ព្រះ​មហាក្សត្រ​​បញ្ចប់​មុខ​តំណែង​ទីប្រឹក្សា​ លោក ហ៊ុន សែន​ គឺ​ លោក ដួង តារា​

ព្រះរាជក្រឹត្យ​របស់​ព្រះមហាក្សត្រ​នរោត្តម សីហ មុនី ចុះ​ថ្ងៃ​ទី៦ វិច្ឆិកា បាន​បញ្ចប់​មុខ​តំណែង​លោក ដួង តារា ពី​រដ្ឋលេខាធិការ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី។

ការ​ដក​តំណែង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​តុលាការ​ក្រុងភ្នំពេញ បាន​ចោទប្រកាន់​ជំនួយ​ការ​ផ្ទាល់​របស់​លោក ហ៊ុន សែន គឺ​លោក ដួង តារា អំពី​បទ «ឆបោក» ពាក់ព័ន្ធ​នឹង​ករណី​ឆបោក​លុយ​ពលរដ្ឋ​ជា​ច្រើន​គ្រួសារ ក្នុង​គម្រោង​វិនិយោគ​ដីធ្លី និង​ផ្ទះល្វែង​របស់​ក្រុម​ហ៊ុន​ភូមិ​ខ្មែរ​គ្រុប (Phum Khmer Group) នៅ​ខេត្ត​ស្វាយរៀង។ សមត្ថកិច្ច​បាន​បញ្ជូន​លោក ដួង តារា ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​រាជធានី​ភ្នំពេញ ឬ​ហៅ​កាត់​ថា ប៉េហ្ស៊ី (PJ ) កាល​ពី​ថ្ងៃ​ទី១៤ តុលា ខណៈ​ទីប្រឹក្សា​របស់​លោក ហ៊ុន សែន ម្នាក់​ទៀត គឺ​ឧកញ៉ា លី សាម៉េត ដែល​ជា​ដៃគូ​ស្និទ្ធ​របស់​លោក ដួង តារា ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ចោទ​ប្រកាន់​អំពី​បទ ឆបោក​ប្រាក់​រាប់​លាន​ដុល្លារ និង​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​បណ្ដោះអាសន្ន នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី១ ឬ​ពន្ធនាគារ​ព្រៃ​ស កាល​ពី​ល្ងាច​ថ្ងៃ​ទី៥ ខែវិច្ឆិកា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។