សាច់ញាតិ​ស្នើ​ឲ្យ​មន្ត្រី​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់​ពិនិត្យ​គុណភាព​ម្ហូប​អាហារ ក្រោយ​មាន​ជន​ជាប់​ឃុំ​បាត់បង់​ជីវិត

0:00 / 0:00

សាច់ញាតិ​ជន​ជាប់ឃុំ​មួយចំនួន​នៅ​ពន្ធនាគារ​ខេត្តពោធិ៍សាត់ ស្នើ​ដល់​ក្រសួងមហាផ្ទៃ​ឲ្យ​ចុះ​ត្រួត​ពិនិត្យ គុណភាព​ម្ហូបអាហារ និង​ស្ថានភាព​រស់នៅ​របស់​ជន​ជាប់ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់ ក្រោយ​សាច់ញាតិ​របស់​ពួកគាត់​អះអាង​ថា មាន​ជន​ជាប់ឃុំ​មួយចំនួន​បាត់បង់​ជីវិត នៅក្នុង​ពន្ធនាគារ។

សាច់ញាតិ​មួយចំនួន ដែល​បាន​ទៅ​សួរសុខទុក្ខ​ជន​ជាប់ឃុំ នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៤ «​ម​៤» ស្ថិតនៅ​ស្រុក​តាលោសែនជ័យ ខេត្ត​ពោធិ៍សាត់ ឲ្យ​ដឹង​ថា មាន​ជន​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ បាន​បាត់​បង់ជីវិត​ជា​បន្តបន្ទាប់ ប៉ុន្តែ​មន្ត្រី​ពន្ធនាគារ បាន​លាក់បាំង​ព័ត៌មាន​នេះ។

សាច់ញាតិ​ជន​ជាប់​ឃុំ​ម្នាក់ នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី៤ «ម៤» ប្រាប់​វិទ្យុ​អាស៊ីសេរី ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព នៅ​ថ្ងៃទី ២៣ ខែ​វិច្ឆិកា​ថា ថ្មីៗនេះ គាត់​បាន​ទៅ​សុខទុក្ខ​កូនប្រុស នៅ​ពន្ធនាគារ ហើយ​កូន​របស់​គាត់ អះអាង​ថា មាន​ជន​ជាប់​ឃុំ​បាត់បង់​ជីវិត ដោយសារ​ការ​ក្អួត​ចង្អោរ ប៉ុន្តែ​មន្ត្រី​ពន្ធនាគារ ហាម​មិន​ឲ្យ​និយាយ​អំពី​បញ្ហា​នេះ​ឡើយ ។

ប្រភព​សុំ​មិន​បញ្ចេញ​ឈ្មោះ៖«គាត់​ប្រាប់​ថា ម៉ែ​នៅ​ក្រគរ​ឯនោះ បី​នាក់​បងប្អូន ស្លាប់​អា​បង ស្រាប់​តែ​ចុកពោះៗ ធ្លាយ​ក្រពះ​ងាប់​ទៅ កូន​ខ្ញុំ​ភ័យ​ដែរ គេ​មិន​ឲ្យ​ដឹង​ទេ គេ​មិន​ឲ្យ​ដឹង​ផង មិន​ថា ផឹក​ទឹក​អ្វី​ទេ»។

ស្រដៀង​គ្នា​នេះ សាច់ញាតិ​ម្នាក់​ទៀត ដែល​មាន​កូនប្រុស​កំពុង​ឃុំ​ខ្លួន​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី៤ «ម៤» ចំនួន​២នាក់ ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ ព្រោះ​បារម្ភ​ពី​សុវត្ថិភាព​ដែរ​ថា កូន​របស់​គាត់​ទាំង​ពីរ បាន​កើត​ជំងឺ​រមាស់ និង​ស្ពឹក ហើយ​ពិបាក​ក្នុង​ការ​ធ្វើ​ចលនា ដោយ​សារ​ការ​ហូបចុក មិន​មាន​ជីវជាតិ​និង​ពុំ​សូវ​បាន​ធ្វើ​លំហាត់​ប្រាណ​គ្រប់គ្រាន់ ។ ប្រភព​រូប​នេះ បារម្ភ​ថា កូន​របស់​គាត់ នឹង​ប្រឈម​កើត​ជំងឺ និង​គ្រោះថ្នាក់​ដល់​អាយុជីវិត ប្រសិន​បើ​របប​អាហារ នៅតែ​ខ្វះ​ជីវជាតិ ខ្វះ​អនាម័យ និង​ខ្វះ​ការ​ធ្វើ​លំហាត់​ប្រាណ ជាដើម ។

ប្រភព​សុំ​មិន​បញ្ចេញ​ឈ្មោះ៖«ពេល​ឮ​គេ​និយាយ​អីចឹង​ភ័យ​ព្រួយ​ដែរ​ហ្នឹង​កាលណា​យើង​បាន​យក​អី​ទៅ​ឲ្យ​ទៅ ​វា​បាន​ហូបចុក​គ្រប់គ្រាន់ តែ​បើ​អត់​ទេ គ្នា​ហូប​អត់​ហូប​ឃ្លាន​អីចឹង​ទៅ ។ ហើយ​រឿង​ហ្នឹង(ជន​ជាប់​ឃុំ​ស្លាប់)គឺ​មិន​មែន​មក​ពី​អី​ទេ ដូច​ខ្ញុំ​និយាយ​អីចឹង​គឺ​ថា ហូប​ចុក​មិន​គ្រប់គ្រាន់ ហើយ​កាល​មុន​កូន​ខ្ញុំ​ស្ពឹក​ដើរ​អត់​ចង់​រួច​ទេ»។

ឆ្លើយតប​នឹង​បញ្ហា​នេះ អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ នៃ​ក្រសួង​មហាផ្ទៃ លោក ឃៀង សុណាឌីន មាន​ប្រសាសន៍​ថា អគ្គនាយកដ្ឋាន​ពន្ធនាគារ បាន​ធ្វើ​ការ​ជាមួយ​មន្ត្រី​ជំនាញ ប្រចាំ​នៅ​ពន្ធនាគារ​ខេត្ត​ពោធិ៍សាត់ និង​មណ្ឌល​អប់រំ​កែប្រែ​ទី៤ «ម៤» ហើយ​មន្ត្រី​ជំនាញ អះអាង​ថា ពុំ​មាន​ករណី​ជន​ជាប់ឃុំ​បាត់បង់​ជីវិត ដូចជា​ចោទប្រកាន់​របស់​សាច់ញាតិ​ជន​ជាប់​ឃុំ​ឡើយ។

លោក ឃៀង សុណាឌីន៖«យើង​ដឹង​ហើយ​ថា ជន​ជាប់ឃុំ​ជា​ជន ដែល​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ ឬ​ក៏​ជា​ជន ដែល​កំពុង​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ អីចឹង​ប្រាកដ​ណាស់​ថា សម្ដី​ជន​ជាប់ឃុំ ដែល​ផ្ដល់​ឲ្យ​នេះ គឺ​យើង​ត្រូវ​ធ្វើការ​ផ្ទៀងផ្ទាត់​ឲ្យ​បាន​ហ្មត់ចត់ ព្រោះ​មិន​ប្រាកដ​ថា ព័ត៌មាន​ដែល​គាត់​ផ្ដល់​ឲ្យ​នេះ សុទ្ធតែ​ជា​ព័ត៌មាន​ដែល​ត្រឹមត្រូវ​ទេ ជួន​កាល​គាត់​មាន​ចេតនា​ណាមួយ គឺ​ផ្ដល់​ព័ត៌មាន​មិន​ពិត បម្រើ​ឲ្យ​មហិច្ឆតា​ណាមួយ»។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស (LICADHO) លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា លីកាដូ​នៅ​ពុំ​ទាន់​ទទួល​បាន​ព័ត៌មាន​ដូច​ការ​អះអាង​របស់​សាច់ញាតិ​ជន​ជាប់ឃុំ​ឡើយ។ លោក​សង្កេតឃើញ​ថា ពន្ធនាគារ​នៅ​កម្ពុជា​ពិត​ជា​មាន​ស្ថានភាព​ចង្អៀត​ណែន ដែល​ជា​ដើម​ចម នៃ​ជំងឺ​ឆ្លង​នានា រួម​ទាំង​ជំងឺ​ផ្លូវ​ចិត្ត​ជា​ដើម។

លោក អំ សំអាត៖«កន្លង​ទៅ​អង្គការ​សង្គម​ស៊ីវិល ដែល​ធ្វើការ​ផ្នែក​សិទ្ធិ​មនុស្ស​តែង​ទាមទារ​ឲ្យ​មាន​ការ​កែ​លម្អ​ទៅ​តថភាព​ពន្ធនាគារ ឬ​ស្ថានភាព​ជន​ជាប់​ឃុំ​ធ្វើ​យ៉ាង​ម៉េច​ឲ្យ​មាន​ការ​កែប្រែ ហើយ​ដោះស្រាយ​ភាព​ចង្អៀត​ណែន តាម​រយៈ​ការ​អនុវត្ត​គោលការណ៍​ច្បាប់​ដែល​មាន​ស្រាប់ ដូចជា​ការ​កាត់ទោស​សហគមន៍ ការ​ឃុំ​ខ្លួន​បណ្ដោះ​អាសន្ន ជា​ជម្រើស​ចុង​ក្រោយ ហើយ​ចាំបាច់​បំផុត»។

កាលពី​ថ្ងៃទី២ ខែ​វិច្ឆិកា ថា មាន​អ្នកទោស​ចំនួន​៤នាក់ នៅ​ពន្ធនាគារ​ខេត្ត​ព្រះវិហារ បាន​ស្លាប់​ក្នុង​រយៈពេល​ខ្លី​ជា​បន្ត​បន្ទាប់​គ្នា។ ប៉ុន្តែ​អាជ្ញាធរ​ពន្ធនាគារ​អះអាង​ថា អ្នក​ទាំង​នោះ​ស្លាប់​ដោយសារ​មាន​ជំងឺ​ប្រចាំ​កាយ​រៀងៗ​ខ្លួន។

អតីត​ជន​ជាប់ឃុំ​មួយ​ចំនួន​ឲ្យ​ដឹង​ថា កត្តា​មួយ​ចំនួន ដែល​បណ្ដាល​ឲ្យ​ជន​ជាប់ឃុំ​បាត់បង់​ជីវិត គឺ​បណ្ដាល​មក​ពី​របប​អាហារ​ខ្វះ​ជីវជាតិ ខ្វះ​អនាម័យ និង​លក្ខខណ្ឌ​ជនជាប់​ឃុំ បាន​ចេញ​ទៅ​ហាត់ប្រាណ​នៅ​ខាង​ក្រៅ​បន្ទប់ មាន​ក្នុង​រយៈពេល​ខ្លី។ រីឯ​ទឹក​ប្រើប្រាស់​វិញ ពួកគេ​ឲ្យ​ដឹង​ថា នៅ​ក្នុង​ពន្ធនាគារ គឺ​មាន​ទឹក​ពីរ​ប្រភេទ គឺ​ទឹក​ស្រះ និង​ទឹក​ស្អាត ដោយ​ទឹក​ស្រះ គឺ​សម្រាប់​ប្រើប្រាស់​ទូទៅ​ដូច​លាង​សម្អាត​កន្លែង​គេង ហើយ​ទឹក​ស្អាត គឺ​សម្រាប់​បរិភោគ ។

របាយការណ៍​របស់​អគ្គនាយកដ្ឋាន​ពន្ធនាគារ ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ ចំនួន​អ្នក​ជាប់​ឃុំ នៅ​ទូទាំង​ប្រទេស មាន​ប្រមាណ​ជាង ៥​ម៉ឺន​នាក់ ។ អគ្គនាយកដ្ឋាន​ពន្ធនាគារ​ព្យាករណ៍​ថា ចំនួន​អ្នក​ជាប់​ឃុំ​អាច​កើន​ឡើង​ដល់ ៦​ម៉ឺន​នាក់​នា​ពេល​ខាង​មុខ ខណៈ​មាន​ពន្ធនាគារ កំពុង​ប្រឈម​ភាព​ចង្អៀត​ណែនណាន់​តាន់តាប់​លើស​ពី​សមត្ថភាព​ពន្ធនាគារ ដែល​ផ្ទុក​បាន។ ការ​កើន​ឡើង នៃ​ចំនួន​ជន​ជាប់​ឃុំ​នេះ ត្រូវ​បាន​គេ​មើលឃើញ​ថា ជា​បរាជ័យ នៃ​ការ​ដោះស្រាយ​សំណុំ​រឿង​កក់​ស្ទះ​របស់​ក្រសួង​យុត្តិធម៌ និង​ដោយសារ​តែ​យុទ្ធនា​ការ​បង្ក្រាប​គ្រឿងញៀន និង​ក្មេង​ទំនើង។គ្រួសារ​ជន​ជាប់​ឃុំ​មួយចំនួន អះអាង​ថា សាច់ញាតិ​របស់​ពួកគាត់​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន​ដោយ​គ្មាន​ទោស​កំហុស​ធ្ងន់ធ្ងរ ព្រោះ​តែ​តុលាការ​ពុក​រលួយ។

នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (Licadho) លោក អំ សំអាត លើកឡើង​ថា តុលាការ បាន​ដក​ហូត​តែ​សិទ្ធិ​ដើរ​ហើរ​របស់​អ្នក​ជាប់​ឃុំ​តែ​ប៉ុណ្ណោះ ហើយ​ក្រៅ​ពី​នោះ ពួកគាត់​នៅ​មាន​សិទ្ធិ​ដទៃ​ទៀត​ដូច​ពលរដ្ឋ​ទូទៅ​ដែរ ហើយ​ជាពិសេស នៅ​ពេល​ពន្ធនាគារ ពុំ​អាច​ព្យាបាល​ជំងឺ​របស់​ជន​ជាប់​ឃុំ មន្ត្រី​ពន្ធនាគារ គួរតែ​បញ្ជូន​ជន​ជាប់ឃុំ ដែល​មាន​ជំងឺ​នោះ ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​នៅ​ខាង​ក្រៅ​ពន្ធនាគារ ។ លោក​ថា បើ​ក្នុង​ករណី អាជ្ញាធរ​ពុំ​បាន​បញ្ជូន​អ្នកជំងឺ​ទៅ​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​បណ្ដាល​ឲ្យ​ជន​ជាប់​ឃុំ បាត់បង់​ជីវិត នោះ​ជា​ទង្វើ​រំលោភ​សិទ្ធិ​មនុស្ស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។