ ថា ក្រុមហ៊ុននោះគ្មានអ្វីជាប់ពាក់ព័ន្ធជាមួយលោកទៀតនោះទេ ក្រោយពីលោកបានលក់ក្រុមហ៊ុននោះទៅឲ្យមនុស្សផ្សេងទៀតជាយូរមកហើយ ហើយលោកក៏មិនដឹងថា ហេតុអ្វីបានជាម្ចាស់ក្រុមហ៊ុនថ្មី ប្រើប្រាស់អាសយដ្ឋានរបស់លោកទៀតនោះដែរ។
ប៉ុន្តែលោក គង់ វិបុល បានផ្ដល់បទសម្ភាសន៍ដល់ទូរទស្សន៍ អ៉ាល់ចា ហ្សេរ៉ា (Aljazeera) ជាភាសាអង់គ្លេស ដោយបដិសេធ ថា លោកមិនមានការជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុនណាមួយដែលមានតម្លៃរាប់លាន ដុល្លារនេះឡើយ៖ «ខ្ញុំបានផ្ទេរក្រុមហ៊ុននេះទៅឲ្យមនុស្សផ្សេងទៀតអស់ទៅហើយ ប្រហែលឯកសារដែលអ្នកបានទទួលនោះ មិនបានធ្វើបច្ចុប្បន្នភាព ឬការកែតម្រូវនោះឡើយ។ ក្រុមហ៊ុននេះខ្ញុំបានបិទជាយូរមកហើយ ហើយខ្ញុំក៏គ្មានអ្វីជាប់ពាក់ព័ន្ធនៅក្នុងប្រទេសអូស្ត្រាលីនោះដែរ»។
ទោះជាយ៉ាងណាក៏ដោយ លោក ម៉ាក ហ្ស៊ឺនហ្សាក់ ដែលជាអ្នកជំនាញខាងការប្រឆាំងការលាងលុយកខ្វក់ក្នុងប្រទេសអូស្ត្រាលី ប្រាប់ទូរទស្សន៍ Aljazeera ដោយអះអាងថា ទិន្នន័យពាណិជ្ជកម្មរបស់ប្រទេសអូស្ត្រាលី គឺជាទិន្នន័យច្បាស់ការ ដែលបង្ហាញថា លោក គង់ វិបុល ជានាយក និងជាម្ចាស់ក្រុមហ៊ុន Phanhariddh PTY ពិតប្រាកដ។ លោកបន្តថា ដើម្បីអាចឲ្យក្រុមហ៊ុននេះបន្តដំណើរការ បានលុះត្រាតែមានខ្ទង់នៃការចំណាយ និងចំណូលជាប្រចាំ។
ទូរទស្សន៍បរទេសមួយនេះ ក៏បានសម្ភាសន៍ជាមួយ សមាគមពាណិជ្ជកម្ម របស់ប្រទេសអូស្ត្រាលី ហើយឃើញថា ចាប់តាំងពីឆ្នាំ២០០៦មក លោក គង់ វិបុល បានបង្កើតក្រុមហ៊ុនវិនិយោគទុនចំនួនពីរក្នុងប្រទេសអូស្ត្រាលី ដែលក្រុមហ៊ុនទាំងនោះមានឈ្មោះថា មហាលាភ ភីធីវ៉ាយ (Mohaleap PTY) និងសម្បត្តិ ឃេ អេល អ៊ិនវេសមែន ភីធីវ៉ាយ (Sambath KL Investment PTY) ជាមួយប្តីប្រពន្ធខ្មែរ-អូស្ត្រាលីមួយគូ ដែលក្រោយមកពួកគេត្រូវបានតុលាការកាត់ទោសជាប់ពន្ធនាគារ ពីបទបោកប្រាស់ និងកេងបន្លំពន្ធដារ របស់ប្រទេសនេះចំនួនជាង ១លាន ៨សែន ដុល្លារអូស្ត្រាលី និងពីបទសង្ស័យថា បានលាងលុយ និងលាក់លុយ ទុច្ចរិតចំនួនជិត ១៥លានដុល្លារអូស្ត្រាលីថែមទៀត។
ជាងនេះទៅទៀត តុលាការអូស្ត្រាលីបង្ហាញថា លោក គង់ វិបុល ផ្ទេរលុយចំនួន ១.២លានដុល្លារអូស្ត្រាលីមកកាន់ក្រុមហ៊ុនវិនិយោគ ដែលពួកគេ បានបង្កើតនេះថែមទៀត។ ប៉ុន្តែលោក គង់ វិបុល អះអាងថា លោកមិនបានចាំអំពីបញ្ហានេះទេ ឬមួយមានអ្នកដទៃយកឈ្មោះលោកទៅប្រើប្រាស់។
អាស៊ីសេរី មិនទាន់អាចទាក់ទង លោក គង់ វិបុល ដើម្បីបំភ្លឺជុំវិញករណីនេះបានទេកាលពីថ្ងៃសុក្រទី១៣ ខែកក្កដា។
អាស៊ីសេរីបានព្យាយាមក៏បានសុំការបំភ្លឺតាមទូរស័ព្ទម្ដងហើយម្តងទៀតពីលោក ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយដែរ ប៉ុន្តែលោក បានបិទទូរស័ព្ទទៅវិញពេលដែលបានឭអ្នករាយការណ៍ព័ត៌មានបង្ហាញឈ្មោះ។
ក្រុមតំណាងរាស្ត្ររបស់ប្រទេសអូស្ត្រាលី កន្លងមកបានជំរុញម្ដងហើយម្ដងទៀត ឲ្យរដ្ឋាភិបាលប្រទេសនេះ បើកការស៊ើបអង្កេតករណីមិនប្រក្រតីនៃការធ្វើពាណិជ្ជកម្មរបស់មន្ត្រី និងគ្រួសារត្រកូលហ៊ុន ដែលកំពុងរកស៊ី និងរស់នៅយ៉ាងសុខសាន្តក្នុងប្រទេសអូស្ត្រាលី។
ជាងនេះទៅទៀតពួកគេក៏បានជំរុញឲ្យមានការស៊ើបអង្កេតករណី គំរាមកំហែងជាប្រព័ន្ធរបស់បណ្ដាញនៃរបបលោក ហ៊ុន សែន នៅក្នុងប្រទេសអូស្ត្រាលី ដែលកំពុងបង្កើនការបំភិតបំភ័យផ្នែក នយោបាយដល់សហគមន៍ខ្មែរ និងពលរដ្ឋខ្មែរទាំងឡាយណា ដែលនិយមប្រជាធិបតេយ្យ។
ចំណែកអ្នកស្រី គី កល្យាន ដែលជាសកម្មជនសហគមន៍ខ្មែរ និងធ្លាប់ជាទីប្រឹក្សារបស់លោក ហ៊ុន ម៉ាណែត ប៉ុន្តែបានលាឈប់ពីតួនាទី របស់អ្នកស្រីវិញដោយសារមិនអាចស៊ូទ្រាំ នឹងការអោបដៃឈរមើលមន្ត្រីពុករលួយ ការលាងលុយកខ្វក់ និងការរំលោភសិទិ្ធមនុស្សនៅកម្ពុជាបាននោះ ត្រូវបានផ្តល់បទសម្ភាសន៍ដល់ទូរទស្សន៍ Aljazeera ថា បណ្ដាញរបស់លោក ហ៊ុន សែន កំពុងបង្កើនឥទ្ធិពលរបស់ខ្លួន ក្នុងសហគមន៍ខ្មែរ ក្នុងប្រទេសអូស្ត្រាលីដើម្បីគាំទ្ររបបដឹកនាំនៅកម្ពុជាបច្ចុប្បន្ន និងមានការធ្វើពាណិជ្ជកម្មក្រៅផ្លូវការថែមទៀត។
អ្នកស្រី គី កល្យាន អះអាងថាការធ្វើពាណិជ្ជកម្មក្រៅផ្លូវការនោះ គឺការលក់ដូរទំនិញក្នុងផ្សារងងឹតជាដើមដូចជា ឥវ៉ាន់ដែលមានតម្លៃថ្លៃៗ សាច់ប្រាក់សុទ្ធ និងគ្រឿងញៀនដែលកំពុងរកស៊ីយ៉ាងគគ្រឹកគគ្រេង នៅក្នុងចំណោមមន្ត្រីគណបក្សកាន់អំណាចនៅកម្ពុជា។
ឲអ្នកស្រី គី កល្យាន បន្តថា មន្ត្រីជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាល និងកងកំបាំងប្រដាប់អាវុធតែងផ្ញើលុយដ៏ច្រើនសន្ធឹកសន្ធាប់ពីកម្ពុជា មកឲ្យគ្រួសាររបស់ពួកគេ ឬអ្នកពាក់ព័ន្ធក្នុងប្រទេសអូស្ត្រាលី ដោយមានការ សួរតិចតួចបំផុតពីសមត្ថកិច្ចអូស្ត្រាលី។ អ្នកស្រីបន្តថា ពួកគេអាចប្រាប់ថា លុយទាំងនោះគឺដើម្បីទិញរថយន្ត និងទិញផ្ទះ ហើយនៅពេលដែលធនាគារសួរ ពួកគេអាចឆ្លើយថាលុយនោះជាលុយរបស់គ្រួសារពួកគេ ហើយធនាគារក៏លែងសួរនាំតទៅទៀតដែរ។
ជាងនេះទៅទៀត ទូរទស្សន៍ Aljazeera រកឃើញថា ក្មួយប្រុសរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន តូ បានរៀបការជាមួយនារី ខ្មែរ-អូស្ត្រាលី ម្នាក់ហើយគាត់តែងតែធ្វើដំណើរចុះឡើងយ៉ាងទៀងទាត់ មកកាន់ទីក្រុងមែលប៊ន។ ពេលដែលគាត់ ស្នាក់នៅក្នុងប្រទេស អូស្ត្រាលី គាត់តែងជិះឡានស្ព័រម៉ាក Lamborghini ដែលមានតម្លៃ ប្រហែលជាង៤សែនដុល្លារនោះជុំវិញទីក្រុងថែមទៀត។
សមត្ថកិច្ច អូស្ត្រាលីមានការសង្ស័យថា លោក ហ៊ុន តូ អាចជាប់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន។ Aljazeera ក៏បានឲ្យដឹងដែរថា ទ្រព្យសម្បត្តិ មហាសាលរបស់ លោក ហ៊ុន តូ ក្នុងប្រទេសអូស្ត្រាលី មិនបានដាក់ឈ្មោះរបស់គាត់នោះទេ ប៉ុន្តែភរិយារបស់គាត់ឈ្មោះ ជេកឃី ធី-ហ៊ាន ថៃ (Jacki Thi-Hien Thai) កំពុងគ្រប់គ្រងទ្រព្យសម្បត្តិជាច្រើនលានដុល្លារ។
ភរិយារបស់លោក ហ៊ុន តូ កាលពីពេលថ្មីៗនេះ បានទិញដីក្នុងតម្លៃ ជាង ៨សែន ដោយប្រើសាច់ប្រាក់សុទ្ធតែម្ដង ហើយកំពុងសង់ផ្ទះ វីឡាដ៏ធំស្កឹមស្កៃយ៉ាងប្រណិតមួយថែមទៀត។
ទូរទស្សន៍បរទេសមួយនេះ ក៏បានរកឃើញផងដែរថា ក្រុមហ៊ុននាំចូលម៉ូតូមួយផ្សេងទៀត ជាកម្មសិទ្ធិរបស់លោក ឌី វិជ្ជា កូនប្រសារបស់ លោក ហ៊ុន សែន និងជាអគ្គស្នងការរងនគរបាលជាតិ។អ្នកស្រី គី កល្យាន បានប្រាប់ Aljazeera ថាអ្នកស្រីធ្លាប់បានសម្ដែងការព្រួយបារម្ភ អំពីបញ្ហានេះទៅកាន់រដ្ឋាភិបាលអូស្ត្រាលីដែរ ប៉ុន្តែ រដ្ឋាភិបាល មិនបានបញ្ជាឲ្យមានការចាត់វិធានការស៊ើបអង្កេតណាមួយឡើយ៖ «ខ្ញុំបានលើកឡើងពីក្តីកង្វល់ជាមួយឯកអគ្គរដ្ឋទូតអូស្ត្រាលីទៅកាន់ប្រទេសកម្ពុជា ជាការឆ្លើយតបគឺនៅតែដដែល។ ពួកគេបានប្រាប់ខ្ញុំថា បញ្ហាដែលខ្ញុំលើកឡើងនោះ វាមិនមែនជាបញ្ហាអាទិភាពរបស់អូស្ត្រាលីដែរ ហើយអូស្ត្រាលីក៏មិនត្រូវធ្វើដូច្នេះដែរ។ ឯកអគ្គរដ្ឋទូតអូស្ត្រាលី រូបនោះបានប្រាប់ខ្ញុំទៀតថា តួនាទីរបស់អូស្ត្រាលី នៅទីនេះ ដើម្បីបង្កើតមិត្តល្អជាមួយរដ្ឋាភិបាលកម្ពុជា ប៉ុណ្ណោះ»។
អ្នកស្រីបន្តថាការអនុញ្ញាតឱ្យសែស្រឡាយរបស់លោក ហ៊ុន សែន ធ្វើសកម្មភាពខុសច្បាប់នៅក្នុងប្រទេសអូស្ត្រាលីដូច្នេះ គឺមានន័យថា រដ្ឋាភិបាលអូស្ត្រាលី កំពុងគាំទ្រឲ្យមានអំពើពុករលួយអ៊ីចឹងដែរ។
លោក គង់ វិបុល អតីតរដ្ឋលេខាធិការក្រសួងហិរញ្ញវត្ថុ ពីខាងគណបក្សហ៊្វុនស៊ិនប៉ិច ប៉ុន្តែក្រោយមកលោកបានផ្តាច់ខ្លួនចូលគណបក្សប្រជាជនកម្ពុជា ហើយត្រូវបានដំឡើងតំណែងជា អគ្គនាយកពន្ធដារ។ លោក គង់ វិបុល ជាអ្នកដឹកនាំធ្វើសវនកម្មកាសែត Cambodia Daily ដោយអះអាងថា កាសែតនេះបាន ជំពាក់ប្រាក់ពន្ធរដ្ឋ ៦លាន ៣សែន ដុល្លារ និងស្ថានីយវិទ្យុឯករាជ្យពីរផ្សេងទៀត។
ប៉ុន្តែ កាសែត Cambodia Daily អះអាងថា ការរកឃើញរបស់ លោក គង់ វិបុល ជារឿងនយោបាយ ចង់បិទកាសែតមួយនេះប៉ុណ្ណោះ។ ជាចុងក្រោយកាសែត Cambodia Daily បានសម្រេចបិទ កាសែត ដោយការគំរាមកំហែងទារពន្ធរបស់លោក គង់ វិបុល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។