ក្រុមអង្គការសង្គមស៊ីវិលជំរុញឱ្យអាជ្ញាធរខេត្តកំពង់ឆ្នាំងបង្ហាញជំហរច្បាស់លាស់ជម្លៀសពលរដ្ឋវៀតណាមចេញពីផ្ទៃបឹងទន្លេសាបឱ្យអស់ ស្របតាមការប្តេជ្ញាចិត្តរបស់ខ្លួន។ ប៉ុន្តែអាជ្ញាធរខេត្តកំពង់ឆ្នាំង បកស្រាយថា អាជ្ញាធរបានដោះស្រាយបញ្ហានេះដោយជំហាន និងមានពលរដ្ឋវៀតណាមភាគច្រើន បានឡើងគោកហើយ។
មន្ត្រីអង្គការ ការពារសិទ្ធិជនជាតិភាគតិចកោតសរសើរអាជ្ញាធរខេត្តកំពង់ឆ្នាំង ប្រឹងប្រែងជម្លៀសពលរដ្ឋវៀតណាម រស់នៅលើផ្ទៃបឹងឡើងសាប ឱ្យមកឡើងគោកសម្រេចបានប្រហែល ៧០ភាគរយ ឬស្មើនឹងជាង ៤០០គ្រួសារ បានឯកភាពរុះរើផ្ទះបណ្តែតទឹក តាមការណែនាំរបស់អាជ្ញាធរ។ ប៉ុន្តែពួកគេសង្កេតឃើញថា អាជ្ញាធរមិនទាន់អនុវត្តច្បាប់អន្តោប្រវេសន៍ឱ្យគ្រប់ជ្រុងជ្រោយនៅឡើយទេ។
អ្នកសម្របសម្រួលនៃអង្គការការពារសិទ្ធិជនជាតិភាគតិចខេត្តកំពង់ឆ្នាំងលោក ទត គឹមស្រូយ ឱ្យដឹងនៅថ្ងៃទី៣ កញ្ញា ថា បច្ចុប្បន្ននៅសល់ពលរដ្ឋវៀតណាមតិចតួចប៉ុណ្ណោះ មិនទាន់ជម្លៀសឡើងគោក ដោយសារពួកគេមានបែចិញ្ចឹមត្រី។ លោកថា ពលរដ្ឋដែលទៅតាំងទីលំនៅ លើដី ៤០ ហិកតារមានជាង ២រយគ្រួសារ និងមានពលរដ្ឋវៀតណាមខ្លះ បានជួលដីពីពលរដ្ឋខ្មែរនៅកៀកបឹងទន្លេសាប ដើម្បីរស់នៅ និងប្រកបរបរនេសាទត្រី។ ទន្ទឹមនឹងនេះ បច្ចុប្បន្នពលរដ្ឋវៀតណាម ដែលកំពុងរស់នៅលើគោក មានជីវភាពលំបាកខ្លាំង ដោយសារ ត្រីក្នុងបឹងទន្លេសាបកាន់តែខ្សត់មិនអាចនេសាទបាន ហើយក៏មានពលរដ្ឋវៀតណាមខ្លះ បានដើរស៊ីឈ្នួលធ្វើសំណង់ ដើម្បីរកប្រាក់ចិញ្ចឹមជីវិត៖ «រាល់ថ្ងៃនេះនៅតែចិញ្ចឹមត្រីទេ ចិញ្ចឹមត្រីរុះពីទ្រង់ទ្រាយធំ នៅតូច ដូចជាប្រក់តង់ ប៉ុន្តែបើចំពោះអ្នករស់នៅតែម្តងគឺគាត់ឡើងមកអស់ហើយ។ យើងដឹងហើយថា មុខរបរគាត់ ធ្វើនេសាទទេ ម្យ៉ាងសម័យបច្ចុប្បន្ននេះ ត្រីទឹកសាបមិនសូវមាន ទី២ ពួកគាត់ឡើងផុតពីទឹកអ៊ីចឹងទៅ មុខរបរគាត់មានតែកម្មករ»។

មន្ត្រីសង្គមស៊ីវិលរូបនេះបន្ថែមថា ជម្រកបណ្តែតទឹកធំៗប្រមាណ ១រយខ្នង (១០០) មានបែចិញ្ចឹមត្រីពីក្រោម ត្រូវជនជាតិវៀតណាមសណ្ដោង ពីក្រុងកំពង់ឆ្នាំង ឆ្ពោះទៅប្រទេសវៀតណាម រយៈពេល ៣ ខែមកហើយ បន្តជាប់គាំង នៅតំបន់ព្រំដែន តាមដងទន្លេបាសាក់ ក្នុងខេត្តកណ្តាល មិនទាន់ត្រឡប់មកវិញនៅឡើយទេ។
ទាក់ទងនឹងបញ្ហានេះអភិបាលខេត្តកំពង់ឆ្នាំងដែលទើបឡើងកាន់ដំណែង គឺលោក ស៊ុន សុវណ្ណារិន ប្រាប់អាស៊ីសេរីថា អាជ្ញាធរខេត្តបានអនុវត្តគោលការណ៍នេះ ជាបណ្តើរៗ ដោយជម្លៀសពលរដ្ឋវៀតណាមរស់នៅលើទឹក ឱ្យឡើងគោក នៅតំបន់ដី ៤០ ហិកតារ ដែលអាជ្ញាធររៀបចំ។ លោកបន្ថែមថា អាជ្ញាធរមានគម្រោងរៀបចំប្រព័ន្ធលូទឹក កសាងផ្លូវ និង ភ្ជាប់ចរន្តអគ្គិសនី នៅតំបន់នោះ ប៉ុន្តែលោកមិនបញ្ជាក់លម្អិតពីទិន្នន័យ ពលរដ្ឋវៀតណាមប៉ុន្មានគ្រួសារនោះទេ ដែលមិនទាន់ជម្លៀសពីផ្ទៃបឹងទន្លេសាប។ លោកបញ្ជាក់ថា អាជ្ញាធរបានអនុវត្តច្បាប់អន្តោប្រវេសន៍តាំងដើមមក ហើយការអនុវត្តផែនការនេះ សម្រាប់តែពលរដ្ឋវៀតណាមរស់នៅស្របច្បាប់ប៉ុណ្ណោះ៖ «យើងរៀបចំមកហើយ យកជម្លៀសមកឡើងគោកហើយ ហើយយើងបន្តនឹងរៀបចំ រៀបដំបូល និងបន្ទប់ទឹក ក្នុងបែត្រីហ្នឹង គឺយើងរៀបហើយអស់ដែរ។ គោលការណ៍បន្ទាប់ យើងនឹងជំរុញទីតាំង ៤០ ហិកតារ ប៉ុន្តែខែវស្សា ជាខែភ្លៀងពិបាកជំរុញដែរ ប៉ុន្តែគោលដៅបន្តយើងជំរុញឱ្យមកនៅ ៤០ ហិកតារ»។
ទោះជាយ៉ាងណាមន្ត្រីសង្គមស៊ីវិលមើលឃើញថា ពលរដ្ឋវៀតណាមនៅតែស្តាយស្រណោះ ផ្ទះធំៗ បណ្តែតទឹកមានតម្លៃរាប់ម៉ឺនដុល្លារ ដែលអាជ្ញាធរខេត្តកំពង់ឆ្នាំងជូនដំណឹងឱ្យរុះរើ និងបន្លាស់ទី ទៅរស់នៅលើគោកវិញ។ ក្រៅពីនេះ ពលរដ្ឋវៀតណាមខ្លះ មិនពេញចិត្តរស់នៅលើគោកនោះទេ ហើយ ពលរដ្ឋវៀតណាមខ្លះទៀត លក់ទូកម៉ាស៊ីន និងផ្ទះបណ្តែតទឹក រួចវិល ត្រឡប់ទៅប្រទេសវៀតណាមវិញ។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (Adhoc) ខេត្តកំពង់ឆ្នាំងលោក សំ ច័ន្ទគា សង្កេតឃើញថា អាជ្ញាធរហាក់យឺតយ៉ាវបន្តិច ក្នុងការជម្លៀសពលរដ្ឋវៀតណាមឡើងគោកឱ្យអស់។ ប្រការនេះ បង្កើតឱ្យមានមន្ទិលច្រើន ធ្វើឱ្យវិបត្តិបរិស្ថាននៅតំបន់បឹងទន្លេសាប មិនអាចដោះស្រាយបាន តាមការប្តេជ្ញាចិត្តរបស់អាជ្ញាធរ៖ «ប្រសិនបើរដ្ឋាភិបាលគាត់អនុវត្តតាមអនុសាសន៍ដែលអនុ គណៈកម្មការទន្លេមេគង្គ បានសម្រេចតាំងពីឆ្នាំ២០០០ យើងឃើញថា កែលម្អសោភ័ណភាព និងបរិស្ថានផ្សេងៗ ពាក់ព័ន្ធមច្ឆាជាតិ និងលំហូរនៃចរន្តទឹក នៅដងទន្លេសាប និងដងទន្លេមេគង្គ។
កាលពីឆ្នាំ២០១៨ រដ្ឋាភិបាលបានធ្វើអនុបយោគកាត់ដីព្រៃលិចទឹក ទំហំ៤០ហិកតារ ក្នុងភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ឋិតនៅកៀកបឹងទន្លេសាប ដើម្បីរៀបចំដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋឱ្យបន្លាស់ទីពីផ្ទះបណ្ដែតទឹកជាង ២ពាន់ (២.០០០) គ្រួសារ ក្នុងនោះភាគច្រើនជាជនជាតិវៀតណាម។ មកទល់ពេលនេះ អ្នកដែលទៅតាំងទីលំនៅលើដី ៤០ហិកតារ មានជាង ២រយគ្រួសារ ហើយក្រុមពលរដ្ឋទាំងនោះ ត្រូវបង់លុយឱ្យអាជ្ញាធរ ក្នុងមួយខែ ១០ម៉ឺនរៀល រយៈពេល ៣ ឆ្នាំ ទើបក្លាយជាម្ចាស់កម្មសិទ្ធិស្របច្បាប់ ក្នុងទំហំដីឡូត៍ ៤ ម៉ែត្រ ២តឹក បណ្តោយ ២០ ម៉ែត្រ ក្នុងមួយគ្រួសារ។ ចំណែកអាជ្ញាធរខេត្តកំពង់ឆ្នាំងធ្លាប់អះអាងថា ដីទំហំ ៤០ហិកតារនោះ ជាដីជួល មិនមែនចែកឱ្យនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។