ក្រសួងវប្បធម៌ប្រកាសថា គំរោងអភិវឌ្ឍ «បឹងអច្ឆរិយៈអង្គរ» របស់ក្រុមហ៊ុនណាហ្គា គ្រុប (Naga Group) ប៉ះពាល់ដល់តំបន់អង្គរដែលបានចុះបញ្ជីបេតិភណ្ឌពិភពលោក។ ក្រសួងវប្បធម៌ថា គំរោងអភិរក្ស «បឹងអច្ឆរិយៈអង្គរ» នេះ មិនអាចអនុវត្តបានទេ។
ក្រសួងវប្បធម៌ កាលពីថ្ងៃទី២៣ ខែមីនា ថ្លែងក្នុងសេចក្តីប្រកាសព័ត៌មានថា ក្រោយពីបានឃើញនិងស្តាប់បទបង្ហាញ របស់ក្រុមហ៊ុនណាហ្គា (Naga Group) ពីគំរោងអភិវឌ្ឍ «បឹងអច្ឆរិយៈអង្គរ» ក្នុងកិច្ចប្រជុំពេញអង្គលើកទី២៧ កាលពីថ្ងៃទី២៧ ខែមករា មក និងកិច្ចប្រជុំពិសេស ២លើកបន្ថែមទៀត កាលពីថ្ងៃទី២២ ខែកុម្ភៈ និងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២១ ក្រសួងវប្បធម៌ប្រកាសជំហរយល់ស្របជាមួយគណៈកម្មាធិការអន្តរជាតិ ដើម្បីអភិរក្ស និងអភិវឌ្ឍ តំបន់រមណីយដ្ឋានអង្គរ ឬហៅកាត់ថា អាយស៊ីស៊ី-អង្គរ (ICC-Angkor) និងក្រុមអ្នកជំនាញការផ្នែកអភិរក្សនិងអភិវឌ្ឍ (Experts Ad Hoc) បញ្ជាក់ថា គំរោងអភិវឌ្ឍ «បឹងអច្ឆរិយៈអង្គរ» ដែលស្នើដោយក្រុមហ៊ុនណាហ្គា (Naga Group) មិនអាចអនុវត្តបានទេ។
ក្រោយពីតំបន់អង្គរក្លាយជាសម្បតិ្តបេតិភណ្ឌពិភពលោកចាប់ពីឆ្នាំ១៩៩២ មក គណៈកម្មាធិការអន្តរជាតិអាយស៊ីស៊ី-អង្គរ ដែលមានការចូលរួមពីតំណាងស្ថាប័នកម្ពុជា ដឹកនាំដោយក្រសួងវប្បធម៌ ស្ថានទូតបារាំង និងជប៉ុន ដែលជាសហប្រធានការិយាល់័យអង្គការយូណេស្កូ (UNESCO) ប្រចាំកម្ពុជា និងក្រុមអ្នកជំនាញការផ្នែកអភិរក្សនិងអភិវឌ្ឍ (Experts Ad Hoc) មានតួននាទីសំខាន់សំរាប់ពង្រឹងការអនុវត្តន៍អនុសញ្ញាផ្សេងៗ ពាក់ព័ន្ធនឹងបេតិកភណ្ឌពិភពលោក ដើម្បីការពារតម្លៃជាសកល នៃតំបន់អង្គរ ដែលជាអត្តសញ្ញាណជាតិកម្ពុជា។
កិច្ចប្រជុំពិភាក្សានៃក្រុមអ្នកជំនាញជាច្រើនដងនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលលោក ហ៊ុន សែន បានសម្រេចជួលដីទំហំ ៧៥ហិកតារ ដែលមានចម្ងាយ ៥០០ម៉ែត្រពីឧទ្យានជាតិអង្គរ ឱ្យក្រុមហ៊ុនណាហ្គា (Naga Group) ដែលជាក្រុមហ៊ុនធំនៃក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើល៍ (Nagaworld) រយៈពេល ៥០ឆ្នាំ។
គម្រោងនេះមានទឹកប្រាក់វិនិយោគជំហានដំបូងចំនួន ៣៥០លានដុល្លារ ដោយក្រុមហ៊ុនគ្រោងរៀបចំសណ្ឋាគារផ្កាយប្រាំ កន្លែងកម្សាន្ត ឧទ្យាន វប្បធម៌បែបប្រវត្តិសាស្រ្ត និងទីក្រុងចិនសៀមរាប ឬឆៃណាថោន (Siem Reap China Town)។ ក្រុមហ៊ុនដាក់ឈ្មោះគម្រោងវិនិយោគនេះជារួមហៅថា គំរោងអភិវឌ្ឍ «បឹងអច្ឆរិយៈអង្គរ» ឬ «Angkor Lake of Wonder»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។