មន្ត្រីអង្គការសង្គមស៊ីវិលចាត់ទុកវិធានការរបស់លោកហ៊ុនសែននេះថាជាការធ្វើឱ្យល្អមើលច្រើនជាងការយកចិត្តទុកដាក់ដល់សង្គមជាតិនិងសេចក្ដីសុខរបស់ប្រជាពលរដ្ឋ។
ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជាលោក ឌិន ពុទ្ធី ប្រាប់អាស៊ីសេរីនៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ថាប៉ូលិសនិងទាហានប្រចាំការនៅតំបន់ព្រំដែនជាប់ប្រទេសថៃភាគច្រើនប្រព្រឹត្តអំពើពុករលួយពាក់ព័ន្ធនឹងការនាំពលករឆ្លងដែនខុសច្បាប់។ លោកបញ្ជាក់ថាបញ្ហានេះកើតមានជាច្រើនឆ្នាំមកហើយហើយពុំមានអាជ្ញាធរណាចាត់វិធានការបាននោះដែរ។ លោកថាប្រសិនបើកងកម្លាំងទាំងនោះអនុវត្តច្បាប់បានត្រឹមត្រូវនោះក្រុមមេខ្យល់នឹងមិនអាចលួចនាំពលករឆ្លងដែនបានឡើយ៖ « អ៊ីចឹងទេ យើងគួរតែមើលហេដ្ឋារចនាសម្ព័ន្ធរបស់ប្រព័ន្ធនិងក្រុមជនពុករលួយទាំងអស់ហ្នឹង ។ ព្រោះអីវាមានមេមានកើយមិនមែនមានតែម្នាក់ហ្នឹងទេ គេមានបណ្ដាញរបស់គេ ។ រដ្ឋាភិបាលលោកដឹងហើយគ្រាន់តែថា ការចាត់វិធានការណ៍ហ្នឹងច្រើនតែប៉ះសាច់ឯង បើសាច់ស្អុយហើយគួរតែកាត់បោះចោលឱ្យអស់ទៅកុំឱ្យវាកើតមហារីកបន្តទៀត ។ វាបំផ្លាញសង្គមជាតិច្រើន បំផ្លាញផលប្រយោជន៍និងអាយុជីវិតរបស់ប្រជាពលរដ្ឋច្រើនមែនទែនពាក់ព័ន្ធអំពើពុករលួយដែលបណ្ដោយឱ្យពលករចេញខុសច្បាប់ហ្នឹង »។
ស្រដៀងគ្នានេះដែរមន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក(Adhoc)បាត់ដំបង លោក យិន ម៉េងលី យល់ថាការដកតំណែងអធិការនគរបាលស្រុកកំរៀងលោក គឹម ពន្លកមិនទាន់គ្រប់គ្រាន់នោះទេពីព្រោះរឿងនេះអាចមានមន្ត្រីពាក់ព័ន្ធជាច្រើននាក់ទៀតទើបបណ្ដាលឱ្យពលករអាចលួចឆ្លងដែនចេញនិងចូលកម្ពុជាបាន។ បន្ថែមពីនេះរដ្ឋាភិបាលគួរតែចាត់វិធានការលើមន្ត្រីខិលខូចទាំងនោះឱ្យបានធ្ងន់ធ្ងរតាមច្បាប់បន្ទាប់ពីដកស័ក្តិពួកគាត់ដើម្បីកុំឱ្យមន្ត្រីព្រំដែនបណ្ដែតបណ្ដោយឱ្យពលករលួចឆ្លងដែនតាមអំពើចិត្តទៀត៖ « មេខ្យល់គឺជាមនុស្សម្នាក់ ឬជាមនុស្សមួយក្រុមដែលគេស្គាល់ច្រករបៀងច្បាស់លាស់ ហើយច្រករបៀងបើតាមខ្ញុំដឹងគឺមានកម្លាំងនគរបាល និងទាហានព្រំដែនប្រចាំការ ។ អីចឹងកាលណាឆ្លងកាត់ច្រករបៀងត្រូវឆ្លងកាត់មន្ត្រីទាំងអស់ហ្នឹង ។ អីចឹងបានយើងចង់ឱ្យមានការរឹតបន្តឹងទៅលើមន្ត្រីទាំងអស់ហ្នឹងថែមទៀត ដើម្បីធានាថាមិនមាននរណាម្នាក់ដែលឆ្លងកាត់ច្រករបៀងបានដោយមិនមានការធ្វើចត្តាឡឺស័កនោះ » ។
ប្រតិកម្មរបស់មន្ត្រីសង្គមស៊ីវិលនេះធ្វើឡើងក្រោយពីលោកនាយករដ្ឋមន្ត្រីហ៊ុន សែនចេញអនុក្រឹត្យបញ្ចប់មុខតំណែងអធិការនគរបាលស្រុកកំរៀងលោក គឹម ពន្លកបន្ទាប់ពីអាជ្ញាធរបានរកឃើញថាលោកបានដោះលែងមេខ្យល់ជាច្រើននាក់ដែលលួចនាំពលករឆ្លងដែនចូលមកកម្ពុជាដោយខុសច្បាប់អំឡុងពេលមានការរាតត្បាតជំងឺកូវីដ-១៩ នៅប្រទេសថៃលើកទី២។តាមដីកាបង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្នរបស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបាត់ដំបងកាលពីថ្ងៃទី១២ ខែកុម្ភៈ លោក គឹម ពន្លក វ័យ៤៦ឆ្នាំរូបនេះត្រូវបានបង្គាប់ឲ្យនាំយកទៅឃុំខ្លួននៅពន្ធនាគារខេត្តនេះពីបទនាំពលករឆ្លងដែនមិនស្របច្បាប់។
មួយថ្ងៃក្រោយការដកតំណែងមេប៉ូលិសស័ក្តិ៥រូបនេះអាជ្ញាធរខេត្តជាប់ព្រំដែនប្រទេសថៃដូចជានៅខេត្តប៉ៃលិន បាត់ដំបង បន្ទាយមានជ័យនិងខេត្តឧត្ដរមានជ័យជាដើមបានដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធជាច្រើននាក់យាមការពារយ៉ាងតឹងតែងនៅតំបន់ព្រំដែនដើម្បីទប់ស្កាត់ពលករខ្មែរលួចឆ្លងដែនទៅលេងស្រុកកំណើតដោយមិនបានធ្វើចត្តាឡឺស័កចំនួន១៤ថ្ងៃ។
ចាប់តាំងពីចុងឆ្នាំ២០២០ដល់ថ្ងៃទី១៥ខែកុម្ភៈ ឆ្នាំ២០២១ មានពលករខ្មែរជាង៣ម៉ឺន៥ពាន់នាក់ហើយ(៣៥,៦៦៥) ដែលបានត្រឡប់មកពីធ្វើការនៅថៃដោយសារការរាតត្បាតជំងឺកូវីដ១៩លើកទី២នៅក្នុងប្រទេសនោះហើយពួកគាត់ពុំមានការងារធ្វើដូចមុន។ក្នុងនោះក្រសួងសុខាភិបាលរកឃើញពលករខ្មែរចំនួន ៨៩នាក់ បានឆ្លងជំងឺកូវីដ-១៩ ពេលត្រឡប់ពីប្រទេសថៃមកវិញ។ពលករខ្មែរជិត១៦០នាក់ទៀតត្រូវបានក្រសួងសុខាភិបាលថៃរកឃើញថាមានផ្ទុកជំងឺនេះនៅប្រទេសថៃកាលពីខែមករា។
ពលករខ្មែរនៅក្នុងប្រទេសថៃភាគច្រើនជាពិសេសអ្នកធ្វើការខុសច្បាប់កំពុងជួបវិបត្តិទ្វេដងពោលគឺនៅក្នុងប្រទេសថៃក៏អត់ការងារធ្វើដោយសារការរាតត្បាតនៃជំងឺកូវីដត្រឡប់មកកម្ពុជាវិញក៏មានបញ្ហា។ មន្ត្រីសង្គមស៊ីវិលឱ្យដឹងថាការលួចឆ្លងដែនអំឡុងពេលនេះជាការប្រថុយប្រថាននឹងគ្រោះថ្នាក់ច្រើនជាងពេលមុនៗដូចជាប្រឈមនឹងអាជ្ញាធរថៃចាប់ខ្លួនដើរជាន់គ្រាប់មីនផ្ទុះស្លាប់និងជំងឺកូវីដចម្លងចូលក្នុងសហគមន៍ជាដើមប្រសិនបើពួកគាត់មិនបានធ្វើចត្តាឡឺស័កចំនួន១៤ថ្ងៃមុននឹងត្រឡប់ទៅស្រុកកំណើតនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។