មន្ត្រីសាខាគយកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចាប់បានភ្លុកដំរីជាង៣តោន ដែលគេផ្ទុកនៅក្នុងកុងតឺន័រឆ្លងកាត់កំពង់ផែក្រុងព្រះសីហនុ នៅថ្ងៃទី ០៩ ឧសភា។
ប្រធានការិយាល័យរដ្ឋបាលនិងគ្រប់គ្រងទទួលបន្ទុកផ្នែកបង្ក្រាបនៃសាខាគយកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ លោក ប៊ុន ជីវ មានប្រសាសន៍ថាភ្លុកដំរីជាង៣តោន ត្រូវបានគេលាក់បន្លំលួចបង្កប់នៅក្នុងសណ្ដែកដឹកជញ្ជូនតាមកុងតឺន័រឆ្លងកាត់មកកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិតថា ភ្លុកដំរីនេះគេដឹកចេញពីប្រទេសណា ហើយដឹកនាំចូលមកប្រទេសកម្ពុជា និងឆ្ពោះដឹកទៅប្រទេសណាបន្តនោះទេ ដោយអះអាងថា នឹងធ្វើការស៊ើបអង្កេតបន្ត៖ «គេប្រកាសថាសណ្ដែកហើយយើងឲ្យឆ្លងកាត់ម៉ាស៊ីនស្កេនទៅ ឃើញមានការសង្ស័យព្រោះរូបភាពដែលបង្ហាញមក ឃើញថាទំនិញមិនមែនតែមួយមុខសណ្ដែកទេ។ អ៊ីចឹងយើងសង្ស័យក៏សុំរាយការណ៍ទៅ អគ្គនាយកដ្ឋានគយនឹងរដ្ឋាករកម្ពុជា អគ្គនាយកដ្ឋានក៏បានរាយការណ៍ទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីសុំធ្វើកិច្ចការនោះ ខាងក្រសួងក៏បញ្ជាមកអគ្គនាយកដ្ឋាន អគ្គនាយកដ្ឋានបញ្ជាមកខាងយើងខ្ញុំនេះ ឲ្យធ្វើកិច្ចការជាមួយព្រះរាជអាជ្ញារួមទាំងសមត្ថកិច្ចនៅកំពង់ផែ»។
យ៉ាងណាក៏ដោយ មន្ត្រីដដែលបញ្ជាក់ថាភ្លុកដំរីនេះកំពុងរក្សាទុកនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។