សាច់ញាតិ​និង​អ្នក​គាំទ្រ​ធ្វើ​ពិធី​សាសនា​សុំ​ឲ្យ​តុលាការ​ទម្លាក់​បទ​ចោទ​លើ​លោក ឌិន ពុទ្ធី

ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា ព្រមទាំង​សាច់ញាតិ និង​អ្នក​គាំទ្រ​ប្រមាណ ៧០​នាក់​នៅ​ព្រឹក​ថ្ងៃ​ទី​១៩​មករា​​ ជួបជុំ​គ្នា​នៅ​ផ្ទះ​លោក​ ឌិន ពិទ្ធី​ ​ហើយ​និមន្ត​ព្រះសង្ឃ​ប្រាំ​អង្គ​សូត្រ​មន្ត​ធ្វើ​បុណ្យ​សុំ​សេចក្ដី​សុខ​ និង​ ស្នើ​ឲ្យ​តុលាការ​ខេត្ត​បន្ទាយមានជ័យ ទម្លាក់​ការ​ចោទ​ប្រកាន់​ទាំង​អស់​មក​លើ​លោក ឌិន ពុទ្ធី។

​​​​​​​នេះ​ជា​សកម្មភាព​លើក​ដំបូង​​ហើយ​ដែល​លោក​ ឌិន​ ពុទ្ធី និង​អ្នក​គាំទ្រ​​ ធ្វើ​ពិធី​ផ្នែក​​​សាសនា ​សម្ដែង​មតិ​ទទូច​សុំ​ឲ្យ​តុលាការ​ទម្លាក់​ការ​ចោទ​មក​លើ​លោក ឌិន ពុទ្ធី បន្ទាប់​ពី​លោក​ចេញ​ពី​ពន្ធនាគារ​កាល​ពី​ថ្ងៃ​ទី​១៤ ខែ​មករា កន្លង​ទៅ។

ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​កម្ពុជា លោក ឌិន ពុទ្ធី​ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៩ ខែ​មករា ថា បើ​ទោះ​ជា​លោក​បាន​នៅ​ក្រៅ​ឃុំ​បណ្ដោះ​អាសន្ន​ក្ដី ក៏​ប៉ុន្តែ​តុលាការ​ពុំ​ទាន់​លើក​លែង​ទោស​ឲ្យ​លោក​មាន​សេរីភាព​ទាំង​ស្រុង​នៅ​ឡើយ៖ «ព្រោះ​រឿង​នេះ​វា​អយុត្តិធម៌​មែន​ទែន​សម្រាប់​ខ្ញុំ​ដែល​គេ​ចាប់​ឃុំ​ខ្ញុំ​រយៈ​ពេល ២២​ថ្ងៃ បូក​នឹង​ការ​ឃាត់​ខ្លួន ២​ថ្ងៃ​ទៀត​នៅ​ស្នងការ​នគរបាល​បាល​ខេត្ត ទាំង​អស់​ចំនួន ២៤​ថ្ងៃ។ ដូច្នេះ​ខ្ញុំ​សូម​អំពាវនាវ​ដល់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន​ ដែល​ជា​នាយក​រដ្ឋមន្ត្រី​សម្រាប់​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ ជួយ​រក​យុត្តិធម៌​ដល់​ខ្ញុំ​ផង»

អាស៊ីសេរី ពុំ​អាច​ទាក់ទង​អ្នក​នាំ​ពាក្យ​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ​ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៩ ខែ​មករា។

លោក ឌិន ពុទ្ធី ត្រូវ​បាន​តុលាការ​ដោះលែង​ពី​ពន្ធនាគារ​កាល​ពី​ថ្ងៃ​ទី​១៤ មករា កន្លង​ទៅ។ ប៉ុន្តែ​ដាក់​ឲ្យ​ស្ថិតនៅ​ក្រោម​ការ​តាម​ដាន​​​របស់​តុលាការ​ គឺ​​ហាម​មិន​ឲ្យ​លោក​ផ្លាស់​ទី​លំនៅ​ថ្មី​ ឬ​ធ្វើ​ដំណើរ​ចេញ​ទៅ​ក្រៅ​ប្រទេស​ និង​ត្រូវ​បង្ហាញ​ខ្លួន​នៅ​​ប៉ុស្តិ៍​នគរបាល​ក្រុង​ប៉ោយប៉ែត រៀងរាល់​ថ្ងៃ​ទី​១។

ទោះ​ជា​យ៉ាង​នេះ​ក្ដី មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា​ សាក្សី​បាន​បំភ្លឺ​យ៉ាង​ច្បាស់​លាស់​ហើយ​ថា លោក ឌិន ពុទ្ធី​ ពុំ​បាន​បើក​ឡាន​បុក​លោក ឈាន ពិសិដ្ឋ នោះ​ទេ។

លោក​បន្ថែម​ថា​ តុលាការ​គួរ​តែ​ទម្លាក់​ការ​ចោទ​ប្រកាន់​ទាំង​អស់​នេះ​ដើម្បី​​ឲ្យ​លោក ឌិន ពុទ្ធី មាន​សេរីភាព​ជា​ធម្មតា​ឡើង​វិញ៖ «ហើយ​អ្វី​ដែល​យើង​មើល​ឃើញ​បន្ត​ទៅ​ទៀត​ គឺ​ការ​ធ្វើ​ពិធី​នេះ​ចង់​បង្ហាញ​ថា​ គាត់​គឺ​គ្រោះថ្នាក់​ មាន​ន័យ​ថា គ្រោះថ្នាក់​ដោយសារ​ការ​ចោទ​ប្រកាន់ គ្រោះ​ថ្នាក់​ដោយសារ​ជួយ​ដល់​ពលរដ្ឋ​ ជួយ​ដល់​អ្នក​រងគ្រោះ​ ដូច​ជា​ក្រុម​អាជីវករ​ អ្នក​រត់​តាក់ស៊ី និង​អ្នក​រត់​ម៉ូតូឌុប​ជា​ដើម។ អ៊ីចឹង​គ្រោះ​ថ្នាក់​របស់​គាត់​មិន​មែន​ធ្វើ​ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន​ទេ​ គឺ​ដើម្បី​ផល​ប្រយោជន៍​របស់​មនុស្ស​ក្នុង​សង្គម​ជាតិ»

​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​ បាន​បញ្ជូន​​លោក ឌិន ពុទ្ធី​ ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​កាល​ពី​រសៀល​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ក្រោម​បទ​ចោទ​បង្ក​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​ ក្នុង​សំណុំ​រឿង​ដែល​អាជ្ញាធរ​អះអាង​ថា​ លោក​ ឌិន ពុទ្ធី​ បាន​បើក​ឡាន​បុក​​នាយ​រង​ប៉ូលិស​អន្តោប្រវេសន្ត​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​​ គឺ​លោក ឈាន ពិសិដ្ឋ។ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ សាច់ញាតិ និង​អ្នក​គាំទ្រ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រូប​នេះ​ ប្រមាណ ៥០​នាក់​ បាន​តវ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​៥ នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ទាមទារ​ឲ្យ​តុលាការ​ផ្ដល់​យុត្តិធម៌​ដល់​​លោក​ ឌិន ពុទ្ធី។ លោក​ ឌិន ពុទ្ធី​ ត្រូវ​បាន​សាលាឧទ្ធរណ៍​ចេញ​សេចក្ដី​សម្រេច​ដោះលែង​ឲ្យ​នៅ​​ក្រៅ​ឃុំ​ជា​បណ្ដោះ​អាសន្ន​កាល​ពី​ថ្ងៃ​ទី​១៣ ខែ​មករា។ លោក ឌិន ពុទ្ធី អះអាង​ថា ក្រៅ​អំពី​តុលាការ​ដាក់​ឲ្យ​ស្ថិត​នៅ​ក្រោម​ការ​តាម​ដាន​ហើយ​ គឺ​រថយន្ត​របស់​លោក​ក៏​តុលាការ​មិន​ទាន់​ប្រគល់​មក​ឲ្យ​លោក​យក​មក​ប្រើប្រាស់​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។